ភ្នំពេញៈព្រឹត្តិ​ការណ៍​ប្រដាល់​ជើង​ឯក​ថ្នាល​គុន​ខ្មែរ ​(Kun Khmer Kids Series) ត្រូវ​បាន​បង្កើត​ឱ្យ​មានជា​ផ្លូវ​ការ​នៅលើ​សង្វៀន​ប្រដាល់​ថោ​ន ក្រោម​កិច្ច​សហ​ការ​ជាមួយ​សហ​ព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​ហើយ​កម្ម​វិធី​ដ៏​ថ្មី​សន្លាង​នេះ ​បាន​ផ្តោត​សំខាន់​លើ​ការ​បណ្តុះ​បណ្តាល​ថ្នាលអ្នក​ជំនាន់​ក្រោយ ​ដើម្បីឱ្យ​ក្លាយ​ទៅ​ជា​អ្នក​បន្ត​វេន​គុន​ខ្មែរនា​ថ្ងៃ​អនា​គត ប្រកប​ដោយ​សមត្ថ​ភាព និង​គុណ​ភាព​ខ្ពស់​។

​លោក ​គឹម ស្រ៊ុន​កុសល ​តំណាង​ Mas Fight ប្រចាំ​ប្រទេស​កម្ពុជា និង​ជាទី​ប្រឹក្សា​របស់​ទូរ​ទស្សន៍​ថោ​ន បាន​អះ​អាងនៅ​ក្នុង​សន្និ​សីទកា​សែតកាលពី​ថ្ងៃទី​៤ ខែ​កក្កដា​ ថា ការ​ប្រកួត​ Kun Khmer Kids Series នេះ ជា​ការ​បើក​ទំព័រ​សក​រាជ​ថ្មី​មួយ​ទៀតក្នុង​ការ​ផ្សព្វ​ផ្សាយ​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរឱ្យ​កាន់តែ​ទូលំ​ទូលាយ ​ជាពិសេស​ពង្រឹង​ថ្នាក់​ថ្នាល​ជំនាន់​ក្រោយ ​ដែល​ជា​អ្នក​បន្ត​វេនទៅ​ថ្ងៃ​អនា​គត​។​

បុរស​មាន​ឈ្មោះ​ក្រៅ ​Tommy​ Kim រូ​បនេះ បាន​បញ្ជាក់​ថា​៖ «​ការ​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​នេះ​ឡើង​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗ​ជំនាន់​ក្រោយ ​ដែល​ជា​អ្នក​បន្ត​វេនឱ្យ​ចូលរួម​ថែរក្សា​ក្បាច់​គុន​បុរាណ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ ​ហើយ​តាម​រយៈ​ការ​ប្រកួត​នេះ ក៏​ជាការ​បណ្តុះ​ធន​ធាន​កីឡា​ករ​គុន​ខ្មែរ​យើង​ថ្មី​មួយ​ទៀត ​ដើម្បី​លើក​កម្ពស់​ និង​ផ្សព្វ​ផ្សាយ​ប្រដាល់​គុន​ខ្មែរ​ឱ្យ​បាន​ទូលំទូ​លាយនិង​ល្បី​ល្បាញនៅលើ​ឆាក​អន្តរ​ជាតិ និង​ពិភព​លោកនា​ពេល​ខាង​មុខ​ ផង​ដែរ​»​។​

​កីឡាករ​វ័យ​ក្មេង​ចំនួន​១៦​នាក់ ​ត្រូវ​បាន​សម្រិត​សម្រាំង​ចេញ​មកពី​ក្លិប​-​សមា​គម​ផ្សេងៗ​គ្នា​ចំនួន​១៦​នៅ​ទូទាំង​ប្រទេស​កម្ពុជាដើម្បី​ឱ្យ​ចូល​រួម​ការ​ប្រកួត​ជម្រុះ «​ជើង​ឯក​ថ្នាល​គុន​ខ្មែរ​» ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូ​ក្រាម​នេះ ដោយ​អ្នក​ទាំង​១៦​នាក់​នេះ ​ត្រូវ​បាន​កំណត់​ឱ្យ​ចាប់​ឆ្នោត​នៅក្នុង​សន្និ​សីទ​កាសែត​កាល​ពី​រសៀល​ម៉ោង​២ ថ្ងៃទី​៤​ ខែ​កក្កដា ​ គឺ​មុន​ការ​ប្រកួត​តែ​៣​ម៉ោង​ប៉ុណ្ណោះ​។​

​តាម​រយៈ​ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់ៗ ​ត្រឹម​៣​ទឹក នៅ​សង្វៀន​ថោន ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នោះ​ កីឡាក​រ ឃ​ន ម​ហិ​ទ្ធិ​ឫ​ទ្ធិ ដែល​ជា​កូន​ប្រុស​របស់​ជើង​ខ្លាំង ​ព្រំ សំណាង បាន​បង្ហាញ​កា​រប្រកួត​យ៉ាង​ល្អ ហើយ​រូបគេ​បាន​ប្រើ​ក្បាច់​ជង្គង់​ និង​វាយ​កែងផ្តួល​អ្នក​ប្រដាល់​ រ៉ៃ​យ៉ុង ​នួន​មុន្នី​រាជ​ ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៣​។ ប៉ុន្តែ​ប្អូន​ប្រុស​របស់​ម្ចាស់​មេដាយ​មាស ​ឃីម ឌី​ម៉ា ​ឈ្មោះ ​ឃីម ឌី​ម៉ី បាន​ដួល​សង្កត់​លើ​ជើង​ខ្លួន​ឯងក្នុង​ពេល​កីឡាករ ​ឯក ប៊ុន​ថី ចាប់​បោក​ បណ្តាល​ឱ្យ​បាក់​ក​ជើង​ឆ្វេងនៅ​ក្នុង​ទឹក​ទី​១ ដ៏​គួរ​ឱ្យ​អាណិត​បំផុត​។​

​ចំណែក​កីឡា​ករ​ ផានិត វ៉ាន់​ហូ​ន បាន​យក​ឈ្នះ សី​ សារ៉ាក់ ដោយ​ពិន្ទុ​ រីឯ រិ​ទ្ធ ភូ​បាន បាន​ទាត់​ស្តាំ​ចូល​កញ្ចឹង​ក និង​ថែម​ដោយ​កែង​ស្តាំ ​បណ្តាល​ឱ្យ ​ម៉ាប់ ថុ​នា សន្លប់​នៅ​ក្នុង​ទឹក​ទី​២ តែ​កីឡាក​រ ហ៊ឹម​ តុង​ហាន់​ បាន​ចាញ់​ពិន្ទុ មិត្ត រម​លី គឺ​ដូច​គ្នា​ទៅ​នឹង​កីឡា​ករ​ ប្រាក់ ស៊ីនា ដែរ ​ដែល​បាន​ចាញ់​ពិន្ទុ ​សៅ​យ៉ាន់ វិសាស ជា​កូន​ប្រុស​របស់​លោក​គ្រូ សាន់ សៅ​យ៉ាន់ ​ហើយ ឃាង គឹម​អាន ក៏បាន​ឈ្នះ ​សែន ឆៃ ដោយ​ពិន្ទុ​ដែរ ​ខណៈ​ អេ​លី​ត ​សំណាង ត្រូវ​បាន សូ​ដា សុ​ឃឿន ម៉ាត់​ពោះ​បណ្តាល​ឱ្យ​សន្លប់​នៅ​ទឹក​ទី​៣​។

​ជាមួយ​គ្នា​នេះ ​លោក ជួប វុត្ថា ពិធី​ករ និង​ជា​អ្នក​ផ្គូ​ផ្គង​ប្រដាល់​ប្រចាំ​នៅ​សង្វៀន​ថោ​ន បាន​ប្រាប់​ថា បេក្ខ​ភាព​ទទួល​បាន​ជ័យ​ជម្នះ​ទាំង​៨​នាក់ នៅ​ក្នុង​វគ្គ​ជម្រុះ​ចាញ់​ធ្លាក់ៗ ​កាល​ពី​ថ្ងៃទី​៤ ​ខែកក្កដា ​កន្លង​មក ​នឹងត្រូវ​ដាក់​ឱ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ទម្ងន់​៤៨​គីឡូ​ក្រាម​ ​ដោយ​ពួក​គេត្រូវ​បែង​ចែក​ជា​២​ពូ​ល ​ហើយ​ការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​តាម​ពូ​ល​ទាំង​២នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី​៣ ​ខែសីហា ត​ទៅ ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។​

​ចំណែក​លោក​ តែម ម៉ឺន ប្រធាន​សហ​ព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរបាន​វាយ​តម្លៃ​ខ្ពស់ទៅ​ដល់​ស្ថានីយ​ទូរទស្សន៍ ​និង​ដៃគូ​ឧបត្ថម្ភ​ ដែល​បាន​រួមគ្នា​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​ជើង​ឯក​ថ្នាល​គុន​ខ្មែរជា​ផ្លូវការ​លើក​ដំបូង​នេះ​ ​គឺ​ស្រប​ទៅ​នឹង​ផែនការ​យុទ្ធ​សាស្ត្រ​រយៈ​ពេល​វែងរ​បស់​សហ​ព័ន្ធក្នុងការ​បណ្តុះ​ថ្នាក់​ថ្នាល​ជំនាន់​ក្រោយ សម្រាប់​បន្ត​វេន​ប្រដាល់​គុន​ខ្មែរ​របស់​យើង​។​

​លោក​តែម ​ម៉ឺន បាន​ថ្លែងថា​៖ «​យើង​មាន​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​ក្នុងការ​បណ្តុះ​បណ្តាល​ថ្នាល​ជំនាន់​ក្រោយ​ គឺ​យើង​ជំរុញ​ដល់​ការ​លើក​កម្ពស់​សមត្ថ​ភាព និង​គុណ​ភាព ដើម្បី​ឱ្យ​ពួក​គេក្លាយ​ជា​ថ្នាល​បន្តវេន​គុន​ខ្មែរ​ជំនួស​រៀម​ច្បង​ជំនាន់​មុន​ៗដែល​ចេះ​តែ​មាន​អាយុ​ច្រើន​ទៅៗ ​ហើយ​ការ​ប្រកួត​នេះ ក៏​ដើម្បី​ផ្សព្វ​ផ្សាយ ​និង​រក្សា​ទំនៀម​ទម្លាប់ កេរ​ដំណែល ​វប្បធម៌​ប្រពៃណី​​នៃ​សិល្បៈ​ក្បាច់គុ​ន​បុរាណ​ខ្មែរ​របស់​យើង​ឱ្យបាន​គង់​វង្ស​ផង​ដែរ​»៕