ភ្នំពេញៈ ក្រុមលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន សុទ្ធតែទទួលបានផលវិជ្ជមាន សម្រាប់ការបោះជំរំហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេស នៅលើទឹកដីថៃ សម្រាប់ការត្រៀមខ្លួនប្រកួតប្រជែងលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២៣-២០២៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហា។
ក្នុងនាមជាគ្រូបង្គោលថ្មីរបស់ក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានធ្វើការវាយតម្លៃខ្ពស់ទៅលើផលវិជ្ជមាន ដែលទទួលបានពីការបោះជំរំហ្វឹកហាត់ នៅប្រទេសថៃ ក្នុងរយៈពេល១សប្តាហ៍នេះ ដោយបានផ្តល់ឱកាសឱ្យកីឡាកររបស់ក្រុមស្វាយរៀង មានពេលហ្វឹកហាត់ជុំគ្នា និងប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុមលេងនៅលីគថៃ ក្រោមបរិយាកាសដ៏ល្អមួយ។
លោកបាននិយាយថា៖ «យើងមានការហ្វឹកហាត់ចំនួន៥ និងការប្រកួតចំនួន២ ព្រមទាំងមានការហ្វឹកហាត់កាយសម្បទាចំនួន៤ទៀត គឺវាមានការលំបាក សម្រាប់ក្រុមកីឡាករ ប៉ុន្តែវាមានប្រយោជន៍សម្រាប់ការរៀបចំក្រុមនៅក្រៅប្រទេស ដែលវាល្អ សម្រាប់ការប្រកួតប្រជែងកាយសម្បទា និងការប្រកួតប្រជែងថ្មី និងល្អ សម្រាប់កីឡាករក្នុងការយល់ចិត្តគ្នាបានល្អ»។
សម្រាប់ការប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុមលីគកំពូលរបស់ថៃ Police Tero FC កាលពីថ្ងៃទី៥ ខែកក្កដា ក្រុមស្វាយរៀង បានយកឈ្នះដោយលទ្ធផល ៣-០ ហើយក្រុម ស្វាយរៀង ក៏បានបន្តយកឈ្នះលើក្រុម Samut Prakan City ដោយលទ្ធផល ២-០ កាលពីថ្ងៃទី៨ ខែកក្កដាផងដែរ មុនពេលក្រុមមួយនេះ បានវិលត្រឡប់មកដល់មាតុប្រទេសវិញ នាថ្ងៃទី៩ ខែកក្កដា។
ផ្តោតទៅលើការប្រកួតជាមួយក្រុម Police Tero FC លោក Pep Munoz បាននិយាយថា៖ «វាជាការប្រកួតដ៏លំបាកមួយ ដោយក្រុមរបស់គេមានកម្រិតលេងដ៏ល្អមួយ គឺលីគទី១ថៃ មានក្រុមល្អ និងកីឡាករល្អ តែយើងលេងបានល្អជាមួយនឹងការប្រកួតប្រជែងធំ។ កីឡាកររបស់យើងបានប្រឹងប្រែងអស់ពីសមត្ថភាព និងលេងសឹងតែពេញការប្រកួត ហើយយើងទទួលបានបទពិសោធន៍ល្អមួយទៀត»។
តាមរយៈការប្រកួតជាមួយក្រុមលីគកំពូលរបស់ថៃ Police Tero FC នេះដែរ លោក Pep Munoz បានឱ្យដឹងទៀតថា ក្រុមស្វាយរៀង អាចបញ្ចប់ការប្រកួតរបស់ខ្លួនដោយធ្វើបានល្អច្រើន និងគ្រប់គ្រងការប្រកួតតាមអ្វីដែលក្រុមចង់បាន ពិសេស ស្វាយរៀង ធ្វើបានល្អ នៅតំបន់ការពារ ព្រមទាំងបានរៀបចំបាល់ពិន័យ ដើម្បីបង្កើតឱកាសល្អបានជាច្រើន ជាមួយការប្រកួតដ៏ស្មើភាពគ្នាមួយ។
យ៉ាងណាមិញ សម្រាប់ការវិលមកហ្វឹកហាត់បន្ត នៅក្នុងប្រទេសកម្ពុជាវិញនេះ លោក Pep Munoz បានឱ្យដឹងថា ក្រុមស្វាយរៀង នឹងមានការប្រកួតមិត្តភាពមួយទៀត។ លោកបញ្ជាក់ថា៖ «យើងនឹងមានការប្រកួតមួយទៀត ក្នុងអំឡុងការត្រៀមខ្លួនសម្រាប់លីគ ហើយរដូវកាលនេះ នឹងក្លាយជារដូវកាលដ៏រំភើបមួយ សម្រាប់លីគ និងអ្នកគាំទ្រ ព្រោះគ្រប់ក្រុមមានកីឡាករបរទេសថ្មី មានគ្រូបង្វឹកថ្មី ដែលខ្ញុំអាចនិយាយបានថា រដូវកាលនេះ ពិតជាធ្វើឱ្យអ្នកទាំងអស់គ្នារីករាយ»។
ដោយឡែកក្រុមភ្នំពេញក្រោន បាននិងកំពុងបន្តការបោះជំរំហ្វឹកហាត់ នៅលើទឹកដីថៃ បន្ទាប់ពីពួកគេបានទៅដល់ កាលពីថ្ងៃទី២ ខែកក្កដា ហើយនៅក្នុងអំឡុងការប្រកួតដកស្រង់បច្ចេកទេស ចំនួន២លើកកន្លងមកនេះ ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុម Suphanburi FC ៣-០ កាលពីថ្ងៃទី៥ និងបានស្មើក្រុមលីគកំពូលរបស់ថៃ Port FC ១-១ កាលពីថ្ងៃទី៧។ រីឯថ្ងៃទី១០ ខែកក្កដានេះ ពួកគេត្រូវប្រកួតជាមួយក្រុម Hong Kong Ranger FC មុនទៅជួបក្រុម Ratchaburi FC នៅថ្ងៃទី១៣ ខែកក្កដា។
ក្រោមការដឹកនាំរបស់គ្រូបង្គោលជនជាតិអ៊ុយក្រែន លោក Oleg Starynskyi គឺក្រុមភ្នំពេញក្រោន បានផ្តោតខ្លាំងទៅលើការពង្រឹងគុណភាព ក្នុងការលេង ព្រោះក្រៅពីការប្រកួតការពារតំណែងជើងឯក ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៣-២០២៤នេះ ក្រុមមានរហស្សនាម «សិង្ហក្រហម» មួយនេះ នៅមានភារកិច្ចដ៏ធំមួយទៀត ត្រូវបំពេញ គឺការប្រកួតវគ្គជម្រុះជាបឋមពានរង្វាន់ AFC Cup 2023 ជាមួយក្រុម Young Elephants របស់ឡាវ នៅថ្ងៃទី១៦ ខែសីហា ដើម្បីរកក្រុមឈ្នះឡើងទៅជួបក្រុម Tampines Rovers របស់សិង្ហបុរី នៅវគ្គ Play Off Round នាថ្ងៃទី២៣ ខែសីហា៕