ភ្នំពេញៈ កម្ពុជាតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងភាគីពាក់ព័ន្ធមួយចំនួនទៀត បាននិងកំពុងចាប់ផ្តើមពង្រឹងគុណភាព ទៅលើការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ នៅតំបន់អង្គរ ឱ្យមានភាពប្រសើរឡើងជាថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យធ្វើដំណើរមកកាន់ខេត្តសៀមរាប បន្ទាប់ពីព្រឹត្តិការណ៍មួយនេះបានថមថយចំនួនអ្នកចូលរួម ដោយសារតែវិបត្តិជំងឺកូវីដ ១៩។
ក្នុងសន្និសីទកាសែត នៅទីស្នាក់ការ NOCC កាលពីព្រឹកថ្ងៃទី ១១ ខែកក្កដា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានអះអាងថា តំបន់អង្គរវត្ត ជាតំបន់បេតិកភណ្ឌ និងជាតំបន់គោលដៅទេសចរណ៍ឯក គ្មាន ២ នៅលើលោក ដែលមានការទាក់ទាញខ្លាំងសម្រាប់អ្នកទេសចរ ហេតុនេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្ត្រ ក្នុងការបង្កើតឱ្យមានព្រឹត្តិការណ៍កីឡាទេសចរណ៍បែបនេះ ឱ្យមានភាពសម្បូរបែប និងគ្រប់រូបភាព ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ដោយសារកម្ពុជា ជាប្រទេសទេសចរណ៍។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «គោលដៅទេសចរណ៍នេះកំពុងមានការចាប់អារម្មណ៍ និងកក្រើកខ្លាំង នៅលើពិភពលោក គឺវាជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភ នៃការទាក់ទាញទេសចរ អ៊ីចឹងយើងយកព្រឹត្តិការណ៍ម៉ារ៉ាតុង និងពាក់កណ្តាលម៉ារ៉ាតុង នៅសៀមរាបនេះ ជាចំណូលមួយ ក្នុងការទាក់ទាញទេសចរ បង្កើតនូវការងារ និងចំណូល ចាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើន បានន័យថា អ្នកផ្តល់សេវាលើការស្នាក់នៅ ហូបចុក និងសេវាទេសចរណ៍ផ្សេងៗទៀត ទទួលបានផលចំណេញពីការរៀបចំព្រឹត្តិការណ៍កីឡា នៅខេត្តសៀមរាបនេះ»។
យ៉ាងណាក៏ដោយ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ មិនត្រូវបានរៀបចំឡើង កាលពីឆ្នាំ ២០២០ និងឆ្នាំ២០២១នោះទេ ដោយសារមានការផ្ទុះឡើង និងការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ជាសកល ចំណែកការរៀបចំឡើងវិញ កាលពីឆ្នាំ២០២២ ក៏មិនទាន់ទទួលបានជោគជ័យវិញប៉ុន្មានដែរ ព្រោះមានអ្នកចូលរួមប្រមាណតែ ១ ពាន់នាក់។ ហេតុនេះ កម្ពុជា បាននិងកំពុងរៀបចំព្រឹត្តិការណ៍នេះ ឱ្យបានកាន់តែល្អវិញ សម្រាប់ការរៀបចំ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នេះ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ការរៀបចំ កាលពីឆ្នាំ២០២២ យើងទទួលបានអ្នកចូលរួមប្រមាណ១ពាន់នាក់ទេ ដើម្បីស្តារវិបត្តិកូវីដឡើងវិញ បន្ទាប់ពីយើងបានផ្អាកការរៀបចំអស់រយៈពេល២ឆ្នាំ ចំណែកការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៨ នៅឆ្នាំ២០២៣នេះ យើងចាប់ផ្តើមជំរុញការរៀបចំនេះឱ្យបានល្អជាងមុន»។
លោកបានបន្ថែមថា៖ «គិតត្រឹមពេលនេះ យើងទទួលបានអ្នកចុះឈ្មោះចូលរួមជាង២ពាន់នាក់ហើយ ក្នុងនោះមានជនបរទេសប្រមាណ៥០០នាក់ ដែលភាគច្រើនជាជនជាតិជប៉ុន ចិន និងវៀតណាម ចំណែកជនជាតិកម្ពុជាមានជាង១៦០០នាក់ ហើយចំនួននេះ អាចនឹងមានការកើនឡើងជាបន្តទៀត ព្រោះការចុះឈ្មោះ យើងបន្តបើកនៅឡើយទេ»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានអំពាវនាវដល់អ្នកស្នេហាវិស័យកីឡារត់ប្រណាំង នៅក្នុងស្រុក សូមមកចុះឈ្មោះឱ្យបានរួសរាន់ គឺចៀសវាងជិតដល់ថ្ងៃប្រកួត ទើបមកចុះឈ្មោះ នាំឱ្យមានហានិភ័យទៅលើការរៀបចំ និងការគ្រប់គ្រង ព្រោះគណៈកម្មការ ត្រូវរៀបចំមេដាយ អាវ និងសម្ភារផ្សេងៗទៀត ទៅតាមចំនួនមនុស្ស ដើម្បីឱ្យការចូលរួមរបស់ពួកគាត់ពេញលក្ខណៈ ហើយប្រាក់កម្រៃ ទទួលបានពីការរៀបចំព្រឹត្តិការណ៍នេះ នឹងត្រូវយកទៅជួយដល់សង្គមវិញ គឺមិនមែនធ្វើ ដើម្បីរកផលចំណេញនោះឡើយ។
អ្នកជំនាញកីឡា លោក ចំរើន បានបញ្ជាក់ថា៖ «អ្វីដែលទទួលបានផល ពីការចូលរួមព្រឹត្តិការណ៍នេះ ត្រូវយកទៅជួយដល់សង្គមវិញទាំងអស់ មិនមែនធ្វើក្នុងនាមយកចំណេញទេ ព្រោះ NOCC ជាអង្គការសង្គមកីឡាមួយ ដែលមានកំណត់នៅក្នុងច្បាប់ថា ជាអង្គការមិនរកកម្រៃ អ៊ីចឹងនៅក្នុងការងារនេះ យើងធ្វើឱ្យមានតម្លាភាព ហេតុនេះការរៀបចំជារៀងរាល់ឆ្នាំ ទោះបានតិច ឬច្រើន គឺយើងតែងជួយដល់សង្គមជាតិរបស់យើង ដូចជាអង្គការ និងមន្ទីរពេទ្យផ្សេងៗ»។
ចំណែកលោក សែម ផល្លា នាយកប្រតិបត្តិព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុង និងម៉ារ៉ាតុង នៅកម្ពុជា បានឱ្យដឹងដែរថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៨ ឆ្នាំ២០២៣ នៅថ្ងៃទី៦ ខែសីហា ខាងមុខនេះ មានការប្រកួតម៉ារ៉ាតុងចម្ងាយ៤២គីឡូម៉ែត្រ ពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ២១គីឡូម៉ែត្រ រត់ចម្ងាយ១០គីឡូម៉ែត្រ និងរត់កម្សាន្តលក្ខណៈគ្រួសារចម្ងាយ៣គីឡូម៉ែត្រ។
ចំពោះឧបករណ៍ សម្ភារ និងការងារបច្ចេកទេសផ្សេងៗទៀត សម្រាប់បម្រើដល់ការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរនេះ ត្រូវបានលោក សែម ផល្លា បញ្ជាក់ថា បានរៀបចំរួចរាល់អស់ហើយ តាមលក្ខណៈស្តង់ដាអន្តរជាតិ ដើម្បីផ្តល់សុខសុវត្ថិភាពដល់អ្នកចូលរួមទាំងអស់ ហើយការរៀបចំព្រឹត្តិការណ៍នេះ ក៏ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅក្នុងតំបន់ផងដែរ។
លោក សែម ផល្លា បានបញ្ជាក់ថា៖ «នៅខែសីហា ជារដូវភ្លៀង ហើយក្នុងឆ្នាំនេះ ភ្ញៀវទេសចររបស់យើង ក៏មិនសូវមានវត្តមានច្រើនប៉ុន្មាននោះដែរ អ៊ីចឹងទេយើងត្រូវនាំគ្នាធ្វើឱ្យវិស័យកីឡារត់ប្រណាំង នៅក្នុងប្រទេសរបស់យើង មានការរីកចម្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ ព្រមទាំងលើកស្ទួយកិត្យានុភាពនៃព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងរបស់យើង នៅលើឆាកអន្តរជាតិ ហេតុនេះក្នុងនាមជាអ្នករៀបចំ និងឯកឧត្តម វ៉ាត់ ចំរើន តែងតែយកចិត្តទុកដាក់ថា យើងត្រូវពង្រឹងគុណភាពការរៀបចំ នៅក្នុងស្រុក និងធ្វើការប្រកួតប្រជែងគុណភាពជាមួយប្រទេសជិតខាង នៅក្នុងតំបន់ ដែលមានរៀបចំព្រឹត្តិការណ៍បែបនេះដែរ»៕