ភ្នំពេញៈ កីឡាករជើងខ្លាំង ធឿន ធារ៉ា និង ព្រំ សំណាង បានដណ្តើមខ្សែក្រវាត់ ពីព្រឹត្តិការណ៍ TECHO SANTEPHEAP Kun Khmer World Champion ហើយកីឡាករលំដាប់ប្រទេសរបស់កម្ពុជាចំនួន ៤ នាក់ទៀតរួមមាន ផល សោភ័ណ្ឌ, រឿង សោភ័ណ្ឌ, ពេជ្រ សម្បត្តិ និង ម៉ានូ សិល្បៈ ក៏បានយកឈ្នះលើអ្នកប្រដាល់បរទេស ក្នុងព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាន នៅក្នុងប្រទេសផងដែរ។
សម្រាប់ការវិលមកកាន់សង្វៀនជាថ្មី ក្រោយពីរបួសបាក់ដៃស្តាំ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ ធឿន ធារ៉ា បានធ្វើឱ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលខ្លាំង ដោយរូបគេបានប្រើកណ្តាប់ដៃស្តាំម៉ាត់ចូលពោះ បណ្តាលឱ្យកីឡាកររូម៉ានី Alex Bublea ដួលចុករមួល និងត្រូវបានអាជ្ញាកណ្តាលរាប់ចំនួន២លើក នៅក្នុងនាទីទី១ ហើយចូលដល់នាទីទី២ ក្នុងទឹកទី១ដដែលនេះ ធារ៉ា បានម៉ាត់ឆ្វេងចូលមុខពេញ បណ្តាលឱ្យដៃគូប្រកួតនេះដួលទាំងវង្វេងម្តងទៀត ហើយត្រូវបានអាជ្ញាកណ្តាលបញ្ឈប់តែម្តង។
ការទទួលបានជ័យជម្នះយ៉ាងលឿនរបស់ ធឿន ធារ៉ា នៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់៧២គីឡូក្រាម នៅលើសង្វៀនថោន កាលពីយប់ថ្ងៃទី១៦ ខែកក្កដា កន្លងមកនេះ បានធ្វើឱ្យអ្នកគាំទ្រហាក់មិនទាន់អស់ចិត្តនោះទេ ហើយសូម្បីតែ Alex Bublea ក៏មិនយល់ថា រូបគេចាញ់លឿនបែបនេះនោះដែរ។
កីឡាកររបស់រូម៉ានីរូបនេះបានបង្ហោះសារបែបនេះ ក្រោយការប្រកួតថា៖ «ខ្ញុំចាញ់ហើយ ហើយកាន់តែអាក្រក់ជាងនេះទៅទៀត គឺខ្ញុំអត់យល់ថា តើមានអ្វីខុសឆ្គងសម្រាប់ខ្ញុំ? ការខកចិត្តនេះ គឺពិតជាមិនអាចអស់ចិត្តឡើយ។ ខ្ញុំសង្ឃឹមថា ខ្លួនឯង នឹងវិលមកដូចដើមវិញ បន្ទាប់ពីរកឃើញចំណុចមិនអស់ចិត្តនោះ»។
ចំណែកម្ចាស់មេដាយមាសស៊ីហ្គេម ព្រំ សំណាង បានយកឈ្នះលើកីឡាករបេឡារុស Nikita ដោយពិន្ទុយ៉ាងស្វិតស្វាញបំផុត ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់៧៧គីឡូក្រាម។ ចំពោះការដណ្តើមបានខ្សែក្រវាត់ពីព្រឹត្តិការណ៍ TECHO SANTEPHEAP Kun Khmer World Champion នេះ ទាំង ព្រំ សំណាង និង ធឿន ធារ៉ា បានទទួលប្រាក់រង្វាន់២០លានរៀលដូចគ្នា ហើយអ្នកទាំង២នេះ ក៏ទទួលបានការឧបត្ថម្ភរាប់ពាន់ដុល្លារទៀត ពីថ្នាក់ដឹកនាំ និងអ្នកគាំទ្រផងដែរ ខណៈគូខ្សែក្រវាត់នេះ មានអ្នកមើល តាមការផ្សាយផ្ទាល់ជាង៥០ម៉ឺននាក់។
សម្រាប់ការទទួលបានជោគជ័យយ៉ាងធំនេះ លោក គឹម ស្រ៊ុនកុសល ទីប្រឹក្សាទូរទស្សន៍ថោន បានប្រាប់ថា៖ «តាមរយៈព្រឹត្តិការណ៍នេះ បានជួយផ្សព្វផ្សាយពីប្រទេស និងវិស័យទេសចរណ៍របស់យើងទៅលើឆាកអន្តរជាតិ ព្រោះកម្មវិធីនេះ មិនមែនមានការភ្ញាក់ផ្អើលត្រឹមនៅក្នុងតំបន់ទេ តែផ្អើលដល់អឺរ៉ុប ព្រោះយើងបានយកកីឡាករកម្រិតខ្លាំងៗមកប្រកួត ដោយពីមុនគេថា កម្រិតយើងនៅទាប មិនអាចធ្វើកើតទេ ប៉ុន្តែដល់ពេលយើងធ្វើបាន គេមានការភ្ញាក់ផ្អើល និងចង់មកចូលរួមជាមួយយើងកាន់តែច្រើន»។
តំណាង Mas Fight ប្រចាំប្រទេសកម្ពុជា លោក គឹម ស្រ៊ុនកុសល បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍ TECHO SANTEPHEAP Kun Khmer World Champion នេះ បានជួយផ្សព្វផ្សាយពីគុនខ្មែររបស់យើង ឱ្យកាន់តែមានឈ្មោះ និងធំទូលាយ ទៅកាន់ពិភពលោក ដោយពេលនេះយើងអាចរៀបចំឱ្យមានការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក ហើយវាក៏ជាពេលដែលប្រជាជនកម្ពុជា បានរួមគ្នាបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មី មិនធ្លាប់មានសម្រាប់គុនខ្មែរផងដែរ។
លោកបានបញ្ជាក់ថា៖ «តាមរយៈការប្រកួតនេះ បានបង្ហាញពីការឯកភាព និងរូបរួមគ្នា ក្នុងប្រជាជាតិខ្មែរតែមួយ ដោយយើងបានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាបង្កើតប្រវត្តិសាស្ត្រ សម្រាប់គុនខ្មែរ គឺសុំឱ្យមានអ្នកមើល 500K (៥០ម៉ឺននាក់) ហើយជាលទ្ធផលពួកគាត់បាននាំគ្នាជួយ Share និង like ធ្វើឱ្យចំនួនអ្នកមើលបានកើនដល់ 501K ដោយយើងមិននឹកស្មានថា យើងអាចធ្វើបាន ហើយតាមរយៈលទ្ធផលដ៏ជោគជ័យនេះ ទូរទស្សន៍ថោន និងសហការជាមួយម្ចាស់ឧបត្ថម្ភ ដើម្បីបន្តរៀបចំព្រឹត្តិការណ៍នេះឱ្យកាន់តែខ្លាំងក្លា និងផុសផុលថែមទៀត»។
យ៉ាងណាមិញ ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក ចំនួន២គូនេះ ក៏មានការប្រកួតមិត្តភាពអន្តរជាតិ រវាងកីឡាករលំដាប់កំពូលៗរបស់កម្ពុជា ចំនួន៥នាក់ទៀត ជាមួយអ្នកប្រដាល់បរទេសផងដែរ ហើយតាមរយៈការប្រកួតដ៏ជក់ចិត្តនោះ អ្នកលេងកណ្តាប់ដៃ រឿង សោភ័ណ្ឌ អាចសងសឹកជើងខ្លាំងរបស់ថៃ Changpuak Jesada បានសម្រេច ដោយបានឈ្នះពិន្ទុ ខណៈការជួបគ្នា កាលពី១០ឆ្នាំមុន សោភ័ណ្ឌ ត្រូវបានថៃម្នាក់នេះ វ៉ៃឱ្យសន្លប់។
ចំណែកកីឡាករនីហ្សេរីយ៉ា ទើបទទួលបានសញ្ជាតិខ្មែរ ម៉ានូ សិល្បៈ បានឈ្នះកីឡាករឡាវ Chatsakmai Chatchakwam សម្រាប់ការប្រកួតទម្ងន់៨៥គីឡូក្រាម ក្នុងទឹកទី៣ រីឯ ផល សោភ័ណ្ឌ បានយកឈ្នះជើងខ្លាំងមកពីព័រទុយហ្គាល់ Miguel Trindade ដោយពិន្ទុ ក្នុងទម្ងន់៦៥គីឡូក្រាម ហើយ ពេជ្រ សម្បត្តិ ក៏បានឈ្នះកីឡាករថៃ Petchlampoon Por.chareonpat ដោយពិន្ទុ ក្នុងទម្ងន់៦០គីឡូក្រាមដែរ គឺមានតែ យ៉េន ឌីណា ម្នាក់ទេ ដែលបានត្រឹមស្មើពិន្ទុជាមួយកីឡាកររុស្ស៊ី Solovev Sergei ក្នុងទម្ងន់៦៥គីឡូក្រាម៕