ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន បានសម្រេចចាប់ដៃជាមួយស្ថាប័ន International Professional Combat Council (IPCC) ជាផ្លូវការ ដើម្បីរួមគ្នាអភិវឌ្ឍ និងផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោក ឱ្យកាន់តែទូលំទូលាយថែមទៀត ព្រោះ IPCC ជាស្ថាប័នអន្តរជាតិដ៏ធំមួយ ដែលមានសមាជិកជាង ១០០ ប្រទេស ហើយផ្តោតខ្លាំងទៅលើការជួយផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ប្រកួត សម្រាប់ប្រភេទកីឡា មានអត្តសញ្ញាណច្បាស់លាស់។
ចំពោះកិច្ចសហការនេះ ស្ថាប័ន IPCC បានទទួលវិញ្ញាបនបត្រទទួលស្គាល់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ រួចហើយ ដោយបញ្ជាក់ថា IPCCបានសិទ្ធិពេញលេញ ក្នុងការនាំយកគុនខ្មែរ ទៅបណ្តុះបណ្តាល និងផ្សព្វផ្សាយទៅកាន់ពិភពលោក ហើយ IPCC ក៏អាចដឹកនាំ, ជ្រើសរើសកីឡាករ, ផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ KUN KHMER នៅគ្រប់ប្រទេស ដែលជាសមាជិករបស់ខ្លួន ដោយគោរពតាមធម្មនុញ្ញ និងបទបញ្ជាប្រកួតរបស់គុនខ្មែរ។
លោក តែម ម៉ឺន បានអះអាងថា កម្ពុជា នឹងទទួលបានអត្តប្រយោជន៍ច្រើន ពីការសហការជាមួយស្ថាប័ន IPCC នេះ ដើម្បីផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ ទៅកាន់ឆាកអន្តរជាតិ ខណៈបច្ចុប្បន្ន គុនខ្មែរ ក៏កំពុងទទួលបានការចាប់អារម្មណ៍ និងមានភាពល្បីល្បាញផងដែរ ហើយជាមួយគ្នានេះ ក្រុមអ្នកជំនាញរបស់ IPCC ក៏នឹងមកសិក្សាបន្ថែមពីគុនខ្មែរ នៅកម្ពុជា ជាពិសេសនៅអង្គរវត្ត ដើម្បីបានដឹងពីប្រភពឫសគល់នៃក្បាច់គុនដ៏ចំណាស់នេះកាន់តែច្បាស់ថែមទៀត។
លោកបានប្រាប់កាលពីថ្ងៃទី១៨ ខែកក្កដា ថា៖ «យើងមានគោលគំនិត និងគោលបំណងដ៏សំខាន់ ក្នុងការបង្ហាញនូវកេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណក្បាច់គុនដូនតារបស់យើង ទៅកាន់ពិភពលោកឱ្យបានច្រើន ដើម្បីឱ្យគេស្គាល់ពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់យើង តាមរយៈ IPCC នេះ។ យើងក៏ចង់ឱ្យគេស្គាល់ពីប្រទេសរបស់យើង ដែលបានឆ្លងកាត់ច្រើនយុគសម័យ ហើយរហូតមកដល់ពេលនេះ ជាយុគសម័យ ដែលមានសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី»។
លោក គឹម ស្រ៊ុនកុសល ទីប្រឹក្សាស្ថានីយទូរទស្សន៍ថោន និងជាតំណាងស្ថាប័ន IPCC ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ ស្ថាប័នអន្តរជាតិ IPCC បានជួយផ្សព្វផ្សាយគុនខ្មែរ នៅលើឆាកអន្តរជាតិ បានច្រើនដែរហើយ ដោយស្ថាប័ននេះ បានរៀបចំឱ្យមានការប្រកួតដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក ដែលមានរំលេចពាក្យ «Kun Khmer» នៅតាមប្រទេសផ្សេងៗ នៅក្នុងតំបន់ និងនៅប៉ែកអឺរ៉ុប ផងដែរ។
ជាមួយគ្នានេះ IPCC ក៏បានសហការជាមួយស្ថានីយទូរទស្សន៍ថោន រៀបចំឱ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក IPCC Kun Khmer World Champion នៅកម្ពុជា ជាពិសេសព្រឹត្តិការណ៍ TECHO SANTEPHEAP Kun Khmer World Champion កាលពីថ្ងៃទី១៦ ខែកក្កដា ដោយបាននាំយកកីឡាករបរទេសល្បីៗមកប្រកួតជាមួយជើងខ្លាំងរបស់កម្ពុជា ខណៈកម្មវិធីនេះ មានអ្នកទស្សនាតាមការផ្សាយផ្ទាល់ជាង៥០ម៉ឺននាក់ ដែលជាកំណត់ត្រាថ្មីមិនធ្លាប់មាន។
លោក គឹម ស្រ៊ុនកុសល បានបញ្ជាក់៖ «IPCC បានជួយយើងច្រើនហើយ ហើយពេលនេះសហព័ន្ធ បានទទួលស្គាល់ IPCC ជាផ្លូវការ គឺបានន័យថា ចាប់ពេលនេះតទៅ IPCC អាចពង្រីកវិសាលភាពរបស់គាត់ ដោយអាចប្រើពាក្យគុនខ្មែរ ដោយផ្លូវការបាន។ លើសពីនេះបើសិនជាយើងចង់រៀបចំ Kun Khmer Championship នៅប្រទេសណាមួយ គឺគាត់អាចជួយសម្របសម្រួលឱ្យយើងបាន ព្រោះ IPCC មានបណ្តាញច្រើន និងមានរចនាសម្ព័ន្ធក្នុងការរៀបចំរួចរាល់អស់ហើយ អត់ពិបាកទេ»៕