ភ្នំពេញៈ​ វីរ​កីឡា​ការិនី​ជឺ​ជី​តស៊ូ ខាន់​ ចេសា ​នឹង​ត្រូវ​ឡើង​ប្រកួត​ដណ្តើម​ខ្សែ​ក្រ​វាត់​ពិភព​លោក ​Atom​weight Submi​ssion Grap​pling World Cham​pion​ship ក្នុង​ព្រឹត្តិ​ការ​ណ៍ ​ONE Fight Night ដែល​រៀបចំ​ដោយ​ស្ថា​ប័ន ONE Championship នៅ​ប្រទេស​សិង្ហ​បុរី នា​ថ្ងៃទី​ ២៩​ ខែ​កញ្ញា ឆ្នាំ ​២០២៣ ​នេះ ​ហើយ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ចំនួន​២​ប្រភេទ​ទម្ងន់​ទៀត ​ក៏ត្រូវ​បានធ្វើ​ឡើង​ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ផង​ដែរ​។​

​​សម្រាប់​ការ​ប្រកួត​ជា​លើក​ដំបូង​ឱ្យ ​ONE Cham​pionship នេះ ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី ​និង​ស៊ី​ហ្គេម​របស់​កម្ពុជា ​ខាន់ ​ចេសា ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​មួយ​ដៃគូ​ចាស់​របស់​នាង​ គឺ​កីឡា​ការិនី​របស់​អា​មេរិក​ Danielle Kelly ដោយ​អ្នក​ទាំង​២​នេះ ត្រូវ​ប្រកួត​ដោយ​ប្រើ​ជំនាញ​ចាប់​ក្លេ ​តាម​បែប Gra​ppling មិន​មែន​ជា​ការ​ប្រកួត​តាម​បែប​ក្បាច់​គុន​ចម្រុះ ​MMA នោះ​ទេ​។​

​ការវិល​មក​ជួប​គ្នា ក្នុង​ព្រឹត្តិ​ការណ៍ ONE Fight Night នៅលើ​ទឹកដី​ប្រទេស​សិង្ហ​បុរី​នេះ បាន​ក្លាយ​ជា​ពេល​វេលា​ដ៏​សំខាន់​មួយ​របស់ ​Danielle Kelly ដែល​ត្រូវ​សង​សឹក​ជា​មួយ ​ខាន់ ចេសា ព្រោះ​ការ​ជួប​គ្នា ក្នុង​ព្រឹត្តិ​ការណ៍ «Who’s ​Number One» ឬ «​នរណា​លេខ​១» ដែល​រៀប​ចំ​ដោយ​ស្ថា​ប័ន​កីឡា ​FloGrappling នៅ​រដ្ឋ​តិច​សាស់ ​សហ​រដ្ឋ​អា​មេរិក​ កាល​យប់​ថ្ងៃទី​២៦​ខែកុម្ភៈ ឆ្នាំ​២០២១​ Danielle Kelly បាន​ចាញ់​ ខាន់ ចេ​សា​។​

​យ៉ាង​ណា​ក៏ដោយ​ជ័យ​ជម្នះ​របស់​ ខាន់​ ចេសា លើ​កីឡា​ការិនី​ Danielle Kelly ក្នុងការ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍ «Who’s Number One» នា​ពេល​នោះ គឺ​ទទួល​បាន​ដោយ​លំបាក ​ក្រោម​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​បំផុត ដោយ​ ខាន់​ ចេសា ​បាន​ព្យា​យាម​ប្រើ​បច្ចេក​ទេស​ចាប់​ក្លេ ​ដើម្បី​យក​ប្រៀប​លើ Danielle Kelly តែ​បន្តិច​ប៉ុណ្ណោះ​។​

​ការ​ចាញ់​ក្រោម​ដៃ ខាន់​ ចេសា នោះ​ បាន​ធ្វើឱ្យ​កីឡាកា​រិនី​របស់​អាមេរិក​ Danielle Kelly មិន​អស់ចិ​ត្ត​នោះទេ​ ដោយ​នាង​សុំ​ប្រកួត​សង​សឹក​ជា​មួយ​ ចេសា ម្តង​ទៀត​ បើទោះ​បីជា​នាង ​មាន​ទម្ងន់​ស្រាល​ជាង ​ចេសា ​បន្តិច​ក៏​ដោយ​ ព្រោះ​ប៉ុន្មាន​ចុង​ក្រោយ​នេះ Kelly មាន​ការ​វិវឌ្ឍ​ខ្លួន​គួរ​ឱ្យកត់​សម្គាល់ ​ហើយ​ការ​ប្រកួត​ឱ្យ ONE ​ចំនួន​៣​លើក​កន្លង​មក​នេះ ​Kelly ទទួល​បាន​លទ្ធ​ផល​ល្អ​មែន​ទែន​។​

​ចាប់​តាំងពី​បាន​ចុះ​កុងត្រា​ជាមួយ ONE កាល​ឆ្នាំ​២០២២ ​កីឡាកា​រិនី​វ័យ​២៧​ឆ្នាំ Kelly បាន​ប្រកួត​ស្មើ​ជា​មួយ​កីឡាកា​រិនី Mei Yamaguchi ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ Atomweight MMA World Cham​pion​ship ២​សម័យ ​មុន​ពេល​នាង​ទទួល​បាន​ជ័យ​ជម្នះ​លើ​កីឡា​ការិនី​ Mariia Molchanova ជា​ម្ចាស់​ជើង​ឯក​ពិភព​លោក Com​bat​ Sambo World Champion ៤​សម័យ​កាល និង​ឈ្នះ​កីឡា​ការិនី​ Ayaka Miura ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Strawweight MMA World Title​។​

​ទោះ​បីជា​យ៉ាង​ណា ខា​ន់ ចេសា ក៏​ទើប​ដណ្ដើម​បាន​មេដាយ​មាស​ពី​កា​រប្រកួត​ជើង​ឯក​ពិភព​លោក IBJJF Gi World Title ឆ្នាំ​២០២៣ ក្នុង​ប្រភេទ​ទម្ងន់​ Featherweight កាល​ពី​ខែមិថុនា ផង​ដែរ ហើយ​សម្រាប់​ការ​ចូល​រួម​ប្រកួត​ស៊ី​ហ្គេម​ លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា កាល​ពី​ខែ​ឧសភា កន្លង​មក​នេះ ​ខាន់​ ចេសាបាន​ឈ្នះ​មេដាយ​មាស​១ និង​ប្រាក់​១ ខណៈ​បច្ចុប្បន្ន ​ខាន់​ ចេសា ក៏​កំពុង​បង្កើន​ការ​ហ្វឹក​ហាត់​ខ្លាំង ​នៅ​អាមេរិក​។

ក្រៅពី​ការ​ប្រកួត​ជាមួយ ​Danielle Kelly នៅ ONE នេះ ចាន់ ចេសា ​ក៏ត្រូវ​ចូលរួម​ប្រកួត​ការពារ​មេ​ដាយ​មាស ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី នៅ​ប្រទេស​ចិន ​នៅ​ចុងខែ​កញ្ញា និង​ដើម​ខែ​តុលា ​ឆ្នាំ​២០២៣​នេះ​ផង​ដែរ ហើយ​​តាម​រយៈ​ការ​ត្រៀម​ខ្លួន​នេះ ​ចេសា នៅ​តែ​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ដើម្បី​ប្រកួត​ដណ្តើម​ខ្សែក្រ​វាត់​ពិភព​លោក​ ជាមួយ Kell​y នៅ ONE Cham​pio​nshi​p នេះ​៕