ភ្នំពេញៈ លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងដឹកនាំប្រតិភូកីឡាក្រសួងមហាផ្ទៃ ចំនួន ៤៨ នាក់ ទៅប្រទេសកាណាដា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាកម្រិតពិភពលោក ដែលកម្មវិធីប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី ២៨ ខែកក្កដា រហូតដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣។ នេះបើតាមលោក សរ សិទ្ធិ។
បើយោងតាមក្រសួងមហាផ្ទៃ លោកសរ សិទ្ធិ បានថ្លែងបែបនេះ នៅក្នុងពិធីដែលលោកស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលត្រៀមខ្លួនចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី ២០ ឆ្នាំ ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា កាលពីថ្ងៃទី ២០ កក្កដា។
លោកសរ សិទ្ធិ បានឱ្យដឹងថា ការរៀបចំកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក គឺដើម្បីបង្ហាញពីសាមគ្គីភាព សមត្ថភាព និងទេពកោសល្យរបស់កងនគរបាលនៃប្រទេសនីមួយៗ និងតែងតែមានប្រទេសជាង ៧០ បានចាត់បញ្ជូនប្រតិភូកីឡាចូលរួមរៀងរាល់ការប្រកួត ហើយប្រទេសកម្ពុជាធ្លាប់បានបញ្ជូនប្រតិភូកីឡាចូលរួមចំនួន ២ លើក ក្នុងចំណោមការរៀបចំចំនួន ២០ លើក។
បើតាមលោកអនុរដ្ឋលេខាធិការ កីឡាករ កីឡាការិនីកម្ពុជា នឹងចូលរួមប្រកួតលើ ១៣ ប្រភេទកីឡា រួមមាន៖ កីឡាវាយសី, កីឡាលើកទំងន់, កីឡាយូដូ, កីឡាជីជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាប់កាច់ដៃ, កីឡាវាយកូនគោល, កីឡា Bench Press និងកីឡា Push Pull Lifting ៕