
លោកគ្រូ ប្រាក់ វុទ្ធី បានធ្លាក់ខ្លួនឈឺ និងកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។ រូបថត សហការី
ភ្នំពេញ៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ប្រាក់ វុទ្ធី ដែលទើបបានដឹកនាំក្រុមជម្រើសជាតិនារីកម្ពុជា ឱ្យឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្រ្ត លើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ បានធ្លាក់ខ្លួនឈឺ ហើយកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
បើតាមពិធីការិនីជើងចាស់ អ្នកស្រី ប្រាក់ សម្ផស្ស ដែលជាបងស្រីរបស់លោកគ្រូ ប្រាក់ វុទ្ធី បានឱ្យដឹងថា លោក ប្រាក់ វុទ្ធី ត្រូវបានដឹកនាំទៅកាន់មន្ទីរពេទ្យកាល់ម៉ែត កាលពីយប់ថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីស្ថានភាពជំងឺរបស់គាត់ មានភាពធ្ងន់ធ្ងរ។
អ្នកស្រី សម្ផស្ស បានបង្ហោះសារបែបនេះ កាលពីព្រឹកថ្ងៃទី ៣០ ខែកក្កដានេះថា៖ «លោកគ្រូ ប្រាក់ វុទ្ធី អតីតអ្នកកីឡាបាល់ទាត់ជម្រើសជាតិ បច្ចុប្បន្នជាគ្រូបាល់ទាត់ជម្រើសជាតិនារី ក្នុងជីវិតរបស់គាត់ស្រឡាញ់បំផុត គឺកីឡាបាល់ទាត់នេះឯង តែពេលនេះធ្លាក់ខ្លួនឈឺ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ពួកយើងពឹងផ្អែកទៅលើប័ណ្ណ បសស ចំណាយចំពោះមន្ទីរពេទ្យ។ សូមប្អូនឆាប់ជាសះស្បើយ នឹងបានវិលត្រឡប់មកបំពេញការងារ ដែលប្អូនស្រឡាញ់វិញ»។

យ៉ាងណាក៏ដោយ ចំពោះស្ថានភាពរបស់លោក ប្រាក់ វុទ្ធី នៅពេលនេះ មានភាពប្រសើរវិញបន្តិចហើយ។ អ្នកស្រី ប្រាក់ សម្ផស្ស បានប្រាប់ភ្នំពេញប៉ុស្តិ៍ បន្ថែមកាលពីរសៀលម៉ោង១ ថ្ងៃអាទិត្យនេះថា៖ «ជំងឺរបស់គាត់ពាក់ព័ន្ធនឹងបញ្ហាបេះដូង ហើយពេលនេះគាត់បានរុញចេញពីបន្ទប់សង្រ្គោះបន្ទាន់ ទៅខាងពេទ្យបេះដូងវិញហើយ ដោយគាត់សម្រាកនៅបន្ទប់លេខ២៧ ដើម្បីរង់ចាំការឆ្លុះរបស់គ្រូពេទ្យជាបន្តទៀត»។
តាមអ្នកស្រី ប្រាក់ សម្ផស្ស បានឱ្យដឹងថា លោកគ្រូ ប្រាក់ វុទ្ធី ធ្លាប់មានបញ្ហាសុខភាព ទាក់ទងជំងឺលើសឈាមផង និងជំងឺទឹកនោមផ្អែមផង ប៉ុន្តែអ្នកស្រី បានអះអាងថា ស្ថានភាពសុខភាពរបស់លោក វុទ្ធី មានភាពប្រសើរវិញ ហើយជំងឺរបស់គាត់ ក៏បានជាសះស្បើយអស់ហើយដែរ គឺទើបតែមួយរយៈចុងក្រោយនេះ គាត់ខំប្រឹងដឹកនាំក្រុមនារីកម្ពុជាខ្លាំងពេក ធ្វើឱ្យមានសម្ពាធផ្លូវចិត្ត នាំឱ្យឈាមបុកទៅដល់បេះដូង។
អ្នកស្រីបានបញ្ជាក់ថា៖ «មួយរយៈពេលចុងក្រោយនេះ វុទ្ធី ហាក់មានសម្ពាធផ្លូវអារម្មណ៍ជុំវិញការដឹកនាំក្រុមបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កន្លងមកនេះ ព្រោះយើងដឹងហើយថា ក្នុងនាមជាគ្រូបង្វឹក គាត់ពិតជាចង់ឃើញក្រុមកម្ពុជា ទទួលបានជ័យជម្នះ ហេតុនេះគាត់ខំប្រឹងប្រែងខ្លាំងទាំងទៅលើការបង្វឹក ក៏ដូចជារិះរកវិធីសាស្រ្ត ដើម្បីអភិវឌ្ឍក្រុម ដល់អ៊ីចឹងធ្វើឱ្យគាត់មានសម្ពាធផ្លូវចិត្ត នាំឱ្យបុកទៅដល់បេះដូងតែម្តង»។

គួរបញ្ជាក់ថា លោក ប្រាក់ វុទ្ធី បានក្លាយជាគ្រូបង្គោលដំបូងគេ ដែលបានដឹកនាំក្រុមនារីជម្រើសជាតិកម្ពុជា ឆ្លងផុតវគ្គជម្រុះតាមពូល ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្រ្តលើកដំបូង ប៉ុន្តែនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នោះ ក្រុមម្ចាស់ផ្ទះកម្ពុជា បានចាញ់ក្រុមនារីវៀតណាម ៤-០ ហើយសម្រាប់ការប្រកួតដណ្តើមយកមេដាយសំរឹទ្ធ ក្រុមនារីកម្ពុជា បានបន្តចាញ់ក្រុមនារីថៃ ៦-០។
បន្ទាប់ពីបានសាងកំណត់ត្រាជាប្រវត្តិសាស្រ្តឱ្យក្រុមនារីជម្រើសជាតិកម្ពុជារួចមក លោក ប្រាក់ វុទ្ធី បានទទួលភារកិច្ចថ្មីមួយទៀត ដោយលោកត្រូវដឹកនាំក្រុមនារីជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ទៅចូលរួមការប្រកួតពានរង្វាន់ AFF U19 Women’s Championship 2023 នៅប្រទេសឥណ្ឌូនេស៊ី ហើយក្រុមនេះ ក៏ទើបតែវិលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី១២ ខែកក្កដា ដែរទេ ប៉ុន្តែពេលនេះលោក ប្រាក់ វុទ្ធី បានធ្លាក់ខ្លួនឈឺ និងកំពុងព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត៕