ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) លោក ជា ច័ន្ទបរិបូរណ៍ បានប្រកាន់ជំហរ ក្នុងការរក្សាអនុវត្តនូវគោលការណ៍បែបតឹងរ៉ឹង ដែលសហព័ន្ធបានកំណត់ ដើម្បីធ្វើយ៉ាងណាឱ្យប្រភេទកីឡាបច្ចេកវិទ្យាបែបទំនើបមួយនេះ អាចវិវឌ្ឍខ្លួនទៅមុខស្របតាមស្តង់ដាបែបជាកីឡា គឺមិនមែនក្នុងរូបភាពជាល្បែងស៊ីសង ដែលបំផ្លាញទៅដល់អនាគតកីឡាករ កីឡាការិនីជំនាន់ក្រោយ។
លោក ជា ច័ន្ទបរិបូរណ៍ បានថ្លែងថា៖ «EFC មិនមែនមើលត្រឹមការលេងកីឡាទេ គឺយើងគិតទៅដល់ការសិក្សា និងគិតទៅដល់អនាគតកីឡាករ កីឡាការិនីរបស់យើង ព្រោះបើយើងមិនគិតគូរបែបនេះទេ វិញ្ញាសាមួយនេះ នឹងក្លាយជាវិញ្ញាសាបំផ្លាញអនាគតកូនចៅរបស់យើងហើយបើយើងបណ្តោយ គឺថ្ងៃណាមួយ វាគង់តែប៉ះសាច់ខ្លួនឯងទេ អ៊ីចឹងខ្ញុំត្រូវរឹតបន្តឹងទាំងអស់»។
នៅក្នុងគោលការណ៍សំខាន់ៗ ដែល EFC បានកំណត់ គឺជិតដល់ថ្ងៃប្រឡងឌីប្លូម និងប្រឡងបាក់ឌុប មិនអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍ប្រកួតអ្វីទាំងអស់។ គោលការណ៍សំខាន់មួយទៀត គឺការប្រកួតត្រូវតែ Fair Play ហើយកីឡាករ កីឡាការិនីណា ដែលជាប់នៅក្នុងបញ្ជីខ្មៅ គឺមិនអនុញ្ញាតឱ្យចូលរួមប្រកួតជាដាច់ខាត រួមទាំងអ្នកដឹកនាំផងដែរ។ ចំណែកប្រាក់រង្វាន់ ដែលបានហើយ ត្រូវតែប្រគល់ទៅដល់ដៃកីឡាករ ឬក្រុមប្រកួត អត់មានជំពាក់ទេ ហើយរង្វាន់ទាំងអស់នោះ ក៏មិនចាំបាច់ចែករំលែកមកឱ្យសហព័ន្ធនោះដែរ។
រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់ថា៖ «នៅក្នុងការប្រកួតត្រូវតែ Fair play ជាដាច់ខាត ហើយបើសិនការប្រកួតមិន Fair play ខ្ញុំដាក់ចូលបញ្ជីខ្មៅទាំងអស់ អ៊ីចឹងដៃគូសហការណាក៏ដោយ បើមកធ្វើបំពាននៅកម្ពុជា គឺខ្ញុំដាក់ចូលបញ្ជីខ្មៅហើយហើយការធ្វើបែបនេះមិនមែនកាចទេ តែតឹងតែង ដើម្បីអនាគតកីឡា E-sports នៅក្នុងប្រទេសកម្ពុជារបស់យើង»។
ការបញ្ជាក់ពីការកំណត់គោលការណ៍តឹងរ៉ឹង ដែលត្រូវប្រើក្នុងវិស័យកីឡា E-sports នៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានលោក ជា ច័ន្ទបរិបូរណ៍ លើកឡើង ក្នុងសន្និសីទកាសែត នៅទីស្តីការក្រសួងព័ត៌មាន កាលពីថ្ងៃទី២៩ ខែកក្កដា គឺក្នុងពេលដែល EFC ប្រកាសចាប់ដៃជាមួយក្រុមហ៊ុន WOWNOW ដើម្បីរៀបចំការប្រកួតកីឡាអេឡិចត្រូនិក WOWNOW &PRINCE MALL LEAGUE (WPML) រដូវកាលទី២ ឆ្នាំ២០២៣ លើវិញ្ញាសា MOBILE LEGENDS:BANGBANG។
តាមខ្លឹមសារ ដែលត្រូវបានប្រកាស ក្នុងសន្និសីទកាសែតនោះ បានឱ្យដឹងថា ការប្រកួតពាន WPML 2023 កំណត់ទទួលយកក្រុមចូលរួមចំនួន៥១២ហើយក្រុមទាំងនេះ ត្រូវប្រកួតជម្រុះយកត្រឹម៨ក្រុមទេ ដើម្បីឡើងទៅលេងនៅវគ្គបន្តជាមួយក្រុម MPL ចំនួន៧ទៀត សរុប១៥ក្រុម។ ក្រុមទាំង១៥នេះ ត្រូវចែកជា៣ពូល ហើយត្រូវប្រកួតសន្សំពិន្ទុ ដោយលេងលក្ខណៈ Best Of 1 រយៈពេល ៣ ថ្ងៃគឺថ្ងៃទី១០ ដល់ទី១១ និងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។
បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គ Group Stage នេះ គឺក្រុមទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ នៅតាមពូលទាំង៣ ត្រូវបន្តការប្រកួតលក្ខណៈ Best Of 3 ដើម្បីរកក្រុមឈ្នះឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅ PRINCE MALL ក្រុងព្រះសីហនុ ជាមួយនឹងក្រុមដែលឈ្នះ MPL។
ជាមួយគ្នានេះ លោក Li Jinhe ស្ថាបនិកកម្មវិធី WPML និងជានាយកប្រតិបត្តិក្រុមហ៊ុន WOWNOW បាននិយាយថា៖«WOWNOW និង PRINCE MALL បានរៀបចំឱ្យមានការប្រកួតWPML កាលពីឆ្នាំមុន ក្នុងគោលដៅលើកកម្ពស់វិស័យកីឡា E-sports នៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើន ហើយឆ្នាំនេះយើងបានយកបទពិសោធន៍នៃការប្រកួតរដូវកាលទី១ មកកែច្នៃបន្ថែម ដើម្បីធ្វើឱ្យការប្រកួតរដូវកាលទី២នេះ កាន់តែមានយុត្តិធម៌ និងមានជំនាញច្បាស់លាស់ថែមទៀត»។
ទន្ទឹមនឹងនេះ លោក ជា ច័ន្ទបរិបូរណ៍ បានដាក់ក្តីសង្ឃឹមថា ការប្រកួត WPMLនឹងដំណើរការទៅបានរលូន តាមលក្ខខណ្ឌ និងគោលការណ៍កំណត់របស់ EFC ដើម្បីរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអភិវឌ្ឍកីឡា E-sports នៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើន ដើម្បីអាចឈានទៅរកការទទួលបានជោគជ័យម្តងទៀត ក្នុងការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ បន្ទាប់ពីក្រុម E-sports កម្ពុជា បានបង្កើតកំណត់ត្រាឈ្នះមេដាយមាស សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីខែឧសភា កន្លងមកនេះ។
លោកបញ្ជាក់ថា៖ «ពិតណាស់ យើងទើបតែទទួលបានជោគជ័យ ស៊ីហ្គេម នៅលើទឹកដីខ្លួនឯង ប៉ុន្តែយើងចង់ទទួលបានជោគជ័យ នៅលើទឹកដីរបស់គេវិញម្តង អ៊ីចឹងស៊ីហ្គេម ឆ្នាំ២០២៥ វត្ថុបំណងរបស់ខ្ញុំ និង EFC ក៏ដូចជាគ្រួសារកីឡា E-sports ត្រូវតែជោគជ័យ នៅលើទឹកដីរបស់គេជាបន្តទៀត។ យើងត្រូវហ្វឹកហាត់ គោរពវិន័យ និងត្រូវបណ្តុះបណ្តាលគ្រប់បែបយ៉ាងទាំងអស់ ដើម្បីឱ្យក្លាយទៅជាកីឡាមួយ ដែលបានបំពេញនូវវត្ថុបំណង និងក្តីស្រមៃរបស់យើងទាំងអស់គ្នា ជាពិសេសជាមោទនភាពសម្រាប់ប្រទេសជាតិយើង»៕