ភ្នំពេញៈ ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លោក ស សុខា (Sar Sokha Challenge Cup) ប្រចាំឆ្នាំ ២០២៣ ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា បង្កើតឱ្យមានឡើងជាលើកដំបូង ដើម្បីផ្តល់ឱកាសឱ្យក្លិបបាល់ទះ នៅក្នុងប្រទេសកម្ពុជា បានធ្វើការប្រកួតប្រជែងគ្នា ដណ្តើមយកពាន និងប្រាក់រង្វាន់ ហើយពានមួយនេះ ក៏បានក្លាយជាវេទិកាប្រកួតប្រជែងដណ្តើមយកកៅអីក្រុមជម្រើសជាតិរបស់កីឡាករឆ្នើមៗផងដែរ។
បើតាមមន្រ្តីរៀបចំការប្រកួត បានឱ្យដឹងថា ការប្រកួតកីឡាបាល់ទះពាន Sar Sokha Challenge Cup ជាលើកទី១ ឆ្នាំ ២០២៣ នេះ មានក្លិបធំៗចំនួន ៩ បានដាក់ពាក្យចូលរួម ហើយពិធីចាប់ឆ្នោតបែងចែកពូលទាំង ២ ត្រូវបានធ្វើឡើងរួចហើយ ក្រោមវត្តមានរបស់លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និងតំណាងក្លិបទាំង៩ កាលពីព្រឹកថ្ងៃទី ១ ខែសីហានេះ។
តាមរយៈការចាប់ឆ្នោតនោះ ក្លិបបាល់ទះវិសាខា, រដ្ឋបាលរាជធានីភ្នំពេញ, ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, កងពលធំអន្តរាគមន៍លេខ៣ និងក្រុមបញ្ជាការដ្ឋានអង្គរក្ស ឈរនៅពូលA ចំណែកក្រុមបាល់ទះខេត្តតាកែវ, ស្នងការនគរបាលខេត្តព្រះសីហនុ, ស្នងការនគរបាលខេត្តបាត់ដំបង និងក្រុមស្នងការនគរបាលខេត្តកំពង់ឆ្នាំង ឈរនៅពូលB ហើយការប្រកួត នឹងចាប់ផ្តើមដំណើរការ នៅព្រឹកម៉ោង ៩ ថ្ងៃទី ២ ខែសីហាតទៅ ដើម្បីរកក្រុមលេខ ១ និងលេខ ២ នៅតាមពូលទាំង ២ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី ៥ និងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ៦ ខែសីហា។
ជាមួយការប្រកួតពាន Sar Sokha Challenge Cup ឆ្នាំ ២០២៣ ដែលធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក នេះ លោក អាំង សិរីពិសិដ្ឋ បានអះអាងថា វានឹងក្លាយជាការប្រកួតប្រជែងដ៏ជក់ចិត្តមួយ សម្រាប់អ្នកគាំទ្រ ដោយត្រូវបានអនុញ្ញាតឱ្យចូលរួម ដោយសេរី ហើយព្រឹត្តិការណ៍នេះ ក៏ជាពេលវេលាដ៏សំខាន់ ដែលក្រុមជំនាញបច្ចេកទេសរបស់សហព័ន្ធ ពិនិត្យរកមើលកីឡាករមានគុណភាព សម្រាប់ផ្លាស់ប្តូរ នៅក្នុងកៅអីជម្រើសជាតិទាំង ១៤ នាក់ផងដែរ។
លោក អាំង សិរីពិសិដ្ឋ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ការប្រកួតដណ្តើមពានរង្វាន់ឯកឧត្តម ស សុខានេះ នឹងក្លាយជាការប្រកួតកម្តៅសាច់ដុំផង និងដើម្បីចម្រាញ់យកកីឡាករ ១៤ នាក់ចុងក្រោយ ដើម្បីប្រកួតនៅស៊ីហ្គេម ខាងមុខ អ៊ីចឹងកីឡាករ១៤នាក់ ដែលធ្លាប់មានមុខ ពេលក្រុមកម្ពុជា ឈ្នះបានមេដាយប្រាក់ កាលស៊ីហ្គេម នៅកម្ពុជា កន្លងមកនេះ អាចនឹងបាត់មុខច្រើន»។
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជារូបនេះ បានបន្ថែមថា៖ «ទោះបីជាអ្នកនោះ មានទេពកោសល្យយ៉ាងណា តែបើគេមិនបានចូលជំរំហ្វឹកហាត់ គ្មានបេះដូង ក្នុងការដាក់ចិត្តដាក់កាយ ដើម្បីដណ្តើមកិត្យានុភាពជូនជាតិទេ អាហ្នឹងមិនអាចមានឈ្មោះជាប់ជម្រើសជាតិឡើយព្រោះធ្វើការប្រមូលផ្តុំ នៅប្រទេសចិន ទទួលប្រាក់ឧបត្ថម្ភពីជាតិ ប៉ុន្តែមិនបានបម្រើជាតិ អាហ្នឹងខ្ញុំមិនអាចទុកបានទេ»។
សម្រាប់ក្លិបទាំង ៩ ដែលបានចូលរួមការប្រកួតដណ្តើមពាន Sar Sokha Challenge Cup ឆ្នាំ ២០២៣ នេះ ក៏ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា អនុញ្ញាតឱ្យនាំយកកីឡាករបរទេស និងកីឡាករកូនកាត់មកចូលរួមផងដែរ ដើម្បីត្រៀមលក្ខណៈបន្ត ក្នុងការចូលរួមការប្រកួតលីគបាល់ទះកម្ពុជា ដែលនឹងត្រូវបានបង្កើតឱ្យមានឡើង ជាលើកដំបូង នៅចុងឆ្នាំ ២០២៣ នេះដែរ។
លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា៖ «បេក្ខភាពជម្រើសជាតិ ១៤ នាក់ក្រោយនេះ អាចនឹងមានកីឡាករប្លែកៗមុខច្រើនបន្តិច ហើយក្នុងនោះ ក៏អាចនឹងមានកីឡាករកូនកាត់របស់យើងខ្លះដែរ ដើម្បីយើងដឹងថា តើគុណផល ដែលគាត់បានចូលរួមប្រកួតហ្នឹង វាបានកម្រិតណា? វាល្អជាងមុន ស្មើមុន ឬក៏អន់ជាងមុន អ៊ីចឹងវាស្ថិតនៅក្នុងដំណាក់កាលតេស្តសមត្ថភាពទាំងអស់ ហើយខ្ញុំជឿជាក់ថា ពានរង្វាន់ឯកឧត្តម ស សុខា អាចនឹងកក្រើក ព្រោះយើងបានប្រាប់ដល់ក្លិប ដែលចូលរួម អាចនាំយកកីឡាករបរទេសមកប្រកួតបាន»៕