ភ្នំពេញ៖ ក្រុម ISI ដង្កោសែនជ័យ បានដាក់គោលដៅ ត្រូវដណ្តើមឱ្យបាន៣ពិន្ទុ ពីក្រុមអង្គរថាយហ្គឺរ សម្រាប់ការធ្វើជាម្ចាស់ផ្ទះ ការប្រកួតលីគកំពូលកម្ពុជា ជាប្រវត្តិសាស្រ្តលើកដំបូង នៅល្ងាចម៉ោង៦ ថ្ងៃអាទិត្យនេះ ប៉ុន្តែក្រុមចំណូលថ្មី ព្រៃវែងអេហ្វស៊ី និងក្រុមគិរីវង់សុខសែនជ័យ សុទ្ធតែបានជួបការបរាជ័យ នៅក្នុងការប្រកួតបើកឆាករបស់ពួកគេ។
តាមរយៈការប្រកួតបើកឆាក នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្រុមព្រៃវែងអេហ្វស៊ី មិនអាចដណ្តើមបាន៣ពិន្ទុ ទៅតាមអ្វីដែលពួកគេចង់បាននោះទេ ដោយក្រុមមួយនេះ បានចាញ់ក្រុមណាហ្គាវើលដ៍ ៥-៤ ហើយនៅក្នុងជ័យជម្នះនេះខ្សែប្រយុទ្ធប្រេស៊ីល Marcio របស់ណាហ្គាវើលដ៍ បានក្លាយជាកីឡាករ ដែលរកបាន៣គ្រាប់តែម្នាក់ឯងមុនគេ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២៣-២០២៤នេះ។
ចំណែកក្រុមជើងឯករង វិសាខា មិនបានធ្វើឱ្យការប្រកួតបើកឆាក នៅលើទឹកដីរបស់ខ្លួនឯង បានបញ្ចប់ដោយភាពសោកស្តាយនោះទេ ដោយពួកគេ បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ២-០ ហើយគ្រាប់បាល់ទាំង២នេះរកបានដោយខ្សែប្រយុទ្ធប្រេស៊ីលចំណូលថ្មី De Oliveira Bastos Jonata នៅនាទីទី៣៤ និងគ្រាប់បាល់ទី២របស់ខ្សែការពារ ស៊ិន សុផាណាត់ នៅនាទីទី៧១។
យ៉ាងណាមិញ សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ ក្រុម Tiffy Army FC ត្រូវស្វាគមន៍ក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្តាតចាស់ នាល្ងាចម៉ោង ៦ ស្របពេលក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន ត្រូវប៉ះក្រុមបឹងកេត នៅកីឡដ្ឋានស្មាតអអេសអិន ចំណែកក្រុមចំណូលថ្មី ISI ដង្កោសែនជ័យ ត្រូវទទួលក្រុមអង្គរថាយហ្គឺរ នៅ AIA Stadium KHM Park នាល្ងាចម៉ោង៦ ថ្ងៃនេះដូចគ្នា។
សម្រាប់ការបង្ហាញខ្លួនជាលើកដំបូង នៅលីគកំពូលកម្ពុជានេះ លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការរៀបចំក្រុមមកដល់ពេលនេះ បាន១០០ភាគរយហើយ ហើយជាមួយគ្នានេះ យើងបានដាក់គោលដៅត្រូវតែឈ្នះការប្រកួតទី១ ដែលជាការប្រកួតប្រវត្តិសាស្រ្តលើកដំបូងរបស់យើង នៅលីគកំពូលកម្ពុជា ស្របពេលយើងធ្វើជាម្ចាស់ផ្ទះទៅទៀត»។
លោកបានបន្ថែមថា៖ «អង្គរថាយហ្គឺរ ជាក្រុមខ្លាំងមួយដែរ ហើយយើងនៅមិនទាន់ដឹងពីកម្រិតលេងរបស់គាត់ ១០០ភាគរយនៅឡើយទេ គ្រាន់តែយើងបានឃើញថា អង្គរថាយហ្គឺរ មានការផ្លាស់ប្តូរសមាសភាពកីឡាករច្រើន ប៉ុន្តែដូចខ្ញុំបានបញ្ជាក់អ៊ីចឹង យើងចង់ឈ្នះការប្រកួតនេះ ហើយសង្ឃឹមថា ការប្រកួតជាប្រវត្តិសាស្រ្តនៅលីគកំពូលកម្ពុជារបស់យើងនេះ នឹងមានអ្នកគាំទ្រចូលរួមទស្សនាច្រើន»។
ជាមួយគ្នានេះ លោក សៀក សុវណ្ណ បានឱ្យដឹងទៀតថា ISI ក៏បានដាក់គោលដៅលក់អាវឱ្យបានច្រើនផងដែរ ខណៈការប្រកួតលីគ២ កាលពីឆ្នាំ២០២២ ក្លិបមួយនេះ លក់បានជាង៥ពាន់អាវ ចំណែកការប្រកួតលីគកំពូលនេះ បើទោះបីជារដូវកាលទើបតែបានចាប់ផ្តើម តែ ISI លក់បានអាវជាង១ពាន់ហើយ ហើយសម្រាប់ការជួបក្រុមអង្គរថាយហ្គឺរ នៅថ្ងៃនេះ ISI នឹងដាក់លក់ទាំងអាវសម្រាប់អ្នកគាំទ្រ និងអាវសម្រាប់កីឡាករ ចំណែកពិធីសម្ពោធកន្លែងអង្គុយ VIP ក៏ត្រូវធ្វើនៅពេលនេះដែរ។
ចំណែក លោក John Botioba គ្រូបង្គោលក្រុម ISI បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃសៅរ៍ថា៖ «យើងមានការរីករាយជាខ្លាំង ដោយសារនេះជាប្រកួតលើកទី១របស់យើងនៅលីគកំពូលកម្ពុជា។ យើងគោរពគូប្រកួតរបស់យើង ប៉ុន្តែខ្ញុំចង់ឃើញកីឡាកររបស់យើងបង្ហាញឱ្យអស់ពីលទ្ធភាព ហើយសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ ក្រោយការត្រៀមខ្លួនរយៈពេលជាង ៨ខែមកនេះ»។
លោកបានបន្ថែមថា៖ «យើងចង់ឃើញអ្នកគាំទ្ររបស់យើងមកពេញកីឡដ្ឋាន ពីព្រោះពួកគាត់ជាកត្តាជំរុញចិត្តមួយដ៏ខ្លាំងក្លា ដើម្បីជាកម្លាំងចិត្តដល់កីឡាកររបស់យើងឱ្យពុះពារប្រឹងប្រែងអស់ពីលទ្ធភាពរយៈពេល៩០នាទីពេញ»។
ជាមួយគ្នានេះ លោក Alistair Heath គ្រូបង្វឹកក្រុមអង្គរថាយហ្គឺរ ក៏បានបង្ហាញការជឿជាក់ទៅលើកូនក្រុមរបស់លោក ក្នុងការដណ្តើមយកលទ្ធផលល្អ ចំពោះការជួបក្រុម ISI នៅថ្ងៃអាទិត្យនេះផងដែរ។ លោកបាននិយាយថា៖ «នៅក្នុងក្រុមរបស់ពួកយើង បានធ្វើការយ៉ាងខ្លាំង មុនបើករដូវកាលនេះ ហើយកាន់តែមិនអាចរង់ចាំបាន ដើម្បីចាប់ផ្ដើមប្រកួតជាមួយនឹងក្រុម ISI នៅថ្ងៃអាទិត្យនេះ»។
គ្រូបង្គោលរូបនេះ បានបន្ថែមថា៖ «ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង មិនត្រឹមតែកីឡាករកាន់តែមានកម្រិតស្ដង់ដាប៉ុណ្ណោះទេ ប៉ុន្តែគុណភាពដែលអ្នកលេងបានបង្ហាញនៅក្នុងអ្វីដែលជាកាលវិភាគដែលត្រូវការខ្លាំង ហើយសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ ខ្ញុំមិនមានការដោះសាណាមួយចំពោះកីឡាករ និងបុគ្គលិកទេ ព្រោះយើងសម្លឹងរកឱ្យអស់ពីសមត្ថភាពរបស់យើង»៕