ភ្នំពេញៈ ក្រុមកីឡាករ កីឡាការិនីជាកងកម្លាំងនគរបាលជាតិកម្ពុជា បានរួមគ្នាបំបែកកំណត់ត្រា ឈ្នះបានមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធ ច្រើនបំផុតសរុបចំនួន ៧១ មេដាយ ពីការប្រកួត កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ ២០២៣ The 20th World Police & Fire Games 2023 នៅទីក្រុង Winnipeg ប្រទេសកាណាដា ហើយប្រតិភូកីឡានគរបាលជាតិ បាននាំយកមេដាយទាំងនេះ មកដល់មាតុប្រទេសវិញ កាលពីព្រឹកម៉ោង ១១ ថ្ងៃទី ៩ ខែសីហា។
លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូដឹកនាំការប្រកួតនេះ បានវាយតម្លៃខ្ពស់ទៅលើលទ្ធផល ដែលក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្តើមបានពីការប្រកួត World Police & Fire Games 2023 លើកនេះ និងបានចាត់ទុកជោគជ័យដ៏ធំនេះ ជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដែលធ្វើឱ្យកងកម្លាំងនគរបាលជាតិកម្ពុជា កាន់តែមានកិត្យានុភាព នៅលើឆាកអន្តរជាតិ។
លោកបានថ្លែងថា៖ «ក្រុមកីឡានគរបាលជាតិរបស់យើង ដណ្តើមបានមេដាយយ៉ាងត្រចះត្រចង់ សរុបចំនួន ៧១ គឺមេដាយមាស ៣៣ ប្រាក់ ២៩ និងសំរឹទ្ធ ៩ ហើយនេះជាជោគជ័យមួយយ៉ាងធំ សម្រាប់កងកម្លាំងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានកិត្តិយសយ៉ាងធំធេង នៅលើឆាកអន្តរជាតិ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសជឿនលឿនដទៃទៀត គឺកម្ពុជាយើងអាចធ្វើបាន ក្រោមម្លប់សន្តិភាព»។
សម្រាប់ការប្រកួត World Police & Fire Games 2023 ដែលបានចាប់ផ្តើមពីថ្ងៃទី ២៨ ខែកក្កដា ដល់ថ្ងៃទី ៦ ខែសីហានោះ ក្រសួងមហាផ្ទៃ ក្រោមការឧបត្ថម្ភរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង ដែលជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូន ប្រតិភូកីឡានគរបាលជាតិសរុប ៤៩ នាក់ ឱ្យទៅចូលរួម ដោយអ្នកទាំងអស់នេះ ត្រូវប្រកួតប្រជែងនៅលើប្រភេទកីឡាចំនួន ១២ ហើយជាលទ្ធផលដណ្តើមបានមេដាយមាស ៣៣ ប្រាក់ ២៩ និងសំរឹទ្ធ ៩។
ជាមួយលទ្ធផលនេះ គឺគ្រប់ប្រភេទកីឡាទាំង ១២ របស់កម្ពុជា សុទ្ធតែអាចដណ្តើមបានមេដាយជូនជាតិ ដោយក្នុងនោះ ក្រុមកីឡាចំបាប់កាច់ដៃ បានឈ្នះមេដាយមាស៧ ប្រាក់២ និងសំរឹទ្ធ២ សរុប ១១ មេដាយ រីឯក្រុមហែលទឹក បានមេដាយមាស ៦ ប្រាក់ ៦ និងសំរឹទ្ធ ៣ សរុប ១៥ មេដាយ ហើយក្រុមកីឡាជឺជីតស៊ូ បានមេដាយសរុប ៨ គឺមាស ៦ និងប្រាក់ ២ ខណៈក្រុមចំបាប់ បានឈ្នះមេដាយសរុបចំនួន ១២ មានមាស ៣ ប្រាក់ ៨ និងមេដាយសំរឹទ្ធ ១។
ចំណែកក្រុមកីឡាការ៉ាតេ បានមេដាយសរុបចំនួន ៨ មានមាស ៣ ប្រាក់ ៣ និងសំរឹទ្ ធ២ រីឯក្រុមកីឡាវាយកូនឃ្លីលើតុ បានមេដាយមាស ២ ប្រាក់៣ ក្រុមកីឡាវាយសី បានមេដាយមាស ២ ក្រុមកីឡាលើកទម្ងន់ Bench Press បានមេដាយមាស ២ ក្រុមកីឡាលើកទម្ងន់ Push Pull Lifting បានមេដាយមាស ១ ក្រុមកីឡាបាល់ទះក្នុងសាល បានមេដាយមាស ១ ហើយក្រុមកីឡាយូដូ បានមេដាយប្រាក់ ៤ និងសំរឹទ្ធ ១ ខណៈប្រភេទកីឡាបាល់ទះឆ្នេរខ្សាច់ ដណ្តើមបានមេដាយ ប្រាក់ ១។
ជាមួយការឈ្នះបានមេដាយមាស ៣៣ ប្រាក់ ២៩ និងសំរឹទ្ធ ៩ របស់ក្រុមកីឡានគរបាលជាតិកម្ពុជា លើកនេះ បានក្លាយជាមហាជោគជ័យមិនធ្លាប់មាន ដែលបានបំបែកកំណត់ត្រា លទ្ធផល សម្រាប់ការចូលរួមប្រកួត World Police & Fire Games របស់កម្ពុជាចំនួន ២ លើកកន្លងមក ដោយក្រុមកីឡានគរបាលជាតិកម្ពុជា ទាំង ១៣ ប្រភេទកីឡា ដណ្តើមបានមេដាយមាស ១៨ ប្រាក់ ១៧ សំរឹទ្ធ ១១ សម្រាប់ការប្រកួតនៅប្រទេសចិន កាលពីឆ្នាំ ២០១៩ ចំណែក World Police & Fire Games លើកទី ១៩ ឆ្នាំ ២០២២ នៅប្រទេសហូឡង់ ក្រុមកីឡានគរបាលជាតិ ទាំង ៩ ប្រភេទកីឡា ដណ្តើមបានមេដាយមាស ១៥ ប្រាក់ ៨ និងសំរឹទ្ធ ១០។
លោក សរ សិទ្ធិ បានបន្ថែមថា៖ «ជ័យជម្នះដ៏ធំនេះ បានធ្វើឱ្យពិភពលោកទាំងមូល កាន់តែយល់ច្បាស់ពីសមត្ថភាពកងកម្លាំងនគរបាលជាតិយើង នៅលើឆាកអន្តរជាតិ។ យើងមិនត្រឹមតែមានសមត្ថភាព ក្នុងការចូលរួមរក្សាសន្តិសុខ ជូនប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានចូលរួមបញ្ចេញស្នាដៃថ្វីដៃ ទេពកោសល្យ និងសមត្ថភាពរបស់យើងខាងវិស័យកីឡា ដែលធ្វើឱ្យប្រទេសជាច្រើន នៅលើពិភពលោក កាន់តែស្គាល់យើងច្បាស់ និងកាន់តែវាយតម្លៃខ្ពស់ចំពោះសមត្ថភាព ក៏ដូចជាកិត្យានុភាពជាតិរបស់កម្ពុជាយើង»។
ជាមួយគ្នានេះ ដោយសារក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានទទួលការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបញ្ជូនក្រុមកីឡានគរបាលជាតិ ឱ្យទៅចូលរួមរាល់ព្រឹត្តិការណ៍កីឡា World Police & Fire Games ដោយ២ឆ្នាំមានម្តងនេះ លោក សរ សិទ្ធិ បានបញ្ជាក់ថា៖ «ការគ្រោងទុក យើងនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីរក្សាតំណែងមេដាយរបស់យើង ហើយយើងមានតែបង្កើនការដណ្តើមមេដាយឱ្យបានច្រើនថែមទៀត»។
សម្រាប់ការនាំយកមេដាយទាំង ៧១ មកដល់មាតុប្រទេសកម្ពុជា កាលពីម៉ោង ១១ ថ្ងៃទី ៩ ខែសីហា កន្លងមកនេះ ក្រុមប្រតិភូកីឡានគរបាលជាតិ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីមន្ត្រីជាកងកម្លាំងនគរបាលជាតិ គឺមានការដង្ហែក្បួនដោយឡាន អមដោយម៉ូតូធំ ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់មជ្ឈមណ្ឌលកីឡាក្រសួងមហាផ្ទៃ នៅពហុកីឡដ្ឋានជាតិ។
កីឡាការិនីជម្រើសជាតិហែលទឹក សុខ វិល័ក្ខ ដែលដណ្តើមបានមេដាយមាស ៤ និងប្រាក់ ១ ពីការប្រកួតលើកនេះ បាននិយាយថា៖ «ខ្ញុំបានចូលហ្វឹកហាត់ហែលទឹកតាំងពីអាយុ ៨ ឆ្នាំ គឺគិតមកដល់ពេលនេះជាង ១០ ឆ្នាំហើយ ប៉ុន្តែនេះជាលើកដំបូង ដែលខ្ញុំទទួលបានជោគជ័យធំធេងបែបនេះ ហើយលទ្ធផលនេះបានធ្វើឱ្យខ្ញុំ កាន់តែមានទឹកចិត្ត ក្នុងការហ្វឹកហាត់ និងលត់ដំខ្លួនឯងឱ្យក្លាយជាកីឡាការិនីដ៏ខ្លាំងម្នាក់ ដើម្បីប្រកួតតំណាងឱ្យជាតិបន្តទៀត»៕