ភ្នំពេញៈ ក្រុម​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា​អាយុ​ក្រោម​ ២៣ ​ឆ្នាំ នឹងត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ​ចុងក្រោយ​ប្រចាំ​ពូ​ល​ A ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃ ក្នុង​ពានរង្វាន់ AFF U23 Championship 2023 នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ចំណែក​ក្រុម​មី​យ៉ាន់​ម៉ា ក៏ត្រូវ​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ក្រុម ​U23​ ប្រ៊ុយណេ ក្នុងពេល​ជាមួយគ្នានេះ​ផងដែរ​។

​ការវិល​មកជួប​គ្នារ​វាង​ក្រុម ​U23​ កម្ពុជា និង​ក្រុម​ U23​ ថៃ នៅ​ពហុ​កីឡដ្ឋាន PTT នា​ទឹកដី​ខេត្ត Rayong ប្រទេស​ថៃ ល្ងាច​ម៉ោង​ ៨ ថ្ងៃទី​ ២១ ខែសីហា​នេះ វា​បាន​ក្លាយជា​ការប្រកួត​ដ៏​សំខាន់ ក្នុងការ​ប្រជែង​យក​លេខ ​១​ ប្រចាំ​ពូ​ល​ A​ នេះ ដើម្បី​បាន​ឡើងទៅ​កាន់ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​គេ​កំណត់​យកតែ​ក្រុម​លេខ​ ១ ចេញពី​ពូ​ល​ទាំង​ ៣ និង​ក្រុម​លេខ​២​ល្អ​ជាងគេ​តែប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ តាមរយៈ​ការប្រកួត​២​លើក​ដូចគ្នា កន្លងមកនេះ ក្រុម​ម្ចាស់ផ្ទះ​ថៃ ធ្វើបាន​ល្អ​ជាង​ក្រុម​ U23​ កម្ពុជា ដោយ​ពួកគេ បាន​យកឈ្នះ​ក្រុម​ U23​ មី​យ៉ាន់​ម៉ា និង​ក្រុម​ប្រ៊ុយណេ ដោយ​លទ្ធផល ៣-០ ដូចគ្នា ហើយ​ការ​ដណ្តើមបាន​៦​ពិន្ទុ​ពេញ​នេះ បាន​ជួយ​ឱ្យ​ក្រុម ​U23 ​ថៃ កំពុង​ឈរ​នៅលើ​កំពូល​តារាង​ប្រចាំ​ពូ​ល​ A ជា​បណ្តោះអាសន្ន​រួចជាស្រេច និង​តាម​ពីក្រោយ​ដោយ​ក្រុម​កម្ពុជា ដែលមាន​ ៤ ​ពិន្ទុ​។​

​ក្រោម​ការដឹកនាំ​របស់​ក្រុម​បង្គោល​ជនជាតិ​អា​ហ្ស​ង់​ទីន លោក Felix Dalmas ក្រុម ​U23​ កម្ពុជា បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ នៅក្នុង​ការប្រកួត​បើកឆាក​ជាមួយ​ក្រុម​ប្រ៊ុយណេ ដោយ​ពួកគេ​បាន​យកឈ្នះ ៥-០ ហើយ​ការជួប​ក្រុម ​U23 ​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​១៩ ខែសីហា កន្លងមកនេះ ក្រុម​កម្ពុជា ក៏​គួរ​ណាស់ ដណ្តើមបាន​៣​ពិន្ទុ​បន្ថែម​ផងដែរ ប៉ុន្តែ​ពួកគេមិនអាច​រក្សា​ការ​មានប្រៀប ១-០ រហូតដល់​នាទីចុងក្រោយ​។​

​ការ​ស៊ុត​បាល់​ពី​ក្រៅ​គំនូស​ស​បញ្ចូល​ទី​យ៉ាង​ស្អាត​របស់ គង់ លី​ហួរ បាន​ជួយ​ឱ្យ​ក្រុម​កម្ពុជា បើក​ការ​នាំមុខ​លើ​ក្រុម​មី​យ៉ាន់​ម៉ា ១-០ តាំងពី​នាទី​ទី​១៣ ហើយ ស រតនា ក៏​គួរ​រកបាន ​១​ គ្រាប់​ទៀត នៅ​ចុង​តង់​ទី​១​ផងដែរ បន្ទាប់ពី​អ្នកចាំទី រ៉េត លី​ហេង បាន​សង្គ្រោះ​បាល់​២​គ្រាប់​យ៉ាង​ល្អ ដែល​ស៊ុត​ដោយ​ខ្សែប្រយុទ្ធ​របស់​ក្រុម​មី​យ៉ាន់​ម៉ា​។

​ឈានចូល​តង់​ទី​២ ស រតនា ដដែល នៅតែ​មិនអាច​រកបាន​គ្រាប់​បាល់​ទី​២​ ឱ្យ​កម្ពុជា ខណៈ​រូបគេបាន​លោត​តែ​តបាល់​ដាច់​តែឯង មិន​ផុតដៃ​អ្នកចាំទី​របស់​ក្រុម​មី​យ៉ាន់​ម៉ា​នោះ ហើយ​នៅ​នាទី​ទី​៦០ កីឡាករ​វ័យក្មេង ភឿ​ត ថា​ត​ថៃ គួរ​ណាស់​តែ​អាច​ស៊ុត​បាល់​ទម្លុះ​សំណាញ់​ទី​បានសម្រេច ខណៈ​រូបគេបានទទួល​កា​រប​ញ្ជូន​បាល់​ពី​មិត្ត​រួម​ក្រុម​ដាច់​តែឯង នៅមុខ​ទីនោះ ប៉ុន្តែ ថា​ត​ថៃ បាន​ស៊ុត​បាល់​នោះ ហោះ​ឡើង​ទៅលើ​ខុស​គោលដៅ​។​

​បន្ទាប់ពី​ការធ្វើឱ្យ​បាត់បង់​ឱកាស​ម្តង​ជា​ ២ ដង​នេះ ក្រុម​មី​យ៉ាន់​ម៉ា បាន​ព្យាយាម​វាយបក​វិញ ហើយ​បើទោះបីជា អ្នកចាំទី រ៉េត លី​ហេង អាច​សង្គ្រោះ​ការ​ស៊ុត​របស់​កីឡា​ករមី​យ៉ាន់​ម៉ា បាន​ ២ ​គ្រាប់​ក៏ដោយ ប៉ុន្តែ​ការព្យាយាម​ប្រជែង​យក​បាល់​នៅមុខ​ទី​រវាង​ខ្សែការពារ​ក្រុម​កម្ពុជា និង​ខ្សែប្រយុទ្ធ​របស់​មី​យ៉ាន់​ម៉ាបានធ្វើឱ្យ​បាល់​នោះ ប្លាត​ផុតដៃ រ៉េត លី​ហេង ហើយ​ធ្លាក់​ទៅដល់​ជើង​កីឡាករ Khun Kyaw Zin Hein នាំឱ្យ​ខ្សែប្រយុទ្ធ​ពាក់​លេខ ​១១ ​រូបនេះ អាច​ស៊ុត​បាល់​តាម​ស្មើ​ឱ្យ​ក្រុម​មី​យ៉ាន់​ម៉ា ១-១ នៅ​នាទី​ទី​៨៨​។​

​បើទោះបីជា ការចែក​គ្នា​ម្នាក់​ ១ ​ពិន្ទុ​នេះ វា​មិនបាន​ជួយ​ស្រោចស្រង់​ក្រុម​មី​យ៉ាន់​ម៉ា ឱ្យ​គេច​ផុតពី​ការធ្លាក់ ប៉ុន្តែ​លទ្ធផល​នេះ ក៏បាន​ធ្វើឱ្យ​ក្រុម​កម្ពុជា ប្រឈម​នឹង​ការបាត់បង់​ឱកាស​ដូចគ្នា បើសិនជាពួកគេមិនអាច​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ថៃ នៅ​ថ្ងៃ​ចន្ទ​នេះ​បានទេ ខណៈ​ ការប្រកួត​នេះ ត្រូវបាន​គេ​មើលឃើញថា ក្រុម​ថៃ​មានប្រៀប​ជាង​កម្ពុជា ព្រោះ​ការទទួលបាន​ត្រឹម​លទ្ធផល​ស្មើ ក៏​ពួកគេអាច​ឡើងទៅ​វគ្គ​បន្ត ក្នុងនាម​ជា​ក្រុម​លេខ ​១ ​ប្រចាំ​ពូ​ល ​A​ នេះ​បានដែរ​។​

​តែ​ទោះបីជា​យ៉ាងណា នៅក្នុង​ការប្រកួត​កាត់សេចក្តី​ដ៏​សំខាន់​នេះ វា​ជា​ពេលវេលា​ដ៏​ល្អ​បំផុត ដែល​ក្រុម​ U23 កម្ពុជា ត្រូវ​បង្ហាញ​ពី​ឆន្ទៈ និង​កម្រិត​លេង​ដ៏​ពុះកញ្ជ្រោល ដើម្បី​វិ​វ​ឌ្ឍ​សម្ទុះ​លេង​របស់​ពួកគេ​ឆ្ពោះទៅមុខ ព្រោះ​លោក Felix ធ្លាប់បាន​បញ្ជាក់​រួចហើយ​ថា ការប្រកួត AFF U23 Championship 2023 វា​ជា​ឱកាស​សម្លឹង​រក​កីឡាករ​មាន​សក្តានុពល​ដែលមាន​អាយុ​ចន្លោះ​ពី​ ១៨ ទៅ ​២០ ​ឆ្នាំ ដើម្បី​ត្រៀម​ឆ្ពោះទៅកាន់​ការប្រកួត​ផ្សេងៗ​ទៀត ជាពិសេស​ស៊ី​ហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ និង​ស៊ី​ហ្គេម ឆ្នាំ​២០២៧៕