ភ្នំពេញៈក្រុម​អត្ត​ព​លិ​ក​ប៉េតង់​កម្ពុជា​បាន​បញ្ចប់​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ីលើក​ទី​៥ ឆ្នាំ ​២០២៣ ​(5th Asian Petanque Cham​pion​ship 2023) នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ​ដោយ​ឈ្នះ​បាន​មេដាយ​មាស ​១ ប្រាក់ ​១​ និង​សំរឹទ្ធ​ ៤ ហើយ​ប្រតិភូ​កីឡា​កម្ពុជា​បាន​នាំ​យក​មេដាយ​ទាំង​នេះ ​មកដល់​មាតុ​ប្រទេស​វិញ​កាលពី​ថ្ងៃទី​ ២១ ​ខែសីហា គឺ​បន្ទាប់​ពី​ពួក​គេ​បាន​ប្រកួត​យ៉ាង​តាន​តឹង​អស់​ ៥​ ថ្ងៃ​។​

ជា​មួយ​សមិទ្ធ​ផល​ជោគ​ជ័យ​នេះ ​កីឡា​ការិ​នី អ៊ុន ស្រី​យ៉ា ជា​អ្នក​ដណ្តើម​បាន​មេដាយ​មាស​លើ​វិញ្ញា​សា​វាយ​យក​ពិន្ទុ ​ប៉ុន្តែ​​ក្រុម​បុរស​កម្ពុជាមិន​អាច​រក្សា​មេដាយ​មាសដែល​ពួក​គេ​ធ្លាប់​បាន​ឈ្នះកាលពី​ឆ្នាំ​មុន​ទេដោយ​ឈ្នះ​ត្រឹមមេដាយ​ប្រាក់ ​ក្រោយ​ពីចាញ់​ក្រុម​ថៃ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។ ចំណែក​មេ​ដាយ​សំរឹទ្ធ​ចំនួន​ ៤​ ទៀត ​ក្រុម​ប៉េតង់​កម្ពុជា ​ដណ្តើម​បាននៅលើ​វិញ្ញា​សា​វាយយ​ក​ពិន្ទុ​របស់​កីឡាក​រ ​ថោង​ ឈឿន​ ព្រម​ទាំង​វិញ្ញាសា​ប្រកួត​ជា​ក្រុម​ផ្នែក​បុរស​ផ្នែក​នារី​ និង​ផ្នែក​យុវ​ជន​។​

តាម​រយៈ​លទ្ធ​ផល​នេះ ​កញ្ញា ​គិន​ សំណាង​ អគ្គ​លេខាធិ​ការរង​សហ​ព័ន្ធ​កីឡា​ប៊ូល ​និង​ប៉េតង់​កម្ពុជា​ និង​ជា​ប្រតិភូ​ដឹកនាំ​ការ​ប្រកួត​នេះ​បាន​អះអាង​ថា នេះ​​ជា​លទ្ធផល​ដ៏​ល្អ​ប្រសើរ​មួយ ​ដោយ​ក្រុម​ប៉េតង់​កម្ពុជា​អាច​ដណ្តើម​បាន​មេដាយនៅលើ​វិញ្ញា​សា​ចំនួន​ ៥ ​ក្នុងចំណោម​វិញ្ញា​សា​សរុប​ទាំង ​៦ គឺ​មានតែ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​យុវជន​មួយ​ទេ​ដែល​កម្ពុជា​មិន​អាច​ដណ្តើម​បាន​មេដាយ​ពី​ការ​ប្រកួតនេះ​។​

ទោះ​ជា​យ៉ាង​ណា ​ប្រតិភូ និង​អត្ត​ព​លិ​ក​ប៉េតង់​កម្ពុជា​ បានលើ​កឡើង​ស្រដៀង​គ្នា​ថា ​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី ​លើក​ទី​៥ ឆ្នាំ​ ២០២៣​ នេះ ​គឺមាន​ភាព​តាន​តឹង​ខ្លាំង ​ដោយ​សារ​អត្ត​ព​លិ​ក​ចូល​រួម​ភាគច្រើន​មាន​កម្រិត​លេង​រីក​ចម្រើន​ជាង​មុន ​ដែល​ទាម​ទារ​ឱ្យ​ក្រុម​ប៉េតង់​កម្ពុជា​ ត្រូវ​បង្កើន​ការហ្វឹក​ហាត់​ឱ្យបាន​ខ្លាំង​ថែម​ទៀត សម្រាប់​ត្រៀម​ចូល​រួម​ប្រកួត​នា​ពេ​ល​ខាង​មុខ​។​

កញ្ញា ​គិន ​សំណាង​ បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សង្កេត​ឃើញ​ថា ការប្រកួត​នៅ​ឆ្នាំនេះ​ មាន​ភាព​តានតឹង ​ព្រោះ​មាន​អត្ត​ពលិក​សុទ្ធ​តែ​ពូកែៗ ​ហើយ​ចំនួន​ប្រទេស​ចូលរួម​ក៏មាន​ច្រើន ​រហូត​ដល់ ​១៥ ​ប្រទេស​។ ​ទោះ​យ៉ាងណា​ យើង​អាច​រៀន​សូត្រ​ពីបទ​ពិសោធន៍​ថ្មីៗក៏ដូច​ជា​បាន​ស្គាល់​ទីលាន​របស់​គេ​ថែម​ទៀ​តព្រោះ​ទីលាន​នៅ​ទីនោះ ​ស្ថាន​ភាព​ដី​ខុស​ពី​យើង​ខ្លះ​ដែរ​អ៊ីចឹង​យើង​គួរតែ​រឹត​បន្តឹង​បន្ថែម​ទៅលើ​ការហ្វឹក​ហាត់​របស់​អត្ត​ព​លិ​ក​យើង​ជាពិសេស​ក្រុមយុវ​ជន​​ដើម្បី​ឱ្យ​ពួក​គាត់​មាន​ជំនាញ​លេង​នៅ​លើ​ប្រភេទ​ដី​ផ្សេងៗ​ទៀត​កាន់​តែ​បាន​ល្អ​»​។​

ទាក់​ទង​ទៅនឹង​ស្ថាន​ភាព​ទីលាន​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ីឆ្នាំ​ ២០២៣​ នេះ​ កីឡា​ការិនី​ជា​ម្ចាស់​មេ​ដាយមាស ​អ៊ុន ស្រី​យ៉ា បាន​ទទួល​ស្គាល់​ថា ​ពិត​ជាមាន​ភាព​ខុស​ប្លែក​ពី​ទីលាន​ប្រកួត​នៅ​កម្ពុជាដែល​មាន​ស្ថាន​ភាព​រឹង ​ព្រោះ​ទីលាន​ប្រកួត​នៅ​ប្រទេស​ម៉ាឡេ​ស៊ី​នោះ ខ្លះ​រឹង ខ្លះ​ទន់​ ជ្រាយ ​និង​ខ្លះ​ទៀត​មាន​ស្ថាន​ភាព​រឹង ទន់ ​ជ្រាយ នៅ​លាយ​ឡំ​​គ្នា ខ​ណៈ​ការ​ប្រកួ​ត​មាន​ភាព​តាន​តឹង​ ដោយ​សារ​សម្បូរ​អ្នក​មាន​សមត្ថ​ភាព​ខ្លាំង​។​

កីឡា​ការិនី ​អ៊ុន ​ស្រី​យ៉ា ​បាន​ថ្លែង​ថា​៖ «​បើទោះបី​ជា​ការប្រកួត​ជើង​អាស៊ី​នេះ ​មាន​ចំនួន​ប្រទេស​ចូលរួម​តិច​ជាង​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ ប៉ុន្តែ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​ច្រើនមាន​កម្រិត​លេង​ខ្ពស់ និង​មាន​អ្នក​ខ្លាំង​ច្រើន​។ យ៉ាង​ណាក៏​ដោយ ​ពួកយើង​បាន​ប្រឹង​ប្រែង​​ខ្លាំងដើម្បី​ប្រជែង​យក​មេដាយ ​ហើយ​ពួក​យើង​នឹង​ខិតខំ​ប្រឹង​ប្រែង​ហាត់​បន្ថែមដើម្បី​រក​មេ​ដាយ​បន្ត​ទៅទៀ​តមិន​ឱ្យ​បង​ប្អូន​ខក​ចិត្ត​ទេ​»​។

ទន្ទឹម​នឹ​ងនេះ លោក ​ផាត់ ​បញ្ញា​សុជាតក៍ ​អនុប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ​ យុវជ​ន និង​កីឡា​ដែល​បាន​ទៅ​ចូល​រួម​ការ​ប្រកួត ​Asian Petanque Champi​onship 2023 ​នេះ​ដែរ បាន​ទទួល​ស្គាល់​ថា សមត្ថ​ភាព​ប្រកួត​ប្រជែង​របស់​អត្ត​ពលិក​ម​ក​ពី​តាម​បណ្តា​ប្រទេស​ផ្សេងៗថា ពិត​ជា​មានការ​រីក​ចម្រើន ​ធ្វើឱ្យ​ក្រុម​ប៉េត​ង់​កម្ពុជា មានការ​លំបាកក្នុងការ​ដណ្តើម​យក​មេ​ដាយដូចដែល​កម្ពុជា​ទទួល​បាន​នេះ​។​

ជា​មួយ​សម្ទុះ​រីក​ចម្រើន​នៃ​វិស័យ​កីឡា​ប៉េតង់នៅក្នុង​តំបន់​នេះ លោក​ ផាត់ បញ្ញា​សុជា​តក៍​ បាន​បញ្ជាក់​ថា​៖ «​បើ​និយាយ​ពី​ភាព​រីក​ចម្រើន​របស់​អត្ត​ព​លិ​ក​នៃ​ប្រទេស​នីមួយៗ ​ដែល​បាន​ចូលរួម​ការ​ប្រកួត​នេះ​ គឺមាន​ការរីក​ចម្រើន​ខ្លាំង​ជា​លំដាប់ ​ដូច្នេះ​ជា​ចំណាប់​អារម្ម​ណ៍​របស់​ខ្ញុំ តាង​នាម​ឱ្យ​ក្រសួង​អប់រំ ​គឺ​យើង​ត្រូវ​ជំរុញ​សមត្ថ​ភាព​របស់​អត្ត​ព​លិ​ក​យើង ​ដោយ​ឱ្យ​ពួក​គាត់​ ប្រឹង​ប្រែង​ហ្វឹក​ហាត់​បន្ថែម ​ដើម្បី​ត្រៀម​ទប់​ទល់​ជា​មួយ​ប្រទេស​ជា​ច្រើន​ នៅក្នុង​ការ​ប្រកួត​ក្រោយៗ​ទៀត​»៕