ភ្នំពេញៈ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ដោយជំនួសតំណែងលោក នេត សាវឿន ដែលប្រកាសលាលែងពីតំណែង។
ការបោះឆ្នោតនេះធ្វើឡើងក្នុងសន្និបាតវិសាមញ្ញ អាណត្តិទី៦ (២០២២-២០២៦) ក្រោមអធិបតីភាពលោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក ស សុខា នាថ្ងៃទី២៦ ខែសីហា នៅពហុកីឡដ្ឋានពករីន៍។
ហ្វេសប៊ុកលោក នេត សាវឿន បានឱ្យដឹងនាថ្ងៃទី២៦ ខែសីហាថា អង្គសន្និបាតបានបោះឆ្នោតផ្លាស់ប្ដូររចនាសម្ព័ន្ធថ្មី ដោយលោក នេត សាវឿន បានក្លាយជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា បន្ទាប់ពីលោក «ប្រកាសលាលែងពីតំណែង ក្រោយដឹកនាំសហព័ន្ធ ៣ អាណត្តិ ប្រកបដោយភាពជោគជ័យ»។
ហ្វេសប៊ុកដដែលបន្តថា៖ «ដោយឡែក ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ត្រូវបានអង្គសន្និបាតបោះឆ្នោតគាំទ្រជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ដោយមានឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានអចិន្ដ្រៃយ៍ ឯកឧត្តម ប៊ូ ជុំសេរី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ឯកឧត្តម អ៊ូ វណ្ណា និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ (អគ្គលេខាធិការ) ជាអនុប្រធាន ព្រមទាំងសមាជិក ៣៦រូបផ្សេងទៀត»៕