ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ ស សុខា បានប្តេជ្ញាចិត្តពង្រឹងវិស័យកីឡាបាល់ទះកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានឈ្មោះបោះសំឡេងកាន់តែខ្លាំង នៅលើឆាកអន្តរជាតិ គឺបន្ថែមទៅលើការបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្ត សម្រាប់ការដណ្តើមបានមេដាយសំរឹទ្ធ និងមេដាយប្រាក់ ពីការប្រកួតស៊ីហ្គេម ចំនួន២លើក កន្លងមក។
ការបង្ហាញ ពីការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើង នៅក្នុងពិធីសន្និបាតវិសាមញ្ញសហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិទី៦ កាលពីថ្ងៃទី២៦ ខែសីហា គឺក្នុងពេលលោក ស សុខា ទទួលបានការគាំទ្រឱ្យឡើងធ្វើជាប្រធានសហព័ន្ធនេះ ជំនួសលោក ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដែលបានលាឈប់ និងឡើងទៅធ្វើជាប្រធាន កិត្តិយសរបស់សហព័ន្ធវិញ ហើយសហព័ន្ធ ក៏បានធ្វើការកែសម្រួលដាក់បញ្ចូលនូវសមាសភាពថ្នាក់ដឹកនាំ និងសមាជិកថ្មីៗមួយចំនួនទៀតផងដែរ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានរីកចម្រើន។
លោក ស សុខា បានថ្លែងនៅក្នុងពិធីនោះថា៖ «ខ្ញុំសូមថ្លែងអំណរគុណ ដែលអង្គពិធីទាំងមូល បានផ្ដល់ទំនុកចិត្ត និងផ្តល់ឱកាសឱ្យរូបខ្ញុំ ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា សម្រាប់អាណត្តិថ្មី។ ទន្ទឹមនឹងតួនាទីថ្មីនេះ វាជាការបន្ថែមការកែសម្រួលមួយផ្នែកធំនៃការដឹកនាំកន្លងមក ដែលការទទួលខុសត្រូវនេះ បានធ្លាក់មកលើយុវជនជំនាន់ក្រោយ ហើយខ្ញុំបាទ សូមធ្វើការប្តេជ្ញាចិត្តបន្តគោលការណ៍ ក៏ដូចជាការដឹកនាំបន្តទៀត ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទះរបស់យើងទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ»។
ជាមួយគ្នានេះ លោក ស សុខា បានធ្វើការកោតសរសើរទៅដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធចាស់ លោក នេត សាវឿន និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដែលបានខិតខំរួមគ្នា ក្នុងការអភិវឌ្ឍបាល់ទះឱ្យមានការរីកចម្រើន និងទទួលបានការគាំទ្រខ្លាំង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺបន្ទាប់ពីក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានឈ្នះមេដាយសំរឹទ្ធ ជាប្រវត្តិសាស្រ្ត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការបន្តឈ្នះបានមេដាយប្រាក់ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
យ៉ាងណាក៏ដោយ ដើម្បីរក្សា និងធ្វើឱ្យវិស័យកីឡាបាល់ទះកម្ពុជា កាន់តែមានការរីកចម្រើនបន្តទៅមុខ ប្រកបដោយចរីភាពនោះ លោក ស សុខា បានដាក់ការតាំងចិត្ត ដោយត្រូវខិតខំប្រឹងប្រែងបំពេញការងារទៅលើផែនការជាអាទិភាពចំនួន៥ គឺទី១ ការបណ្តុះបណ្ដាលធនធានមនុស្ស និងធនធានកីឡាករគ្រប់កម្រិត ព្រមទាំងធនធានគ្រូបង្វឹក អាជ្ញាកណ្តាល មន្រ្តីបច្ចេកទេស ដើម្បីដើរឱ្យទាន់បរិបទរបស់អន្តរជាតិ ពេលបច្ចុប្បន្ន ហើយទី២ ត្រូវបង្កើតសកម្មភាពប្រកួតឱ្យកាន់តែផុលផុស ទាំងការប្រកួតកម្រិតក្លិប និងក្រុមជម្រើសជាតិ ស្របតាមការគាំទ្ររបស់មហាជននាពេលបច្ចុប្បន្ន។
ចំណែកទី៣ ត្រូវសិក្សាពិនិត្យលទ្ធភាពពង្រឹងសមាគម-ក្លិប តាមបណ្តាខេត្តឱ្យបានរឹងមាំរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានល្អប្រសើរ ហើយជាមួយគ្នានេះ លោក ស សុខា បានថ្លែងអំណរគុណដល់រាជធានី-ខេត្ត ៦ទៅ៧ ដែលមានទីតាំងហ្វឹកហាត់ផ្ទាល់ខ្លួន ព្រមទាំងមានកីឡាករគ្រប់គ្រាន់ ស្របតាមបច្ចេកទេស ជាពិសេសមានគ្រូ មានគណៈគ្រប់គ្រង និងមន្រ្តីបច្ចេកទេស ដើម្បីតាមដានជាប្រចាំ ក្នុងការវិវឌ្ឍក្រុមរបស់ខ្លួន។
លើសពីនេះ ក្នុងនាមជាប្រធានសហព័ន្ធថ្មី លោក ស សុខា បានបញ្ជាក់ថា៖ «សហព័ន្ធ ក៏ដូចជារូបខ្ញុំផ្ទាល់ នឹងប្តេជ្ញាចិត្តគិតគូរ ដើម្បីឧបត្ថម្ភគាំទ្រទៅតាមក្លិបមួយចំនួន គឺយ៉ាងហោចណាស់ក៏មានទីតាំងហ្វឹកហាត់ដែរ ព្រោះបើគ្មានទីលានហាត់ទេ បែបពិបាក ក្នុងការមកចូលរួមការប្រកួតផ្សេងៗណាស់។ អ៊ីចឹងយើងត្រូវខិតខំទាំងអស់គ្នា ព្រោះការងារនេះ មិនមែនធ្វើសម្រាប់ខ្ញុំ ឬសម្រាប់សហព័ន្ធនោះទេ ប៉ុន្តែយើងធ្វើ ដើម្បីមុខមាត់ប្រទេសជាតិយើង»។
យ៉ាងណាមិញ ចំពោះចំណុចអាទិភាពទី៤ លោក ស សុខា បានអះអាងថា សហព័ន្ធ នឹងបន្តធ្វើការជាមួយសហព័ន្ធកីឡាបាល់ទះតំបន់អាស៊ាន អាស៊ី និងអន្តរជាតិ ដើម្បីនាំឱកាសឱ្យក្រុមជម្រើសជាតិកម្ពុជា ទៅចូលរួមការប្រកួតទាំងថ្នាក់តំបន់ និងអន្តរជាតិ ដោយលោកបានសង្កត់ធ្ងន់ទៅលើការបញ្ជូនក្រុមកម្ពុជាទៅប្រកួត នៅសហគមន៍អឺរ៉ុប។
ចំពោះការងារនេះ លោកបានបញ្ជាក់ថា៖ «យើងត្រៀមនឹងចុះ MoU ជាមួយសហព័ន្ធកីឡាបាល់ទះពិភពលោក ហើយករណីនេះក៏ជាមុខមាត់របស់កម្ពុជាដែរ ដែលយើងបានរង់ចាំអស់រយៈពេលជាង៦៤ឆ្នាំហើយ ដោយកន្លងទៅ យើងមិនមានឱកាសបានទៅប្រកួតខ្នាតអន្តរជាតិ។ ចំណែកទី៥ យើងត្រូវខិតខំប្រឹងប្រែងចូលរួមការប្រកួតលើឆាកអន្តរជាតិឱ្យបានច្រើន ដើម្បីដឹកនាំ ក៏ដូចជាទទួលបានមេដាយមាសជូនជាតិ នៅពេលអនាគតជាបន្តបន្ទាប់ ជាពិសេសការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥»។
គួរបញ្ជាក់ថា នៅក្នុងសន្និបាតវិសាមញ្ញ អាណត្តិទី៦ កាលពីថ្ងៃទី២៦ ខែសីហា កន្លងមកនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចតែងតាំងសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិថ្មីរហូតដល់២១នាក់ ក្នុងនោះមានលោក ស សុខា ដែលធ្លាប់ជាអនុប្រធាន ត្រូវបានគាំទ្រឱ្យឡើងធ្វើជាប្រធាន ចំណែកលោក ស ថេត អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានអចិន្ត្រៃយ៍ លោក ប៊ូ ជុំសេរី លោក ឌី វិជ្ជា លោក ឡោ សុឡេង លោក ជួន ណារិន លោក ស រដ្ឋា លោក អ៊ូ វណ្ណា ជាអនុប្រធាន និងលោក អាំង សិរីពិសិដ្ឋ ជាអនុប្រធានផង និងជាអគ្គលេខាធិការផង រួមទាំងសមាជិកចំនួន១២នាក់ទៀត។
ជាមួយគ្នានេះ លោក នេត សាវឿន ដែលធ្លាប់ធ្វើជាប្រធាន ត្រូវបានគាំទ្រឱ្យធ្វើជាប្រធានកិត្តិយសរបស់សហព័ន្ធវិញ ចំណែកលោក គង់ វិបុល លោក ឃុន សៀ លោក លាង ឃុន លោក សុខ ហុង និងលោក គៀត ច័ន្ទថារិទ្ធ បានក្លាយជាសមាជិកកិត្តិយស ហើយជាមួយគ្នានេះ លោក នេត សាវឿន បានអំពាវនាវអ្នកទាំងអស់នេះ និងភាគីពាក់ព័ន្ធផ្សេងទៀត ឱ្យរួមគ្នាជួយដល់វិស័យបាល់ទះកម្ពុជា ក្រោមការដឹកនាំរបស់លោក ស សុខា ឱ្យកាន់តែរីកចម្រើន។
លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានថ្លែងថា៖ «ខ្ញុំសូមឱ្យមន្រ្តីរបស់សហព័ន្ធ ក៏ដូចជាភាគីពាក់ព័ន្ធ ទទួលយករចនាសម្ព័ន្ធថ្មីរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជារបស់យើង ហើយអ្នកដែលមានឈ្មោះ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ដើម្បីនាំបាល់ទះកម្ពុជា បន្តទទួលបានការគាំទ្របន្ថែមទៀត និងឆ្ពោះទៅកាន់ឆាកអន្តរជាតិ ទាំងក្នុងតំបន់ និងពិភពលោក ចំណែកខ្ញុំ ក៏នៅតែបន្តជួយដល់សហព័ន្ធនេះដូចគ្នា»៕