ភ្នំពេញៈ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសហការជាមួយ AIA និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំងមួយ អបអរសាទរសមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះកន្លងមក ហើយការប្រកួតនេះ ក៏ដើម្បីចូលរួមផ្សព្វផ្សាយលើកកម្ពស់ការយកចិត្តទុកដាក់ និងការយល់ដឹងដល់ស្ត្រី មានជំងឺមហារីកសុដន់ (CANCER) ដែលកំពុងរីករាលដាល នៅលើពិភពលោក។
តាមខ្លឹមសារ ដែលត្រូវបានប្រកាស ក្នុងសន្និសីទកាសែត នៅទីស្នាក់ការ NOCC កាលពីថ្ងៃទី ៥ ខែកញ្ញា បានឱ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងនេះ មានឈ្មោះថា AIA Pink Run ដែលនឹងត្រូវធ្វើឡើង នៅមុខវត្តបទុមវតី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣ ដោយមានការរត់ចម្ងាយ ១០ គីឡូម៉ែត្រ ៥ គីឡូម៉ែត្រ និងចម្ងាយ ២,៥ គីឡូម៉ែត្រ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឱ្យដឹង ក្នុងសន្និសីទកាសែតនោះថា ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run នេះ មិនត្រឹមតែដើម្បីអបអរសមិទ្ធផលកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដើម្បីអបអរភាពជាដៃគូរវាង CAMSOC និង AIA ដែលទទួលបានជោគជ័យ សម្រាប់ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះផងដែរ។
ជាមួយគ្នានេះ លោករំពឹងថា ប្រជាពលរដ្ឋកម្ពុជា នឹងចូលរួមការរត់ប្រណាំងនេះបានច្រើន ហើយកីឡាករជម្រើសជាតិកម្ពុជា ជាពិសេសអត្តពលិក ដែលដណ្តើមបានមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កន្លងមកនេះ នឹងត្រូវបានអញ្ជើញឱ្យចូលរួមការប្រកួតនេះ ប៉ុន្តែមានចំនួនមិនច្រើនទេ ព្រោះកីឡាករ កីឡាការិនីជម្រើសជាតិមួយចំនួនធំ បានជាប់បំពេញបេសកកម្ម ការហ្វឹកហាត់ នៅប្រទេសចិន មិនអាចវិលត្រឡប់មកចូលរួមបាន។
អគ្គលេខាធិការ NOCC រូបនេះ បានថ្លែងថា៖ «យើងនៅសល់កីឡាករ កីឡាការិនីតិចតួចប្រមាណ១០០នាក់ទេ ដោយយើងនឹងអញ្ជើញឱ្យពួកគាត់មកចូលរួមក្នុងការរត់របស់យើង ទាំងអ្នកមានជយលាភី និងមិនបានជយលាភី ព្រមទាំងក្រុមអត្តពលិក នៅក្នុងសហព័ន្ធកីឡាជាតិមួយចំនួនទៀត ដើម្បីអបអរសមិទ្ធផលស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង ព្រោះពួកគាត់ជាតួឯក ក្នុងព្រឹត្តិការណ៍នេះតែម្តង អ៊ីចឹងយើងត្រូវធ្វើកិច្ចការនេះឱ្យបានល្អ»។
ទន្ទឹមនឹងនេះ លោក វ៉ាត់ ចំរើន បានបន្ថែមថា ការរត់ប្រណាំង AIA Pink Run នេះ ក៏ដើម្បីចូលរួមលើកកម្ពស់ការយកចិត្តទុកដាក់ និងការយល់ដឹងដល់ស្ត្រី ដែលមានជំងឺមហារីកសុដន់ផងដែរ ហេតុនេះគណៈកម្មការរៀបចំ នឹងសហការជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីរៀបចំជាកន្លែងពិនិត្យរកមើលជំងឺមហារីកជូនដល់ស្រ្តីគ្រប់រូប ដោយមិនគិតថ្លៃចំនួន៣ថ្ងៃ គឺថ្ងៃទី២០ ដល់ទី២២ ខែតុលា ឆ្នាំ២០២៣ នៅទីតាំងប្រកួតផ្ទាល់តែម្តង។
លោក ចំរើន បញ្ជាក់ថា៖ «យើងផ្តោតការយកចិត្តទុកដាក់ជួយដល់ស្រ្តី ព្រោះការចូលរួមរបស់ស្រ្តី ជាគោលការណ៍រួមរបស់ចលនាអូឡាំពិកអន្តរជាតិ ហើយនៅក្នុងនោះ AIA បានមើលឃើញនៅចំណុចខ្លាំងមួយទៀត គឺការជួយដល់ស្រ្តី ដែលមានជំងឺមហារីកសុដន់ ព្រោះស្ត្រីយើងភាគច្រើន មានបញ្ហាជំងឺនេះ តែអ្នកខ្លះមិនបានដឹងថា គាត់កើតជំងឺនេះទេ អ៊ីចឹងយើងនឹងរៀបចំកន្លែងពិនិត្យរកជំងឺមហារីកនេះជូនដល់ស្រ្តីគ្រប់រូប ដោយមិនគិតថ្លៃ និងប្រកបដោយប្រសិទ្ធភាពខ្ពស់»។
លើសពីនេះ ការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ក៏ផ្តោតសំខាន់ទៅលើការប្រមូលប្រាក់កម្រៃ ដើម្បីជួយដល់ការងារសប្បុរសធម៌ ព្រមទាំងជួយដល់កីឡាករ កីឡាការិនី ដែលមានបញ្ហារបួស និងព្រឹទ្ធាចារ្យកីឡា ឬអ្នកកីឡាចាស់ៗ ដែលមានជំងឺឈឺថ្កាត់ផងដែរ ដោយសកម្មភាពនេះ NOCC តែងបានធ្វើជាប្រចាំ តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡាជាច្រើនឆ្នាំមកនេះ។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖ «យើងមិនមែនធ្វើតែកីឡាទេ ប៉ុន្តែយើងមានគោលដៅផ្សេងទៀត ក្នុងការជួយដល់សង្គម និងស្រ្តីរបស់យើងថែមទៀត ហើយនៅរាល់ព្រឹត្តិការណ៍ទេសចរណ៍ ឬកីឡាមហាជន និងកីឡាកម្សាន្តទាំងអស់ គឺយើងយកផលកម្រៃបានពីការរៀបចំហ្នឹង ទៅជួយដល់ការងារសប្បុរសធម៌ អ៊ីចឹងទោះបានតិច ឬច្រើន យើងរៀបចំជួយទៅមន្ទីរពេទ្យ និងដាក់ចូលទៅក្នុងមូលនិធិសម្រាប់ជួយដល់អ្នកកីឡា ដែលនេះជាអំពើសប្បុរសធម៌ នៅក្នុងចលនាកីឡារបស់យើង ដើម្បីជួយដល់សង្គមជាតិ»៕