ភ្នំពេញៈ អ្នកប្រដាល់របស់ បេឡារុស Nikata Gerasismovich បាន តវ៉ាខ្លាំង ទៅនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ដែលបានឱ្យរូបគេចាញ់ជើងខ្លាំង ធឿន ធារ៉ា នៅក្នុងទឹកទី២ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ក្នុងព្រឹត្តិការណ៍ Kun Khmer Grand Champion នៅលើសង្វៀនថោន ចំណែក ពេជ្រ ប៊ុនសិដ្ឋ បានស្មើពិន្ទុជាមួយម្ចាស់ជើងឯក៧សម័យកាលរបស់ចិន ក្នុងពេលដែលម្ចាស់មេដាយមាសស៊ីហ្គេម ឈុត សេរីវ៉ាន់ថង និង ឈឿង ល្វៃ បានឈ្នះអ្នកប្រដាល់រូម៉ានី និងថៃ។
តាមរយៈការប្រកួត កាលពីថ្ងៃទី១០ ខែកញ្ញាជើងខ្លាំងមានរហស្សនាម «អ្នកលេងពូថៅដៃ» ធឿន ធារ៉ា បានក្លាយជាកីឡាករកម្ពុជាម្នាក់គត់ ដែលបានផ្តួលដៃគូឱ្យសន្លប់ ក្នុងការប្រកួតអន្តរជាតិទាំង៥គូ ក្នុងថ្ងៃជាមួយគ្នានេះ ប៉ុន្តែភាគីរបស់កីឡាករបេឡារុស Nikata បានតវ៉ាយ៉ាងខ្លាំង ទៅលើអាជ្ញាកណ្តាលលោក ម៉ាក់ សាមឿន ចំពោះការសម្រេចឱ្យចាញ់ ធឿន ធារ៉ា នៅក្នុងទឹកទី២។
ចំពោះស្ថានភាពប្រកួតជាក់ស្តែង ដែលមានត្រឹម៣ទឹកនេះ Nikata ដែលធ្លាប់បានចាញ់ជើងខ្លាំង ព្រំ សំណាង ដោយពិន្ទុនោះ បានព្យាយាមវាយបកសងជាមួយ ធឿន ធារ៉ា យ៉ាងល្អ ដោយអ្នកទាំង២នេះ បានប្រើក្បាច់ពិសេសៗ វាយបកសងគ្នា តាំងពីទឹកទី១ ប៉ុន្តែការវាយប្តូរគ្នាយ៉ាងរន្ថើន នៅទឹកទី២ គឺ Nikata ត្រូវបាន ធឿន ធារ៉ា ម៉ាត់ឆ្វេងចូលចំថ្គាម បណ្តាលឱ្យដួលផ្ងារក្រោយទាំងជំហរ។
ដោយមើលឃើញថា Nikata មានអាការវង្វេង ក្រោកឡើងមិនចង់រួចនោះ លោកអាជ្ញាកណ្តាល ម៉ាក់ សាមឿន បានរាប់ទៅលើកីឡាកររបស់បេឡារុសរូបនេះ រហូតដល់៨ នៅតែមិនទាន់ងើបរួចទៀត។ ឃើញបែបនេះ លោក សាមឿន បានជួយលើក Nikata ឡើងក្នុងបំណងបញ្ឈប់ការប្រកួត តែកីឡាកររូបនេះ បានបង្ហាញកាយវិការមិនទទួលយក ជាហេតុនាំឱ្យ លោក សាមឿន រាប់ថែមចំនួន២ដងទៀត ហើយក៏សម្រេចបញ្ឈប់តែម្តង នៅពេល Nikata មិនបានបង្ហាញកាយវិការ ឬងក់ក្បាលតបទៅនឹងការរាប់ដល់គ្រប់១០របស់លោកនោះ។
ទោះបីជាយ៉ាងណា បន្ទាប់ពីសម្រេចឱ្យចាញ់នេះ Nikata និងអ្នកឱ្យទឹករបស់គេ បានធ្វើការតវ៉ាភ្លាមៗ ដោយមិនព្រមទទួលយកការកាត់សេចក្តី និងការពន្យល់ពីច្បាប់ប្រកួតរបស់លោកអាជ្ញាកណ្តាល ម៉ាក់ សាមឿន នោះទេ ដែលបង្កើតឱ្យមានភាពចលាចល នៅសង្វៀនប្រកួតផងដែរ។
ជាមួយសកម្មភាពបែបនេះ លោក សាមឿន បានសួរនាំទៅកាន់ចៅក្រម និងប្រធានគណៈវិនិច្ឆ័យប្រចាំការប្រកួតនេះ ដើម្បីសម្រេចជាថ្មី ចំពោះការតវ៉ានេះ ប៉ុន្តែប្រធានគណៈវិនិច្ឆ័យ នៅតែប្រកាន់យកការសម្រេចនេះដដែល ដោយកំណត់ឱ្យ ធារ៉ា ជាអ្នកឈ្នះ ព្រោះតាមរយៈការចាក់ផ្សាយរូបភាពយឺតៗ បានបង្ហាញច្បាស់ថា Nikata ពិតជាវង្វេង និងមិនបានបង្ហាញការយល់ព្រមប្រកួតបន្ត ចំពោះការរាប់របស់លោក ម៉ាក់ សាមឿន ពិតមែន។
ដោយឡែកការជួបគ្នា ក្នុងទម្ងន់៥៧គីឡូក្រាម ជាលើកដំបូងរវាងកីឡាករវាយមិនដកថយ ពេជ្រ ប៊ុនសិដ្ឋ និងម្ចាស់ជើងឯក៧សម័យកាលរបស់ចិន Lan Shanteng បានក្លាយជាការប្រកួត ដែលមានភាពទាក់ទាញបំផុត ព្រោះអ្នកទាំង២នេះ បានឈរវាយប្តូរគ្នា៣ទឹកពេញ និងចូលគោលដៅធ្ងន់ៗដូចគ្នា ដែលមានការពិបាក ក្នុងការដាក់ពិន្ទុ។
បើទោះបីជា ពេជ្រ ប៊ុនសិដ្ឋ ជាអ្នកដើរចូលវាយ និងវាយចេញបានច្រើនជាង ប៉ុន្តែការវាយសងពីកីឡាករលំដាប់ Top3 របស់ចិន Lan Shanteng គឺចូលពេញៗ និងធ្ងន់ៗ ហើយក៏បានបន្សល់ស្នាមបែក នៅលើក្តោងច្រមុះរបស់ ប៊ុនសិដ្ឋ ផងដែរ ហើយចុងក្រោយពួកគេត្រូវបានសម្រេចឱ្យស្មើពិន្ទុគ្នា ដែលអាចទទួលយកបានទាំង២ភាគី សម្រាប់ការប្រកួតលើកនេះ។
ជាមួយគ្នានេះ ម្ចាស់មេដាយមាសស៊ីហ្គេម ឈុត សេរីវ៉ាន់ថង ក៏បានធ្វើការងារធ្ងន់ផងដែរ ក្នុងការប្រកួតជាមួយកីឡាកររូម៉ានី Silviu Vites ក្នុងទម្ងន់៦០គីឡូក្រាម ដោយអ្នកទាំង២នេះបានវាយប្តូរសងគ្នាចូលគោលដៅពេញៗ និងធ្ងន់ៗដូចគ្នា។ តែទោះបីជាយ៉ាងណា ចៅក្រមបានសម្រេចឱ្យ ឈុត សេរីវ៉ាន់ថង ជាអ្នកឈ្នះ សម្រាប់ការវិលមកកាន់សង្វៀនជាថ្មីរបស់គេលើកនេះ។
ចំណែកម្ចាស់មេដាយមាស ឈឿង ល្វៃ បានយកឈ្នះអ្នកប្រយុទ្ធរបស់ថៃ Tetchmai Chor Narongsak ដោយពិន្ទុ ក្នុងការប្រកួតទម្ងន់៧២គីឡូក្រាម ហើយជាមួយជ័យជម្នះនេះ ឈឿង ល្វៃ នឹងទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ ក្នុងព្រឹត្តិការណ៍ នៅសង្វៀនថោន នាពេលឆាប់ៗខាងមុខនេះ។ រីឯកីឡាករ គោរម ច័ន្ទរាជា ក៏បានឈ្នះអ្នកប្រដាល់ថៃ Robert Sor.Mongkogarnchang នៃការប្រកួតទម្ងន់៥៤គីឡូក្រាម ក្នុងព្រឹត្តិការណ៍ Kun Khmer Grand Champion នេះផងដែរ៕