ភ្នំពេញៈ ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា បានរួម​គ្នា​បង្កើត​កំណត់​ត្រា​ការ​ស៊ុត​បាល់​ទម្លុះ​សំណាញ់​ទី​ទៅលើ​ក្រុម​ជម្រើសជាតិ​ម៉ា​កាវ រហូតដល់​ ៤ ​គ្រាប់​ ដែល​បាន​បំបែក​កំណត់ត្រា​ចាស់ សម្រាប់​ការ​ជួបគ្នា​កន្លងមក ហើយ​ជាមួយ​ជ័យជម្នះ​ដ៏​ធំ​នេះ បានធ្វើឱ្យ​អ្នក​គាំទ្រ​ពេញចិត្ត​ខ្លាំង ចំណែក​ថ្នាក់​ដឹក​កំពូលៗ​របស់​កម្ពុជា ក៏បាន​បង្ហាញ​ការ​សាទរ និង​កោត​សរ​​សើរ​ទៅដល់​ក្រុម​គោព្រៃ​កម្ពុជា ផងដែរ​។​

​បើទោះបីជា ក្រុម​ជម្រើសជាតិ​កម្ពុជា​ធ្លាប់​សាង​បាន​កំណត់ត្រា​ល្អ សម្រាប់​ការជួប​ក្រុម​ជម្រើស​ជាតិ​ម៉ា​កាវ ចំនួន​ ៦​ លើក​កន្លងមក​ដោយបាន​ឈ្នះ​ ៤ ស្មើ​ ១ និង​ចាញ់​ ១​ លើក ប៉ុន្តែ​ចំពោះ​ការជួបគ្នា​តាំង​ឆ្នាំ​ ២០០៨​ មក​នោះ​គឺ​កម្ពុជា អាច​ស៊ុត​បាល់​ទម្លុះ​សំណាញ់​ទី​ក្រុម​ម៉ា​កាវ​បាន​ច្រើន​បំផុត​ត្រឹម​ ៣​គ្រាប់ និង​ឈ្នះ​គ្រាប់​បាល់​ច្រើន​បំផុត​ត្រឹម​ ៣-០ នៅពេល​ក្រុម​ទាំង​ ២​ នេះ បាន​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃទី ១២ ខែមីនា ឆ្នាំ​ ២០១៥​។

​តែ​ទោះបីជា​យ៉ាងណា សម្រាប់​ការជួបគ្នា​ជាថ្មី នៅ​ពហុ​កី​ឡ​ដ្ឋា​ន​ជាតិ​អូឡាំពិក កាលពី​យប់​ថ្ងៃទី​ ១១ ខែកញ្ញា​នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ពិតជា​ធ្វើបាន​យ៉ាង​ល្អ​បំផុត ដោយ​ពួកគេ បានរួម​គ្នា​យកឈ្នះ​ក្រុម​ម៉ា​កាវ រហូតដល់ ៤-០ ហើយ​វា​ក៏​ជា​ពេលដែល​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា រកបាន​ ២​ ​គ្រាប់​តែម្នាក់ឯង​ជា​លើកដំបូង សម្រាប់​ការលេង​ជាមួយ​ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា​ផងដែរ​។​

​តាមរយៈ​ការប្រកួត​នេះ​ម្ចាស់​អាវ​លេខ ​៩ សៀង ច​ន្ធា ដែល​ទើបបាន​ចូលរួម​ជាមួយ​ក្លិប​លេង​នៅ​លី​គ​ទី​២ ​របស់​ប្រទេស​កាតា ឈ្មោះ Al Shahaniya បាន​ជាង​ ១ ​ខែ​នោះ ពិតជា​បង្ហាញ​គុណភាព​លេង​យ៉ាង​ល្អ ហើយ​រូបគេ​អាច​រកបាន ​២ ​គ្រាប់ ក្នុង​រយៈពេល​ត្រឹម​ ៣ ​នាទី ដោយ​ក្នុងនោះ កាន់ ពិសាល ជា​អ្នក​លើក​បាល់​កាត់​នៅមុខ​ទី ដើម្បីឱ្យ សៀង ច​ន្ធា លោត​តែ​ត​បញ្ចូល​ទី​គ្រាប់​បាល់​ទី​១ នៅ​នាទី​ទី​១៩​។​

​ចំណែក​គ្រាប់​បាល់​ទី២ ​គឺ សៀង ច​ន្ធា​បាន​យក​ដើមទ្រូង​ទប់​បាល់​ទម្លាក់​ពី​ការលើក​ពី​ចម្ងាយ​របស់​ខ្សែការពារ ស៊ិន សុ​ផា​ណាត់ រួចហើយ ច​ន្ធា បាន​អូស​បាល់​នោះ​រំលង​ខ្សែការពារ​របស់​ក្រុម​ម៉ា​កាវ ដោយ​គុណភាព និង​ស៊ុត​ប្រឡោះ​ជើង​អ្នកចាំទី Chi Hang Fong ចូល​ទី​យ៉ាង​ល្អ​បំផុត នៅ​នាទី​ទី​២១​។ បន្ថែម​លើ​នេះ ការបញ្ជូន​បាល់​របស់ លឹម ពិសុទ្ធ បានផ្តល់​ឱកាស​ឱ្យ សឿ​យ វិសាល ស៊ុត​បញ្ចូល​ទី​ថែម​ ១ ​គ្រាប់​ទៀត នៅ​នាទី​ទី៣៩ ដើម្បី​ជួយ​ឱ្យ​ក្រុម​កម្ពុជា នាំមុខ ម៉ា​កាវ ៣-០ យ៉ាង​រំភើប​បំផុត នៅ​តង់​ទី​១​។​

​ឈានចូល​តង់​ទី​២ ក្រុម​ម៉ា​កាវ បាន​ផ្លាស់ប្តូរ​កីឡាករ​ចំនួន​ ៦​ នាក់ ដើម្បី​ធ្វើការ​វាយលុក​ទៅលើ​ក្រុម​​កម្ពុជា​ដែល​បាន​ផ្លាស់ប្តូរ​សមាស​​ភាព​ចំនួន​ ៦ ​នាក់​ដូចគ្នា ប៉ុន្តែ​ការ​បង្កើត​ឱកាស​ម្តង​ហើយ​ម្តងទៀត​របស់​ម៉ា​កាវ មិន​ទទួលបាន​លទ្ធ​ផល​ល្អ​ទេ​។ ផ្ទុយទៅវិញ​ការ​ព្យា​​យាម​វាយបក​របស់​ក្រុម​កម្ពុជា បានផ្តល់​ឱកាស​ឱ្យ​ខ្សែប្រយុទ្ធ​ទើប​ដាក់ឱ្យ​លេង​នៅ​នាទី​ទី​៧៦ រ៉ឹង ប៊ុន​ហៀ​ង អាច​រកបាន​គ្រាប់​​បាល់​ទី​៤ នៅ​នាទី​ទី៧៨ បន្ទាប់​ពី​រូបគេ បានទទួល​បាល់​ពី​ការ​បញ្ជូន​យ៉ាង​ស្អាត​របស់​ យ៉ើ មូស្លីម​។​

​ជាមួយ​ការយក​ឈ្នះ​ក្រុម​ជម្រើសជាតិ​ម៉ា​កាវ ៤-០ នេះ បានធ្វើឱ្យ​អ្នកគាំទ្រ​កម្ពុជា មានការ​អបអរសាទ​រ​ខ្លាំង​ដល់​ក្រុម​​ជម្រើសជាតិ​កម្ពុជា ហើយ​ថ្នាក់​ដឹកនាំ​មួយចំនួន​ជាពិសេស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ក៏បាន​អបអរ​ដល់​ជ័យជម្នះ​នេះ​ផងដែរ​។

​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត​ បាន​បង្ហោះ​សារ​អបអរ​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ស្រដៀង​គ្នា ក្រោយ​ការ​ប្រកួត​ថា​៖ «​សូម​អបអរសាទរ និង​កោតសរសើរ ដល់​ក្រុម​បាល់​ទាត់​កម្ពុជា ដែល​បាន​យកឈ្នះ​ក្រុមបាល់ទាត់​ម៉ា​កាវ ក្នុងការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​អន្តរជាតិ ដោយ​លទ្ធផល​៤ ទល់ ០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​​ពិ​ក ថ្ងៃទី​ ១១ កញ្ញា ២០២៣​។ ជូនពរ​កីឡាករ​បាល់ទាត់​កម្ពុជា បន្ត​ទទួលបាន​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​»​។​

​ជាមួយគ្នានេះ លោក Felix Dalmas គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កម្ពុជាបាន​និយាយថា​៖ «​អ្វីដែល​យើង​ចង់បាន គឺ​ការ​វិ​វ​ឌ្ឍ​នៃ​ការលេង​របស់​កីឡាករ​ម្នាក់ៗ ឱ្យមាន​ភាពប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទៅតាម​អ្វីដែល​យើង​អាចធ្វើ​ទៅបាន​។ អ៊ីចឹង​ការប្រកួត​មិត្តភាព​នេះ វា​ជាការ​ប្រកួតប្រជែង​ដែល​ធ្វើឱ្យ​ក្រុម​របស់​យើង មាន​ការវិវឌ្ឍ​ទៅមុខ ព្រោះ​ជា​គោលដៅ យើង​ចង់ឱ្យ​កីឡាករ​របស់​យើង​មានការ​តាំងចិត្ត និង​ឆន្ទៈ​ក្នុងការ​​ប្រកួត​ដូចគ្នា​»៕