ភ្នំពេញៈ ម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាលរបស់កម្ពុជា ស៊ូ បាលី នឹងត្រូវធ្វើការប្រកួតឡើងវិញ ជាមួយកីឡាកររបស់រុស្ស៊ី Abdulla Kurbanov នៅរសៀលថ្ងៃអាទិត្យនេះ ដើម្បីស្វែងរកឱកាសដណ្តើមយកមេដាយសំរឹទ្ធ ពីការប្រកួតកីឡាចំបាប់ជើងឯកពិភពលោក ឆ្នាំ២០២៣ (World Wrestling Championship 2023) ដែលធ្វើនៅទីក្រុង Belgrade ប្រទេសស៊ែប៊ី។
សម្រាប់ការទៅចូលរួមការប្រកួតជើងឯកពិភពលោក ជាលើកដំបូងនេះ កីឡាករកូនកាត់ខ្មែរ-អ៊ីរ៉ង់ ស៊ូ បាលី បានអស់ឱកាសក្នុងការដណ្តើមយកមេដាយមាស និងមេដាយប្រាក់ហើយ បន្ទាប់ពីរូបគេ បានចាញ់អតីតម្ចាស់មេដាយប្រាក់ និងសំរឹទ្ធអូឡាំពិក Geno Petriashvili នៅក្នុងវគ្គជម្រុះ៣២នាក់នោះ។
សម្រាប់ការប្រកួតចំបាប់សេរី ទម្ងន់ ១២៥ គីឡូក្រាម កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ ស៊ូ បាលី បានយកប្រៀបលើកីឡាករ Geno Petriashvili ជាមួយពិន្ទុ ២-១ សម្រាប់ការប្រកួត៣នាទីដំបូង ប៉ុន្តែការប្រកួត៣នាទីចុងក្រោយ Geno Petriashvili ដែលធ្លាប់ឈ្នះមេដាយមាសជើងឯកពិភពលោក៣ឆ្នាំជាប់ៗគ្នា ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩នោះ បានចាប់សង្កត់ និងបង្វិល ស៊ូ បាលី ដើម្បីទទួលបាន៨ពិន្ទុបន្ថែម និងឈ្នះជាផ្លូវការជាមួយពិន្ទុ ៩-៣។
យ៉ាងណាក៏ដោយ ដោយសារកីឡាករ Geno Petriashvili បានឈ្នះជាបន្តបន្ទាប់រហូតដល់វគ្គផ្តាច់ព្រ័ត្រ ដោយត្រូវប៉ះកីឡាករ Amir Hossein Zare របស់អ៊ីរ៉ង់នោះ បានធ្វើឱ្យ ស៊ូ បាលី អាចមានឱកាសប្រកួតឡើងវិញ (Repechage) ជាមួយអ្នក ដែលបានចាញ់កីឡាករ Geno Petriashvili និង Amir Hossein Zare ផ្សេងទៀត ដើម្បីប្រជែងគ្នាយកមេដាយសំរឹទ្ធ។
ចំពោះការប្រកួតឡើងវិញនេះ កីឡាករកម្ពុជា ស៊ូ បាលី ត្រូវជួបកីឡាកររុស្ស៊ី Abdulla Kurbanov ដែលនឹងធ្វើនៅរសៀលម៉ោង ៣:៣៨ ថ្ងៃអាទិត្យនេះ ហើយ Abdulla Kurbanov នេះ ក៏បានចាញ់កីឡាករ Geno Petriashvili ផងដែរ គឺចាញ់ដោយពិន្ទុ ៦-៥ នៅវគ្គ១៦នាក់ចុងក្រោយ បន្ទាប់ពីរូបគេបានយកឈ្នះលើកីឡាករអាហ្សង់ទីន Catriel Muriel ១១-០ នៅវគ្គជម្រុះ៣២នាក់។
ចំណែកការប្រកួតឡើងវិញ១គូទៀត ដែលត្រូវធ្វើនៅថ្ងៃអាទិត្យនេះដែរ គឺជាការជួបគ្នារវាងកីឡាករ Dziania Khramiakou និងកីឡាករ Jonovan Darius ហើយសម្រាប់ការប្រកួតឡើងវិញទាំង២គូនេះ គឺអ្នកឈ្នះ ត្រូវឡើងទៅជួបគ្នា ដើម្បីដណ្តើមយកមេដាយសំរឹទ្ធ។
ជាមួយគ្នានេះ លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាអ្នកដឹកនាំកីឡាករ ស៊ូ បាលី ទៅចូលរួមការប្រកួតជើងឯកពិភពលោក ជាលើកដំបូងនេះ បានចាត់ទុកការចាញ់ម្ចាស់មេដាយមាស៣សម័យកាល Geno Petriashvili ៩-៣ ជាលទ្ធផលល្អ អាចទទួលយកបាន ហើយលោកក៏មានការរំពឹងដែរថា ស៊ូ បាលី នឹងអាចដណ្តើមបានមេដាយសំរឹទ្ធ ព្រមទាំងអាចជាប់ជាកីឡាករល្អទាំង ៥ (Top5) ក្នុងទម្ងន់១២៥គីឡូក្រាមនេះ ដើម្បីទទួលបានកៅអី ទៅចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេម។
លោក Casey បានថ្លែងក្រោយការប្រកួត កាលពីថ្ងៃសៅរ៍នោះថា៖ «ការចាញ់ម្ចាស់មេដាយមាសពិភពលោក Geno Petriashvili របស់កីឡាករ ស៊ូ បាលី ជាលទ្ធផលគួរសមមួយ ហើយយើងនឹងមានឱកាសប្រកួតម្តងទៀត នៅថ្ងៃស្អែក (ថ្ងៃអាទិត្យនេះ) ដែលអាចនឹងទទួលបានមេដាយសំរឹទ្ធ និងមួយទៀត អាចឈ្នះបានសិទ្ធិ សម្រាប់ទៅចូលរួមការប្រកួតអូឡាំពិក»៕