ភ្នំពេញៈ ​ក្រុម​ភ្នំពេញ​ក្រោ​ន បានទទួល​ជោគជ័យ​មួយ​ដំណាក់កាល​ទៀត នៅក្នុង​ការប្រកួតប្រជែង​ដ៏​តានតឹង​នៃ​លី​គ​កំពូល​កម្ពុជា បន្ទាប់ពី​ពួកគេ ដណ្តើមបាន​៣​ពិន្ទុ​ដ៏​មានន័យ​ពី​ក្រុម​វិសាខា ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បឹងកេត និង​ក្រុម Tiffy Army ក៏​ដណ្តើមបាន​ជ័យជម្នះ សម្រាប់​ការប្រកួតប្រជែង​សប្តាហ៍​ទី​៥​នេះ​ផងដែរ ប៉ុន្តែ​ក្រុម​ណាហ្គា​វើ​លដ៍ នៅ​មិនទាន់​រកឃើញ​ភាពប្រសើរ​វិញ នៅឡើយ​ទេ​។​

​តាមរយៈ​ការប្រកួត នៅ​កីឡដ្ឋាន​ព្រីស​ន៍ កាលពី​យប់​ថ្ងៃទី​ ១៧ ខែកញ្ញា ក្រុម​ម្ចាស់ផ្ទះ​វិសាខា និង​ភ្នំពេញ​ក្រោ​ន បានធ្វើការ​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត តាមរយៈ​ការ​វាយបក​គ្នា​ទៅវិញទៅមក ដើម្បី​បង្កើត​ឱកាស​ក្នុង​ការរក​គ្រាប់​បាល់ ប៉ុន្តែ​ការ​ស៊ុត និង​តែ​ត​សំដៅ​ទី​ជាច្រើនលើក នៅក្រោម​តំណក់ទឹកភ្លៀង​របស់​ក្រុម​ទាំង ​២​ នេះ គឺមាន​គ្រាប់​កើតឡើង​តែ​ ១ ​គត់ ដែលជា​គ្រាប់​បាល់​របស់​ខ្សែបម្រើ​ប្រេ​ស៊ី​ល Rodrigues Roldao Denilson​។​

​ការ​លោត​តែ​តបាល់​បញ្ចូល​ទី នៅ​នាទី​ទី​១៨ ពី​ការលើក​បាល់​ឱ្យ​យ៉ាង​ស្អាត​របស់ យ៉ើ មូស្លីម នេះ បាន​ក្លាយជា​គ្រាប់​បាល់​ដ៏​មានន័យ​បំផុត​របស់ Rodrigues Roldao Denilson​ ព្រោះនេះ​ជា​គ្រាប់​បាល់​ដំបូង​របស់គេ សម្រាប់​ការធ្វើដំណើរ​មកលេង​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​នេះ ហើយ​វា​ក៏​ជា​លើកដំបូង សម្រាប់​ម្ចាស់​អាវ​លេខ​ ២៧​ នេះ​ផងដែរ ដែល​បាន​លេង នៅក្នុង​ជម្រើស ១១​ នាក់​ដំបូង​។​

​ចំពោះ​ការរកបាន​គ្រាប់​បាល់ ជា​លើកដំបូង សម្រាប់​ការ​មក​ប្រកប​អាជីព​បាល់ទាត់ ជា​លើកដំបូង នៅ​កម្ពុជា​នេះ ខ្សែបម្រើ Rodrigues Roldao Denilson ​បាន​បង្ហោះ​សារ ក្រោយ​ការប្រកួត​ថា​៖ «​នេះ​ជា​ជ័យជម្នះ ការប្រកួត​ក្រៅ​ទឹកដី​ដ៏​អស្ចារ្យ សម្រាប់​លេង​នៅក្នុង​ស្រុក (​កម្ពុជា​) ហើយក៏​ជា​ពេលដែល​ខ្ញុំ រកបាន​គ្រាប់​បាល់​។ អរគុណ​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​ឈ្នះ​បាន​៣​ពិន្ទុ​បន្ថែម​»​។

​ជាមួយ ការរកបាន​គ្រាប់​បាល់​របស់ Denilson​នេះដែរ បាន​ក្លាយជា​ជ័យជម្នះ​យ៉ាងសំខាន់ របស់​ភ្នំពេញ​ក្រោ​ន ដែល​ជួយ​ឱ្យ​ពួកគេ ឡើងទៅ​ឈរ​នៅ​លេខ​ ២ ជា​បណ្តោះអាសន្ន មាន​ ១២ ​ពិន្ទុ ហើយ​តាមរយៈ​លទ្ធផល​នេះ បានធ្វើឱ្យ​ភ្នំពេញ​ក្រោ​ន កាន់​តែមាន​ទំនុកចិត្ត ក្នុងការ​ត្រៀមខ្លួន​ប្រកួត​វគ្គ​ចែក​ពូ​ល​ពាន AFC Cup ដោយ​ពួកគេ នឹងត្រូវ​ប្រកួត​បើកឆាក​ប្រចាំ​ពូ​ល​F ជាមួយ​ក្រុម​ម្ចាស់ផ្ទះ DH Cebu របស់​ហ្វីលីពីន នៅ​ថ្ងៃទី ​២១ ខែកញ្ញា​នេះ មុនពេល​ស្វាគមន៍​ក្រុម Shan United របស់​មី​យ៉ាន់​ម៉ា និង​ក្រុម Macarthur របស់​អូស្ត្រាលី នៅក្នុង​ដី​ខ្លួនឯង​វិញ នា​ខែតុលា សម្រាប់​លេង​នៅ​ជើង​ទី​១​។​

​ដោយឡែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ៥-២ ដើម្បី​បន្ត​ឈរ​នៅ​លេខ​រៀង​ទី​១ ក្នុងនាម​ជា​ក្រុម​តែមួយគត់ ដែល​បានឈ្នះ​ទាំង​ ៥ ​ប្រកួត​ជាប់ៗ​គ្នា មាន ​១៥ ​ពិន្ទុ​ពេញ​។ ចំណែក​ក្រុម​បឹងកេត បាន​យកឈ្នះ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ២-០ ដើម្បី​ឡើងមក​ឈរ​នៅ​លេខ ​៣ មាន​ ១៣ ​ពិន្ទុ លើ​ក្រុម​វិសាខាវិញ ដែល​ធ្លាក់​ទៅ​ឈរ​នៅ​លេខ ​៤ មាន ​៩ ​ពិន្ទុ​ដដែល​។​

​ចំណែក​ក្រុម Tiffy Army បាន​យកឈ្នះ​ក្រុម​ព្រៃវែង​អេ​ហ្វ​ស៊ី ៣-០ ដើម្បី​ឡើងមក​ឈរ​នៅ​លេខ​ ៥ មាន ​៧ ​ពិន្ទុ ស្មើ​ក្រុម​ព្រៃវែង​។ ប៉ុន្តែ​ក្រុម​ណាហ្គា​វើ​លដ៍ នៅ​មិនទាន់​រកឃើញ​ភាពប្រសើរ​វិញ​នៅឡើយ​ទេ ខណៈ​ពួកគេ បាន​ត្រឹម​ស្មើ​ក្រុម​ម្ចាស់ផ្ទះ ISI ដង្កោ​សែន​ជ័យ ១-១ នោះ ហើយ​លទ្ធផល​នេះ បានធ្វើឱ្យ ណាហ្គា បន្ត​ឈរ​នៅ​លេខ​ ៧​ ដដែល មាន​ត្រឹម​ ៤​ ពិន្ទុ​៕