ភ្នំពេញៈ​ គ្រូ​បង្គោល​ក្រុម​បឹងកេត លោក Teo Sin Choy Clement បាន​​បង្ហាញ​ការ​ប្រតិកម្ម​ទៅនឹង​ការ​សួរ​ដេញ​​ដោល​របស់​អ្នកគាំ​ទ្រ​មួយចំនួន ជុំវិញ​ការមិនដាក់​​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍ​នាកា ឱ្យ​ចូល​លេង នៅ​ពេល​​​បឹងកេត បានចាញ់​ក្រុម​កង​យោធពល​ខេមរភូមិន្ទ (ទ័ព) ៤-៣ ក្នុងការ​ប្រកួត​លីគកំពូល​កម្ពុជា ចំណែក​ក្រុមអង្គរ​ថាយហ្គឺរ ក៏​បាន​ចាញ់​ក្រុមព្រៃ​វែង​អេហ្វស៊ី នៅ​ក្នុងទឹក​ដី​ខ្លួនឯង​ដូចគ្នា។

សម្រាប់ការ​ប្រកួត ដែល​ត្រូវបាន​ធ្វើ​ឡើង​ក្រោមដំណក់​ទឹក​ភ្លៀង នៅពហុកីឡដ្ឋានជាតិ កាលពីព្រលប់​ថ្ងៃទី​ ២៣ ខែកញ្ញា កន្លង​មក​នេះ ក្រុ​ម​ម្ចាស់​ផ្ទះ​បឹងកេត បាន​រក​គ្រាប់​បាល់​នាំមុខ​ក្រុម​ទ័ព ចំនួន ៣ ​លើក ដែលជា​ការ​ស៊ុតបញ្ចូលទី​របស់​ខ្សែ​ប្រយុទ្ធ ម៉ាត់ នូរុណ នៅ​នា​ទីទី​២ ខ្សែ​ប្រយុទ្ធស៊ែប៊ី GolubovicStefenនៅនាទីទី​៤៧ និង​គ្រាប់​បាល់​របស់​ខ្សែ​បម្រើ​ជប៉ុន YoshihamaRyohei​នៅ​នាទីទី​៥៣។

តែទោះបីជា​យ៉ាង​ណា ​ការ​នាំ​មុខ​ចំនួន​៣​លើក​នេះ ត្រូវបានលុប​បំបាត់​ដោយ​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ ញាន សុស៊ីដាន ចំនួន​២​លើក គឺ​នៅនាទីទី​៣៩ និងទី​៥២ និង​គ្រាប់​បាល់​របស់​ខ្សែ​​ការពារ យ៉ង់ ភូមិន្ទ នៅនាទីទី៧០ ហើយ​បន្ថែម​ទៅលើ​គ្រាប់​បាល់​តាមស្មើ​នេះ ខ្សែ​បម្រើ ណាត សង្ហា ដែល​ដាក់ឱ្យ​ចូល​លេង នៅនាទីទី​៦១ បានស៊ុត​ទម្លុះ​សំណាញ់ទី​​ក្រុម​បឹងកេត ១​គ្រាប់​​ទៀត ដើម្បី​ជួយ​ឱ្យក្រុមទ័ព ឈ្នះ ៤-៣ ដ៏មាន​ន័យ​បំផុត។

ជាមួយ​លទ្ធផល​នេះ លោក Teo Sin Choy Clement បាន​និយាយ​ក្នុង​សន្និសីទ​កាសែត ក្រោយការ​ប្រកួត​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយចំពោះ​លទ្ធផល​នៃ​ការ​ប្រកួតនៅ​ថ្ងៃ​នេះ ហើយ​ដូចខ្ញុំបាន​និយាយ​មុនការ​ប្រកួត​​អ៊ីចឹង គឺទ័ពជា​ក្រុម​ល្អមួយ។ ចំណែក​ភាព​​ខុស​ប្លែក​គ្នា​រវាង បឹង​កេត និងក្រុមទ័ព គឺ​ទ័ព មាន​ការ​ប្រឹង​ប្រែង​ខ្លាំង ព្រោះ​ពួក​គេមាន​ផ្នត់​គំនិត​​ចង់​ឈ្នះ​ខ្លាំង​ជាង​ក្រុម​របស់​យើង»។

យ៉ាង​ណា​ក៏​ដោយ ចំពោះ​អ្នកគាំ​ទ្រ​ក្រុមបឹងកេត មួយចំនួន ហាក់​បាន​ទម្លាក់​ការ​ចាញ់​​ក្រុម​ទ័ព​នេះ ដោយសារតែ​​លោក Teo Sin Choy Clement មិន​បានដាក់​កីឡាករ​សំខាន់ៗមួ​យ​ចំនួន​ឱ្យ​ចូល​លេង ជាពិសេស​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​ដែល​មិន​មានឈ្មោះ​​ប្រកួតចំនួន​​២សប្តាហ៍​មក​ហើយ។ តើ​គេ​បាត់​ទៅណា ទើប​មិន​ព្រម​ដាក់​ឱ្យ​ចូល​លេង នៅ​ក្នុងជំនួប​សំខាន់​បែប​នេះ?។

ចំពោះ​ការ​សួរ​ដេញដោល​នេះ លោក Teo Sin Choy Clement បាន​ធ្វើ​​ការ​​ឆ្លើយតប ដោយ​ពាក្យ​សម្ដី​ធ្ងន់ៗ​ថា៖ «តើ​អ្នកចង់​ឱ្យ​ខ្ញុំ​ដាក់​កីឡាករ​ (ចាន់ វឌ្ឍនកា) មាន​របួស​​ចូល​លេង​មែន? តើ​អ្នកចង់​ឱ្យ​ខ្ញុំ​ដាក់​កីឡាករ ដែល​​​ទើប​ជាពី​របួសបាន​​ត្រឹម​៥០​ភាគ​រយ​ឱ្យ​ចូល​លេង​​​មែន? ហើយបើ​គាត់​មិន​ទាន់​មាន​កាយសម្បទា​ប្រសើរវិញ​ផង ​តែ​អ្នក​ទាំង​អស់​គ្នា ​ចង់ឱ្យ​គាត់​​ចូល​លេង​​​ទាំង​បែប​ហ្នឹង គឺ​មាន​តែ​​​​ចង់​​ឱ្យ​គាត់​​ចូល​និវត្តន៍​ពី​បាល់​ទាត់»។

គ្រូ​បង្វឹកជន​ជាតិ​សិង្ហបុរី​រូបនេះ បាន​បន្ថែម​ថា៖ «​គិតមក​ដល់​ពេល​នេះ ខ្ញុំនៅ​មិន​ទាន់​អាច​រៀបចំ​ក្រុម​បឹង​កេត​ឱ្យ​ខ្លាំង​​បានទេ ព្រោះ​ ចាន់ វឌ្ឍនាកា ក៏របួស ចន្ថា ចន្ធាកា ក៏​ទើបជាពីរបួស រីឯ​កីឡាករ​មួយ​ចំនួន​​ទៀត​ក៏មានរបួស ដែល​ទាម​ទារ​​ឱ្យយើង​មាន​ការ​ផ្លាស់ប្តូរ ប៉ុន្តែ​ខ្ញុំ​ក៏​មិនមាន​ន័យ​ថា ការ​មិន​បាន​ដាក់​​កីឡាករ​ទាំង​នោះ ឱ្យ​ចូល​លេង វា​ធ្វើឱ្យការ​ប្រកួត​ចាញ់​​ទេ»។

ចំណែក​ លោក ភា សុភ័ក្ត្រា គ្រូ​បង្គោល​ក្រុមទ័ព បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល និងរំភើប​ខ្លាំង ចំពោះ​ការ​វាយ​បក​យក​ឈ្នះ​ក្រុម​បឹងកេត ហើយការ​ទទួល​បាន​៣ពិន្ទុ​ដ៏​មាន​ន័យ​ថា បាន​ធ្វើ​ឱ្យ​​ក្រុមទ័ព មាន១០ពិន្ទុ ស្មើជាមួយ​បឹងកេត ចំណែក​ក្រុម​ព្រៃវែង ក៏​មាន​១០ពិន្ទុ​ដែរ បន្ទាប់ពី​ពួកគេ បានយកឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ អង្គរ​ថាយហ្គឺរ ២-១ កាលពី​ថ្ងៃទី២៣ ខែកញ្ញា នោះដែរ។

លោក ភា សុភ័ក្រ្តា បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖​ «​វាជារឿង​ដ៏មិន​គួរ​ឱ្យនឹក​ស្មាន ព្រោះខ្ញុំដូច​ជាអស់​ទឹក​ចិត្តបន្តិច​ហើយ នៅពេល​គេ​នាំ​មុខ​លើក​ទី៣ ដោយសារ​កីឡាករ​របស់​យើងមានរបួស និងរមួល​ក្រពើ​ច្រើន​មែន​ទែន ដែល​យើង​​សម្រេច​ចិត្ត​ប្តូរ​ តែ​នេះជា​អ្វីដែល​យើង​បាន​និយាយ​ជាមួយកីឡាករ​បម្រុង​រួច​ហើយ​ថា កីឡាករ​ដែល​បានជ្រើស​រើសទាំង​២១​នាក់នេះ គឺ​ស្មើ​១១នាក់​ទាំង​អស់ ហើយទី​បំផុតទាំង​អ្នកលេងមុន និង​អ្នក​ចូល​ទៅ​ក្រោយ ​បាន​ប្រឹង​ប្រែង​រហូត​​ដល់​ឈ្នះការ​ប្រកួត​នេះ»។

យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​ការ​ប្រកួត​នេះ មានការ​រំខាន ដោយ​សារ​ភ្លៀង ដែល​មាន​ទឹក​ដក់ នៅលើ​ទី​លានខ្លះៗ នាំ​ឱ្យ​មានការ​ពិបាក ក្នុងការ​លេង​ដោយ​ប្រើ​បច្ចេក​ទេស​នោះ លោក ភា សុភ័ក្ត្រា បាន​បញ្ជាក់​ថា៖​ «​ក្រោយពី​យើង​មិនអាច​ប្រើ​តាក់​ទិក​បាន ​មានតែ​ប្រើ​ឆន្ទៈ និងការ​ប្រជែង​គ្នា អ៊ីចឹង​​ក្រុមទាំង​២​នេះ ឆន្ទៈ ប៉ះ​ឆន្ទៈ សម្រាប់​ការ​​ប្រកួត​នេះ»៕