ភ្នំពេញៈ ខ្សែ​ប្រយុទ្ធ​របស់​កាណា​ដា ​Marcus Haber នៅតែ​ជា​វីរបុរស​ដែល​បាន​ជួយ​ឱ្យ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀងទទួល​បាន​ជ័យជម្នះនៅ​ចុង​ម៉ោង ដើម្បី​រក្សា​កំណត់​ត្រា​ឈ្នះ​ទាំង​៦​លើក​ជាប់ៗ​គ្នានៅ​ក្នុង​ការប្រ​កួត​លី​គ​កំពូល​កម្ពុជា ​បន្ទាប់​ពី​ក្រុម​មាន​មូល​ដ្ឋាន​នៅ​ខេត្ត​ស្វាយរៀ​ង មួយ​នេះ​បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​ជើង​ឯក​រង​ វិសាខា នៅ​ក្នុង​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី​៦ កាល​ពី​ថ្ងៃទី​២៤ ​ខែកញ្ញា​។

​​សម្រាប់​ការ​ប្រកួត​នៅ​ក្រៅ​ទឹកដី​ដ៏​តាន​តឹង​នៅ​កីឡ​ដ្ឋាន​ព្រី​នស៍​កាលពី​យប់​ថ្ងៃអា​ទិត្យកន្លង​ទៅ​ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀងបាន​បង្កើត​សំខាន់​ចំនួន​២​លើកនៅមុខ​ទីក្រុម​ម្ចាស់​ផ្ទះ វិសាខា ​ប៉ុន្តែ​ខ្សែប្រ​យុទ្ធ ថេ​ឡរ​ ឌឿ​ន​នី​កូ​ឡាស ​ស៊ុត​មិន​ត្រូវ​គោល​ដៅ។ ចំណែក​ការ​ស៊ុត​បាល់​យ៉ាង​កៀក​បំផុត​របស់ ​សារ៉េត គ្រី​យ៉ា ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នក​ចាំទី ​កែវ សុខ​សិលា​។

យ៉ាង​ណាក៏​ដោយ នៅ​ដើម​តង់​ទី​២ ខ្សែ​ប្រយុទ្ធ​ប្រេ​ស៊ី​ល De Oliveira Bastos Jonata ក៏​គួរ​ណាស់​តែ​រក​បាន​គ្រាប់​បាល់​បំប៉ោង​សំណាញ​ទី​ឱ្យ​ក្រុម​វិសាខាផង​ដែរ នៅពេល​រូបគេ​បាន​អូស​រំលង​ខ្សែ​ការពារ​របស់​ក្រុម​ស្វាយ​រៀងយ៉ាង​ល្អ នៅ​មុខ​ទីនោះ​ ប៉ុន្តែ​ម្ចាស់​អាវ​លេខ​១៣​រូប​នេះ ​បែរ​ជា​ស៊ុត​បាល់​នោះ ខុស​បង្គោល​ទី ដែ​ល​ធ្វើឱ្យ​ក្រុម​គ្រូ​បង្វឹក​វិសាខា ​មាន​ការ​សោក​ស្តាយយ៉ាង​ខ្លាំង​។​

ទោះ​បីជា​យ៉ាង​ណា ​ការ​បញ្ជូន​បាល់​ចូល​ក្នុង​តំបន់​គ្រោះ​ថ្នាក់​យ៉ាង​ស្អាត​របស់​ខ្សែ​ប្រយុទ្ធ​ឡាវ​Bounkong Bounphachan បាន​ផ្តល់​ឱកាស​មាស​ឱ្យ ​Marcus Haber អាច​ស៊ុត​បាល់​ដាច់​តែ​ម្នាក់​ឯង​ បញ្ចូល​ទី​បាន​យ៉ាង​ល្អ​បំផុត​ នៅ​នាទី​ទី​៨២ ​ហើយ​តាម​រយៈ​ការរក​បាន​គ្រាប់​បាល់​ជ័យ​ជម្នះ​ដ៏​មាន​ន័យ​នេះ​ បាន​ធ្វើឱ្យ ​Marcus ក្លាយ​ជា​ខ្សែប្រ​យុទ្ធដែល​មាន​ភាព​មុត​ស្រួច​ជាង​គេ ​និង​កំពុង​រកបាន​គ្រាប់​បាល់​ច្រើន​ជាង​គេ(៨​គ្រាប់​)ផង​ដែរ សម្រាប់​ការ​ប្រកួត​លី​គ​កំពូល​កម្ពុជា ​នា​រដូវ​កាល​ថ្មី​នេះ​។​

​សម្រាប់​ការ​ប្រកួត​ចំនួន​៦​លើក​កន្លង​មក​នេះ ​ខ្សែ​ប្រយុទ្ធ​កម្ពស់​១,៩២​ម៉ែត្រ Marcus​អាច​រកបា​ន​គ្រាប់​បាល់​គ្រប់​ការ​ប្រកួត​ទាំង​អស់ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​គ្រប់​ការ​ប្រកួត​ធំៗ ដែ​ល​ក្រុម​ស្វាយ​រៀង​ដណ្តើម​បាន​៣​ពិន្ទុ ​ដូច​ជា​ការ​យក​ឈ្នះ​ក្រុម​ណា​ហ្គា​វើ​លដ៍១-០ ​កាលពី​ថ្ងៃទី​២០ ​សីហា និង​ការ​ឈ្នះ​ក្រុម​ម្ចាស់​ជើង​ឯក​ភ្នំពេញ​ក្រោ​ន ២-១ ​កាល​ពី​ថ្ងៃទី​១១​ ខែសីហា ជាដើម គឺ​សុទ្ធតែ​ជា​គ្រាប់​បាល់ដែ​ល​កើត​ឡើង​ដោយ​ការ​លោត​តែ​ត​បញ្ចូល​ទី​របស់ ​Marcus នៅ​ចុង​ម៉ោង​។​

​ជា​មួយ​គុណ​ភាព​បញ្ចប់​ទី​យ៉ាង​ល្អ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាត់​ទុក​ម្ចាស់​អាវ​លេខ​៩៩​Marcus ថា ជា​ខ្សែ​ប្រយុទ្ធ​ជំនាញ​ប្រើ​ក្បាល​ល្អ​ផ្តាច់​គេប្រចាំ​នៅ​លី​គ​កំពូល​កម្ពុជា​។ ចំណែក​ការរក​បាន​១​គ្រាប់ ​ដើម្បី​យក​ឈ្នះ​ក្រុម​វិសាខា​ ១-០ កាល​ពី​ថ្ងៃទី​២៤​ ខែកញ្ញា កន្លង​មក ​បាន​ក្លាយជា​ជោគ​ជ័យ​យ៉ាង​សំខាន់​សម្រាប់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ក្នុងការ​បន្ត​ឈរ​នៅ​កំពូល​តារាង​ដោយ​មាន​ ​១៨​ពិន្ទុ​ពេញជាមួយ​ការ​ឈ្នះ​ទាំង​៦​លើក​ជាប់ៗ​គ្នា​។

​គ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ លោក ​Pep Munoz និង​អ្នក​គាំទ្រ​របស់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀងបាន​បង្ហាញ​ការ​សាទរ​ខ្លាំង​ចំពោះ​ការ​ដណ្តើម​បាន​៣​ពិន្ទុពី​ក្រុម​ម្ចាស់​ផ្ទះ​វិសាខា​លើក​នេះ ​ព្រោះ​លទ្ធ​ផល​នេះ​បាន​ធ្វើឱ្យ​ពួកគេ កាន់​តែ​មាន​គម្លាត​ពិន្ទុ​ដាច់​ពី​ក្រុម​បឹង​កេត ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ព្រែ​វែង​ដែល​មាន​១០​ពិន្ទុ​ស្មើគ្នា ​ខណៈ​ក្រុម​កំពុង​ឈរ​នៅ​លេខ​២ ​ភ្នំពេញ​ក្រោ​នមាន​១២​ពិន្ទុ (​មិនទាន់​គិតពី​ការប្រ​កួត​ជា​មួយ​ក្រុម ​ISI ដង្កោ​សែន​ជ័យ នៅ​យប់​ថ្ងៃទី​២៥ ​ខែ​កញ្ញា​)​។​

​ចំណែក​ក្រុម​ជើង​ឯក​រង​ វិសាខា​ បាន​ធ្លាក់​មក​ឈរ​នៅ​លេខ​៦ ដោយមា​ន​ត្រឹម​៩​ពិន្ទុ​ដដែល ​ហើយ​ការ​ឈ្នះ​៣ និង​ចាញ់​៣​ប្រកួត ​សម្រាប់​ការ​ប្រកួត​៦​លើក​ជាប់ៗ​គ្នា​នេះ​ ក៏បាន​ដាក់​សម្ពាធ​ទៅ​លើ​គ្រូ​បង្គោល​ជន​ជាតិ​អង់​គ្លេស​លោក ​Mcm​ene​my Simon Alexa​nder ដែល​ទើប​មក​ដឹក​នាំ​ក្រុម​វិសាខា​ ក្នុង​រដូវ​កាល​ថ្មី​នេះ​ផង​ដែរ​ ព្រោះ​អ្នក​គាំទ្រ​មួយ​ចំនួន ​បាន​បង្ហោះ​សារ​សុំ​ឱ្យ​ក្លិប​មួយ​នេះ​ ផ្លាស់​ប្តូរ​គ្រូ​បង្វឹក​ជា​បណ្តើរៗ​ហើយ​។

​ស្រដៀង​គ្នា​នេះ​ ក្រុម​ណា​ហ្គា​វើ​លដ៍ក៏​នៅ​មិន​ទាន់​អាច​ស្រោច​ស្រង់​ស្ថាន​ការណ៍​ឱ្យបាន​ប្រសើរ​មក​វិញ​​ដែរ ដោយ​ពួក​គេ​មាន​ត្រឹម​៥​ពិន្ទុ ​បន្ទាប់​ពី​ណាហ្គា​វើ​លដ៍បាន​ស្មើ​គ្នា១-១ ជាមួយ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​ សម្រាប់​ការ​ប្រកួត​នៅ​លើ​ទឹក​ទី​ខ្លួនឯ​ងកាលពី​យប់​ថ្ងៃទី​២៤​ ខែកញ្ញាដែល​ធ្វើឱ្យ​ការ​ប្រកួត​ទាំង​៦​លើក​របស់​ក្រុម​នេះបាន​ត្រឹម​ឈ្នះ១ស្មើ​២ និង​ចាញ់​ដល់​៣​ប្រកួត​៕