ថ្វីបើ​បានចូល​ហ្វឹក​ហាត់​កីឡា​ចំបាប់ ដោយ​ស្ថាន​ភាព​គ្រួសារ​បង្ខំ ប៉ុន្តែ​កីឡាការិនី ជា កញ្ញា បាន​​ក្លាយជា​ស្រ្តី​ទី​៣​​ផ្នែក​កីឡា​ចំបាប់​កម្ពុជា ដែល​បាន​ឈ្នះ​មេ​ដាយ​មាស​ ពីការ​ប្រកួត​កីឡា​ស៊ី​ហ្គេម បន្ទាប់​ពី​អតីត​កីឡា​ការិនី ចូវ សុធារ៉ា និងនី សំណាង ដែល​​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម ចុង​ក្រោយ​ឱ្យ​កម្ពុជា សម្រាប់​ការប្រកួត នៅ​ប្រទេស​មីយ៉ាន់​ម៉ា កាលពី​ឆ្នាំ​២០១៣។

ជាក្មេង​ស្រី​ដែល​បាន​​ធំដឹង​ក្តី នៅ​​ខេត្តក្រ​ចេះ ជា កញ្ញា មិន​មា​ន​​ចំណង់​ចំណូល​ចិត្តលើ​ការហ្វឹក​​ហាត់​កីឡា​អ្វី​នោះ​ទេ បើទោះ​បីជា​ម្តាយ​របស់​នាង ធ្លាប់ជា​អ្នកហាត់កីឡា​ចំបាប់​ជាមួយ​​អតីតម្ចាស់​មេដាយមាស ២ សម័យ​កា​ល ចូវ សុធារ៉ា តាំងពី​នៅតូចៗ​ក៏​ដោយគឺ​យុវតី​រូប​នេះ ផ្តោត​តែទៅ​លើការ​សិក្សា​ដូច​ក្មេងៗ​ឯទៀត នៅ​ក្នុងភូមិ។ តែទោះបី​ជាយ៉ាងណាដោយ​សារ​ស្ថាន​ភាព​គ្រួ​សារ​មានការ​លំបាក មិនអាច​ផ្តល់​លទ្ធភាព​​ឱ្យ​ខ្លួន​បន្តការ​សិក្សា​​បាន​ទៀត​ ជា កញ្ញា បាន​​បង្ខំ​​ចិត្ត​ឃ្លាត​ឆ្ងាយ​​ពី​ឪពុក​ម្តាយ និង​ប្អូនស្រី​​​​របស់​ខ្លួន ដើម្បី​ធ្វើដំណើរ​មក​​រស់​នៅ​ភ្នំពេញ ​ជា​មួយ ចូវ សុធា​រ៉ា ​ហើយ​ដោយ​សារកញ្ញា មាន​កា​យសម្បទា​​អំណោយ​ផល​ល្អស័ក្តិ​​សម​ជាអ្នក​កីឡា​នោះ សុធា​រ៉ា បាន​ជំរុញ​ឱ្យ​​យុវតី​វ័យ​ក្មេង​រូប​នេះ ចូល​ហ្វឹកហាត់​កីឡា​ចំបាប់ នៅ​ឆ្នាំ​២០១៦​តែម្តង។

​ការ​សម្រេច​បញ្ជូន ជា កញ្ញា ឱ្យ​ចូល​ហាត់​កីឡាចំបាប់ នៅ​សាល​ដំបូល​ទូក​ នៃ​ពហុ​កីឡ​ដ្ឋា​ន​ជាតិ​​អូឡាំពិក ដែល​ជា​ទីកន្លែង​ប្រមូល​ផ្តុំ​ក្រុមជម្រើសជាតិ​កីឡា​ចំបាប់​កម្ពុជា​នេះ ក៏​ទទួល​បាន​ការឯក​ភាព​ពី​ម្តាយរបស់​ កញ្ញា ផងដែរ ហើយ​ក្រោមការ​បង្ហាត់បង្ហាញ​ដោយ​យកចិត្ត​ទុក​ដាក់​របស់ចូវ សុធារ៉ា ​នោះ បាន​ធ្វើ​ឱ្យ ជា កញ្ញាអាច​អភិវឌ្ឍ​សមត្ថ​ភា​ព​បាន​​លឿនដើម្បី​អាច​ចូលរួម​ប្រកួ​ត​ប្រជែង ក្នុង​កម្ម​វិធី​ផ្សេងៗ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា។ មិន​យូរ​ប៉ុន្មាន ក្មេង​ស្រី ដែល​បាន​បោះបង់​ចោ​ល​ការ​សិក្សា​ត្រឹមថ្នាក់ទី​៩ រូប​នេះ​ ត្រូវ​បាន​សហព័ន្ធ ជ្រើស​រើស​ឱ្យ​ចូលប្រមូល​ផ្តុំ​ជា​ក្រុម​ថ្នាល​ជម្រើសជាតិ បន្ទាប់ពី​នាង​​ដណ្តើម​បាន​មេដាយ​​សំរឹទ្ធ ​ពីការ​ប្រកួត​​ជើងឯក​ថ្នាក់ជាតិ ហើយក្រោម​ការហ្វឹកហាត់​យ៉ាងដិត​​ដល់ ក្នុងជំរំហ្វឹកហាត់​នោះ បាន​​ជួយ​​ឱ្យ ជា កញ្ញា មាន​សមត្ថភាព​កាន់តែ​ល្អ ដែល​អាច​ប្រកួត​ប្រជែង​ដណ្តើម​បាន​មេដាយ​មាស និង​ប្រាក់ ជា​ហូរ​ហែពីការ​ប្រកួត​ថ្នាក់​ជាតិ​។

លទ្ធ​ផល​ដ៏​ល្អនេះ បាន​ផ្តល់​ឱកាស​ឱ្យ ជា កញ្ញា អាច​បាន​ចេញ​ទៅ​ហ្វឹក​ហាត់ និង​ប្រកួត នៅ​លើ​ឆាក​អន្តរជាតិ ជា​បន្ត​បន្ទាប់ និង​ដណ្តើម​បាន​មេដាយប្រាក់ ពីការ​ប្រកួត​ចំបាប់​ជើងឯក​អាស៊ានឆ្នាំ​២០២២ ដែល​​កម្ពុជា បាន​ធ្វើជា​ម្ចាស់​ផ្ទះ ជា​លើក​ដំបូ​ង ក្នុង​ប្រភេទទម្ងន់​៦៥​គីឡូ​ក្រាម ​ ហើយការ​ចូលរួម​ការ​ប្រកួត​ស៊ី​​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០​២៣ នៅ​ប្រទេស​វៀត​ណាម ជា កញ្ញា បានឈ្នះ​មេដាយ​សំរឹទ្ធ១។

បន្ថែម​លើ​សមិទ្ធផល​នេះ ជា កញ្ញា ត្រូវបាន​បញ្ជូន​ឱ្យ​ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិនចំនួន​៦​ខែពេញ ដើម្បី​ត្រៀម​ការ​​ប្រកួត​ស៊ីហ្គេមលើក​ទី​៣២ ឆ្នាំ​២០​២៣ ដែល​កម្ពុជា ត្រូវ​ធ្វើម្ចាស់​ផ្ទះ ជា​លើកដំបូង ​ហើយ​តាម​រយៈការ​លត់​ដំហ្វឹក​ហាត់​យ៉ាង​លំបាក នៅ​ទីនោះ បាន​ជួយ​ឱ្យ ជា កញ្ញា អាច​សម្រេច​ក្តី​បំណង ដោយ​ដណ្តើម​បាន​មេដាយ​មាស ជូន​ប្រទេស​ជាតិ​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល​ហើយ​​វា​ក៏ជាពេល​​ដែល​ក្រុមចំបា​ប់​កម្ពុជា បាន​បំបែក​កំណត់​ត្រា​ឈ្នះ​​​បាន​មេដាយ​មា​ស​​​​៥​ប្រាក់៤ និង​សំរឹទ្ធ​​១១ ជា​ប្រវត្តិ​សាស្រ្ត​​ផង​ដែរ។

តែទោះបី​ជា​យ៉ាង​ណាការ​ឈ្នះ​បាន​​មេដាយ​មាស ជា​លើក​ដំបូ​ង ពី​​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣​២ ឆ្នាំ​២០២៣ នៅលើ​ទឹក​ដី​កម្ពុជា កាលពី​ខែឧសភា ហាក់​មិនទាន់​​ធ្វើ​ឱ្យក្រមុំរូប​ស្រ​ស់​ ស្កប់​ចិត្ត​នោះ​ទេ ព្រោះ​​កីឡា​ការិនី​វ័យ​២៣​ឆ្នាំ​រូប​នេះ នៅ​​មាន​គោល​បំណង​ធំ មិន​ទាន់​សម្រេច​បាន។ ជា កញ្ញា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖«​តាម​រយៈ​​លទ្ធផល​​ប្រកួត​កន្លង​មកនេះ អា​ច​និយាយ​បាន​ថា ខ្ញុំ​ទទួ​ល​បាន​ជោ​គ​ជ័យ​ហើយ សម្រា​ប់ការ​ប្រកួ​ត​ស៊ីហ្គេម ប៉ុន្តែ​ខ្ញុំ​ចង់​ឱ្យ​សមត្ថ​ភាព​​របស់​ខ្ញុំ​ខ្ព​ស់ជាង​នេះ ព្រោះ​ខ្ញុំ​នៅ​មាន​បំណង ចង់​ឈា​ន​ទៅ​ប្រកួត​ប្រជែង​កម្រិត​ខ្ពស់​ជា​ង​នេះដូច​​ជា​​ព្រឹត្តិការ​ណ៍​ពិភព​លោ​ក​ ជាដើមហេតុ​នេះខ្ញុំ​ត្រូវ​បន្ត​ពង្រឹ​ង​សមត្ថភាព​ខ្លួន​ឯង ដើម្បី​អាច​ឈាន​ទៅ​ដល់​ចំណុច ដែល​ខ្លួន​ឯង​ចង់​បាន​»។

យ៉ាង​ណាមិញ នៅពេល​នេះ កីឡាការិនី ជា កញ្ញា ​បាន​និង​កំពុង​ធ្វើការ​ហ្វឹក​ហាត់ នៅ​ប្រ​ទេស​ចិន ជា​លើក​ទី​២ បន្ទាប់​ពី​នាងបានចាក​ចេញពី​មាតុ​ប្រទេ​​ស​​ជាមួយ​អ្នក​គ្រូ ចូវ សុធា​រ៉ា និង​ប្រតិភូ​កីឡា​ផ្សេង​ទៀត កាល​ពី​ថ្ងៃទី​២៣ ខែសីហា ដើម្បី​ត្រៀ​ម​ចូលរួមការ​ប្រកួត​កីឡា​អាស៊ី លើ​ក​ទី​១៩ នៅទី​នោះ ដោយ​ប្រភេទ​កីឡាចំបាប់ នឹងចាប់​ប្រកួត​ពីថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៣។ និយាយ​ដល់ការ​ហ្វឹកហាត់ នៅ​ប្រទេសចិននេះ ជា កញ្ញា បាន​​ទម្លាយ​ថា មាន​ការហ្វឹក​ហាត់​ខ្លាំង ទៅ​តាម​កាល​វិភាគ ដែល​គ្រូបាន​​ដាក់​ឱ្យ ហើយ​មានដៃ​គូ​ប្រកួតសមច្រើន ធ្វើ​​​ឱ្យ​​​មានការ​កើន​ផ្នែក​​កម្លាំង និង​បច្ចេក​ទេស ពិសេស​ធ្វើ​ឱ្យ​រូបនាង​ផ្ទាល់ មាន​ភាព​ធន់​ខ្លាំង ព្រោះ​​ក្រៅ​ពីការហ្វឹកហាត់ និង​ប្រកួត​សម ក៏មា​ន​​ការ​ប្រឡង​ធ្វើ​តេស្ត​សមត្ថ​ភាព​ជា​ប្រចាំ​ផង​ដែរ ដើម្បី​បាន​ដឹង​ពីការ​វិវឌ្ឍ​របស់​អត្ត​ពលិក​ម្នាក់ៗ​។

ជា កញ្ញាបញ្ជាក់​ថា៖​ «​សម្រា​ប់​ការ​ហ្វឹកហាត់ នៅ​ក្នុង​ស្រុក គឺ​ពេល​យើង​ឈឺ​បន្តិច យើងអាច​សម្រាកបាន ប៉ុន្តែ​ចំពោះការ​ហា​ត់​នៅចិន ពេល​យើង​ឈឺ​ដៃ គ្រូឱ្យ​ហាត់​ជើង ពេលឈឺ​ជើង ឱ្យ​ហាត់​ដៃ។ អ៊ីចឹង​វា​ធ្វើ​ឱ្យ​សមត្ថ​ភាព​របស់​យើង ចេះ​តែ​មានការកើន​ឡើង​ជាបន្តបន្ទាប់​ ហើយ​ការ​ហ្វឹក​​ហាត់​នៅចិន គេ​យកចិត្ត​ទុក​ដាក់ និង​​មើល​ថែ​យើង​ដិត​ដល់​ណាស់ អ៊ីចឹង​ទោះបីជា​ការ​​ហាត់ មាន​ការ​លំបាក​ក៏​យើ​ង​មាន​ភាព​កក់ក្តៅ​ដែរ»។

សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ហ្វឹក​ហាត់ នៅប្រ​ទេ​ស​ចិន​ជា​លើក​ទី​២ ដើម្បី​ត្រៀមការ​ប្រកួត​កីឡាអា​ស៊ី លើក​ទី១៩​នេះ ជា កញ្ញា ចង់​​​ពង្រឹង​សមត្ថ​ភាពខ្លួន​ឯង​ឱ្យបាន​ខ្លាំង​ថែម​ទៀត។ បើទោះ​បីជា​នា​ង មិន​រំពឹង​ខ្ពស់ ក្នុង​ការ​ដណ្តើម​បាន​លទ្ធផល​ល្អ ក្នុង​ការ​ប្រកួត​កីឡាអាស៊ី​នេះ ប៉ុន្តែកញ្ញា ជឿជាក់​ថា ការ​ហ្វឹក​ហាត់​ខ្លាំង​នៅចិននឹ​ង​អាច​ជួយ​​នាងឱ្យ​កើន​កម្រិត​បច្ចេ​ក​ទេសថែម​ទៀត ដើម្បី​សម្រួច​ទៅ​រក​ការ​ឈ្នះ​បានមេដាយ​មាស​ស៊ីហ្គេម​ម្តង​ទៀត ក៏ដូច​ជា​អាច​ទទួល​បាន​ឱកាស​ប្រកួត​កម្រិត​ពិភ​ព​លោក​នៅ​​ពេ​ល​ណា​មួយ​។

ជា កញ្ញា​បន្ថែម​ថា៖ «​​ការ​ប្រឹង​ប្រែង​ហ្វឹកហាត់​រយៈ​ពេល​៦​ខែ នៅប្រទេស​ចិន​កន្លង​មក​នេះ បា​ន​ធ្វើ​ឱ្យ​ខ្ញុំសម្រេច​​គោលដៅ​ទី​១​ហើយគឺ​ឈ្នះ​បាន​មេដាយ​មា​ស​ស៊ីហ្គេម។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ឱ្យកើនឡើង​​ថែម​ទៀត ព្រោះ​ទិសដៅ​សំខាន់​១​ទៀត​របស់​ខ្ញុំ គឺ​បន្ត​ឈាន​ទៅ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៥ ដោយ​ខ្ញុំ​ចង់​ឈ្នះ​បាន​មេ​ដាយ​មាស ​ម្តង​ទៀត ហើយ​​ខ្ញុំ​ជឿ​ថា កា​រខិត​ខំហ្វឹក​ហាត់ ​ដោយមិន​បោះ​​បង់​របស់​ខ្ញុំ នឹង​អាច​ជួយ​ឱ្យ​ខ្ញុំ ​ឈាន​ទៅ​សម្រេច​គោល​ដៅ​​»។

ដោយ​ឡែក ចំពោះ​អតីត​ម្ចាស់​មេដាយមាស​ស៊ីហ្គេម ឆ្នាំ​២០​០​៩ និងឆ្នាំ​២០១៣​ ចូវ សុធារ៉ា ដែ​ល​ជាគ្រូ​បង្វឹក​ផ្ទាល់ និងជា​អាណាព្យាបាល​របស់ជា កញ្ញា ផង​នោះ បាន​បង្ហាញ​ឆន្ទៈ​ក្នុងការ​ជំរុញ​ឱ្យ កញ្ញា ឈាន​ទៅ​បង្កើត​បាន​លទ្ធផល​ដ៏​ល្អ​មួយ ក្នុងការ​ប្រកួ​ត​​កីឡា​អាស៊ីលើកទី​១៩ នៅ​ប្រទេ​សចិន​ មុនគិត​ទៅ​ដល់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ។

ចូវ សុធារ៉ា ​និយាយ​ថា​៖ ​«ជា កញ្ញា ​អាច​ធ្វើបាន​ហើយ សម្រា​ប់​ការឈ្នះមេ​ដាយមាស នៅ​ស៊ី​​ហ្គេម ប៉ុន្តែ​អ្វី​ដែល​សំខាន់ ខ្ញុំ​ចង់​ឱ្យគាត់​​ឈាន​ទៅ​ដល់ការ​ប្រកួត​កីឡា​អា​ស៊ី។ បើទោះបីជា​យើង មិន​បានលទ្ធផល​ល្អ​ គឺ​​​យ៉ាង​​ហោ​ច​​​​ណាស់ក៏បាន​ចូល​ដល់​ជុំ​ផ្តាច់​ព្រ័ត្រ​ដែរ​គឺខ្ញុំ​សង្ឃឹម​ថា គាត់​អាច​ធ្វើបាន​ហើយ​ខ្ញុំ​នឹង ជំរុញ​គាត់​បន្ថែម​ទៀត​»។ អតីត​កីឡា​ការិនី​ជម្រើស​ជាតិ​ចំបាប់ ដែល​ធ្លាប់​បានចូលរួម​ប្រកួត​កីឡា​អាស៊ី ឆ្នាំ​២០០៦នៅ​កាតា ឆ្នាំ​២០​១​០ នៅ​ចិន និង​កីឡា​អាស៊ី​ ឆ្នាំ​២០១​៤ នៅ​កូរ៉េខាង​ត្បូង ចូវ សុធារ៉ា​បន្ថែមថា៖​«ខ្ញុំធ្លាប់ដ​ណ្តើ​ម​បាន​ត្រឹម​លេខ​៥ កាល​ប្រកួត​កីឡា​អាស៊ីឆ្នាំ​២០១០ ប៉ុន្តែ​ខ្ញុំ​ច​ង់​​​ឱ្យ​កូ​ន​សិស្ស​​របស់​ខ្ញុំ ឈាន​ដល់​ដណ្តើម​​បាន​មេដាយ​តែម្តងគឺ​បា​ន​ត្រឹម​មេដាយសំរឹទ្ធក៏​អស់​ចិត្ត​ដែរ​​ហើយ ខ្ញុំ​មានសង្ឃឹម​ខ្លាំ​ង»៕