ភ្នំពេញ៖ ក្រុមមូលនិធិគុនខ្មែរ ដែលត្រូវបានផ្តួចផ្តើមឱ្យមានឡើងដោយអេដមីនប្រដាល់ កំពុងមានប្រជាប្រិយភាពខ្លាំង លោក ស៊ី គឹមសង់ នោះ បានបង្កើនកញ្ចប់ទឹកប្រាក់កាន់តែច្រើន ក្នុងការជួយដល់គ្រប់កីឡាករ កីឡាការិនីប្រដាល់គុនខ្មែរ ដែលមានរបួសធ្ងន់ ដូចជាបាក់ដៃ បាក់ឆ្អឹង និងបាក់ក្តោងច្រមុះជាដើម នៅក្នុងអំឡុងពេលហ្វឹកហាត់ និងប្រកួត។
បើតាមលោក ស៊ី គឹមសង់ ដែលជាអ្នកផ្តួចផ្តើមបង្កើតឱ្យមានមូលនិធិគុនខ្មែរនេះ បានឱ្យដឹងថា មូលនិធិនេះ ត្រូវបានបែកចែកជា ២ ផ្នែក ទី១ មូលនិធីគុនខ្មែរ ដែលកើតចេញពីការប្រមូលផ្តុំអ្នកស្ម័គ្រចិត្តពីគ្រប់ទិសដៅ ក្នុងការចូលរួមជួយដល់កីឡាករ កីឡាការិនីប្រដាល់ ពេលមានរបួស ហើយមូលនិធិ ដែលបង្កើតឡើង ចន្លោះពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ នេះ គ្មានមេដឹកនាំទេ តែជាការចូលរួមជួយទាំងអស់គ្នា ទៅតាមលទ្ធភាពជាក់ស្តែង ចំណែកថវិកាប្រមូលផ្តុំបាន ក៏ទៅតាមហ្នឹងដែរ។
លោកបានបញ្ជាក់៖ «ចំពោះក្រុមមូលនិធិគុនខ្មែរ ពីមុន គឺនៅពេលកីឡាករ កីឡាការិនីប្រដាល់ណាម្នាក់ មានរបួសធ្ងន់ យើងមានក្រុម សម្រាប់រៃអង្គាសថវិកាពីសប្បុរសជន ដោយយើងមានការប្រកាស នៅលើផេចហ្វេសប៊ុក ហើយអ្នកណាចូលរួម យើងកត់ឈ្មោះគាត់ទៅតាមលំដាប់លំដោយ ដើម្បីប្រមូលថវិកាទាំងអស់ យកមកឱ្យខ្ញុំ ដើម្បីយកទៅជួយផ្ទាល់ដល់កីឡាករ កីឡាការិនី ដែលមានរបួសនោះទាំងអស់តែម្តង ដោយជំនាន់នោះ មានអ្នករបួសធ្ងន់ច្រើនណាស់»។
អ្នកអត្ថាធិប្បាយ ដែលមានឪពុកជាគ្រូប្រដាល់តាមភូមិរូបនេះ បានបន្ថែម៖ «នៅក្នុងរយៈពេលជាង៣ឆ្នាំនោះ ខ្ញុំបានចូលរួមជួយដល់កីឡាករ កីឡាការិនីមានរបួសធ្ងន់ រួមទាំងក្លិប ដែលមានការខ្វះខាត់ បានចូល ៣០ ករណី ហើយកាលនោះ មូលនិធិរបស់យើង មានសមាជិកចូលរួមច្រើនណាស់ ព្រោះរាល់អ្នកស្ម័គ្រចិត្ត ដែលបានចូលរួមជួយ យើងបានដាក់ចូលក្នុងក្រុមហ្នឹងទាំងអស់ ប៉ុន្តែនៅពេលសម័យកូវីដ ១៩ ក្រុមនេះ បានបែកគ្នាអស់»។
បន្ទាប់ពី មូលនិធិគុនខ្មែរ ដំណាក់កាលទី១ ត្រូវបានបែកខ្ញែក គឺមូលនិធិគុនខ្មែរ នៅក្នុងដំណាក់កាលទី២ ត្រូវបានបង្កើតឡើង នៅខែមីនា ឆ្នាំ ២០២៣ ដែលមានអេដមីន គឹមសង់ ជាអ្នកផ្តួចផ្តើមដដែល។ មូលនិធិនេះ មានអ្នកចូលរួម១៤នាក់ ដោយអ្នកទាំង១៤ នេះ មានភារកិច្ចត្រូវចំណាយថវិកា ទៅតាមអ្វីដែលខ្លួនបានកំណត់ក្នុងការជួយរៀងៗខ្លួន ដែលមានចាប់ពី ៥ ម៉ឺនរៀល រហូតដល់ ៤០ ម៉ឺនរៀល ហើយចំនួនទឹកប្រាក់នៃការជួយនេះ នឹងមានការកើនឡើង ទៅតាមចំនួនកីឡាករ កីឡាការិនី ដែលមានរបួសធ្ងន់ ក្នុង ១ ខែៗ។
លោក ស៊ី គឹមសង់ បានបន្ថែមថា៖ «បើទោះបីជា មូលនិធិគុនខ្មែរ ជាកញ្ចប់ នេះ ទើបតែត្រូវបានបង្កើតឡើង នៅឆ្នាំ ២០២៣ នេះ ប៉ុន្តែចំនួនទឹកប្រាក់ ដែលជួយដល់កីឡាករ កីឡាការិនីមានរបួសធ្ងន់ក្នុងម្នាក់ៗ គឺពីដំបូងបានម្នាក់ ១ លាន ២០ ម៉ឺនរៀលនាក់ ប៉ុន្តែរហូតដល់ពេលនេះ ចំនួនទឹកប្រាក់ បានកើនដល់ ១ លាន ៦៧ ម៉ឺនរៀល សម្រាប់អ្នកមានរបួសធ្ងន់ ១ នាក់ ហើយគិតត្រឹមពេលនេះ យើងបានជួយដល់កីឡាករ កីឡាការិនីមានរបួសធ្ងន់បាន ១២ ករណីហើយ»។
ជាមួយគ្នានេះ បុរសមានដើមកំណើត នៅខេត្តកំពង់ធំ ស៊ី គឹមសង់ បានបង្ហាញមហិច្ឆតា ក្នុងការប្រមូលថវិកាពីសប្បុរសធម៌ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជួយដល់កីឡាករ កីឡាការិនីប្រដាល់មានរបួសធ្ងន់ ជាបន្តបន្ទាប់ទៀត ព្រោះពិធីករប្រដាល់រូបនេះ បានមើលឃើញថា ការជួយសម្រួលពីស្ថានីយទូរទស្សន៍ផ្សេងៗ លើថ្លៃព្យាបាលដល់កីឡាករ កីឡាការិនី ដែលមានរបួសធ្ងន់ ដូចជាបាក់ដៃ បាក់ឆ្អឹង បាក់ជើង និងបាក់ក្តោងច្រមុះ ជាដើមនោះ នៅមិនទាន់បានជួយឱ្យពួកគេ មានភាពកក់ក្តៅគ្រប់គ្រាន់នៅឡើយទេ។
អេដមីន គឹមសុង បានបញ្ជាក់ថា៖ «ខ្ញុំទទួលស្គាល់ថា ពេលកីឡាករមានរបួស ខាងស្ថានីយ៍ទូរទស្សន៍ បានជួយរ៉ាប់រងលើការចំណាយ សម្រាប់ថ្លៃព្យាបាលឱ្យ ក៏ប៉ុន្តែសួរថា ក្រោយការព្យាបាលដូចជារបួសបាក់ដៃ បាក់ជើង និងបាក់ក្តោងច្រមុះ ជាដើម តើគាត់ទៅធ្វើអ្វីកើត ក្នុងរយៈពេល ២ ទៅ ៣ ខែហ្នឹង អ៊ីចឹងក្រុមមូលនិធិគុនខ្មែររបស់ខ្ញុំ គឺមានកញ្ចប់ថវិកា សម្រាប់ជួយដល់គ្រប់កីឡាករ កីឡាការិនី ដែលមានរបួសធ្ងន់ទាំងនោះ ដើម្បីកុំឱ្យពួកគាត់ មានអារម្មណ៍ឯកា នៅពេលខ្លួនធ្វើអ្វីមិនទាន់កើត ឬឡើងប្រកួតមិនទាន់បាន ហើយការជួយនេះ វាកើតចេញពីទឹកចិត្តអាណិតអាសូរ ចំពោះពួកខ្ញុំ ទៅដល់កីឡាករ កីឡាការិនីរបស់យើងតែម្តង»៕