ភ្នំពេញ៖ ទោះបានចូលប្រឡូកក្នុងអាជីពជាពិធីករប្រដាល់ក្រោយគេ ប៉ុន្តែការព្យាយាមស្រាវជ្រាវដើម្បីនាំយកពាក្យបច្ចេកទេសនៃឈ្មោះក្បាច់គុនខ្មែរ មកអត្ថាធិប្បាយជាមួយទឹកដមសំឡេងដ៏ក្រអួនក្រអៅ និងឮច្បាស់ៗនោះ បានជួយឱ្យអេដមីន ស៊ី គឹមសង់ ទទួលបានការគាំទ្រ និងមានប្រជាប្រិយខ្លាំង ហើយបច្ចុប្បន្ន គឹមសង់ បាននិងកំពុងដាក់ចិត្តកាន់តែខ្លាំងលើការងារមួយនេះ ដើម្បីរួមចំណែកជួយផ្សព្វផ្សាយប្រដាល់គុនខ្មែរ ឱ្យកាន់តែមានភាពផុសផុលថែមទៀតទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
យ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដោយឆ្លងកាត់ការប្រមាថមើលងាយស្ទើររាប់មិនអស់ ដើម្បីក្លាយជាពិធីករប្រដាល់ ដែលមានឈ្មោះបោះសំឡេង នាពេលនេះ ស៊ី គឹមសង់ បានទម្លាយថា វាមិនមែនជាការសម្រេចក្តីស្រមៃ តាមគោលដៅធំ ដែលរូបគេចង់បានតាំងពីកុមារភាព គឺការក្លាយជាមគ្គទេសក៏ទេសចរណ៍នោះទេ ប៉ុន្តែ គឹមសង់ ក៏មិនសោយស្តាយចំពោះជម្រើសនេះដែរ។
ជាកូនកសិករម្នាក់ រស់នៅភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ កុមារ ស៊ី គឹមសង់ បានធំដឹងក្តីឡើង នៅក្នុងគ្រួសារអ្នកប្រដាល់ ដែលមានលោកឪពុក កែ សើ ជាគ្រូបង្វឹកប្រដាល់តាមភូមិ ប៉ុន្តែនៅក្នុងចំណោមកូនប្រុសទាំង៣នាក់នេះ គឺមានតែកូនទី២ ស៊ី គឹមសុន ម្នាក់ទេ ដែលបានដាក់ចិត្តហាត់ប្រដាល់ខ្លាំង និងបានឡើងមកប្រកួតថ្នាក់ជាតិ និងតាមសង្វៀននៅភ្នំពេញ បានប្រមាណ ១០ ដង ចំណែកកូនទី១ ស៊ី គឹមសាន្ត និងកូនពៅ ស៊ី គឹមសង់ បានហាត់ប្រដាល់ត្រឹមតែការពារខ្លួនប៉ុណ្ណោះ។
ក្រៅពីការហាត់ប្រដាល់នេះ គឹមសង់ បានជាប់ចិត្តខ្លាំងទៅលើការលេងបាល់ទាត់ និងបាល់ទះ ហើយក៏មានបំណងចង់ចាប់យកការលេងបាល់ទាត់ ជាអាជីពផងដែរ ប៉ុន្តែលោក កែ សើ និងអ្នកស្រី ហាក់ រ៉ុន ជាម្តាយ បានរារាំងបំណងនេះ គឺអ្នកមានគុណទាំង ២ បានជំរុញឱ្យ គឹមសង់ ផ្តោតសំខាន់ទៅលើការសិក្សាជាធំ ដោយសារកូនប្រុសពៅម្នាក់នេះ ជាក្មេងរៀនពូកែជាងគេ នៅក្នុងភូមិ។
ជាមួយការជំរុញនេះ គឹមសង់ មិនសូវបានបញ្ចេញកម្លាំងច្រើន ក្នុងការធ្វើពលកម្មរកកម្រៃទ្រទ្រង់ក្នុងគ្រួសារដូចបងប្រុសទាំង ២ នាក់របស់ខ្លួននោះទេ ព្រោះក្នុងគ្រួសារទាំងមូល សុទ្ធតែចង់ឱ្យ គឹមសង់ រៀនបានខ្ពស់ និងមានការងារធ្វើល្អ។ ក៏ប៉ុន្តែក្មេងប្រុសម្នាក់នេះ នៅតែឆ្លៀតពេលទៅរកការងារធ្វើ ជាអ្នករត់តុ ផ្នែកចាប់ទឹកកក ជាមួយក្រុមចុងភៅរោងការ ដើម្បីបានលុយយកមកសិក្សា និងជួយដល់គ្រួសារ។
រំឭកទៅដល់អតីតកាលនេះ ស៊ី គឹមសង់ បាននិយាយថា៖ «សម្រាប់ជីវភាព នៅក្នុងគ្រួសារខ្ញុំ មានការពិបាក ប៉ុន្តែឪពុកម្តាយខ្ញុំ មិនដែលឱ្យខ្ញុំពិបាកទេ គឺពិបាកតែបងៗរបស់ខ្ញុំ ដែលត្រូវធ្វើការងារជួយដល់គ្រួសារ ព្រោះពួកគាត់ចង់ឱ្យខ្ញុំរៀនសូត្របានខ្ពង់ខ្ពស់ដូចគ្នា។ ប៉ុន្តែនៅពេលរៀនដល់ថ្នាក់ទី៧ ខ្ញុំបានយកពេលទំនេរ និងពេលខ្លះត្រូវខានរៀនក៏មាន ដើម្បីទៅធ្វើការងារជាអ្នកចាប់ទឹកកក ដោយ ១ ថ្ងៃបាន ១២ ០០០ រៀល ព្រោះខ្ញុំមិនចង់ចាំតែសុំលុយម៉ែយកទៅរៀននោះទេ»។
ដោយមានការលើកទឹកចិត្តពីក្រុមគ្រួសារនេះ ក្មេងប្រុស គឹមសង់ បានដាក់ចិត្តរៀនសូត្រខ្លាំង ទាំងការសិក្សា នៅសាលារដ្ឋ តាំងពីថ្នាក់ទី១ ដល់ទី១២ ក្នុងនាមជាសិស្សពូកែ ហើយជាមួយគ្នានោះ គឹមសង់ ក៏បានឆ្លៀតពេលរៀនភាសាអង់គ្លេស នៅវត្តគុហនគរ ជាមួយព្រះតេជគុណ បឿន ផងដែរ។
ជាមួយការព្យាយាមនេះ គឹមសង់ បានក្លាយជាក្មេងជនបទ ដែលចេះនិយាយភាសាអង់គ្លេស តាំងពីនៅតូច និងអាចរកបានចំណូលខ្លះៗ តាមរយៈការបកប្រែឱ្យជនបរទេស ដែលបានដើរកម្សាន្ត ទៅដល់ភូមិស្រុករបស់ខ្លួន ហើយចំណេះដឹងនេះ ក៏បានជួយឱ្យគេរកបានការងារធ្វើ នៅពេលរូបគេ បានចាកចេញពីស្រុកកំណើត មកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅភ្នំពេញ នាឆ្នាំ ២០១៣ ផងដែរ ដោយកាលនោះ គឹមសង់ បានមកសុំការស្នាក់អាស្រ័យនៅវត្តសារាវ័ន កុដិលេខ ១៣។
យ៉ាងណាក៏ដោយ ការទទួលបានប្រាក់ខែដំបូងចំនួន ១២០ ដុល្លារ សម្រាប់ការបម្រើការងារជាអ្នកទទួលភ្ញៀវ នៅក្នុងសណ្ឋាគារមួយកន្លែង នៅភ្នំពេញ វាមិនគ្រប់គ្រាន់ សម្រាប់ការចំណាយទៅលើការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលត្រូវបង់ ៣៦០ ដុល្លារ ក្នុង ១ ឆ្នាំ នាពេលនោះទេ ហេតុនេះ គឹមសង់ មានសុំម្តាយរបស់ខ្លួន ឱ្យខ្ចីលុយអង្គការ ដើម្បីយកមកបំពេញបន្ថែម និងសម្រួលដល់ការស្នាក់នៅ និងហូបចុកប្រចាំថ្ងៃ។
ស៊ី គឹមសង់ បាននិយាយថា៖ «ម្តាយខ្ញុំបានខ្ចីលុយអង្គការ ដើម្បីទំនុកបម្រុងការសិក្សារបស់ខ្ញុំរយៈពេល ២ ឆ្នាំដំបូង ប៉ុន្តែខ្ញុំបានយកលុយគាត់បង់សាលាតែឆ្នាំទី១ ម្តងទេ ព្រោះចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី៤ ខ្ញុំបានរកលុយរៀនដោយខ្លួនឯង ដោយបានមកពីការធ្វើការងារជាអ្នកទទួលភ្ញៀវផង និងបានមកពីការជូនភ្ញៀវទៅមើលការប្រកួតដាល់ នៅតាមសង្វៀន នាចុងសប្តាហ៍ផង ដោយម្តងៗភ្ញៀវឱ្យចន្លោះពី ៥ ទៅជាង ១០ ដុល្លារ»។
ជាមួយការស្វែងរកចំណូលបន្ថែមនេះ បានជួយឱ្យ គឹមសង់ អាចមានលុយទិញម៉ូតូជិះទៅរៀន ជំនួសការជិះកង់ ក្នុងពេលគេបានរៀនដល់ឆ្នាំទី៣។ ចាប់តាំងពីពេលនោះមក គឹមសង់ តែងមានមុខនៅតាមសង្វៀនប្រដាល់ ហើយវាក៏ជាពេលដែលកំលោះរូបនេះ បានមើលឃើញកាន់តែច្បាស់ ពីទុក្ខវេទនារបស់អ្នកប្រដាល់ ដែលមានរបួសធ្ងន់ ដូចជាបាក់ដៃ បាក់ជើង បាក់ឆ្អឹង និងបាក់ក្តោងចម្រុះ ឬបែកធំ តែគ្មានអ្នកជួយ។
គឹមសង់ បានបញ្ជាក់ថា៖ «កាលនៅស្រុក ខ្ញុំគិតថា នៅពេលកីឡាករមានរបួសធ្ងន់ នឹងមានអ្នកជួយយកទៅព្យាបាល និងឱ្យលុយចាយសមរម្យ ប៉ុន្តែធាតុពិត វាមិនដូច្នោះទេ។ កីឡាករខ្លះ ពេលពេទ្យដេររបួសហើយ ជិះម៉ូតូឌុប ឬតុកតុកទៅផ្ទះយ៉ាងកម្សត់ ហើយពេលសួរទៅ អ្នកខ្លះបានលុយ ១០ ម៉ឺន ទៅ ២០ ម៉ឺនរៀល អាកន្លែងហ្នឹងហើយ ដែលធ្វើឱ្យខ្ញុំមានការខ្លោចចិត្ត ដោយពេលនោះ ខ្ញុំបានសន្យាថា បើថ្ងៃណាមួយ ខ្ញុំបានចូលក្នុងគុនខ្មែរ ខ្ញុំនឹងមិនឱ្យកីឡាករបាក់បែកហ្នឹង មកលំបាករកអីចាយគ្មានអ៊ីចឹងទេ»។
ជាមួយការអាណិតអាសូរនេះ ស៊ី គឹមសង់ បានសម្រេចបង្កើត «មូលនិធិគុនខ្មែរ» នៅឆ្នាំ ២០១៦ ដើម្បីកៀរគរសប្បុរសជន ជិតឆ្ងាយ ដើម្បីចូលរួមជួយឧបត្ថម្ភដល់កីឡាករ ដែលមានរបួសធ្ងន់ និងក្លិបប្រដាល់ ដែលមានការខ្វះខាត បាន៣០ករណីដែរ មុនពេលក្រុមមូលនិធិនេះ ត្រូវបានបិទដោយសារការផ្ទុះឡើងនៃជំងឺកូវីដ ១៩។
ប៉ុន្តែកាលពីខែមីនា ឆ្នាំ ២០២៣ នេះ គឹមសង់ បានសម្រេចបង្កើតមូលនិធិគុនខ្មែរ ជាកញ្ចប់វិញម្តង ដោយមានសមាជិកចូលរួម ១៤ នាក់ ហើយកញ្ចប់ថវិកាជួយដល់អ្នកមានរបួសធ្ងន់ម្នាក់ បានកើនឡើងដល់ ១ លាន ៦៧ ម៉ឺនរៀលហើយ។
គឹមសង់ បានបន្ថែមថា៖ «ខ្ញុំបានបង្កើតមូលនិធិគុនខ្មែរ ដើម្បីជួយដល់កីឡាករ កីឡាការិនីដែលមានរបួសធ្ងន់។ ខ្ញុំទទួលស្គាល់ថា បច្ចុប្បន្ន ពេលកីឡាករមានរបួស ខាងស្ថានីយទូរទស្សន៍ គេជួយរ៉ាប់រងការចំណាយថ្ងៃព្យាបាលឱ្យ ក៏ប៉ុន្តែក្នុងរយៈពេល២ទៅ៣ខែ ក្រោយការព្យាបាលរួច តើគាត់ទៅធ្វើអ្វីកើត? អ៊ីចឹងក្រុមមូលនិធិគុនខ្មែររបស់ខ្ញុំ គឺមានកញ្ចប់ថវិកា សម្រាប់ជួយដល់គ្រប់អ្នកប្រដាល់ ដែលមានរបួសធ្ងន់ទាំងនោះ ដើម្បីកុំឱ្យពួកគាត់មានអារម្មណ៍ឯកា នៅពេលខ្លួនធ្វើអ្វីមិនកើត ឬក៏ឡើងប្រកួតមិនទាន់បានវិញ»។
ជាមួយការស្វះស្វែងជួយដល់កីឡាករមានរបួសធ្ងន់នេះ បានជួយឱ្យ គឹមសង់ ចាប់ផ្តើមទទួលបានការគាំទ្រពីអ្នកគាំទ្រ ដែលធ្វើឱ្យបុរសម្នាក់នេះ អាចបង្កើត Page ផ្សព្វផ្សាយពីប្រដាល់ ដើម្បីរកចំណូល ហើយមុខរបរនេះ បានក្លាយជាឆ្នាំងបាយធំចំពោះ គឹមសង់ នៅពេលរូបគេបានសម្រេចចិត្តឈប់ធ្វើការងារ ជាអ្នកទទួលភ្ញៀវ នៅសណ្ឋាគារ នាឆ្នាំ ២០២១ ដោយសារការផ្ទុះឡើងខ្លាំងជំងឺកូវីដ ហើយក៏ស្របពេលដែលប្រពន្ធរបស់គេ យឹម មុន្នីរ័ត្ន សម្រាលកូនស្រីដំបូងផងដែរ។
នៅក្នុងអំឡុងពេល ដែលវិបត្តិសេដ្ឋកិដ្ឋមានការធ្លាក់ចុះខ្លាំងនោះ គឹមសង់ បានព្យាយាមធ្វើវីដេអូខ្លីៗទាក់ទងនឹងការប្រកួតប្រដាល់គុនខ្មែរគូធំៗ បង្ហោះនៅលើផេចហ្វេសប៊ុក ដើម្បីរកចំណូលតាមយូធូប ដោយវីដេអូខ្លះ មានអ្នកចូលមើលសរុបជាង១លាននាក់ ហើយជាមួយភាពលេចធ្លោនេះ បុរសម្នាក់ឈ្មោះ រដ្ឋា បានទាក់ទងមក គឹមសង់ ឱ្យឡើងនិយាយជាអេដមីន នៅលើ Page ប្រដាល់មួយ ដោយមានគាត់ផ្ទាល់ ជាអ្នកដាក់ការផ្សាយពាណិជ្ជកម្ម ដើម្បីផ្តល់ប្រាក់កម្រៃជាប្រចាំខែឱ្យទៅ គឹមសង់។
រំឭកដល់ការងារដំបូង ជាអេដមីននេះ គឹមសង់ បាននិយាយថា៖ «បង រដ្ឋា ឱ្យខ្ញុំឡើងនិយាយជាអេមីន ដោយសារគាត់ឮសំឡេងខ្ញុំល្អ ហើយរាល់វីដេអូរបស់ខ្ញុំ បង្ហោះនៅលើយូធូប ក៏មានអ្នកចូលមើលច្រើនទៀត តែដោយសារខ្ញុំមិនចូលចិត្ត និងមិនអាចទទួលយកបានពីការរិះគន់ធ្ងន់ៗរបស់អ្នកគាំទ្រមួយចំនួន ដែលបានឃើញស្រាប់ហើយនោះ គឺខ្ញុំបានប្រកែកជាមួយគាត់ មិនព្រមធ្វើដាច់ខាត ហើយពេលនោះ ខ្ញុំក៏មានអារម្មណ៍ខ្មាសអៀន ព្រោះមិនធ្លាប់និយាយ»។
តែទោះបីជាយ៉ាងដោយសារមានការជំរុញ និងលើកទឹកចិត្តម្តងហើយទៀតពីលោក ទី រដ្ឋា គឹមសង់ បានសម្រេចចិត្តធ្វើការជាអេដមីន ហើយដោយសារអ្នកគាំទ្រមួយចំនួន បានស្គាល់ គឹមសង់ តាមរយៈការបង្កើតមូលនិធិគុនខ្មែរស្រាប់នោះ បានធ្វើឱ្យការងារថ្មី ជាអេដមីនប្រដាល់របស់ គឹមសង់ ទទួលបានការគាំទ្រច្រើនគួរសម។
បន្ថែមលើនេះ នៅក្នុងអំឡុងខែតុលា ឆ្នាំ ២០២១ គឹមសង់ បានទទួលការងារធំមួយ គឺការចូលរួមធ្វើពិធីករ ឬអ្នកអត្ថាធិប្បាយ នៅក្នុងកម្មវិធីគុនខ្មែរអលស្តារ ដែលត្រូវបានបង្កើតឡើង ជាលើកដំបូង ដោយលោក ស៊ន អេលីត។ ប៉ុន្តែការឈានជើងចូលប្រជែងជាអត្ថាធិប្បាយ ក្នុងព្រឹត្តិការណ៍ធំនេះ គឹមសង់ បានទទួលការប្រមាថខ្លាំង ពីអ្នកគាំទ្រមួយចំនួន ដោយអ្នកខ្លះបានប្រើពាក្យជេរប្រទេចក៏មាន។
គឹមសង់ បានសង្កត់ធ្ងន់ថា៖ «សម្រាប់ការចូលធ្វើជាអ្នកអត្ថាធិប្បាយ កម្មវិធីគុនខ្មែរអលស្តារពីវគ្គ ១ និងវគ្គ ២ គឺមានអ្នក Comment ជេរខ្ញុំដល់ឆ្មប ហើយមានអ្នកខ្លះទៀត គេយករូបខ្ញុំទៅផ្ទឹមជាមួយពិធីករល្បីៗ រួចនិយាយដៀលត្មះ ដោយឱ្យម្ចាស់កម្មវិធីដកខ្ញុំចេញទៅ។ ខ្ញុំមានការឈឺចាប់ខ្លាំង ហើយបើក្រៅពីខ្ញុំ ប្រហែលជាឈប់បាត់យូរហើយ ព្រោះយើងស្អប់ការប្រមាថ នៅតាមហ្វេសប៊ុកហ្នឹង តែបែរជាមកជួបរឿងនេះទាល់តែបាន»។
«ប៉ុន្តែបង ស៊ន អេលីត នៅតែលើកទឹកចិត្តខ្ញុំឱ្យធ្វើ ដោយគាត់និយាយថា គាត់មិនដកខ្ញុំទេ គឺគាត់ចង់បណ្តុះធនធានថ្មី ហើយខ្ញុំក៏បានដឹងខ្លួនឯងថា គេជេរហ្នឹងត្រូវហើយ ព្រោះគេមិនសូវស្គាល់យើង តែយើងបានចូលក្នុងកម្មវិធីធំ ដែលវាមិនទាន់ស័ក្តិសមនឹងសមត្ថភាពយើង ដោយការនិយាយរបស់យើង មិនទាន់រលូន និងនិយាយដដែលៗ គឺខ្ញុំទទួលស្គាល់កំហុសខ្លួនឯង តែខ្ញុំបានតាំងចិត្តថា ខ្ញុំមិនអាចថយក្រោយនោះទេ គឺខ្ញុំនឹងរកកន្លែងណាមួយ ដើម្បីឱ្យគេចាប់ខ្ញុំបាន និងគាំទ្រខ្ញុំ»។ គឹមសង់ បានបន្ថែម។
ជាមួយការដាក់គោលដៅដ៏មុតមាំនេះ បុរសកូន២ គឹមសង់ បានព្យាយាមដុសខាត់ជំនាញនេះ ដោយបានយកប្រពន្ធរបស់ខ្លួន ជាអ្នកតាមចាប់កំហុសឆ្គងរបស់ខ្លួន នៅរាល់ការអត្ថាប្បាយម្តងៗ ហើយ គឹមសង់ ក៏តែងតែសុំការណែនាំពីពិធីករប្រដាល់ល្បីឈ្មោះ លោក ស៊ីថូ ណាថាន់ ដែលជានិមិត្តរូបរបស់គេផងដែរ គឺ គឹមសង់ តែងយកគំរូការនិយាយល្អរបស់ ស៊ីថូ ណាថាន់ មកអភិវឌ្ឍសមត្ថភាពខ្លួនឯង។
មិនយូរប៉ុន្មាន ការព្យាយាមរបស់ គឹមសង់ បានធ្វើឱ្យអ្នកគាំទ្រ បានមើលឃើញពីតម្លៃរបស់គេ ហើយអ្វីដែលធ្វើឱ្យអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ មានការចាប់ចិត្ត និងគាំទ្រខ្លាំងនោះ គឺការគាស់រំលើងយកពាក្យបច្ចេកទេសទាក់ទងទៅនឹងឈ្មោះក្បាច់គុនខ្មែរ សម័យដើម មកធ្វើការអត្ថាធិប្បាយរបស់ គឹមសង់។
គឹមសង់ បានបញ្ជាក់ថា៖ «ខ្ញុំចាប់ផ្តើមទទួលការគាំទ្រខ្លាំង ពេលខ្ញុំធ្វើពិធីករ ការប្រកួតគុនខ្មែរអលស្តារ វគ្គ ៤ នៅសង្វៀនថោន ដោយកាលនោះ ខ្ញុំបានគាស់រំលើងឈ្មោះក្បាច់គុនពីសម័យដើមរបស់ខ្មែរយកមកនិយាយ ហើយមកដល់ពេលនេះ ខ្ញុំសឹងតែចេះពីចុងជើងដល់ចុងសក់ អ៊ីចឹងអ្នកគាំទ្របានឱ្យតម្លៃដល់យើង»។
ជាមួយការទាញបានប្រជាប្រិយភាពនេះ គឹមសង់ តែងតែនាំយកព្រឹត្តិការណ៍ប្រដាល់ធំៗ មកធ្វើការឡាយបន្ត នៅលើផេចហ្វេសប៊ុក «អេដមីន គឹមសង់» របស់ខ្លួន ហើយអ្វីដែលធ្វើឱ្យការឡាយផ្ទាល់របស់ គឹមសង់ ផ្ទុះខ្លាំងបំផុតនោះ គឺពេលដែលជើងខ្លាំង ធឿន ធារ៉ា បានផ្តួលថៃ SaiyokSakchainrong ក្នុងទឹកទី១ ដើម្បីឈ្នះខ្សែក្រវាត់ Thai Fight ជាលើកដំបូង កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២។
«អ្វីដែលគេស្គាល់ខ្ញុំកាន់តែខ្លាំង គឺពេលខ្ញុំឡាយគូ ធឿន ធារ៉ា និង Saiyok ព្រោះការឈ្នះខ្សែក្រវាត់របស់ ធឿន ធារ៉ា ជាប្រវត្តិសាស្រ្ត សម្រាប់ប្រដាល់គុនខ្មែរ ហើយក៏ជាប្រវត្តិសាស្រ្ត ដែលមានអ្នកចូលមើលច្រើនបំផុត មិនធ្លាប់មាន ដោយកាលនោះ ពេលខ្ញុំឡាយ មានអ្នកចូលមើលជាង ២៣០K គឺខ្ញុំបានរួមចំណែកជួយឱ្យគុនខ្មែរ មានការផ្ទុះខ្លាំង ហើយពេលនោះ ខ្ញុំក៏បានរៃលុយឱ្យ ធឿន ធារ៉ា បានចូល៥លានរៀលផងដែរ»។ គឹមសង់ បានបញ្ជាក់។
ជាមួយការទទួលបានប្រជាប្រិយភាពនេះ បានជួយឱ្យ ស៊ី គឹមសង់ ទទួលបានឱកាសទៅធ្វើពិធីករប្រដាល់ ក្នុងកម្មវិធី Kun Khmer All Stars លើកទី៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ជាលើកដំបូង កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ ហើយក្នុងរយៈពេលជាងកន្លះឆ្នាំចុងក្រោយនេះ គឹមសង់ បានទម្លាយថា គេអាចរកបានចំណូលច្រើនគួរសម ដើម្បីធ្វើឱ្យជីវភាពគ្រួសារប្រសើរ ដោយពេលនេះ គឹមសង់ រកពេលធ្វើការងារឱ្យគេមិនបានផង។
តែទោះបីជាយ៉ាងណា សម្រាប់ជំនាញជាពិធីករប្រដាល់នេះ គឹមសង់ បានអះអាងថា រូបគេនៅមិនទាន់ជោគជ័យ នៅឡើយទេ គឺការអត្ថាធិប្បាយនៅក្រោមសង្វៀន អាចទទួលយកបាន ប៉ុន្តែចំពោះការឡើងនិយាយផ្ទាល់ នៅលើសង្វៀន គឺរូបគេនៅញ័រ និងភ័យ ព្រោះទើបទទួលបានឱកាស ឡើងនិយាយនៅលើសង្វៀនបាន៥ដងទេគិតមកដល់ពេលនេះ។
គឹមសង់ និយាយថា៖ «ខ្ញុំត្រូវពង្រឹងការអត្ថាធិប្បាយ នៅលើសង្វៀន ឱ្យដូចនៅខាងក្រោម ហើយខ្ញុំចង់ពង្រឹងការអត្ថាធិប្បាយជាភាសាអង់គ្លេសឱ្យបានល្អផងដែរ ដើម្បីធ្វើឱ្យការអត្ថាធិប្បាយរបស់ខ្ញុំ កាន់តែប្រសើរ។ ខ្ញុំចង់បង្កើតអ្វី ដែលកាន់តែអស្ចារ្យ ជាពិសេសការយកពាក្យគន្លឹះនៃក្បាច់គុនដូនតាយើង មកប្រើឱ្យអស់តែម្តង ដើម្បីកុំឱ្យបាត់ឈ្មោះ ព្រោះការងារជាពិធីករនេះ ជាការរួមចំណែកយ៉ាងសំខាន់មួយ ក្នុងការជួយផ្សព្វផ្សាយគុនខ្មែរ មិនត្រឹមតែនៅក្នុងប្រទេសនោះទេ ប៉ុន្តែនឹងធ្វើឱ្យគុនខ្មែរ កាន់តែល្បីរន្ទឺ នៅលើឆាកអន្តរជាតិ»។
តែទោះបីជាយ៉ាងណា ស៊ី គឹមសង់ បានទម្លាយពីអារម្មណ៍ពិតរបស់ខ្លួនថា ការចាប់យកអាជីពជាអ្នកអត្ថាធិប្បាយប្រដាល់នេះ មិនមែនជាគោលដៅធំរបស់គេនោះទេ ព្រោះក្តីស្រមៃរបស់គេ គឺចង់ក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ ដ៏ឆ្នើមម្នាក់ ទៅតាមជំនាញសិក្សារបស់ខ្លួន នៅមហាវិទ្យាល័យ ប៉ុន្តែ គឹមសង់ មិនបានសោកស្តាយនោះទេ។
«ខ្ញុំមានគោលដៅរៀនពីប្រវត្តិសាស្រ្ត ឱ្យបានជ្រាលជ្រៅ ដើម្បីនិយាយឱ្យភ្ញៀវបរទេសស្គាល់ពីកម្ពុជា ប៉ុន្តែពេលរៀនចប់ ខ្ញុំបែរជាក្លាយជាអ្នកផ្សាយប្រដាល់។ ប៉ុន្តែការបោះបង់គោលដៅក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ មកក្លាយជាអ្នកផ្សាយប្រដាល់ដូចរាល់ថ្ងៃនេះ ខ្ញុំអត់ស្តាយក្រោយទេ ព្រោះខ្មែរយើង ឬបុគ្គលម្នាក់ៗ មានតួនាទីជួយជាតិ ទៅតាមអ្វីដែលអាចធ្វើទៅបាន»។
ស៊ី គឹមសង់ បានបន្ថែមថា៖ «ពីមុនខ្ញុំចង់ជួយជាតិ តាមរយៈការផ្សព្វផ្សាយវប្បធម៌ជាតិច្បាស់ៗ ឱ្យបរទេសស្គាល់ពីទឹកដីកម្ពុជា ប៉ុន្តែឥឡូវនេះ ខ្ញុំបានជួយផ្សាយគុនខ្មែរ និងជួយកីឡាករ ដែលមានរបួសធ្ងន់ ក៏ដូចជាគាស់រំលើងគុនខ្មែរឱ្យគេមើលវិញ ហើយចាប់ផ្តើមពី ធឿន ធារ៉ា បានឈ្នះខ្សែក្រវាត់នៅថៃមក គឺបងប្អូនយើង បានជួយចែករំលែកការផ្សាយគុនខ្មែរធ្វើឱ្យមានអ្នកគាំទ្រប្រដាល់ភ្លូកទឹកភ្លូកដី អ៊ីចឹងខ្ញុំមានអារម្មណ៍សប្បាយចិត្ត បើទោះបីជាខ្ញុំមិនបានក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ តាមក្តីស្រមៃ តាំងពីនៅតូចក៏ដោយ»៕