ភ្នំពេញៈ ក្រុម​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ដែល​ទើប​បាន​បំបែក​កំណត់​ត្រាឈ្នះ​បាន​មេដាយ​មាស​ ១០​ ប្រាក់ ​៨ ​និង​សំរឹទ្ធ​ ៩ ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣ ​នៅ​លើ​ទឹកដី​ខ្លួន​ឯង ​កាល​ពី​ខែ​ឧសភា​កន្លង​មក ​បាន​និង​កំពុង​ហ្វឹក​ហាត់​ ពង្រឹង​សមត្ថ​ភាព​ខ្លួន​ឯងឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត ​ដើម្បី​ត្រៀម​ចូលរួម​ការប្រ​កួត​ជើង​ឯក​ពិភព​លោក​ នៅ​ទីក្រុង​ហូជី​មិញ ​ប្រទេស​វៀត​ណាម ​ចាប់​ពី​ថ្ងៃទី​ ២២ ​ខែវិច្ឆិកា ​ដល់​ថ្ងៃទី​ ២ ខែធ្នូ ខាង​មុខ​​។​

​លោក ​កៅ ​មករា គ្រូបង្វឹក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ​បាន​ប្រាប់​កាល​ពី​ថ្ងៃទី ​១៨​ ខែតុលា​ថា ​សហ​ព័ន្ធ​កីឡាវ៉ូវី​ណាម​កម្ពុជា​ នឹង​បញ្ជូន​ក្រុម​កីឡា​ករ​ កីឡា​ការិនី​របស់ខ្លួន ​ចំនួន ​២៨ ​នាក់ (​ស្រី​ ១១​ នាក់​) ព្រម​ទាំង​គ្រូ​បង្វឹក​ ៥​ នាក់ ថ្នាក់​ដឹក​នាំ និង​គ្រូ​ពេទ្យ​ចំនួន ​៦ ​នាក់ ​ឱ្យទៅ​ចូលរួម​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើង​ឯក​ពិភព​លោក​នៅ​ប្រទេស​វៀត​ណាមលើក​នេះ ​ដោយ​អ្នក​ទាំង​អស់​នេះ ​ នឹងត្រូវ​ប្រកួត​ប្រជែងលើ​វិញ្ញាសា​ចំនួន ​២៦ ​ក្នុង​នោះ​វិញ្ញា​សា​ប្រយុទ្ធ​ចំនួន ​១០ និង​វិញ្ញា​សា​សម្តែង​មាន​ចំនួន​ ១៦​។​

​យ៉ាង​ណាក៏​ដោយ​ លោក ​កៅ មករា មិន​ទាន់​អាច​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ កីឡា​ការិនី ទាំង​ ២៨ ​នាក់ ​ដែល​ត្រូវ​បាន​ជ្រើស​រើសឱ្យ​ប្រមូល​ផ្តុំ សម្រាប់​ត្រៀម​ការប្រ​កួត​ជើង​ឯក​ពិភព​លោកនាពេល​ខាងមុខ​ទេ ​ក៏ប៉ុន្តែ​លោក​បាន​បង្ហើប​ថា នៅ​ក្នុង​ចំណោម​អ្នក​ទាំង​ ២៨​នាក់​នេះ​ គឺ​សហ​ព័ន្ធបាន​ជ្រើសរើស​បន្ថែម​តែ ​៤ ​ប្រភេទ​វិ​ញ្ញាសា​ដែល​ខ្វះ​ប៉ុណ្ណោះ។ ​ចំណែក​អ្នក​ផ្សេង​ទៀត គឺ​សុទ្ធតែ​ជា​អ្នក​ធ្លាប់​បាន​សាង​ស្នាដៃ ​ដ​ណ្តើមបាន​មេដាយ​ជូន​ជាតិ​កន្លង​មក ជា​ពិសេស​អ្នក​ធ្លាប់​ឈ្នះ​មេ​ដាយនៅ​ស៊ី​ហ្គេម​។​

​គ្រូបង្វឹក​រូ​បនេះ​បាន​បន្ថែម​ថា​៖ «​យើង​បាន​ធ្វើ​តេស្ត​ជ្រើស​រើស​បន្ថែម​តែ​ ៤​ វិញ្ញាសា​ទេ ដែល​បាន​បញ្ចប់​ កាល​ពី​ព្រឹក​ថ្ងៃទី ​១៨ ​ខែតុលា ​ចំណែក​អ្នក​មាន​សមិទ្ធ​ផល​ខ្ពស់ៗ ​ដែល​ទើប​ដណ្តើម​បាន​មេដាយនៅ​ស៊ី​ហ្គេមកាល​ពីពេ​ល​ថ្មីៗ​នេះ ​គឺ​មាន​ឈ្មោះ​ទាំង​អស់​ សម្រាប់​ការ​ត្រៀម​ចូល​រួម​ប្រកួត​ជើង​ឯក​ពិភព​លោក​ នៅ​ប្រទេស​វៀត​ណាមខាង​មុខ​»​។​

ទោះ​បីជា​យ៉ាង​ណា ​ចំពោះ​ម្ចាស់​មេ​ដាយ​ស៊ី​ហ្គេម ​២ ​សម័យ​កាល​ អេ វិ​រៈ​ខាំ​ឈិ​ត​ភូ​ថង (​ម៉ឺន មេ​ឃា​) និង​ប្អូន​ប្រុស​របស់​គេ ​អេ អាំ​ម៉ា​រី​ន​ភូ​ថង ​មិន​មាន​ឈ្មោះ​ នៅក្នុង​ការ​ប្រមូលផ្តុំ​លើក​នេះ​ទេ ​ដោយ​សារ​កូន​ប្រុស​របស់​លោក អេ ភូ​ថង ទាំង​ ២​ នេះ ​ជាប់​ប្រកួត​គុន​ខ្មែរ ​ឱ្យ​ដៃគូ​សហ​ការ​របស់​ពួកគេ​។ ចំណែក​អ្នក​បាន​ឈ្នះ​មេដាយ​មាស​ស៊ី​ហ្គេមផ្សេងៗ​ទៀត ​ជា​ពិសេស​កីឡា​ការិនី ​ប៉ាល់ ​ឆរ​ស្ម៊ី ដែ​ល​ឈ្នះ​បាន​មេដាយ​មាស ​៤ ប្រាក់​ ១ និង​សំរឹទ្ធ​ ១ តែ​ម្នាក់​ឯង​នោះ ​ព្រម​ទាំង​កីឡា​ការិនី​ឆ្នើម​ ពៅ សុខា ​សុទ្ធ​តែ​មាន​វត្ត​មានសម្រាប់​ការ​ត្រៀម​ចេញ​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោកនាពេល​ខាង​មុខ​។​

​ជា​មួយ​គ្នានេះ ​លោក ​កៅ មករា​ បាន​បង្ហាញ​ក្តី​ស​ង្ឃឹម និង​ជឿជាក់​ថា ក្រុម​កីឡាករ ​កីឡា​ការិនី​វ៉ូ​វី​ណា​ម​កម្ពុជា នឹង​អាច​ដណ្តើម​បាន​មេដាយ​មាស​ជូន​ជាតិ​ជា​មិន​ខាន​ឡើយ ​ព្រោះ​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ពិភព​លោក​កន្ល​ងមក គឺ​ក្រុម​នេះ ​តែងតែ​ឈ្នះ​បាន​មេដា​យមាស​ មិនដែល​ខាន​ឡើយ​ ខណៈ​បច្ចុប្បន្ន​ពួក​គេមាន​សមត្ថ​ភាព​កាន់​តែ​ល្អ និ​ង​មាន​ទំនុក​ចិត្ត​កាន់តែ​​ខ្ពស់​ក្នុងការ​ប្រកួត​ប្រជែង​ បន្ទាប់ពី​បាន​បង្កើត​កំណត់​ត្រា​ឈ្នះ​មេដាយ​មាស​យ៉ាង​ច្រើន កាល​ពីស៊ី​ហ្គេម ​ឆ្នាំ​២០២៣​នេះ​។​

​គ្រូ​បង្វឹក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា លោក ​កៅ មករា បាន​បញ្ជាក់ថា​៖ «​សម្រាប់​ការ​ប្រកួត​ជើងឯក​ពិភព​លោក ​នៅ​ប្រទេស​វៀត​ណាម​ខាង​មុខ​ យើង​ដឹង​តែ​អាច​ឈាន​ទៅ​ដណ្តើម​យក​មេដាយ​មាស​បាន​ហើយ គ្រាន់​តែ​មិន​ទាន់​ច្បាស់​ថា យើង​បាន​ប៉ុន្មាន​មេដាយ​មាស​ ​ព្រោះ​ពេល​នេះ​ គុណ​ផល​កីឡា​របស់​កីឡាករ​ កីឡា​ការិនី​យើង កាន់​តែ​ល្អ​ប្រសើរហើយ​»៕