ភ្នំពេញៈ ​មនុស្ស​ប្រុស ស្រី ទាំង​ក្មេង ចាស់ និង​ជនបរទេស​សរុប​ជិត​ ៩០០​ នាក់ បាននាំគ្នា​ទៅ​ចូលរួម​ការប្រកួតប្រណាំង​កង់ និង​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង លើក​ទី​៨ នៅលើ​ភ្នំ​បូកគោ (The 8th Bokor Cycling Tour and Half Marathon 2023) ខណៈ​ព្រឹត្តិការណ៍​សប្បុរសធម៌​ប្រចាំឆ្នាំ​ដ៏​ធំ​នៅលើ​ទឹកដី​ខេត្តកំពត​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​រៃអង្គាស​ថវិកា​យកទៅជួយ​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​។​

​លោក កែវ សិទ្ធ នាយក​ផ្នែក​លក់​នៃ​សណ្ឋាគារ​សុខា បាន​ប្រាប់ថា ព្រឹត្តិការណ៍​ប្រណាំង​កង់ និង​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅលើ​ភ្នំ​បូកគោ​នេះ​ត្រូវបាន​បង្កើតឡើង តាំងពី​ឆ្នាំ ​២០១៣ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុន​សុខាអូតែល ដែល​លោក​តែង​គិតគូរ និង​ចូលរួម​យ៉ាងសកម្ម នៅក្នុង​កិច្ចការ​មនុស្សធម៌ និង​សង្គម ហើយ​ការប្រកួត​នៅ​ឆ្នាំនេះ​មាន​អ្នក​ស្នេហា​កីឡា​ចូលរួម​សរុប​ចំនួន ​៨៩៧ ​នាក់ ក្នុងនោះ​មាន​អ្នករត់​ប្រណាំង​៧៣៥​នាក់ និង​មាន​អ្នក​ប្រណាំង​កង់​១៦២​នាក់​។​

​នាយក​ផ្នែក​លក់​នៃ​សណ្ឋាគារ​សុខា​រូបនេះ បាន​បញ្ជាក់ថា​៖ «​ព្រឹត្តិការណ៍​កីឡា នៅ​ភ្នំ​បូកគោ​នេះ ត្រូវបាន​អ្នកឧកញ៉ា សុខ គង់ រៀបចំ​ឱ្យមាន​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​ការងារ​សប្បុរសធម៌ ដើម្បី​រួមគ្នា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​គ​ន្ទ​បុប្ផា អ៊ីចឹង​ថវិកា​ទាំងអស់ ដែល​ទទួលបាន​ពី​ការចុះឈ្មោះ និង​ការរៀបចំ​ការប្រកួត​នេះ នឹងត្រូវ​ផ្តល់​ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ខណៈ​ឆ្នាំនេះ មាន​អ្នកចូលរួម​ច្រើនជាង​ពី​ឆ្នាំមុន ហើយ​កម្មវិធី​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​បានបញ្ចប់​ដោយ​ជោគជ័យ ក្រោម​បរិយាកាស​ដ៏​សប្បាយរីករាយ​»​។​

​សម្រាប់​ការប្រកួត ដែល​ត្រូវបាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ នៅលើ​ភ្នំ​បូកគោ​នេះ គឺ​ការប្រកួតប្រណាំង​កង់រ​យៈ​ចម្ងាយ​៣២​គីឡូម៉ែត្រ ត្រូវបាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ចំណែក​ការរត់​ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង រយៈ​ចម្ងាយ​២១​គីឡូម៉ែត្រ រួមទាំង​ការរត់​ប្រណាំង​១០​គីឡូម៉ែត្រ ៥​គីឡូម៉ែត្រ និង​ការរត់​បែប​កម្សាន្ត​៣​គីឡូម៉ែត្រ ត្រូវបានធ្វើ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៣​។​

​ចំពោះ​ស្ថានភាព​ជាក់ស្តែង នៃ​ការប្រកួតប្រណាំង​កង់ និង​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង លើក​ទី​៨ នៅលើ​ភ្នំ​បូកគោ​នេះ អ្នកចូលរួម​ទាំងអស់ បានបង្ហាញ​ភាពសប្បាយ​រីករាយ ក្នុងការ​ចូលរួម ព្រោះ​ថវិកា​ចុះឈ្មោះ​ចូលរួម​ប្រកួត​របស់​ពួកគេ​បានក្លាយ​ជាការ​រួមចំណែក​មួយ​យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ដើម្បីឱ្យ​មន្ទីរពេទ្យ​នេះ មានលទ្ធភាព​កាន់តែច្រើន ក្នុង​ការជួយ​ព្យាបាល​ជំងឺ​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​។​

​ទន្ទឹមនឹងនេះ អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា នៅលើ​ភ្នំ​បូកគោ ឆ្នាំនេះ សុទ្ធតែ​ទទួលបាន​នូវ​ចំណី​ចក្ខុ​ដ៏​ស្រស់ត្រកាល​នៃ​សម្រស់​ទេសភាព​ដ៏​ស្អាត និង​ខ្យល់អាកាស​បរិសុទ្ធ នៅលើ​ភ្នំ​បូកគោ ដែលជា​គោលដៅ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​អ្នកចូលរួម ក៏បាន​កម្សាន្ត​ជាមួយ​ការប្រគំ​តន្ត្រី ការលក់​អាហារ និង​ភេសជ្ជៈ​តាម​ស្តង់ រួមទាំង​ការបោះ​តង់​សម្រាកលម្ហែ ក្រោម​រាត្រី​ដ៏​សែន​មនោ​រម្យ ខាងក្រៅ​បរិវេណ​សណ្ឋាគារ​សុខា នា​ថ្ងៃទី​២៩ ខែតុលា​ផងដែរ​។​

​លោក នេ​ត ពិសិដ្ឋ តំណាង​មកពី​ធនាគារ​អេស៊ីលីដា បានបង្ហាញ​ភាពសប្បាយ​រីករាយ​ខ្លាំង ចំពោះ​ទស្សនីយភាព ដែល​លោក​បានឃើញ នៅតាម​ផ្លូវ​ឡើង​ភ្នំ ចុះ​ភ្នំ នៃ​ការរត់​ចម្ងាយ​២១​គីឡូម៉ែត្រ ហើយ​លោក​បាន​អះអាងថា អេស៊ីលីដា និង​ដៃគូ​របស់ខ្លួន បាន​សហការ​ជាមួយ​សណ្ឋាគារ​សុខា ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់ និង​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅលើ​ភ្នំ​បូកគោ សម្រាប់​ការងារ​សប្បុរសធម៌​នេះ បាន​ចំនួន​៤​ដង​ហើយ​។

​លោក​បានបញ្ជាក់​ក្រោយ​ការប្រកួត​ថា​៖ «​ព្រឹត្តិការណ៍​កីឡា​នេះ ពិតជា​ល្អ​មែនទែន ហើយ​ធនាគារ​អេស៊ីលីដា និង​ដៃគូ​របស់​យើង តែងតែ​ចូលរួម​កម្មវិធី​នេះ​ជា​រៀងរាល់ឆ្នាំ ដោយ​ឆ្នាំនេះ​យើង​មាន​សហការី​របស់​យើង​ចូលរួម​ជិត​១០០​នាក់​ដែរ ដើម្បី​រួមចំណែក​ជួយ​ដល់​ការងារ​សប្បុរសធម៌ ព្រមទាំង​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង បាន​ស្គាល់​តំបន់​សក្តានុពល ជាពិសេស​តំបន់​ទេសចរណ៍ នៅលើ​ភ្នំ​បូកគោ ដែលមាន​ទេសភាព​ស្អាត និង​ធម្មជាតិ​១០០​ភាគរយ​»៕