ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរបស់កម្ពុជា ប៊ុន សុធា, វង្ស វិឆ័យ និង សោម វិឆ័យ ដែលបានបង្ហាញវត្តមានរួមគ្នាជាថ្មី នៅលើសង្វៀនប៉ុស្តិ៍លេខ ៥ នោះ សុទ្ធតែបានប្រើបច្ចេកទេសវ៉ៃកីឡាករថៃ និងឡាវ ឱ្យសន្លប់ដូចគ្នា។
សម្រាប់ការប្រកួត «ប្រដាល់អន្តរជាតិគុនខ្មែរប៉ុស្តិ៍លេខ ៥» ដែលត្រូវបានធ្វើឡើង នៅសង្វៀន TV5 ព្រែកកំពឹស កាលពីយប់ថ្ងៃអាទិត្យ ទី ២៩ ខែតុលា កន្លងមកនេះ អ្នកប្រយុទ្ធវាយមិនដកថយ ប៊ុន សុធា បានប្រើពេលខ្លីបំផុត ក្នុងការផ្តួលកីឡាករចំណូលថ្មីរបស់ថៃ Somchai Yotakali ឱ្យសន្លប់ធំ។
តាមរយៈការប្រកួតនោះ Somchai Yotakali ហាក់មិនហ៊ានវាយដោយប្រឈមជាមួយ ប៊ុន សុធា នោះទេ ដោយរូបគេ បានព្យាយាមធាក់ មិនឱ្យ សុធា ចូលកៀកឡើយ ព្រោះថៃម្នាក់នេះ បានដឹងច្បាស់ណាស់ថា ប៊ុន សុធា ជាកីឡាករ មានផ្លែកែងល្អ ហើយកីឡាករថៃច្រើននាក់មកហើយ ដែលបានសន្លប់ដោយក្បាច់មួយនេះ។
តែទោះបីជាយ៉ាងណា ប៊ុន សុធា មិនបណ្តោយឱ្យ Somchai Yotakali គេចផុតនោះទេ ដោយរូបគេ បានព្យាយាមតាមវាយកែង ហើយនៅពេលថៃម្នាក់នេះ បានទាត់សងមកវិញនោះ ប៊ុន សុធា បានចាប់ជើងជាប់ រួចបានប្រើកណ្តាប់ដៃស្តាំម៉ាត់ចូលពោះ បណ្តាលឱ្យ Somchai Yotakali ដួលសន្លប់ ត្រឹមនាទីទី១ ក្នុងទឹកទី១ សម្រាប់ការធ្វើដំណើរមកកាន់ទឹកដីកម្ពុជា ជាលើកដំបូងនេះ។
ការផ្តួលកីឡាករថៃឱ្យសន្លប់យ៉ាងលឿននេះ បានធ្វើឱ្យអ្នកទស្សនាផ្ទាល់ មានការកោតសរសើរខ្លាំងដល់ ប៊ុន សុធា ដោយមួយរយៈចុងក្រោយនេះរូបគេ បានផ្តួលកីឡាករបរទេសឱ្យសន្លប់ធំជាបន្តបន្ទាប់ ហើយជាមួយគ្នានេះ ប៊ុន សុធា បានបង្ហោះសារបែបនេះថា៖ «ឈ្នះហើយបាទ! ផ្តួលថៃឱ្យសន្លប់ នៅក្នុងទឹកទី ១។ ខ្ញុំសូមអគុណលោកគ្រូ ធន់ សុភា និងពុកម៉ែបងប្អូនមិត្តភក្តិទាំងអស់គ្នា និងគ្រួសារ (ប្រពន្ធកូន) សម្រាប់ការប្រកួតជាពិសេស លើកទី៣៤របស់ខ្ញុំ នៅលើសង្វៀន TV5 នេះ»។
ចំណែកអ្នកប្រដាល់គុនខ្មែរ សោម វិឆ័យ មកពីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យ បានធ្វើការប្រកួតជាមួយអ្នកប្រដាល់ថៃ Kuldet Bunoi យ៉ាងស្វិតស្វាញបំផុត ព្រោះដៃគូម្នាក់នេះ មានក្បាច់ប្រកួតល្អដូចគ្នា ជាពិសេសស្នៀតជើង។ តែទោះបីជាយ៉ាងណា វិឆ័យ មិនបានបណ្តោយឱ្យថៃម្នាក់នេះ អាចឈរវ៉ៃដល់៥ទឹកពេញនោះទេ។
បន្ទាប់ពីបានវាយប្តូរសងគ្នាយ៉ាងរន្ធើន ដោយការទាត់ និងម៉ាត់ នៅដើមទឹកទី២នោះ សោម វិឆ័យ បានប្រើកណ្តាប់ដៃស្តាំវាយចូលថ្គាម បណ្តាលឱ្យ Kuldet Bunoi ដួលទាំងវង្វេង ហើយត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី១ និងបន្តរាប់ជាលើកទី២ ក្រោយពេល វិឆ័យ បានប្រើជង្គង់ហោះលោតបុកចំទ្រូងមួយទំហឹងនោះ ប៉ុន្តែថៃម្នាក់នេះ មិនព្រមចុះចាញ់ដូចងាយៗ ក្រោមការវាយថែមយ៉ាងសន្ធាប់របស់ វិឆ័យ នោះទេ។
តែទោះបីជាយ៉ាងណា ឈានចូលទឹកទី៣ សោម វិឆ័យ បានផ្តោតទៅលើការទាត់ជើងក្រោមវិញម្តង ក្នុងពេល Kuldet Bunoi បានព្យាយាមចូលវាយលុក ក្នុងបំណងចង់ស្តាដើមនោះ ហើយនៅពេលកីឡាករថៃរូបនេះ បានទាត់សំដៅដងខ្លួន គឺសោម វិឆ័យ បានទាត់ជន្ទល់ជើងស្តាំ ធ្វើឱ្យ Kuldet Bunoi ដួល និងខូចជើងស្តាំ មិនអាចក្រោកឈរបន្តការប្រកួតបានទៀតនោះទេ។
ដោយឡែក អ្នកប្រដាល់ វង្ស វិឆ័យ របស់ក្លិបបញ្ជាការដ្ឋានទ័ពពិសេស ដែលហាក់ខ្សត់ទីផ្សារប្រកួតមួយរយៈពេលចុងក្រោយនេះ បានប្រើកណ្តាប់ដៃម៉ាត់ឱ្យកីឡាករឡាវ Sy Theun សន្លប់ធំ នៅក្នុងទឹកទី៥ បន្ទាប់ពីរូបគេ បានម៉ាត់ឱ្យដៃគូនេះដួល និងត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី១ នៅក្នុងទឹកទី២ ហើយបានរាប់ចំនួន២លើកទៀត នៅក្នុងទឹកទី៣។
តែទោះបីជាយ៉ាងណា កីឡាករឡាវ Sy Theun ដែលឡើងមកជំនួសថៃ Super Kiatnakornthong រូបនេះ ហាក់មិនសូវមានសមត្ថភាព និងក្បាច់សម្លាប់អ្វីជាដុំកំភួននោះទេ ដោយរូបគេបានត្រឹមទប់ និងវាយសងទៅលើ វង្ស វិឆ័យ មួយៗ ដែលធ្វើឱ្យអាជ្ញាកណ្តាលធ្វើការព្រមាន និងចង់បញ្ឈប់ការប្រកួតរបស់គេ នៅក្នុងទឹកទី៤ផងដែរ។ ចំណែកការប្រកួតគូក្នុងស្រុកវិញ កីឡាករ ឃន សុខនី បានចាញ់ពិន្ទុ ផុន សុភត់ ហើយ ឡុង អាឆើត បានស្មើគ្នាជាមួយ ផុន តុបផេង៕