ភ្នំពេញៈ ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ឡៅ ​ចិត្ត្រា និង​កីឡាករកំពុងសាង​ភាព​ល្បី ធន់ វណ្ណា សុទ្ធតែ​ដណ្តើម​បានខ្សែ​ក្រវាត់ ពី​ព្រឹត្តិការណ៍ Krud Kun Khmer របស់​សង្វៀនប្រដាល់​ទទក ប៉ុន្តែ​ជើង​ខ្លាំង ឡៅ ចន្ទ្រា ​បាន​បាត់​បង់ខ្សែ​ក្រវាត់ ​និង​សន្លប់​ក្នុងទឹកទី​១ ចំណែក​​អ្នក​លេង​អំបោះ​ឆៅ ធន់ រិទ្ធី ត្រូវបាន​កីឡាករអ៊ីរ៉ង់ វ៉ៃ​ឱ្យ​សន្លប់​ធំ​ដូចគ្នា ក្នុងគ្រា​ដែល​ ឃីម ឌីម៉ា បាន​ផ្តល់​មេរៀន​​យ៉ាង​ចាស់​ដៃ​ឱ្យ​ទៅ​អ្នកប្រដាល់បារាំង។

​សម្រាប់ការ​ប្រកួត​ម៉ារ៉ាតុង ដណ្តើមខ្សែ​ក្រវាត់ ក្នុង​​​ព្រឹត្តិការណ៍ Krud គុនខ្មែរ នៅវិមាន​ពហុកីឡដ្ឋានជាតិ កាលពី​យប់​ថ្ងៃទី​ ២៩ ខែតុលា កន្លងមក​នេះ ឡៅ ចិត្រ្តា បាន​ប្រើ​ពេល​មិន​ដល់ ៣ ​ទឹក​ស្រួល​បួល​ផង សម្រាប់ការ​ប្រកួត​ទាំង​ ២ ​លើក ដើម្បី​​ឈ្នះ​បានខ្សែ​ក្រវាត់ ក្នុងប្រភេទ​ទម្ងន់​ ៦៥ គីឡូក្រាម។

នៅ​ក្នុងការ​ប្រកួតជម្រុះ​ ៣ ទឹក​ដំបូង ឡៅ ចិត្ត្រា បាន​ម៉ាត់​ឆ្វេង​ចូល​ថ្គាម​បណ្តាល​ឱ្យ​កីឡាករមីយ៉ាន់ម៉ា ​Anasin Pumea សន្លប់​ត្រឹម ​១ នាទីក្នុង​ទឹកទី​១ ស្រប​ពេល យ៉េន ឌីណា បាន​​យក​ឈ្នះ​កីឡាករ​ថៃ Zlatan Jitmuangnon ដោយពិន្ទុទាំង​លំបាក ហើយសម្រាប់ការ​ឡើង​​ទៅជួបគ្នា នៅវគ្គ​ផ្តាច់​ព្រ័ត្រ ចិត្រ្តា បានម៉ាត់ យ៉េន ឌីណា ឱ្យ​សន្លប់ធំ​នៅ​ចុងទឹកទី​២ បន្ទាប់ពី​វ៉ៃ​ឱ្យ​អាជ្ញាកណ្តាល​រាប់​ចំនួន​២​លើក នៅ​ចុងទឹកទី​១ និងពាក់កណ្តាល​ទឹក​ទី​២។

​ការ​ផ្តួល យ៉េន ឌីណា ឱ្យ​សន្លប់​ត្រឹមទឹកទី​២ ដើម្បី​ឈ្នះ​បានខ្សែ​ក្រវាត់​ អម​ដោយ​ប្រាក់​រង្វាន់ ៦ ៧៥៦ ០០០រៀល របស់ ឡៅ ចិត្ត្រា ​បាន​ក្លាយជាជ័យជម្នះ​យ៉ាងកម្រ ព្រោះ​ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ ម្ចាស់មេដាយមាស​ស៊ីហ្គេម ឆ្នាំ​២០២២ យ៉េន ឌីណា មិន​ធ្លាប់ចាញ់​ដោយសន្លប់នោះទេ ហើយ​ ឡៅ ចិត្រ្តា ក៏បាន​ទទួលស្គាល់ដែរ​ថា ជ័យជម្នះ​របស់​គេ ដោយសារ យ៉េន ឌីណា ប្រើ​កម្លាំង​អស់​ពេក ពេលប្រកួតជាមួយ​ថៃ Zlatan Jitmuangnon។

ម្ចាស់​មេដាយមាសស៊ីហ្គេម ឆ្នាំ​២០២៣ ឡៅ ចិត្ត្រា បាន​និយាយ​ថា៖ ​«​ដៃគូដំបូង ខ្ញុំបាន​ផ្តួលគាត់ទឹកទី​១ ​​ហើយការ​ប្រកួត​លើក​ទី​២ ដោយសារ​បង យ៉េន ឌីណា វ៉ៃជា​មួយ​កីឡាករ​ថៃ​៣​ទឹក​ពេញ ឡើង​អស់រលីងហើយ​ អ៊ីចឹង​ខ្ញុំ​អាច​យក​ឈ្នះ​លើគាត់រាង​ធូរដែរ​ទេ។ នេះជា​ការ​ប្រកួត​​ដ៏​ធំ​​របស់​ខ្ញុំ នៅ​ក្នុងឆ្នាំ​​២០២៣​នេះ ហើយ​ខ្ញុំ​សង្ឃឹម​ថា Krud Kun Khmer នឹង​​រៀបចំ​​ឱ្យ​ខ្ញុំបានប្រកួតកម្មវិធី​ធំបែបនេះ នៅពេល​ក្រោយ​ទៀត»។

ដោយ​ឡែក សម្រាប់ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៦០​គីឡូក្រាម​វិញ កីឡាករ ធន់ វណ្ណា បាន​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ជា​លើកដំបូង​​​យ៉ាងរំភើបបំផុត​ បន្ទាប់​ពី​រូបគេ​បាន​យក​ឈ្នះ​​ពិន្ទុលើ​​​កីឡាករ​មីយ៉ាន់ម៉ា Sow Aye See នៅ​វគ្គជម្រុះ៣ទឹក និង​បាន​បន្តយក​ឈ្នះ​​អ្នក​ប្រដាល់របស់​ថៃ ​ Phanpich R. PiTik ដោយពិន្ទុ​​ដូចគ្នា នៅវគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ថៃ​ម្នាក់នេះ បាន​​​ទម្លាក់ ទូច ដេវីត នៅវគ្គជម្រុះ។

ចំពោះការ​ប្រកួតម៉ារ៉ាតុងដណ្តើមខ្សែ​ក្រវាត់ទាំង​២​ស្ថាប័ននេះ លោក ម៉ុល នី ប្រធាន​ផ្គូផ្គង​​​របស់​​សង្វៀន​ប្រដាល់ទទក បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ កាលពី​ថ្ងៃទី​៣០ ខែតុលា​ថា៖ ​«កីឡាករ ធន់ វណ្ណា បានវ៉ៃ​ឡើងសុសខ្លួន ទម្រាំដណ្តើម​បានខ្សែ​ក្រវាត់ ចំណែក ឡៅ ចិត្ត្រា ក៏​មិន​បាន​បង្ហាញ​ការ​យោគយល់ បើទោះបីជា​ប៉ះ​​ខ្មែរ​គ្នា​ឯង នៅវគ្គ​ផ្តាច់​ព្រ័ត្រ អ៊ីចឹង​ការ​ឈ្នះ​ខ្សែ​ក្រវាត់​របស់​​គាត់ គឺពិតជា​​ស័ក្តិសម និងត្រឹមត្រូវ​​បំផុត»។

ផ្ទុយ​ពីនេះ​ម្ចាស់​មេដាយមាស ឡៅ ចន្ទ្រា ដែលជា​បងប្រុស​បង្កើត​របស់ ឡៅ ចិត្ត្រា ត្រូវ​បាន​​ជើង​ខ្លាំង​របស់​ថៃ Dabmorn Phumpanmoung ​ទាត់​ចូលឆ្អឹងជំនីរ បណ្តាល​ឱ្យ​សន្លប់ នៅ​​ដើមទឹកទី​១​តែម្តង សម្រាប់ការ​ប្រកួតដណ្តើមខ្សែ​ក្រវាត់ទម្ងន់​៧៣គីឡូ​ក្រាម ហើយ​បន្ទាប់ពី​បាន​ឈ្នះខ្សែ​ក្រវាត់ ជា​លើកដំបូង នៅ​​កម្ពុជា​នេះ Dabmorn បាន​ប្រកាស​ចង់ជួប ព្រំ សំណាង ម្តង​ទៀត ដើម្បីសងសឹក​​ចំពោះការ​ចាញ់ពិន្ទុ​ សំណាង ទាំង​មិនអស់​ចិត្ត សម្រាប់ការ​ប្រកួត​​​ដណ្តើម​ខ្សែ​ក្រវាត់​គ្រុឌគុនខ្មែរ​នេះដូចគ្នា កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៣។

ទន្ទឹ​មជាមួយគ្នា​នេះ កីឡាករមានរហស្សនាម «អធិរាជអំបោះ​ឆៅ» ធន់ រិទ្ធី ​ត្រូវបាន​អ្នក​​ប្រយុទ្ធ​មកពី​​​អ៊ីរ៉ង់ ដែល​ធ្លាប់​ឈ្នះ អ៊ុង វិរៈ ឈ្មោះ Arvin Mehboudi ម៉ាត់​ឱ្យ​សន្លប់​ធំ នៅ​ក្នុងទឹកទី​១ ហើយ​បន្ទាប់ពីដឹង​ខ្លួន​វិញ រិទ្ធី នៅតែ​មាន​ស្មារតី​វង្វេង ដោយមិន​ដឹង​ថា រូបគេបាន​ប្រកួត​រួច​រាល់​ហើយ​នោះទេ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ទើប​អ្វីៗ បាន​វិលមក​រកភាព​ប្រសើរ​វិញ។

ចំណែក​ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ​២០១៧ ឃីម ឌីម៉ា បានបុកជង្គង់​​បង្ខំ​ឱ្យ​កីឡាករ​​​បារាំង Seyed Bagher បោះបង់​ចោលការ​​ប្រកួត នៅ​ក្នុងទឹក​ទី​២ ចំណែក អ៊ុង វីរៈ ​បានត្រឹម​ស្មើ​ពិន្ទុ ជាមួយ​​ខ្លាចាស់​របស់​ថៃ Sudsakorn សម្រាប់ការ​ប្រកួត​ក្នុងទម្ងន់​៧៥គីឡូក្រាម ហើយ​ជាមួយ​លទ្ធផល​នេះ អ៊ុង វិរៈ បាន​សុំ​ឱ្យ​អ្នក​ផ្គូផ្គង​របស់​សង្វៀនប្រដាល់ទទក ជួយ​រៀបចំ​ឱ្យ​រូបគេបានជួប​ Sudsakorn ជាថ្មី​ម្តង​ទៀត ដើម្បីជម្រះបញ្ជី​ចាស់ ចំពោះការ​ចាញ់ កាលពី​១០​ឆ្នាំ​មុន​ឱ្យ​បាន​ដាច់​ស្រេច។

ចំពោះ​លទ្ធផលជារួម សម្រាប់ការ​ប្រកួត Krud Kun Khmer លើកនេះ លោក ម៉ុល នី បានបញ្ជាក់ថា៖«កីឡាករ​ទាំងអស់ បាន​ប្រកួត​យ៉ាងស្វិតស្វាញ និងអស់ពី​សមត្ថ​ភាព ដែល​ធ្វើឱ្យ​មាន​​ភាព​ទាក់​ទាញ​ខ្លាំង ​តែ​ក៏​នៅមាន​ភាពខ្វះ​ខាត​ខ្លះៗ ដែល​យើងត្រូវ​ធ្វើការ​កែ​តម្រូវ​ ដោយការ​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​រវាង​ ឡៅ ចន្ទ្រា និង​ថៃ បានតែ​១​ទឹក ចំណែកការ​វ៉ៃអំបោះ​ឆៅ​របស់ ធន់ រិទ្ធី យើងមិនអាច​បន្ទោស​បានទេ ព្រោះ​ឱ្យ​តែអ្នក​ណា​វ៉ៃចូលមុន ដឹង​តែទៅហើយ ​គ្រាន់តែ​យើងមានការ​សោក​ស្តាយ ដែល​គុនខ្មែរ​របស់​យើង​ចាញ់»។

តែទោះបីជា​យ៉ាង​ណា ប្រធាន​ផ្គូផ្គង​​​របស់​​សង្វៀន​ប្រដាល់ទទក បានសង្កត់​ធ្ងន់ថា៖ «ក្រុមការងារ​របស់​យើង​នៅតែ​​ប្រកាន់ជំហរ ក្នុងការ​សម្រិតសម្រាំង​យកកីឡាករ​បរទេស​ល្អៗ មក​ប៉ះ​​​ជាមួយ​​កីឡាករ​ខ្មែរ​យើង គឺ​យើង​មិនយក​កីឡាករ​បរទេស​បែបទេសចរណ៍​មក​ប្រកួតនោះ​ឡើយ ព្រោះ​យើងជា​ម្ចាស់​ក្បាច់គុន អ៊ីចឹង​យើង​ត្រូវប៉ះកីឡាករបរទេស​​លំដាប់​ល្អៗ ទើប​ជ័យជម្នះ​​របស់​​យើង វា​មានន័យ»៕