ភ្នំពេញ៖ ការជួបគ្នារវាងស្តេចប្រដាល់របស់ប្រទេសមីយ៉ាន់ម៉ា Dave Leduc និងជើងខ្លាំងរបស់កម្ពុជា ព្រំ សំណាង ក្នុងព្រឹត្តិការណ៍ « Wurkz សេនាគុនខ្មែរពិភពលោក» នៅទីតាំងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល នាយប់ម៉ោង ៧ ថ្ងៃអាទិត្យនេះ បានក្លាយជាព្រឹត្តិការណ៍ប្រកួតដ៏ធំប្រចាំនៅក្នុងតំបន់អាស៊ាន ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ លោក Tommy Kim ដែលជាទីប្រឹក្សារបស់ទូរទស្សន៍ថោន និងជាអ្នកតំណាងរបស់ស្ថានប័ន IPCC ប្រចាំនៅកម្ពុជា បានធ្វើការកោតសរសើរទៅដល់កីឡាករ Dave Leduc និងក្រុមការងាររបស់គេ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយផ្សព្វផ្សាយប្រដាល់គុនខ្មែរ ទៅកាន់ពិភពលោក សម្រាប់ការធ្វើដំណើរមកប្រកួតនៅប្រទេសកម្ពុជា ជាលើកដំបូងនេះ។
លោក Tommy Kim បានថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃសៅរ៍ថា៖ «ខ្ញុំពិតជាសប្បាយរីករាយ ដែលលោក Dave Leduc បានមកប្រកួតក្នុងកម្មវិធីរបស់យើង ហើយព្រឹត្តិការណ៍នេះ វាមិនមានត្រឹមជាការប្រកួតមិត្តភាពនោះទេ ប៉ុន្តែលោកបានជួយផ្សព្វផ្សាយគុនខ្មែររបស់យើងទៅកាន់ពិភពលោក ហើយយើងទាំងអស់គ្នាពិតជាអរគុណដល់លោក Dave Leduc និងក្រុមការងារ ដែលបានជួយផ្សព្វផ្សាយគុនខ្មែរយ៉ាងខ្លាំងក្លា តាមរយៈមហាព្រឹត្តិការណ៍ប្រចាំនៅក្នុងតំបន់អាស៊ានមួយនេះ»។
លោក Tommy Kim បានឱ្យដឹងទៀតថា តាមរយៈព្រឹត្តិការណ៍ប្រកួត « Wurkz សេនាគុនខ្មែរពិភពលោក»នេះ កីឡាករ Dave Leduc បានអញ្ជើញពិធីករដ៏ល្បីឈ្មោះរបស់ស្ថាប័ន UFC គឺលោក Andrew Whitelaw និង លោក Christopher Garridor មកធ្វើការអត្ថាធិប្បាយក្នុងកម្មវិធីនេះ ដើម្បីផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក ដោយពិធីករទាំង២នេះ ក៏បានស្ម័គ្រចិត្តមកធ្វើអត្ថាធិប្បាយដោយមិនគិតកម្រៃទៀត ដែលវាជាមោទនភាពខ្លាំងសម្រាប់គុនខ្មែរ។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យកីឡាករ Dave Leduc និងភរិយា ព្រមទាំង ព្រំ សំណាង ទៅចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីថ្ងៃទី២ ខែវិច្ឆិកានោះ គឺលោក បានសរសើរ និងអរគុណដល់ Dave Leduc ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់គុនបុរាណខ្មែរ និងគាំទ្រដល់គុនខ្មែរ។
លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា ពិតមែនតែប្រទេសនីមួយៗ មានវប្បធម៌ប្រពៃណី និងប្រភេទកីឡាផ្សេងៗគ្នាក៏ពិតមែន តែព្រឹត្តិការណ៍ប្រកួត នៅកម្ពុជាលើកនេះ គឺជាការបង្ហាញពីការគោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-មីយ៉ាន់ម៉ា លើផ្នែកក្បាច់គុនប្រពៃណីរបស់ប្រទេសទាំង២។ មួយវិញទៀត ក៏ជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងអំពីគុនខ្មែរ នៅក្នុងមជ្ឈដ្ឋានជាតិ និងការផ្សព្វផ្សាយអំពីគុនខ្មែរឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។
ចំណែកកីឡាករ Dave Leduc បាននិយាយ ក្នុងសន្និសីទកាសែតនោះថា រួមគេ និងភរិយា ព្រមទាំងក្រុមការងារ ពិតជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត សម្រាប់ការធ្វើដំណើរមកដល់ប្រទេសកម្ពុជា ជាលើកដំបូងនេះ ហើយគេមិនគិតដល់ថា ប្រជាជនកម្ពុជា មានភាពរួសរាយរាក់ទាក់ខ្លាំងបែបនេះនោះទេ។
ស្តេចប្រដាល់របស់មីយ៉ាន់ម៉ារូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងនូវអ្វីដែលប្រជាជនកម្ពុជា បានស្វាគមន៍ និងគាំទ្រដល់ពួកយើង ហើយខ្ញុំរំពឹងថា ការជួបជាមួយ ព្រំ សំណាង លើកនេះ នឹងក្លាយជាជំនួបដ៏ល្អ សម្រាប់ការប្រកួតចុងក្រោយរបស់ខ្ញុំ ព្រោះនេះជាព្រឹត្តិការណ៍ដ៏ធំប្រចាំនៅកម្ពុជា ដោយការប្រកួតនេះ នឹងធ្វើឱ្យចំណងមិត្តភាពរបស់កម្ពុជា និងមីយ៉ាន់ម៉ា កាន់តែមានភាពរឹងមាំយូរអង្វែង»។
ក្រៅពីការប្រកួតដ៏ទាក់ទាញរវាង ព្រំ សំណាង និង Dave Leduc នេះ គឺកីឡាករជើងខ្លាំងប្រចាំស្រុកខ្មែរចំនួន៥នាក់ទៀត រួមមាន ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, បឺត សង្ឃឹម, ឈុត សេរីវ៉ាន់ថង និង ផល សោភ័ណ្ឌ ក៏ត្រូវដាក់ឱ្យប្រកួតជាមួយអ្នកប្រដាល់បរទេសកម្រិតខ្លាំង មកពី៥ប្រទេសផ្សេងៗគ្នា នាយប់ថ្ងៃអាទិត្យនេះដែរ ដែលនឹងចាប់ផ្តើមពីយប់ម៉ោង៧តទៅ៕