ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា (FFC) បានទម្លាយមូលហេតុពិត ដែលឈានទៅដល់ការបញ្ចប់កិច្ចសន្យាលោក Satoshi Saito ពីតួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) ដោយត្រូវបាន CPL ប្រកាសជាផ្លូវការ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ស្របពេលកិច្ចសន្យារបស់លោក Saito ក៏ត្រូវអស់សុពលភាព នៅចុងឆ្នាំ២០២៣នេះ ផងដែរ។
បើទោះបីជា CPL បានបញ្ជាក់ថា ការមិនបន្តកុងត្រាថ្មីដល់លោក Satoshi Saito នេះ ដោយសារ CPL ធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន ដោយឱ្យមានក្លិបជាសមាជិក ក្លាយជាម្ចាស់ភាគហ៊ុនភាគច្រើន ដើម្បីឱ្យមានសំឡេងភាគច្រើន ក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ក្នុងការសម្រេចចិត្ត និងគ្រប់គ្រងសកម្មភាព ដំណើរការអភិវឌ្ឍលីគ ប៉ុន្តែអ្នកគាំទ្រ នៅតែមិនអស់ចិត្ត និងនៅតែមានចម្ងល់ពីបញ្ហានេះ។
អ្នកគាំទ្រភាគច្រើនបាននាំគ្នាបញ្ចេញមតិថា ការមិនបន្តកុងត្រាដល់ Satoshi Saito នេះ វាជាការគិតខុស ដែលនឹងអាចធ្វើឱ្យវិស័យបាល់ទាត់នៅកម្ពុជាដើរថយក្រោយ ព្រោះបុរសជនជាតិជប៉ុនរូបនេះជាអ្នកជំនាញ ដែលធ្លាប់ធ្វើជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ នៅក្លិប FC Barcelona, ជាអនុប្រធាននៃការិយាល័យបេសកកម្មពិសេស នៅសមាគមកីឡាបាល់ទាត់ជប៉ុន (JFA), ជានាយកទីផ្សារនៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងធ្លាប់ធ្វើជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ផងដែរ។
តែទោះបីជាយ៉ាងណា ចំពោះបញ្ហាទាំងអស់នេះ លោក សៅ សុខា បានធ្វើការស្រាយបន្លឺថា៖ «ខ្ញុំសូមជម្រាបអស់លោក លោកស្រី ដែលកំពុងខ្វល់ខ្វាយ និងការមិនបន្តកិច្ចសន្យាជាមួយគាត់ (លោក Satoshi Saito) ដោយសារគាត់បានសន្យាជាមួយយើងថា ក្នុង១រដូវកាល គាត់រកអ្នកឧបត្ថម្ភឱ្យបានយ៉ាងតិច ៣ ០០០ ០០០$ សម្រាប់ការរៀបចំការប្រកួត CPL ប៉ុន្តែគាត់មិនអាចធ្វើបានតាមសន្យា»។
ជាមួយគ្នានេះ លោក សៅ សុខា បានបន្ថែមថា CPL ត្រូវផ្តល់ប្រាក់ខែឱ្យ លោក Saito រាប់សែនដុល្លារ ជាថ្នូរនឹងការជួលគាត់មកបំពេញការងារ ក្នុងតួនាទីជានាយកប្រតិបត្តិរបស់ CPL ហើយដើម្បីមានលុយជួលលោក Saito គឺសហព័ន្ធ បានបង្កើតក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដោយបង្កើតភាគហ៊ុន និងម្ចាស់ភាគហ៊ុនជាច្រើន គឺជាម្ចាស់ក្លិប ដែលមានក្រុមលេងក្នុង CPL។
ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ថា៖ «គាត់ (លោក Saito) មិនអាចរកអ្នកឧបត្តម្ភបានតាមការសន្យា គាត់មកចាយលុយយើង ដែលខ្ញុំផ្ទាល់ជាអ្នករកអ្នកឧបត្ថម្ភ ចាប់ពីឆ្នាំ២០១៨មកពីក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ៥០០ ០០០ $ ក្នុង១ឆ្នាំ។ យើងប្រគល់លុយហ្នឹងឱ្យទៅគាត់ បូកបន្ថែមលើថវិកា ដែលបានមកពីភាគហ៊ុនក្នុងក្រុមហ៊ុន League ទៀត»។
លោក សៅ សុខា បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសួរអស់លោកថា យើងជួលគាត់ឱ្យមកជួយយើង សំខាន់រឿងរកលុយ ជាថ្នូរនឹងប្រាក់ខែរាប់សែនដុល្លារ ដើម្បីអភិវឌ្បបាល់ទាត់ ចុះគាត់ចាយលុយយើងអស់ គាត់រកលុយមិនបាន ហើយបើរកបានបន្តិចបន្តួចនោះ ក៏គាត់ប្រើឈ្មោះខ្ញុំដែរ»។
ជាមួយគ្នានេះ លោក សៅ សុខា បានទម្លាយឱ្យដឹងទៀតថា ពេលនេះលោកបានជួលក្រុមហ៊ុនអន្តរជាតិឱ្យធ្វើការពិនិត្យ (អូឌីត) ទៅលើការចំណាយ ហើយលទ្ធផល នឹងត្រូវប្រកាសជាផ្លូវការ ដើម្បីដឹងច្បាស់ថា តើលោក Saito ចំណាយត្រឹមត្រូវ តាមគោលការណ៍ថវិកាឬអត់?
ដោយឡែក ចំពោះការបញ្ចេញមតិយោបល់ (Comments) របស់អ្នកគាំទ្របាល់ទាត់មួយចំនួន ដោយសុំឱ្យលោក លាលែងពីតួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះ លោក សៅ សុខា បានឆ្លើយតបបែបនេះថា៖ «ខ្ញុំនឹងប្រកាសលាលែង តាមការចង់បានរបស់អស់លោក។ ខ្ញុំសូមជម្រាបជូនថា ខ្ញុំមិនមែនសុំមកធ្វើប្រធានបាល់ទាត់ ដោយខ្លួនឯងទេ តែមុនឆ្នាំ២០០៦ ហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ ដែលដាំស្មៅ មានតែពហុកីឡដ្ឋានជាតិ១គត់ តើសព្វថ្ងៃមានប៉ុន្មាន?»។
ប្រធាន FFC ដដែលនេះ បានរំឭកពីអតីតកាលរបស់បាល់ទាត់កម្ពុជាទៀតថា ក្រុមជម្រើសជាតិ ប្រកួតម្តងៗចាញ់គេលើសពី ១០-០ ក៏មានដែរ។ កីឡាករគ្មានប្រាក់ខែ គ្មាន League គ្មានការរៀបចំប្រកួតអន្តរជាតិ។ ម៉្យាងទៀតកីឡាបាល់ទាត់ក្នុង១ក្រុម ដែលចេញទៅប្រកួត នៅក្រៅប្រទេសចំនួន៣៤នាក់ សំបុត្រយន្តហោះ តាមឆ្ងាយជិត គឺបើគ្មានចាប់ពី១០ម៉ឺនដុល្លារឡើងទៅទេ មិនអាចចេញដំណើរបានឡើយ ហើយមុននឹងចេញទៅប្រកួត ត្រូវប្រមូលផ្តុំហ្វឹកហាត់ទៀត ដោយតម្លៃហូបចុកក្នុង១ថ្ងៃគឺ៥ម៉ឺនរៀលក្នុងម្នាក់ៗ និងនៅការចំណាយលើសម្ភារផ្សេងៗទៀត។
ចំពោះខ្ទង់ចំណាយដ៏ច្រើននេះ លោក សៅ សុខា បានសង្កត់ធ្ងន់ថា៖ «តើយើងបានលុយមកពីណា (ដើម្បីចំណាយ)? តើអ្នកណាជាអ្នករកលុយនោះ? កុំច្រឡំលុយរដ្ឋមានមិនបាន១០ភាគរយនៃការចំណាយសរុបផង។ កុំយកកីឡាផ្សេង មកប្រៀបធៀបនឹងកីឡាបាល់ទាត់ ព្រោះចំនួនមនុស្សក៏ខុសគ្នា ហេដ្ឋារចនាសម្ព័ន្ធក៏ខុសគ្នា ការចំណាយក៏ខុសគ្នា។ ខ្ញុំគ្មានប្រយោជន៍ជាលុយកាក់ មុខមាត់អីពីបាល់ទាត់នោះទេ ខ្ញុំមានតែលះបង់ និងចំណាយ សូមកុំច្រឡំមុននឹងនិយាយដល់ឈ្មោះខ្ញុំ សូមមើលកិច្ចការ ដែលខ្ញុំប្រឹងធ្វើនោះផង ខ្ញុំមិនល្ងង់ឡប់ ហើយក៏មិនមែនមនុស្សបំផ្លាញជាតិដែរ»៕