ភ្នំពេញៈ ការប្រើ​បច្ចេកទេស​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​របស់​កីឡាករ​ជើង​ខ្លាំង​លំដាប់​ប្រទេស ឈុត សេរី​វ៉ាន់​ថង​, ផល សោ​ភ័​ណ្ឌ​, រឿង សោ​ភ័​ណ្ឌ​, ធឿន ធារ៉ា និង​ការ​ឈ្នះ​ដោយ​ពិន្ទុ​របស់ ​បឺត សង្ឃឹម លើ​ម្ចាស់​ខ្សែក្រវាត់​មកពី​ទី​ម័​រ​ខាងកើត ក្នុងការ​ប្រកួត «Wurkz សេនា​គុន​ខ្មែរ​ពិភពលោក​» ​កាល​ពី​យប់​ថ្ងៃទី​ ៥ ខែវិច្ឆិកា បានធ្វើឱ្យ​អ្នកគាំទ្រ​ស្ទើរ​ពេញ​មួយ​ប្រទេស មានការ​អបអរ និង​កោតសរសើរ​ខ្លាំង ដល់​អ្នក​ប្រយុទ្ធ​ទាំង​ ៥​ នាក់​នេះ​ថា ពិតជា​បានបង្ហាញ​ឱ្យឃើញ​ពី​ភាព​អស្ចារ្យ​របស់ «​គុន​ខ្មែរ​» ក្នុងនាម​ជា​ម្ចាស់​ក្បាច់គុន​។​

​ប៉ុន្តែ​ចំពោះ​ការប្រកួត​គូ​សំខាន់​ប្រចាំ​មហា​ព្រឹត្តិការណ៍ រវាង​ជើង​ខ្លាំង ព្រំ សំណាង និង​ស្តេច​ប្រដាល់​របស់​មី​យ៉ាន់​ម៉ា Dave Leduc ដែល​ធ្វើ​នៅលើ​សង្វៀន​ប្រដាល់​របស់​ថោ​ន​ស្ថិតនៅ​ទីតាំង​ផ្សារ​ទំនើប ជីបម៉ុង 271 មេ​ហ្គា​ម៉​ល កាលពី​យប់​ថ្ងៃទី​ ៥ ខែវិច្ឆិកា គឺ​បាន​បន្សល់ទុក​នូវ​ការរិះគន់ និង​ភាពមន្ទិលសង្ស័យ​ពី​អ្នក​ទស្សនា​ភាគច្រើន​ថា អាចជា​ការ​ប្រកួត​បែប​សម្តែង​ទៅតាម​ការ​រៀបចំ បន្ទាប់ពី​អ្នក​ទាំង ​២ ​នេះ ត្រូវបាន​ប្រកាស​ឱ្យ​ស្មើ​ពិន្ទុ​គ្នា ទៅតាម​ច្បាប់​ប្រកួត​របស់ Mas Fight គឺ​បើ​ប្រកួត​ ៩ ​នាទី​ពេញ គ្មាន​អ្នកសន្លប់ ត្រូវ​កំណត់ឱ្យ​ស្មើគ្នា ដោយ​មិន​ផ្អែកទៅលើ​ការ​​ផ្តល់​ពិន្ទុ​ទេ​។​

​ការលើកឡើង​បែបនេះ ក៏​ព្រោះតែ​គេ​មើលឃើញថា ព្រំ សំណាង ហាក់​មិនសូវ​ហ៊ាន​ចូល​វ៉ៃ​ប្តូរ​ជាមួយនឹង Dave Leduc ហើយក៏​គ្មាន​ឃើញ​ក្បាច់​អ្វីដែល​ពិសេស​ដែរ​បើទោះបី​ជាមុន​ការប្រកួត​នេះ ព្រំ សំណាង បាន​ហ្វឹកហាត់​ពង្រឹង​ទាំង​បច្ចេកទេស និង​គុណ​ភាព​កម្លាំង​ជាមួយ​គ្រូ​ប្រដាល់​គុន​ខ្មែរ​រហូតដល់​ ១០ ​នាក់​ក្ដី​។​

​តែ​ទោះបីជា​យ៉ាងណា លោក Tommy Kim ទីប្រឹក្សា​ទូរទស្សន៍​ថោ​ន និង​ជា​តំណាង Mas Fight ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​អះ​​អាង​ថា ការប្រកួត​រវាង​ព្រំ សំណាង និង Dave Leduc មិនមែនជា​ការសម្តែង​ទេ ហើយ​ការប្រកួត​រវាង​អ្នក​ទាំង​ ២​ នេះ ក៏ត្រូវ​បាន​ផ្លាស់ប្តូរ​លក្ខខណ្ឌ​ប្រកួត​ភ្លាមៗ​ផងដែរ​ដោយសារ Dave Leduc បានស្នើ​សុំ​វ៉ៃ​អំបោះឆៅ ជំនួស​ការ​វ៉ៃ​ដោយ​ការ​ពាក់​ហ្គ​ង់​វិញ ខណៈ​ការផ្លាស់ប្តូរ​នេះ វា​ខុស​ទៅនឹង​ទម្រង់​នៃ​ការ​ត្រៀមខ្លួន​របស់ ព្រំ សំណាង​។​

​លោក Tommy Kim បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រោយ​ការប្រកួត​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ចង់​ស្រក់​ទឹកភ្នែក ព្រោះ​កីឡាករ​ទាំងអស់​វ៉ៃ​តំណាង​គុន​​ខ្មែរ និង​ជា​វីរបុរស​ខ្មែរ​ពិតប្រាកដ គឺ​ទាំង ឈុត សេរី​វ៉ាន់​ថង​, បឺត សង្ឃឹម​, ផល សោ​ភ័​ណ្ឌ​, រឿង សោ​ភ័​ណ្ឌ​, ធឿន ធារ៉ា ជាពិសេស ព្រំ សំណាង គាត់​ជា​វីរបុរស ព្រោះ​គាត់​បាន​ទទួលយក​គ្រប់​លក្ខ​ខណ្ឌ​ទាំងអស់ គឺ​គាត់​អត់​ខ្លាច​ទេ ដែល​ចង់​បង្ហាញថា គុន​ខ្មែរ​របស់​យើង វ៉ៃ​តាមរបៀប​ណា ក៏​យើង​អត់​ខ្លាច​ដែរ​»​។​

​លោក​បន្ថែមថា​៖ «Dave Leduc គាត់​បានស្នើ​វ៉ៃ​អំបោះឆៅ ដោយសារ​គាត់​ឱ្យ​តម្លៃ​គុន​ខ្មែរ និង​ក្បាច់គុន​របស់​មី​យ៉ាន់​ម៉ា Lethwei ដែលមាន​ប្រវត្តិ​រាប់ពាន់​ឆ្នាំ​មកហើយ ហើយពី​បុរាណកាល​មក វ៉ៃ​អត់​មាន​ពាក់​ហ្គ​ង់​អី​ទេ អ៊ីចឹង Dave បានស្នើ​ឱ្យ​វ៉ៃ​អំបោះឆៅ ដើម្បី​តំណាងឱ្យ​ប្រវត្តិសាស្ត្រ​ពី​បុរាណ​កាល​នៃ​ក្បាច់គុន​ទាំង ​២ ហេតុ​នេះ ព្រំ សំណាង បានទទួល​យក គឺ​គាត់​មាន​ទឹកចិត្ត​មួយ​ថា ជា​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ពិតប្រាកដ ដោយ​យើង​ទទួល​គ្រប់​លក្ខ​ខណ្ឌ​របស់ Dave»​។

លោក Bartomeu អតីត​ប្រធានក្លិប Barca ចូលរួម​ក្នុង​ពិធី​បង្ហាញ​កីឡាករ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។ AFP

ជាមួយ​ការ​ទទួលយក​លក្ខខណ្ឌ​នៃ​ការប្រកួត​អំបោះឆៅ​នេះ ព្រំ សំណាង ត្រូវបាន Dave Leduc ម៉ាត់​ចូល​មុខ​បណ្តាលឱ្យ​ដួល​ទាំង​ជំហរ​ហើយ​ទម្ងន់ដៃ​ដ៏​ធ្ងន់​របស់ Dave ក៏បាន​បន្សល់​ស្នាម​បែក និង​ពក​នៅលើ​ផ្ទៃមុខ​របស់ សំណាង ផងដែរ ប៉ុន្តែ​ការ​វាយ​កែង នៅ​នាទី​ចុង​ក្រោយ​របស់ ព្រំ សំណាង ក៏បាន​ធ្វើឱ្យ​ស្តេច​ប្រដាល់​របស់​មី​យ៉ាន់​ម៉ា បែក​នៅ​ចុង​ចិញ្ចើម​ខាងឆ្វេង ហូរឈាម​សស្រាក់​ដូចគ្នា​។​

​ចំពោះ​លទ្ធផល​នេះ លោក Tommy Kim បាន​បញ្ជាក់ថា​៖ «​លទ្ធផល​ស្មើ​នេះ ធ្វើឱ្យ​ប្រទេស​ទាំង ​២ កាន់តែ​រីករាយ និង​មិន​មានការ​អាក់អន់ចិត្ត​ទេ ហើយ​ការ​​ប្រកួត​នេះ​មិនមែនជា​ការសម្តែង​ឡើយ គឺ​បែក និង​ហូរឈាម​ពិតៗ ដែល​កើតចេញពី​កម្លាំងចិត្ត​នៃ​ការប្រកួត​រវាង​វីរបុរស​ទាំង​ ២​ នេះ គឺ Dave ក៏​ជា​វីរបុរស​របស់ Lethwei ហើយ​ព្រំ សំណាង ក៏​តំណាងឱ្យ​គុន​ខ្មែរ​។ គាត់​ព្យាយាម​វ៉ៃ​ផ្តាច់​ទៅ ផ្តាច់​មក ហើយ​ខ្ញុំ​ពិតជា​មានការ​រំភើប ដោយ​ការប្រកួត​នេះ​ទទួលបាន​ជោគជ័យ​»​។​

​ដោយឡែក សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​ ៥​ គូ​ទៀត គឺ​ទាំង ធឿន ធារ៉ា​, រឿង សោ​ភ័​ណ្ឌ​, បឺត សង្ឃឹម​, ឈុត សេរី​វ៉ាន់​ថង និង​ផល សោ​ភ័​ណ្ឌ សុទ្ធ​តែ​បានបង្ហាញ​ភាពខ្លាំង​រៀងៗ​ខ្លួន ដោយ​ក្នុងនោះ ធឿន ធារ៉ា បាន​ម៉ាត់​ឱ្យ​ម្ចាស់​ខ្សែក្រវាត់​មកពី​ប្រេ​ស៊ី​ល DANIEL TORRES សន្លប់​ក្នុង​ទឹក​ទី​២ រីឯ​រឿង សោ​ភ័​ណ្ឌ បាន​ម៉ាត់ និង​វាយ​កែង​បណ្តាលឱ្យ​កីឡាករ​អេ​ស្ប៉ា​ញ MIKEL JESUA បែក​ធំ នៅលើ​ចិញ្ចើម​ស្តាំ​រហូត​គ្រូពេទ្យ​បញ្ឈប់​នៅ​ចុង​ទឹក​ទី​១​។

​ចំណែក​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ឈុត សេរី​វ៉ាន់​ថង បាន​វ៉ៃ​អ្នក​ប្រដាល់​របស់​រុស្ស៊ី MAZORIEV SHARIF ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ រីឯ ផល សោ​ភ័​ណ្ឌ បាន​ទាត់​កីឡាករ​ចិន LI TIANTAO ឱ្យ​ខូចដៃ​ក្នុង​ទឹក​ទី​២ ​ដូចគ្នា​។ ឯ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ ២​ សម័យកាល បឺត សង្ឃឹម បាន​វ៉ៃ​ជើង​ខ្លាំង​ទី​ម័​រ​ខាងកើត TIMUR ឱ្យ​រាប់​តាំងពី​ទឹក​ទី១ ​តែ​ដៃគូ​ម្នាក់នេះ បាន​តស៊ូ​រហូតដល់​ ៣ ​ទឹក​ពេញ និង​បាន​ចាញ់​ត្រឹម​ពិន្ទុ​។​

កម្មករ​ចាប់​ត្រី​ពី​ក្នុង​បែ នៅ​តាម​ដង​ទន្លេសាប​។ហេង ជីវ័ន

​ជាមួយ​ការប្រកួត​នេះ លោក Tommy Kim បញ្ជាក់ថា​៖ «​ខ្ញុំ​មើលឃើញថា កីឡាករ​ជា​កូន​ខ្មែរ ដែល​បាន​ឡើងមក​ប្រកួត គឺ​យក​បេះដូង​មក​វ៉ៃ​ពិតមែន ចំណែក​កីឡាករ​បរទេស ដែល​យើង​យកមក​មិនមែនជា​ប្រភេទ​អ្នក​ប្រដា​ល់អន់ៗ​នោះទេ គឺ​សុទ្ធ​តែ​ជា​ម្ចាស់​ខ្សែក្រវាត់ មក​គ្រប់​អស់ហើយ ប៉ុន្តែ​ចុងក្រោយ នៅតែ​សន្លប់​ក្រោម​ថ្វីដៃ​កីឡាករ​​គុន​ខ្មែរ​របស់​យើង ហើយ​នេះ​ជា​មោទនភាព​ខ្លាំង​បំផុត​»​។​

​សម្រាប់​ការប្រកួត «Wurkz សេនា​គុន​ខ្មែរ​ពិភពលោក​» នេះ​មាន​អ្នកទស្សនា​ផ្ទាល់​រាប់ពាន់នាក់ និង​មាន​អ្នកតាមដាន តាម​រយៈ​ការផ្សាយ​ផ្ទាល់​ជិត​ ៨០ ម៉ឺន​នាក់ ដែល​ចំនួន​នេះ ត្រូវបាន​លោក Tommy Kim ចាត់ទុកថា ជា​ចំនួន​ដ៏​ច្រើន មិន​ធ្លាប់មាន នៅក្នុង​ប្រវត្តិ​ប្រដាល់​គុន​ខ្មែរ​នោះទេ​។

​ជាមួយ​ជោគជ័យ​នេះ តំណាងស្ថាប័ន IPCC ប្រចាំ​កម្ពុជា លោក Tommy Kim បាន​ថ្លែងអំណរគុណ​ដល់​អ្នក​ទស្សនា ជាពិសេស​ប្រជាជន​កម្ពុជា ដែលមាន​បេះដូង​តែ ​១ ក្នុង​ការជួយ​គុន​ខ្មែរ​។ «​យើង​មាន​បេះដូង​តែ​ ១ ស្រឡាញ់​គុន​ខ្មែរ​តែ​ ១ យើង​ផ្សព្វផ្សាយ​គុន​ខ្មែរ យើង​លើក​ស្ទួយគុន​ខ្មែរ ហើយ​យើង​នឹង​បន្ត​អភិរក្ស និង​ការពារ​គុន​ខ្មែរ​របស់​យើង​ទៅដល់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​។ ជាមួយគ្នានេះ ខ្ញុំ​អាច​បង្ហើប​បាន​ថា នៅ​ចុងខែ​វិច្ឆិកា​នេះ នឹងមាន​ព្រឹត្តិការណ៍​ធំ ដែល​ផ្ទុះ​ខ្លាំង​ជាង​ការប្រកួត​នេះ​ទៅទៀត​»៕