ភ្នំពេញៈ កីឡាករជើងខ្លាំងជួរមុខរបស់កម្ពុជា ធឿន ធារ៉ា ត្រូវបានអ្នករៀបចំការប្រកួតនៅសង្វៀនថោន ទម្លាយឱ្យដឹងថា នឹងក្លាយជាបេក្ខភាពតំណាងឱ្យកម្ពុជាដែលត្រូវប្រកួតនៅក្នុងព្រឹត្តិការណ៍ « Kun Khmer 8 MEN Tournament» បន្ទាប់ពីរូបគេបានទទួលជ័យជម្នះយ៉ាងរំភើបនៅក្នុងការប្រកួត «សេនាគុនខ្មែរពិភពលោក» កាលពីពេលថ្មីៗនេះ។
លោក គឹម ស្រ៊ុនកុលស ទីប្រឹក្សាទូរទស្សន៍ថោន និងជាតំណាង Mas Fight ប្រចាំនៅប្រទេសកម្ពុជាបានឱ្យដឹងថា ការប្រកួត Kun Khmer 8 MEN Tournament នេះជាព្រឹត្តិការណ៍កម្រិតពិភពលោកដែលប្រមូលផ្តុំដោយអ្នកប្រដាល់ជើងខ្លាំងមកពីគ្រប់ទិសទីដើម្បីដណ្តើមយកខ្សែក្រវាត់ទម្ងន់៧២គីឡូក្រាមជាមួយជើងខ្លាំងរបស់កម្ពុជា ធឿន ធារ៉ា ហើយវាក៏ជាពេលដែល ធារ៉ា អាចទទួលបានរង្វាន់ជាឡានដ៏ថ្មីសន្លាង១គ្រឿងផងដែរ។
បុរសមានឈ្មោះក្រៅ លោក Tommy Kim រូបនេះ បានឱ្យដឹងថា៖ «ម្តងនេះថោន លេងកាន់តែធំ កម្មវិធីកម្រិតពិភពលោក៨ប្រទេស នឹងមកចូលរួមប្រកួតគុនខ្មែរ ក្នុងប្រភេទទម្ងន់៧២គីឡូក្រាម ដោយក្នុងនោះកីឡាករ ធឿន ធារ៉ា នឹងត្រូវដាក់ឱ្យប្រកួតជាមួយកីឡាករមកពី៨ប្រទេសខុសគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ប្រសិនបើ ធឿន ធារ៉ា អាចដណ្តើមបានជ័យជម្នះនៅក្នុងការប្រកួតនេះគឺហ្គេនប៊ឺគនឹងឧបត្ថម្ភឡាន Pick Up ថ្មីសន្លាង១គ្រឿងតែម្តង»។
លោក Tommy Kim ដែលជាតំណាងរបស់ស្ថានប័ន IPCC នៅកម្ពុជាផងនោះ បានឱ្យដឹងទៀតថា ការប្រកួត ដែលមានការផ្តល់ឡានថ្មីមានតម្លៃប្រមាណ៤ម៉ឺនដុល្លារនេះ វាមានតែព្រឹត្តិការណ៍ធំៗនៅតាមប្រទេសជឿនលឿនមួយចំនួនទេ ប៉ុន្តែពេលនេះកម្ពុជា បានឈានដល់យុគសម័យដ៏ជឿនលឿនបែបនេះដែរហើយ ស្របពេលគុនខ្មែរ ក៏កំពុងមានភាពល្បីល្បាញខ្លាំង។
លោកបានបញ្ជាក់ថា៖ «ព្រឹត្តិការណ៍នេះ ជាមេកានិកប្រកួតថ្មី ដែលមានតែនៅប្រទេសជឿនលឿនខាងក្រៅនោះទេ គឺនៅកម្ពុជា ទើបតែមានការប្រកួតបែបនេះ ប៉ុន្តែពេលនេះ គុនខ្មែរបានរីកចម្រើនដល់ចំណុចកំពូលហើយ ទាំងកេរ្តិ៍ឈ្មោះ និងសមត្ថភាព អ៊ីចឹងវាដល់ពេលដែលកីឡាករគុនខ្មែរចាប់ផ្តើម បញ្ចេញឫទ្ធិ នៅលើសង្វៀនពិភពលោកហើយ»។
យ៉ាងណាក៏ដោយ លោក Tommy Kim នៅមិនទាន់បានទម្លាយពីបេក្ខភាពកីឡាករបរទេសទាំង៧នាក់ ដែលនឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ទម្ងន់៧២គីឡូក្រាមជាមួយ ធឿន ធារ៉ា នៅថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះទេ ប៉ុន្តែលោកបានអះអាងថា អ្នកដែលមកប្រកួតនេះ សុទ្ធតែលំដាប់ជើងខ្លាំង ដែលភាគច្រើនមកពីប៉ែកអឺរ៉ុប និងមាន១នាក់មកពីប្រទេសចិន តែគ្មានកីឡាករ នៅក្នុងតំបន់អាស៊ានទេ។
បន្ថែមលើនេះជើងខ្លាំង អេ អាំម៉ារីនភូថង ដែលទើបដណ្តើមបានខ្សែក្រវាត់ នៅប្រទេសអូស្ត្រាលី អមដោយរង្វាន់ឡានថ្មី១គ្រឿង និងកីឡាករជើងខ្លាំងរបស់កម្ពុជាម្នាក់ទៀតក៏ត្រូវដាក់ឱ្យប្រកួតនៅថ្ងៃទី២៣ វិច្ឆិកានោះដែរ ហើយដៃគូរបស់ពួកគេត្រូវបានលោក Tommy បង្ហើបថា ម្នាក់ជាតារាជើងខ្លាំងរបស់មីយ៉ាន់ម៉ា និងម្នាក់ទៀតជាម្ចាស់ខ្សែក្រវាត់៣ស្ថាប័នរបស់ថៃ។
ចំពោះរូបមន្តនៃការប្រកួតខ្សែក្រវាត់វិញគឺអ្នកប្រដាល់ទាំង៨ប្រទេសនេះ នឹងត្រូវធ្វើការប្រកួតជម្រុះបែបម៉ារ៉ាតុង ពី៨នាក់ ទុក៤នាក់ រួចធ្វើការប្រកួតជម្រុះបន្តយកអ្នកឈ្នះ២រូបឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់៧២គីឡូក្រាមនៅចុងព្រឹត្តិការណ៍ Kun Khmer 8 MEN Tournament នេះតែម្តង។
ជាមួយលក្ខខណ្ឌនិងរូបមន្តនៃការប្រកួតនេះ ត្រូវបានគេមើលឃើញថា ធឿន ធារ៉ា ត្រូវឈ្នះ៣ប្រកួតជាប់ៗគ្នា ទើបដណ្តើមបានខ្សែក្រវាត់និងរង្វាន់ឡានថ្មី Pick Up។
ទោះបីជាយ៉ាងណា បច្ចុប្បន្ននេះ ធឿន ធារ៉ា ត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាកីឡាករកំពុងមានសមត្ថភាពល្អផ្តាច់គេប្រចាំស្រុកខ្មែរក្នុងប្រភេទទម្ងន់៧២គីឡូក្រាម ព្រោះការប្រកួតមួយរយៈចុងក្រោយនេះ រូបគេបានផ្តួលដៃគូឱ្យសន្លប់ក្នុងរង្វង់ទឹកទី១ ទី២និងទឹកទី៣ជាបន្តបន្ទាប់គ្នា។
ចំណែកការប្រកួតសេនាគុនខ្មែរពិភពលោក កាលពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងមកនេះ ធារ៉ា បានម៉ាត់ជើងខ្លាំងមកពីប្រេស៊ីល DANIEL TORRES ឱ្យសន្លប់ក្នុងទឹកទី២ ហើយជំនួបរបស់អ្នកទាំង២នេះ មានអ្នកចូលមើលតាមការផ្សាយផ្ទាល់ជិត៨០ម៉ឺននាក់ គឺច្រើនជាការប្រកួតរវាង ព្រំ សំណាង និងស្តេចប្រដាល់របស់មីយ៉ាន់ម៉ា Dave Leduc ទៅទៀត។
រំឭកពីព្រឹត្តិការណ៍ «សេនាគុនខ្មែរពិភពលោក» នោះ លោក Tommy Kim បាន ឱ្យដឹងថា បានរួមចំណែកយ៉ាងសំខាន់បំផុត ក្នុងការជួយផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក ព្រោះការប្រកួតអន្តរជាតិទាំង៦គូ កាលពីយប់ថ្ងៃអាទិត្យនោះមានការអត្ថាធិប្បាយជាភាសាអង់គ្លេសដោយពិធីករដ៏ល្បីឈ្មោះ២រូបរបស់ស្ថាប័ន UFC ចំណែកប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនប្រទេសទៀតក៏បានចុះផ្សាយពីមហាព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាននៅក្នុងតំបន់អាស៊ាននេះផងដែរ។
លោក Tommy បានបញ្ជាក់ថា៖ «សម្រាប់ការប្រកួតសេនាគុនខ្មែរពិភពលោក កន្លងមកនេះ យើងទទួលបានជោគជ័យខ្លាំងទាំងក្នុងស្រុកនិងនៅលើឆាកអន្តរជាតិដោយបានជួយឱ្យគុនខ្មែររបស់យើង ឈានឡើងកាំជណ្តើរខ្ពស់មួយទៀតហើយ ធ្វើឱ្យពិភពលោក បានស្គាល់កម្ពុជា និងក្បាច់គុនខ្មែរយើង អ៊ីចឹងហើយទើបខ្ញុំមានមេកានិកប្រកួតថ្មីមួយទៀតដើម្បីបុកការផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែខ្លាំងនិងកក្រើកថែមទៀត។យើងមិនអាចធ្វើមួយហើយឈប់នោះទេគឺយើងត្រូវតែធ្វើបន្តឱ្យកាន់តែខ្លាំងព្រោះនេះជាពេលវេលាដ៏ល្អបំផុតសម្រាប់គុនខ្មែររបស់យើងហើយ»៕