ភ្នំពេញៈ ការ​ប្រកួត​ពានរង្វាន់​បាល់ទះ ​«សម្តេច​ក្រឡាហោម ស ខេង» ឆ្នាំ​ ២០២៣ ​នឹង​ចាប់​ដំណើរ​ការ នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកា​នេះ ដើម្បី​ស្វែង​រក​ក្រុមម្ចាស់​ជើងឯក ខណៈ​អ្នកជំនាញ​របស់​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា បានអះអាង​ថា ព្រឹត្តិការណ៍​ប្រកួត​នេះ នឹង​មាន​ភាពកក្រើក​ខ្លាំង ដោយសារ​ចំនួន​ក្រុម​ចូល​រួម​ក៏ច្រើន ចំណែក​ប្រាក់រង្វាន់​វិញ គឺ​មានការ​កើន​ឡើង​​​​ជិត​ ២ ដង បើ​ធៀប​ទៅនឹង​ការ​ប្រកួត​កាលពី​ឆ្នាំ​មុន។

លោក អាំង សិរីពិសិដ្ឋ ជាអនុប្រធាន និង​ជាអគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជាបាន​ថ្លែង​ថា៖ ​«​ការ​ប្រកួតពានស​ម្តេច​ក្រឡាហោម ស ខេង នៅ​ឆ្នាំនេះ នឹង​​មាន​ការគាំទ្រកាន់​តែ​ច្រើន ព្រោះ​ចំនួន​​ក្រុម​ចូល​រួម ​មាន​ការ​កើន​ឡើង ជាពិ​សេស​ការ​ប្រកួត​ឆ្នាំ​នេះ មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុម Khmer Beverages ដែល​ធ្វើ​ឱ្យ​​ពាន​​នេះ​លេច​រូប​រាង​ឡើង នឹង​កាន់​តែ​កក្រើក​ក្នុង​ពិភព​បាល់ទះ​​នៅ​កម្ពុជា»។

តាម​ការ​ប្រកួត នៅ​ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃទី ​៥ ខែវិច្ឆិកា បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត «​ពាន​​បាល់ទះ​សម្តេច​ក្រឡាហោម ស ខេង» ឆ្នាំ​ ២០២៣ នេះ មាន​ក្រុម​ចូលរួមចំនួន​ ២៩ ក្រុម មក​ពី​​ ២៥ ​រាជធានី-ខេត្ត គឺ​មានការ​កើន​ឡើង​ជាង​ការ​ប្រកួតកាលពី​ឆ្នាំ​២០២២ ដែល​មានតែ ​២១ ​ក្រុម ដោយ​​កាល​នោះ ក្រុម​វិសាខា ​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក ក្រោយ​យកឈ្នះ​លើក្រុម​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ (B) ដោយលទ្ធផល ៣ សិត​ទល់ ២ សិត នៅ​វគ្គផ្ដាច់ព្រ័ត្រ។

ប៉ុន្តែសម្រាប់​ការ​ប្រកួត​ «ពានសម្តេច​ក្រឡាហោម ស ខេង» ឆ្នាំនេះ ក្រុម​វិសាខា ក៏​ដូចជា​ក្រុម​ក្រសួង​មហាផ្ទៃ ​បាន​សម្រេច​ដាក់​ក្រុម​កម្រិត​ B​ របស់​ខ្លួន​មក​ប្រកួត រីឯ​​ក្រុមកម្រិត​ A​ របស់​ក្រុម​ទាំង​ ២ នេះ បានទៅឈរ​ចាំ​​​ប្រកួត​នៅ​លីគ​បាល់​ទះ​ពាន​រង្វាន់​ «សម្តេច​តេជោ ហ៊ុន សែន» ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ក្រុម​កងពល​ធំអន្តរាគមន៍​លេខ​៣ និងក្រុមបញ្ជា​ការ​ដ្ឋាន​អង្គរក្ស ក៏​មាន​ឈ្មោះ​នៅ​ក្នុង​ការ​ប្រកួត​​លីគបាល់​ទះ​កម្ពុជា រួច​ហើយ​ដែរ។​

យ៉ាង​ណាមិញ សម្រាប់​​ក្រុមទាំង​២៩ ដែលបាន​ចូលរួម​ការ​ប្រកួត​ឆ្នាំ​២០២៣​នេះ ត្រូវបាន​បែក​ចែក​ការ​ប្រកួត​ជា​៨ពូល ដោយ​ក្នុង​នោះពូល​A មាន​ក្រុម​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ព្រៃវែង បាល់ទះ​សេកុង ស្នងការដ្ឋាន​នគរ​បាល​ខេត្តកណ្ដាល ក្រុម​លោក​តាឌីខេត្តព្រះវិហារ រីឯ​ពូល​B មាន​​​បញ្ជាការដ្ឋានកងអង្គរក្សស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ សមាគម​បាល់ទះ​វិសាខា (B) និងស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាត់ដំបង។

ចំណែក​ពូល​C មាន​ក្រុម​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ឧត្តរមានជ័យ រដ្ឋបាលរាជធានីភ្នំពេញ សមាគម​ក្រសួងម​ហាផ្ទៃ (B) ហើយ​ពូលD មាន​ក្រុម​​ស្នងការ​ដ្ឋាននគរ​បាល​ខេត្តកំពង់ចាម ស្នងការដ្ឋាននគរ​បាល​ខេត្ត​ស្វាយរៀង ស្នងការ​ដ្ឋានន​គរ​បាល​ខេត្ត​កែប ខណៈ​ពូលE មានក្លិប​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ និង​ក្រុម​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប។

ចំពោះ​ពូល​F​វិញ មានក្លិប​អាចារ្យលាក់ខេត្ត​កំពង់ធំ ក្លិបឫទ្ធិសែនខេត្តកំពង់ឆ្នាំង ក្លិប​កីឡា​បាល់​ទះ​ខេត្តតាកែវ ក្លិបស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ពូលG មាន​ក្លិប​ស្នងការ​ដ្ឋាន​នគរ​បាល​​ខេត្ត​ក្រចេះ ក្លិប​បាល់ទះ​ខេត្តកំពង់ស្ពឺ ក្លិបស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង ហើយពូល​H មាន​​ក្លិប​យុវជនបក្សីឆ្លងដែន ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និងស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​​កំពត។

សម្រាប់ពូល​ទាំង​​៨​នេះ នឹង​​ត្រូវ​ធ្វើ​ការ​ប្រកួត​ជម្រុះ ចាប់ពី​ថ្ងៃទី​​៩ ដល់​​ថ្ងៃទី​១៤ ខែវិច្ឆិកា ដើម្បី​​យក​ក្រុម​លេខ​១ និងលេខ​២​តាមពូលទាំង​៨ ឡើង​ទៅ​ប្រកួត​វគ្គ​ខ្វែង​១៦​ក្រុម​ចុង​ក្រោយ នៅ​ថ្ងៃទី​​១៥ និងទី​១៦ ខែវិច្ឆិកា រួច​បន្ត​យកក្រុមឈ្នះ​ឡើង​ទៅ​ប្រកួត​​វគ្គ​៨​ក្រុម​ចុង​ក្រោយ នៅ​ថ្ងៃទី​​១៧ វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃទី​១៨ និង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា។

ដោយឡែក​សម្រាប់​​ប្រាក់​រង្វាន់​វិញ ​គឺមាន​ការ​កើន​ឡើង​ជិត​២​ដង បើប្រៀប​ធៀប​ទៅនឹង​ការ​ប្រកួតកាលពី​ឆ្នាំ​២០២២ ដែល​ក្រុម​ម្ចាស់​ជើងឯក វិសាខា ទទួល​បាន​ត្រឹម​២០​លាន​រៀល ព្រោះ​​ឆ្នាំ​នេះ ក្រុម​ម្ចាស់​ជើងឯកនឹង​ទទួល​បាន​​រហូត​ដល់​៥០លានរៀលរីឯ​​ក្រុម​លេខ២ បាន​២០​លាន​រៀល និង​​ក្រុម​លេខ៣ បាន១០លានរៀល​ហើយបន្ថែមលើ​នេះ ​ក៏មានការ​ផ្តល់​ប្រាក់​រង្វាន់ជា​ច្រើន​ទៀត ទៅ​ដល់​កីឡាករ ដែល​លេង​បាន​ល្អ​ជាង​គេ នៅតាមជំនាញ​នីមួយៗ​ទៀតផង។

ជាមួយ​ការ​បង្កើន​ប្រាក់​រង្វាន់នេះ អ្នក​ឧកញ៉ា លាង ម៉េង អគ្គនាយក​ក្រុម​ហ៊ុន Khmer Beverages ដែល​ជា​​អ្នក​ឧបត្ថម្ភ​ធំ សម្រាប់​ការ​​ប្រកួត​បាល់​ទះ​ពាន​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៣​នេះ បាន​ថ្លែង​ថា៖​ «​យើង​​មានចក្ខុវិស័យ​វែង​ឆ្ងាយ ក្នុងការ​ចូលរួម​ជួយ​វិស័យ​បាល់​ទះរហូត​ដល់​១០​ឆ្នាំ ព្រោះ​បើ​យើង​ចង់​ឱ្យវិស័យ​​នេះ អាច​ឈាន​ទៅ​ប្រកួត​ប្រជែង​ក្នុងកម្រិត​ពិភព​លោក​បាន ​ទាល់​តែ​យើង​​ខំប្រឹង​បណ្តុះបណ្តាល​ធនធាន ហើយ​ការងារ​នេះ​អាច​ដំណើរ​ទៅបានល្អ វា​​ទាល់​តែ​យើង​មានការ​ចូល​រួម​ជួយទាំង​អស់​គ្នា ទើប​បាន»៕