ភ្នំពេញ៖ ក្រុមភ្នំពេញក្រោន របស់កម្ពុជា ដែលទើបបានធ្វើដំណើរទៅដល់ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ៧ ខែវិច្ឆិកានោះ នឹងត្រូវធ្វើការប្រកួតដណ្តើមយក ៣ ពិន្ទុ ជាមួយក្រុមម្ចាស់ផ្ទះ Macarthur FC ក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ AFC Cup នៅពហុកីឡដ្ឋាន Campbelltown Sports នៃទីក្រុង Sydney នារសៀលម៉ោង ៣ ថ្ងៃព្រហស្បិ៍នេះ។
បើទោះបីជាក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុម Macarthur រហូតដល់ ៣-០ សម្រាប់ការប្រកួតជើងទី១ នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃទី ២៦ ខែតុលា ប៉ុន្តែគ្រូបង្គោលលោក Oleg Starynskyi បានអះអាងថា ការប្រកួតលើកនេះ ភ្នំពេញក្រោន បានជួបការលំបាកច្រើនទាំងទៅលើការធ្វើដំណើរ និងការសម្របខ្លួនជាមួយអាកាសធាតុ។
ផ្ទុយពីនេះក្រុម Macarthur FC បាននិងកំពុងមានសម្ទុះខ្លាំង ក្នុងការប្រជែងយក៣ពិន្ទុពីក្រុមភ្នំពេញក្រោន សម្រាប់ការប្រកួតដ៏អំណោយផល នៅលើទឹកដីរបស់ពួកគេ ដើម្បីប្រជែងយកទីតាំងលេខ១ប្រចាំពូល F នេះវិញ។
លោក Oleg Starynskyi បាននិយាយក្នុងសន្និសីទកាសែត នៅលើទឹកដីអូស្រ្តាលី កាលពីថ្ងៃទី ៨ ខែវិច្ឆិកាថា៖ «អ្វីៗដែលបានកើតឡើងពីមុន យើងមិនផ្តោតអារម្មណ៍ទេ។ បើទោះបីជា យើងបានឈ្នះគេ ៣-០ នៅក្នុងដីរបស់យើង ប៉ុន្តែការប្រកួតលើកនេះ ជាការប្រកួតដ៏ពិបាកបំផុត»។
គ្រូបង្គោលក្រុមភ្នំពេញក្រោនរូបនេះ បានបន្ថែមថា៖ «ខ្ញុំរំពឹងថា វានឹងក្លាយជាការប្រកួតដែលលំបាកខ្លាំង ព្រោះ Macarthur គេចំណេញច្រើន សម្រាប់ការប្រកួតក្នុងដីនេះ ប៉ុន្តែយើងក៏ត្រូវរក្សាគុណភាពនៃការលេងរបស់យើងដូចគ្នា។ យើងបានធ្វើដំណើរច្រើនម៉ោងណាស់ ដើម្បីមកដល់ទីនេះ ហើយមានភាពខុសគ្នាច្រើនទាំងអាកាសធាតុ និងទីតាំងផងដែរ ដូច្នេះវាជារឿងពិបាក»។
តែទោះបីជាយ៉ាងណា គ្រូបង្វឹកជនជាតិអ៊ុយក្រែន លោក Oleg Starynskyi នៅតែជឿជាក់លើកូនក្រុមរបស់លោក ក្នុងការស្វែងរកបានលទ្ធផលល្អជាបន្តទៀត ដើម្បីអាចឈានទៅបង្កើតប្រវត្តិសាស្រ្តរួមគ្នា គឺការក្លាយជាក្លិបបាល់ទាត់នៅកម្ពុជាដំបូងគេ ដែលនឹងអាចបានឡើងទៅលេងនៅជុំបន្ទាប់នៃពានរង្វាន់ AFC Cup នេះ នៅឆ្នាំ ២០២៤។
លោក Oleg Starynskyi បានបញ្ជាក់ថា៖ «យើងចង់ឡើងទៅកាន់វគ្គបន្ត ដូច្នេះការប្រកួតថ្ងៃស្អែកនេះ (ថ្ងៃនេះ) គឺជាការប្រកួតដ៏សំខាន់សម្រាប់យើង។ នៅពេលនេះយើងមានឱកាសក្នុងការឡើងទៅជុំបន្ទាប់ ដូច្នេះយើងសង្ឃឹមថា នឹងអាចធ្វើវាបាន ហើយវានឹងក្លាយទៅជារឿងប្រវត្តិសាស្រ្តផងដែរ»។
ជាមួយការដាក់គោលដៅ ដើម្បីបានឡើងទៅលេងនៅវគ្គបន្តនៃពាន AFC Cup នេះ ភ្នំពេញក្រោន ក៏កំពុងមានប្រៀបលើក្រុមចំនួន ៣ ទៀត ដែលឈរនៅពូល F ជាមួយគ្នានេះផងដែរ ព្រោះការប្រកួតជើងទី១ ចំនួន ៣ លើកកន្លងមកនេះ ភ្នំពេញក្រោន បានឈ្នះទាំង ៣ ប្រកួតជាប់ៗគ្នា គឺឈ្នះក្រុមម្ចាស់ផ្ទះ DH Cebu របស់ហ្វីលីពីន និងក្រុម Macarthur របស់អូស្រ្តាលី ៣-០ ដូចគ្នា និងឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ៤-០។
ជាមួយលទ្ធផលជាបណ្តោះអាសន្ននេះ បានជួយឱ្យក្រុមភ្នំពេញក្រោន ឈរនៅលេខ ១ ប្រចាំពូល F នេះ ដោយមាន ៩ ពិន្ទុពេញ និងតាមពីក្រោយដោយក្រុម Macarthur ដែលមាន ៦ ពិន្ទុ ខណៈក្រុម DH Cebu ឈរនៅលេខ ៣ មាន ៣ ពិន្ទុ ប៉ុន្តែក្រុម Shan United បានចាញ់ទាំង ៣ ប្រកួត ហើយកំពុងឈរនៅលេខ ៤ ចុងក្រោយគេ។ ហេតុនេះបើសិនជា ភ្នំពេញក្រោន អាចបន្តដណ្តើមបាន ៣ ពិន្ទុពីក្រុម Macarthur ទៀត នោះពួកគេ នឹងមានភាគរយខ្ពស់បំផុត ដើម្បីឡើងទៅលេងនៅវគ្គបន្ត ជាប្រវត្តិសាស្រ្ត។
តែទោះបីជាយ៉ាងណា លោក Mile Sterjovski គ្រូបង្វឹកក្រុម Macarthur មានការជឿជាក់ថា ក្រុមរបស់លោកនឹងដណ្តើម៣ពិន្ទុមកវិញ។ លោកបញ្ជាក់ថា៖ «យើងដឹងថា ភ្នំពេញក្រោន ជាក្រុមដែលពិបាកលេងជាមួយ ប៉ុន្តែនេះជាការប្រកួតនៅលើទឹកដីរបស់យើង ដោយយើងបានទន្ទឹងរង់ចាំ ក្នុងការបង្ហាញទម្រង់លេងល្អ ហើយខ្ញុំឃើញកីឡាករយើងពិតជាស្រេកឃ្លានជ័យជម្នះ ព្រោះវាជាការចាំបាច់សម្រាប់ក្រុមយើង គឺយើងនឹងដាក់ក្រុមដែលយើងជឿថា នឹងធ្វើបានល្អ ហើយជួយឱ្យយើងឈ្នះ»៕