ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានឯកភាពក្នុងការចូលរួមជួយអភិវឌ្ឍដល់សហព័ន្ធកីឡាតេក្វាន់ដូអាយធីអែហ្វកម្ពុជា ដើម្បីធ្វើឱ្យប្រភេទកីឡា ដែលមានប្រភពមកពីប្រទេសកូរ៉េខាងជើងមួយនេះ កាន់តែមានការរីកចម្រើន និងមានសក្តានុពលកាន់តែខ្លាំង នៅក្នុងប្រទេសកម្ពុជា។
លោក ហ៊ុន ម៉ានី បានប្រកាសពីការសម្រេចចិត្តចូលរួមដល់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជានេះ នៅក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯក «ពានរង្វាន់ឯកឧត្តម ហ៊ុន ម៉ានី ឆ្នាំ ២០២៣» នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រលប់ថ្ងៃទី ១៩ ខែវិច្ឆិកា ខណៈពាននេះត្រូវបានបង្កើតឱ្យមានឡើងជាលើកទី១ ក្រោមមតិផ្តួចផ្តើមរបស់ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា និងទទួលបានការគាំទ្រពីលោក កែវ រ៉េមី ជាប្រធានសហព័ន្ធ។
លោក ហ៊ុន ម៉ានី បានថ្លែងថា៖ «អ្វីដែលខ្ញុំមកទីនេះ ទី១ ចេញពីមនោសញ្ចេតនា ជាមួយឯកឧត្តមពូ (កែវ រ៉េមី) និងឯកឧត្តម ផាន់ វណ្ណរ័ត្ន ហើយទី២ ខ្ញុំសង្កេតឃើញពីការខំប្រឹងប្រែងរបស់សហព័ន្ធ ITF កម្ពុជា ដែលពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ មានការលូតលាស់។ លើសពីនេះ ខ្ញុំសង្កេតឃើញពីថាមពលនៃក្តីស្រឡាញ់ដែលប្អូនៗ ក្មួយៗជាកីឡាករ កីឡាការិនី បានបង្ហាញ ដោយមានការចូលរួមគាំទ្រផ្ទាល់ពីអាណាព្យាបាលនៅមុននេះ ហើយថាមពលនេះហើយ ដែលធ្វើឱ្យខ្ញុំចង់ចូលរួមជាមួយថែមទៀត»។
លោកបានបន្ថែមថា៖ «រឿងករណីថាតើ កីឡាតេក្វាន់ដូ ITF នេះ កើតនៅកន្លែងណា? ផ្សារភ្ជាប់ជាមួយប្រទេសណា? នោះជារឿងផ្សេង ចំណែកប្រវត្តិរបស់ ITF នៅក្នុងប្រទេសកម្ពុជា ពីឆ្នាំ ៧០ ទៅដល់ឆ្នាំ ៧៥ ក៏ជារឿងអតីតកាល អ៊ីចឹងចំពោះខ្ញុំ ខ្ញុំចូលរួមដោយមនោសញ្ចេតនា ពីថ្ងៃនេះឆ្ពោះទៅមុខ ហើយកីឡាជារឿងកីឡា មិនមែនជារឿងអ្វីផ្សេងនោះទេ។ ខ្ញុំគាំទ្រទៅលើការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងគាំទ្រចំពោះទឹកចិត្តនៃការខំប្រឹងរបស់កីឡាករ កីឡាការិនី»។
បន្ថែមទៅលើអ្វីដែលបានលើកឡើង ក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯក ពានរង្វាន់ឯកឧត្តមហ៊ុន ម៉ានី ឆ្នាំ២០២៣ នោះ លោក ហ៊ុន ម៉ានី បានសរសេររៀបរាប់បន្ថែមនៅលើផេចហ្វេសប៊ុករបស់លោកថា ស្មារតីកីឡា គឺជាការតស៊ូ ព្យាយាម ដើម្បីយកជ័យជម្នះ តែរក្សាបាននូវសាមគ្គីភាព ភាតរភាព និងមិត្តភាព ក្នុងសន្តិភាព។
លោកបានបញ្ជាក់ថា៖ «ពិតណាស់ នៅលើសង្វៀនប្រកួតយើងជាគូបដិបក្ខ តែនៅពេលចប់ការប្រកួត គឺយើងជាមិត្តភក្តិគ្នា។ មិនថាកីឡាតេក្វាន់ដូ កើតឡើងនៅទីណា ឬពេលណានោះទេ ខ្ញុំចូលរួមដោយមនោសញ្ចេតនាជាមួយប្អូនៗជាកីឡាករ កីឡាការិនី ចំពោះទឹកចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងស្វាហាប់។ ស្ថិតក្នុងស្មារតីនេះហើយ ទើបការប្រកួតកីឡាតេក្វាន់ដូអាយធីអែហ្វ ជ្រើសរើសជើងឯក «ពានរង្វាន់ ឯកឧត្តម ហ៊ុន ម៉ានី» ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង»។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានចាត់ទុកការប្រកួតនេះជាការរួមចំណែកក្នុងការផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី បានប្រកួតប្រជែងសាកល្បងសមត្ថភាព និងដកស្រង់បទពិសោធន៍គ្នា ព្រមទាំងដុសខាត់ សម្រួចចំណេះ ជំនាញក្បាច់គុនរបស់ពួកគេ ដើម្បីអាចឈានទៅដណ្តើមជ័យជម្នះលើឆាកជាតិ និងអន្តរជាតិនានាបន្តថែមទៀត ខណៈកន្លងមកនេះ ក្រុមតេក្វាន់ដូ ITF កម្ពុជា ធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និងអាស៊ានរួចមកហើយ។
តាមរបាយការណ៍របស់លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពានរង្វាន់ឯកឧត្តមហ៊ុន ម៉ានី ឆ្នាំ ២០២៣ មានសមាគម ក្លិប ចំនួន ១៨ បានចូលរួម ដោយមានប្រតិភូ/គ្រូបង្វឹកចំនួន ៣៦ នាក់ កីឡាករ ១០៧ នាក់ និងកីឡាការិនី ៧១ នាក់។
អ្នកទាំងអស់នេះបានប្រកួតប្រជែងលើ ២៨ ប្រភេទវិញ្ញាសា ដោយធ្វើការកំណត់តាមប្រភេទក្រុមអាយុ សម្រាប់ថ្នាល (ពី ១៣ ដល់ក្រោម ១៨ ឆ្នាំ និងពេញវ័យ (ចាប់ពី ១៨ ឆ្នាំឡើង)។
ចំពោះកម្រិតបច្ចេកទេសកីឡាករ កីឡាការិនី ក៏ត្រូវធ្វើការបែងចែកតាមប្រភេទក្រុមជម្រើសជាតិផ្សេង និងក្រុមអត្តពលិក មិនស្ថិតនៅក្នុងការប្រមូលផ្តុំផ្សេងពីគ្នាផងដែរ ដើម្បីផ្តល់លទ្ធភាពក្នុងការប្រកួតប្រជែងដណ្តើម មេដាយ ដោយឈរលើគោលការណ៍តម្លាភាពក៏ដូចជាការបើកឱកាសឱ្យកីឡាករ កីឡាការិនី ជំនាន់ក្រោយបានប្រកួតប្រជែងដណ្តើមមេដាយជូនសមាគម អង្គភាព និងក្លិបរបស់ពួកគេ។
តាមរយៈការប្រកួតចំនួន៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ១៦ ដល់ទី ១៩ ខែវិច្ឆិកានេះ ក្រុមអត្តពលិករបស់ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ៦ ប្រាក់ ៧ សំរឹទ្ធ ៩ ដើម្បីឈរនៅលេខ ១ ហើយតាមពីក្រោយដោយក្លិបក្តីចាស់ ដោយបានមេដាយមាស ៦ ប្រាក់ ៤ សំរឹទ្ធ ៣ និងក្លិបស.ស.យ.កខេត្តកំពង់ស្ពឺ ដែលដណ្តើមបានមេដាយមាស ៥ ប្រាក់៣ សំរឹទ្ធ ៦ រីឯក្លិបខេត្តកោះកុង បានមេដាយមាស ៤ ប្រាក់ ៣ សំរឹទ្ធ ៣។
ចំណែកកីឡាករ កីឡាការិនីរបស់សាលាអន្តរជាតិអេផល ក្លិបសេរីភាព ក្លិបខេត្តស្ទឹងត្រែង វិទ្យាល័យជាស៊ីមព្រែកអញ្ចាញ ក្លិបយុវជន ក្លិបថ្មសខេត្តកោះកុង វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ ក្លិបពន្លឺយុវជនខេត្តកំពង់ស្ពឺ ក្លិបកុលបុត្រ ក្លិបជម្ពូវ័នសែនជ័យ និងក្លិបវីរភាពកីឡា ក៏ដណ្តើមបានមេដាយពីការប្រកួតនេះផងដែរ ប៉ុន្តែក្លិបកោះដាច់ ក្លិបអង្គររាជ និងក្លិបមិត្តភាព មិនដណ្តើមបានមេដាយទេ។
ចំពោះលទ្ធផលនេះ លោក បួនហ៊ីង សុធីយ៉ា បានបញ្ជាក់ថា៖ «ក្រោយពីបញ្ចប់ការប្រកួត យើងសម្រិតសម្រាំងបានអត្តពលិក មានបច្ចេកទេសខ្ពស់ មានទេពកោសល្យ មានសមត្ថភាព និងមានស្មារតីអង់អាចក្លាហាន ដែលអាចទៅចូលរួមប្រកួតប្រជែងនានាក្នុងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ពិសេសធនធានកីឡាករ កីឡាការិនីថ្មីៗ ដែលសហព័ន្ធ បានកត់ចំណាំ និងត្រៀមកោះហៅមកធ្វើការប្រកួតដណ្តើមកៅអី សម្រាប់ការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិឆ្នាំ ២០២៤ ក៏ដូចជាការត្រៀមបញ្ជូនទៅចូលរួមប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី១០ នៅប្រទេសឥណ្ឌា ឆ្នាំ ២០២៤ ផងដែរ»៕