ភ្នំពេញៈ ក្រុម​ក្រសួង​មហាផ្ទៃ (B) បានរួមគ្នា​វាយបក​យក​ឈ្នះ​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំ​ពេញ ដោយ​លទ្ធផល ៣-១ ដើម្បី​ក្លាយជាម្ចាស់​ជើងឯក នៃ​ការ​ប្រកួត​បាល់​ទះ​ពាន​រង្វាន់​ «សម្តេច​ក្រឡា​ហោម ស ខេង» ឆ្នាំ ​២០២៣ ហើយ​កីឡាករ​ចំនួន​ ៥​ នាក់​របស់​ក្រុម​នេះ ក៏បាន​ឈ្នះ​ពាន​រង្វាន់​ជា​លក្ខណៈ​ឯកត្តជន​​ផងដែរ។

តាម​រយៈការ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅក្នុង​វិមាន​ពហុកីឡដ្ឋានជាតិ ក្រោម​អធិបតី​ភាព​​របស់​លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ស សុខា ​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា កាលពីយប់​ថ្ងៃទី​ ១៩ ខែវិច្ឆិកា កន្លង​មក​នេះ ក្រុមរដ្ឋបាលរាជធានី​ភ្នំពេញបាន​យក​ឈ្នះ​ក្រុម​ក្រសួងមហាផ្ទៃ (B) ដោយ​គ្រាប់​បាល់ ២៥-១៦ នៅក្នុង​សិតទី​១ ដែល​​ធ្វើ​ឱ្យ​ក្រុមនេះមាន​ការ​ជឿជាក់​កាន់តែ​ខ្លាំង ក្នុងការ​ឈាន​ទៅ​ឈ្នះ​ពាន ព្រោះ​នៅក្នុង​វគ្គ​ជម្រុះ​ប្រចាំពូល​C ពួកគេធ្លាប់​បាន​យក​ឈ្នះ​ក្រុម​ក្រសួង​មហា​ផ្ទៃ ៣-១ ម្តង​ហើយ។

ប៉ុន្តែ​អ្វី​ៗមានការ​ប្រែ​ប្រួល​ខ្លាំង សម្រាប់​ក្រុមរដ្ឋបាល​រាជធានី​ភ្នំពេញ ដោយពួក​គេបែរជា​បង្ហាញ​ការ​លេង​មិនសូវយល់​ចិត្ត​គ្នាវិញ ដែល​ធ្វើ​ឱ្យ​ក្រុម​ក្រសួងមហាផ្ទៃ ដណ្តើម​បានជ័យជម្នះ​៣​សិត​ជាប់ៗ​គ្នា ជាមួយគ្រាប់បាល់ ​២៥-២៣, ២៥-២០ និង ២៥-២០ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក អម​ដោយ​ប្រាក់​រង្វាន់​ចំនួន ​៥០​ លាន​រៀល​យ៉ាង​រំភើប​បំផុត ខណៈ​ក្រុម​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បានថវិកា​ ២០​ លានរៀល។

ជាមួយ​គ្នា​នេះ កីឡាករ​ចំនួន ​៥​ នាក់របស់​ក្រុម​ក្រសួង​មហាផ្ទៃ (B) ក៏​ទទួលបាន​ពានរង្វាន់​ឯក​ត្តជន​ផងដែរ ដោយ​ក្នុង​នោះ  កីឡាករ ម៉ុក រ៉ាណាក់ បានឈ្នះ​ពាន​កីឡាករ​ធ្វើ​រនាំង​​ល្អ (Best Middle Blocker) កែវ ស្រេង​លីហួរ ឈ្នះ​ពានរង្វាន់​អ្នក​លើក​បាល់​ល្អ​ជាង​គេ (Best Setter) ឈួន ប្រសិទ្ធ ឈ្នះ​ពានរង្វាន់​កីឡាករ​ការពារ​ល្អ​ជាង​គេ (Best Libero) ម៉ន សុខនាងឈ្នះ​ពាន​កីឡាករ​​វាយ​ឆ្វេង​ល្អ​ជាង​គេ (Best Opposite) និង​កីឡាករ ឆោម ទីណាឈ្នះ​​ពាន​រង្វាន់ កីឡាករ​​វាយ​ស្តាំ​​ល្អ​ជាង​គេ (Best Outside Hitter) ខណៈ​​អ្នក​ឈ្នះ​បានពាន​រង្វាន់​ឯកត្ត​ជន​នេះ​១ ទទួល​បាន​ប្រាក់​រង្វាន់​ ៨០ ម៉ឺន​រៀល។

យ៉ាង​ណា​ក៏​ដោយ លោក អ៊ូ សុផល គ្រូ​បង្វឹក​របស់​ក្រុម​ក្រសួងមហាផ្ទៃ (B) បាន​សារភាព​ក្រោយ​ការ​ប្រកួត​ថា មុន​នឹង​ដណ្តើម​បាន​ពាន ជា​លើកដំបូង​នេះ ​ក្រុម​របស់​លោកបានជួប​ការ​លំបាក​ខ្លាំង ដោយ​សារពូល​ C សម្បូរដោយ​ក្រុម​ខ្លាំងៗ ដូចជាក្រុមរដ្ឋបាលរាជធានី​ភ្នំពេញ និង​ក្រុម​ស្នង​ការ​​ដ្ឋាននគរ​បាល​ខេត្តឧត្តរមាន​ជ័យ ហើយ​នៅ​ក្នុង​ក្រុម​ក្រសួងមហាផ្ទៃ មាន​កីឡាករ​ក្មេងៗភាគ​ច្រើន ដែល​ទើប​ចូល​ហ្វឹកហាត់បាន ​១ ឆ្នាំនៅ​ខ្វះបទពិ​សោធន៍ និង​មាន​អារម្មណ៍​មិនសូវ​នឹង​នរ ក្នុងការ​ប្រកួត​ផង។

លោក​បាន​បន្ថែម​ថា៖ «នៅពេល​យើង​លេងជាមួយក្រុម​រដ្ឋបាលរាជធានី​ភ្នំពេញ កីឡាករ​វ័យ​ក្មេង​របស់​យើង មាន​​​ភាព​ពុះ​កញ្រ្ជោល​ខ្លាំង ​ធ្វើ​ឱ្យ​ចាញ់ នៅ​ក្នុងពូល តែ​សម្រាប់ការ​ប្រកួត​ជា​បន្ត​​​បន្ទាប់​​​ទៀត ពួកគេ​ធ្វើ​បាន​​ល្អ ចំណែក​​ការ​អាចយក​ឈ្នះ​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ វិញ នៅវគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ដោយសារ​​យើង​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ដៃគូ ពិសេស​យើងបានទប់​អារម្មណ៍​​កីឡាករ​វ័យក្មេង​របស់​យើង​ មិនឱ្យ​លេងដោយភាព​ឆេវឆាវ​ដូចមុន គឺ​យើង​ឱ្យ​គាត់​លេង​ដោយ​រីក​រាយ និងមាន​ទំនុកចិត្ត មិនឱ្យ​បារម្ភ​ទៅលើ​ការ​ចាញ់​ច្រើន​ពេក​នោះ​ទេ គឺបើ​ឈ្នះ ឬចាញ់ ត្រូវ​លេង​ដោយ​បច្ចេក​ទេស»។

ផ្ទុយ​ពីនេះ​កីឡាករ រ៉ុង សុខជា ដែល​បាន​ឈ្នះ​ពាន​រង្វាន់ឯកត្តជន​ចំនួន​២​តែ​ម្នាក់​ឯង គឺពាន​​ជា​កីឡាករ​វាយ​ស្តាំ​​ល្អ​ជាងគេ និង​​ពានជា​​កីឡាករ​ឆ្នើម​ជាង​គេ​នោះ បាន​បង្ហាញ​ការ​សោក​ស្តាយ​ខ្លាំង ដែល​ក្រុម​រដ្ឋបាលរាជធានី​ភ្នំពេញ មិនអាច​រក្សា​ភាព​ខ្លាំង ដើម្បី​ឈ្នះ​ពាន ខណៈ​មិត្ត​រួម​ក្រុម​របស់​គេ ឧក រដ្ឋា ក៏​បាន​ឈ្នះ​ពានជា​កីឡាករ​ធ្វើ​រនាំង​​ល្អ (Best Middle Blocker) ផង​ដែរ។

កីឡាករ រ៉ុង សុខជា បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​សប្បាយ​ចិត្ត ដែលបានជាប់​ជាកីឡាករ​វាយ​ស្តាំ​​ល្អ​ជាងគេ និង​​ពានរង្វាន់​កីឡាករ​ឆ្នើម​ជាង​គេ ប៉ុន្តែ​ខ្ញុំ​មាន​ការ​សោក​ស្តាយ ដែល​ក្រុម​របស់​ខ្ញុំ​ មិន​ទទួលបាន​លេខ ​១។ ខ្ញុំ​គិត​ថា ក្រុម​យើង នឹង​ទទួល​បាន​លេខ​ ១ ​ហើយ ព្រោះ​នៅសិតទី​១ យើង​បានស៊ីគេ​យ៉ាង​ស្រួល ហើយ​យើង​ក៏​ធ្លាប់​ឈ្នះក្រុម​ហ្នឹង កាលវគ្គជម្រុះ​ក្នុងពូល​ដែរ ប៉ុន្តែ​​នៅ​​សិតទី​២ ទី​៣ និងទី​៤ ក្រុម​របស់​ខ្ញុំ​ដូចជា​បែក លេង​អត់សូ​វ​ត្រូវគ្នាទេ គឺ​ធ្វើ​ឱ្យ​យើង​ភ្លាត់​ស្នៀត​ចាញ់​គេ​វិញ ដ៏គួរ​ឱ្យ​សោក​ស្តាយ​បំផុត»។

ដោយ​ឡែក​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស (B) ដែល​បាន​ចាញ់​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ ៣-១ នៅវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ បាន​យក​ឈ្នះ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍​សាត់ ៣-១ ជាមួយ​គ្រាប់​បាល់ ២៥-២៣,​១៦-២៥,​២៥-២០ និង ២៧-២៥ ដើម្បី​ទទួល​បាន​លេខ ​៣ អម​ដោយ​​ប្រាក់រង្វាន់​ចំនួន ​១២ លាន​រៀល។ 

ប៉ុន្តែ​​ក្រុមវិសាខា ដែល​ធ្លាប់​ឈ្នះពាន កាល​ពី​​ឆ្នាំ ​២០២២ ​​នោះ បាន​ធ្លាក់​នៅត្រឹម​វគ្គ​ជម្រុះ​ក្នុងពូល ដោយ​បានចាញ់​ទាំង​​៣​ប្រកួតជាប់ៗគ្នា ព្រោះ​​ឆ្នាំ​នេះ វិសាខា បាន​ដាក់ក្រុមយុវជន​អាយុ​ក្រោម​ ១៨ ឆ្នាំ​របស់​ខ្លួនឱ្យ​ចូលលេង ខណៈ​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង ឆ្នាំ ​២០២៣ មាន​ក្រុម​ចូល​រួម​រហូត​ដល់​​ ២៩ ​ក្រុម គឺ​មានការ​កើន​ឡើង​ជាង​កាលពី​ឆ្នាំ​ ២០២២ ដែល​មាន​ ២១ ​ក្រុម ហើយ​ការចូលរួម​​ឧបត្តម​គាំទ្រ​​របស់​ក្រុមហ៊ុន Khmer Beverages ក៏​ធ្វើ​ឱ្យ​ការ​ប្រកួត​លើក​នេះ មាន​ប្រាក់រង្វាន់​កាន់តែ​ច្រើន និងមានការ​ប្រកួត​ប្រជែង​កាន់តែ​ស្វិតស្វាញ​ផង​ដែរ៕