ភ្នំពេញៈ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ហូឡង់ Jelle Goselink ដែលទើបបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ក្នុងសប្តាហ៍នេះ បានបង្ហាញការតាំងចិត្ត និងមហិច្ឆតាខ្ពស់ ក្នុងការជួយដល់ក្រុមភ្នំពេញក្រោន ឱ្យបន្តឈ្នះពាន នៅលីគកំពូលកម្ពុជា និងទទួលបានលទ្ធផលល្អ សម្រាប់ការប្រកួតពានរង្វាន់ AFC Cup តំណាងឱ្យកម្ពុជាផងដែរ។
កីឡាករវ័យ២៤ឆ្នាំ មានកម្ពស់ ១,៨៩ ម៉ែត្រ Jelle Goselink បានបង្ហាញភាពសប្បាយរីករាយខ្លាំង ក្នុងការមកចូលរួមជាមួយក្រុមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់គ្រូបង្គោលអ៊ុយក្រែន លោក Oleg Starynskyi ព្រោះគេបានមើលឃើញ ថា អ្នកគាំទ្រនៅកម្ពុជា ពិតជាមានភាពរួសរាយ ហើយនិងមានចិត្តស្រឡាញ់បាល់ទាត់ដូចរូបគេដែរ ដែលបានក្លាយជាយុវជនលេងឱ្យក្លិប USV Elinkwijk នៅឆ្នាំ២០១៣ មុននឹងផ្លាស់ទៅលេងឱ្យ ក្លិប Almere City រហូតដល់ឆ្នាំ២០១៩។
ក្នុងបទសម្ពាសន៍ដំបូងជាមួយក្លិបភ្នំពេញក្រោន Jelle Goselink បាននិយាយថា៖ «នៅពេលដែលខ្ញុំ និយាយជាមួយគ្រូបង្វឹក ខ្ញុំពិតជារីករាយ ព្រោះគាត់បានបង្ហាញពីរចនាសម្ព័ន្ធនៅទីនេះ ដូចជាក្រុម ក្លិប និងប្រទេសកម្ពុជា ហើយអ្វីៗទាំងអស់គឺល្អ ដូច្នេះខ្ញុំពិតជារីករាយណាស់ ដែលបានចុះកុងត្រាជាមួយភ្នំពេញក្រោន ព្រោះទីនេះ (កីឡដ្ឋានស្មាតអអេសអិន) ពិតជាល្អណាស់ វាដូចជាកីឡដ្ឋាន នៅប្រទេសអង់គ្លេស ដែលមានកន្លែងអង្គុយនៅជិតទីលាន ដោយខ្ញុំគិតថា នឹងផ្តល់បរិយាកាសដ៏ល្អ សម្រាប់អ្នកគាំទ្រ»។
បើទោះបីជាទើបបានចូលរួមហ្វឹកហាត់ ជាមួយក្រុមភ្នំពេញក្រោន កាលពីថ្ងៃទី២១ ខែវិច្ឆិកា តែ Jelle Goselink បានអន្ទះសា ក្នុងការបង្ហាញសមត្ថភាព នៅចំពោះមុខអ្នកគាំទ្រកម្ពុជា ហើយការជួបក្រុមមិនធ្លាប់ចាញ់ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្មាតអអេសអិន នាល្ងាចម៉ោង ៦ ថ្ងៃទី២៥ ខែវិច្ឆិកានេះ នឹងក្លាយជាការប្រកួតដំបូង ដែល Jelle Goselink អាចបង្ហាញវត្តមាន ខណៈជំនួបដ៏ធំនេះ វាក៏ជាពេលដែល ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ត្រូវជម្រះបញ្ជីជាមួយក្រុមស្វាយរៀង ដែលពួកគេបានចាញ់ ២-១ សម្រាប់ការប្រកួតជុំទី១ នៃលីគកំពូល កាលពីថ្ងៃទី១១ ខែសីហា។
ជាមួយគ្នានេះ ម្ចាស់អាវលេខ ៩ Jelle Goselink ដែលបានប្រកបអាជីពបាល់ទាត់ នៅក្លិប Helmond Sport នៃលីគទី២របស់ហូឡង់ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ មុននឹងផ្លាស់មកលេងឱ្យក្រុមលីគកំពូលរបស់ឥណ្ឌូនេស៊ី Borneo Samarinda នៅឆ្នាំ២០២៣នេះ បានបង្ហាញមហិច្ឆតាខ្ពស់ ក្នុងការជួយក្រុមភ្នំពេញក្រោន ឱ្យទទួលបានលទ្ធផលល្អ សម្រាប់ការធ្វើដំណើរមកប្រកបអាជីពបាល់ទាត់ នៅកម្ពុជា ជាលើកដំបូងនេះ។
ខ្សែប្រយុទ្ធ Jelle Goselink មិនត្រឹមតែមានបំណងជួយ ភ្នំពេញក្រោន ឱ្យបន្តលើកពាន នៅលីគកំពូលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែរូបគេ ក៏បានតាំងចិត្តជួយ ក្រុមសិង្ហក្រហម ឱ្យទទួលបានលទ្ធផលល្អ នៅក្នុងការប្រកួតពានរង្វាន់ AFC Cup ផង ដែរ ខណៈពេលនេះ ភ្នំពេញក្រោន កំពុងឈរនៅលេខ២ ប្រចាំពូលF ដោយមាន៩ពិន្ទុ ស្មើជាមួយក្រុម Macarthur FC របស់អូស្ត្រាលី ដោយក្រុមទាំង២ នេះ បានឈ្នះ៣ និងចាញ់១ ប្រកួតដូចគ្នា គ្រាន់តែ Macarthur មានគ្រាប់បាល់ចំណេញច្រើនជាងចំនួន ៦ គ្រាប់។
Jelle Goselink បានបញ្ជាក់ថា៖ «គោលដៅរបស់ខ្ញុំ គឺលេងឱ្យបានល្អ ដើម្បីជួយដល់ក្រុមភ្នំពេញក្រោន ហើយខ្ញុំសង្ឃឹមថា យើងអាចទទួលបានសមិទ្ធផលជាច្រើនជាមួយគ្នា ដូចជាជួយក្រុមឱ្យលើកពាន និងធ្វើឱ្យបានល្អ នៅក្នុងការប្រកួតពាន AFC Cup។ ចំណែកសាររបស់ខ្ញុំទៅអ្នកគាំទ្រ គឺខ្ញុំសង្ឃឹមថា នឹងបានជួបពួកគាត់ឆាប់ៗនេះ ដើម្បីទទួលបានសមិទ្ធផលល្អៗជាមួយគ្នា ក៏ដូចជាធ្វើឱ្យបានល្អសម្រាប់រដូវកាលនេះ»៕