ភ្នំពេញៈ កីឡាករជើងខ្លាំងមានរហស្សនាម «អ្នកលេងពូថៅដៃ» ធឿន ធារ៉ា បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការដណ្តើមយកជ័យជម្នះចំនួន ៣ លើកជាប់ៗគ្នា ពីការប្រកួត Kun Khmer World Cup 2023 នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកានេះ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ ៧២ គីឡូក្រាម និងការទទួលបានកាដូយក្ស គឺរង្វាន់ឡានថ្មីសន្លាង១គ្រឿងទៀតពីម្ចាស់ឧបត្ថម្ភធំ។
បើទោះបីជា ធឿន ធារ៉ា ធ្លាប់បានឈ្នះខ្សែក្រវាត់ Thai Fight នៅប្រទេសថៃ និងធ្លាប់ឈ្នះបានខ្សែក្រវាត់កម្រិតពិភពលោកមួយចំនួនទៀត ពីការប្រកួតនៅក្នុងទឹកដីខ្លួនឯង ប៉ុន្តែ ធារ៉ា បានបង្ហាញការភ្ញាក់ផ្អើលខ្លាំង ចំពោះការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ ដែលមានកីឡាករជើងខ្លាំង ៨ ប្រទេសចូលរួមនេះ។
ធឿន ធារ៉ា បាននិយាយថា៖ «ខ្ញុំមិនដែលគិត និងនឹកស្មានថា បានចូលរួមប្រកួតកម្មវិធីធំ ដែលមានប្រាក់រង្វាន់ច្រើនបែបនេះទេ ហើយខ្ញុំនឹងធ្វើឱ្យកក្រើកម្តងទៀត ដើម្បីឱ្យគេស្គាល់គុនខ្មែររបស់យើងច្បាស់ជាងនេះ។ ខ្ញុំប្តេជ្ញាចិត្តថា នឹងខំប្រឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីយកឡាន និងខ្សែក្រវាត់នេះឱ្យបាន»។
សម្រាប់ការប្រកួតនេះ ធឿន ធារ៉ា នឹងទទួលបានប្រាក់រង្វាន់សរុបចូល ២០០ លានរៀល បើសិនជារូបគេក្លាយជាម្ចាស់ជើងឯក ក្នុងការប្រកួត Kun Khmer World Cup ដែលរៀបចំដោយសង្វៀនថោន នៅរាជធានីភ្នំពេញ នាយប់ថ្ងៃព្រហស្បតិ៍នេះ ព្រោះរង្វាន់ឡានថ្មី ពី Ganzberg មានតម្លៃចូល ៤ ម៉ឺនដុល្លារ ហើយប្រាក់រង្វាន់សម្រាប់ការឈ្នះខ្សែក្រវាត់ ប្រមាណ ១ ម៉ឺនដុល្លារ។
តែទោះបីជាយ៉ាងណា ធឿន ធារ៉ា បានមើលឃើញថា ផ្លូវដែលរូបគេត្រូវឆ្លងកាត់ ដើម្បីអាចឈានទៅទទួលបានឡាន និងខ្សែក្រវាត់នេះ គឺមានការពិបាកខ្លាំង ព្រោះបេក្ខភាពជាកីឡាករបរទេសចំនួន ៧ នាក់ទៀត ដែលត្រូវចូលរួមប្រកួតដណ្តើមខ្សែក្រវាត់នេះ គឺភាគច្រើនជាម្ចាស់ខ្សែក្រវាត់ និងជាជើងខ្លាំងប្រចាំនៅក្នុងប្រទេសរបស់ពួកគេ ដូច ធារ៉ា ដែរ ប៉ុន្តែគ្មានវត្តមានកីឡាករថៃនោះទេ។
នៅក្នុងការនេះ ធឿន ធារ៉ា នឹងត្រូវធ្វើការប្រកួតជម្រុះតាមបែបម៉ារ៉ាតុង ជាមួយកីឡាកររបស់សាធារណរដ្ឋឆែក Michael កីឡាករប្រេស៊ីល Machaado Bento អ្នកប្រដាល់អ៊ុយក្រែន White Shark អ្នកប្រយុទ្ធរបស់អាល្លឺម៉ង់ Kocheise កីឡាករអ៊ីរ៉ង់ Keramat អ្នកប្រដាល់ចិន Area Code និង Shin Htit Orsitphyo របស់មីយ៉ាន់ម៉ា ដោយអ្នកទាំង ៨ នាក់នេះ ត្រូវធ្វើការប្រកួតជម្រុះចាញ់ធ្លាក់ៗ ពី ៨ នាក់ សល់ ៤ នាក់ រួចយក ២ នាក់ ឡើងទៅប្រកួតផ្តាច់ព្រ័ត្រតែម្តង គឺមានន័យ អ្នកណាឈ្នះ៣ប្រកួតជាប់ៗគ្នា ទើបបានក្លាយជាម្ចាស់ខ្សែក្រវាត់។ ប៉ុន្តែចំពោះរង្វាន់ឡានថ្មី គឺ Ganzberg ដាក់សម្រាប់តែ ធឿន ធារ៉ា ម្នាក់ទេ។
ចំពោះបេក្ខភាពទាំង ៨ នាក់នេះ ធឿន ធារ៉ា ធ្លាប់ស្គាល់ច្បាស់តែកីឡាករប្រេស៊ីល Machaado Bento ម្នាក់ទេ ព្រោះរូបគេធ្លាប់បានផ្តួលឱ្យសន្លប់ នៅក្នុងទឹកទី២ សម្រាប់ការជួបគ្នាកន្លងមក ប៉ុន្តែក្រោយមក Bento បានឈ្នះខ្សែក្រវាត់រ៉ាតចាដាំណើន ដែលជាកម្រិតខ្សែក្រវាត់ខ្ពស់បំផុតរបស់ថៃ ចំណែកបេក្ខភាពចំនួន៦នាក់ទៀត ធារ៉ា មិនធ្លាប់ជួប និងស្គាល់ពីសមត្ថភាពនោះទេ ហើយនេះជាអ្វីដែលរូបគេនៅមានការបារម្ភ និងពិបាកក្នុងការរៀបចំស្នៀត ដែលត្រូវវ៉ៃ។
ធឿន ធារ៉ា បានបញ្ជាក់ថា៖ «ដៃគូប្រកួតមកពី ៧ ប្រទេសផ្សេងគ្នានេះ សុទ្ធតែល្អៗ ដោយខ្ញុំធ្លាប់ស្គាល់ច្បាស់តែ ១ នាក់ ទេ ហេតុនេះវាមានការពិបាក ព្រោះយើងមិនដឹងត្រូវប្រើក្បាច់អ្វីឱ្យច្បាស់លាស់ អ៊ីចឹង មានតែប្រើបច្ចេកទេស ទៅតាមស្ថានភាពជាក់ស្តែង គឺបើគូណាបុកបាន យើងបុក តែបើប៉ះអ្នករឹង យើងមានតែវាយតាមបច្ចេកទេស យកពិន្ទុវិញ។ ខ្ញុំនឹងខំប្រឹងធ្វើឱ្យអស់ពីសមត្ថភាព គឺទោះចាញ់ ឬឈ្នះ ត្រូវប្រកួតឱ្យល្អមើល»។
ជាមួយគ្នានេះ លោក អេ ភូថង គ្រូបង្វឹក ធឿន ធារ៉ា បានចាត់ទុកការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ ដែលមានកីឡាករ ៨ នាក់នេះថា ជាព្រឹត្តិការណ៍ដ៏ធំ មិនធ្លាប់មាននៅកម្ពុជា ហើយអតីតកីឡាករជើងខ្លាំងរបស់កម្ពុជារូបនេះ មានការភ្ញាក់ផ្អើលទៅនឹងប្រាក់រង្វាន់សរុប ដែល ធឿន ធារ៉ា នឹងទទួលបាន បើសិនជារូបគេក្លាយជាម្ចាស់ជើងឯក។
លោក អេ ភូថង បានបញ្ជាក់ថា៖ «តាំងតែពីខ្ញុំចេះប្រកួតមក មិនដែលមានការប្រកួតណា មានប្រាក់រង្វាន់សរុបដល់២០០លានរៀលបែបនេះទេ! វាស័ក្តិសមហើយ សម្រាប់ការព្យាយាមរបស់ ធឿន ធារ៉ា ហើយបើគាត់យកបាន គឺឈ្មោះរបស់គាត់ នឹងត្រូវចារជាប្រវត្តិសាស្រ្តរបស់គុនខ្មែរ ហើយក្លិបរបស់យើង ក៏ត្រូវបានចារជាប្រវត្តិសាស្រ្តដូចគ្នា»។
ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់ ទម្ងន់ ៧២ គីឡូក្រាម រវាងជើងខ្លាំងមកពី ៨ ប្រទេសនេះ សង្វៀនថោន ក៏រៀបចំឱ្យមានការប្រកួតមិត្តភាពអន្តរជាតិ រវាងជើងខ្លាំង ពេជ្រ សម្បត្តិ ជាមួយម្ចាស់មេដាយមាសអ៊ុយក្រែន Studniev Bohdan ក្នុងទម្ងន់ ៦០ គីឡូក្រាម និងជំនួបរវាង អេ អាំម៉ារីនភូថង និងជើងខ្លាំងរបស់ថៃ Poonsak ក្នុងទម្ងន់៦៥គីឡូក្រាមផងដែរ ចំណែក ២ គូទៀត ជាការប្រកួតសន្សំពិន្ទុដណ្តើមខ្សែក្រវាត់ប្រចាំពូលA៕