ភ្នំពេញៈ កីឡាករចំនួន ៤៤ នាក់ មកពីប្រទេសចំនួន ៦ ផ្សេងគ្នា រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ អ៊ីរ៉ង់ អាហ្សង់ទីន ចិន និងតួកគី ត្រូវបានម្ចាស់សង្វៀនប្រដាល់ទទក សម្រិតសម្រាំងនាំយកមកប្រកួតគ្នា ក្នុងព្រឹត្តិការណ៍ Krud Kun Khmer នៅទីតាំងសួននាងប្រាជ្ញបារមី ជិតសណ្ឋាគារសុខា រាជធានីភ្នំពេញ នាពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ពីថ្ងៃទី ២៦ ដល់ទី ២៨ ខែវិច្ឆិកា។
ចំពោះកីឡាករទាំង ៤៤ នាក់នេះ ត្រូវបានរៀបចំឱ្យមានទាំងការប្រកួតមិត្តភាព ក្នុងស្រុក និងអន្តរជាតិ ជាលក្ខណៈពាក់ហ្គង់ និងអំបោះឆៅ ព្រមទាំងការប្រកួតម៉ារ៉ាតុងដណ្តើមពាន និងការប្រកួតដណ្តើមខ្សែក្រវាត់ ហើយបេក្ខភាពចូលរួមទាំងអស់សុទ្ធតែលំដាប់ជើងខ្លាំង។
ប្រធានផ្គូផ្គងរបស់សង្វៀនប្រដាល់ទទក លោក ម៉ុល នី បានប្រាប់កាលពីថ្ងៃទី ២៣ ខែវិច្ឆិកាថា៖ «នេះជាព្រឹត្តិការណ៍ប្រកួតធំមួយ ដែលយើងបានរៀបចំឡើង ដើម្បីអបអរសាទរដល់ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ហើយកីឡាករទាំងអស់ ទាំងខ្មែរ និងបរទេស គឺយើងបានសម្រិតសម្រាំងយកសុទ្ធតែអ្នកមានសមត្ថភាពល្អ យកមកប្រកួត ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍របស់យើងមានភាពទាក់ទាញ គឺខ្ញុំអាចនិយាយបានថា គ្រប់គូទាំងអស់ នឹងមានការប្រកួតដ៏ជក់ចិត្ត»។
តាមកម្មវិធីប្រកួតទាំង ៣ ថ្ងៃ ដែលសង្វៀនប្រដាល់ទទក បានកំណត់រួចរាល់ហើយនោះ គឺនៅថ្ងៃទី ២៦ ខែវិច្ឆិកា មានការប្រកួតមិត្តភាពអន្តរជាតិចំនួន៣គូ ដោយក្នុងនោះ មឿន សុខហ៊ុច ត្រូវប្រកួត៥ទឹកជាមួយថៃ ស៊ុបភើអិច វីនអូបល ក្នុងទម្ងន់ ៦៣,៥គី ឡូក្រាម រីឯ គឹម វាសនា ត្រូវវ៉ៃអំបោះឆៅ៣ទឹក ជាមួយជើងខ្លាំងរបស់ថៃ ផាយ៉ាក់ សាមុយ ក្នុងទម្ងន់៦៩គីឡូក្រាម ហើយ បញ្ញា ហូយហាក់ ត្រូវតទល់នឹងអ៊ីរ៉ង់ Reza Mehdi ក្នុងទម្ងន់៦០គីឡូក្រាម ជាលក្ខណៈពាក់ហ្គង់តូច។
ចំណែកម្ចាស់មេដាយមាសស៊ីហ្គេម សុខ រិទ្ធ, បាន លីម, ធន់ អៀនឡេង និង រិទ្ធ វិបុល ត្រូវដាក់ឱ្យប្រកួតម៉ារ៉ាតុងដណ្តើមពាន ក្នុងទម្ងន់៥៤គីឡូក្រាម។ អ្នកទាំង៤នេះ តម្រូវឱ្យធ្វើការចាប់ឆ្នោតមុនការប្រកួត ហើយអ្នកឈ្នះក្នុងការប្រកួតត្រឹម៣ទឹកនោះ ត្រូវឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកពាន និងប្រាក់រង្វាន់១ពាន់ដុល្លារ ខណៈកីឡាករកម្ពុជា៤នាក់ទៀត ត្រូវដាក់ឱ្យប្រកួតមិត្តភាព ក្នុងថ្ងៃនោះដែរ។
ដោយឡែក នៅថ្ងៃទី ២៧ ខែវិច្ឆិកា មានការប្រកួតចំនួន ៨ គូ ដោយក្នុងនោះម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ជាមួយម្ចាស់ខ្សែក្រវាត់មកពីអាហ្សង់ទីន Yonny Alen ក្នុងទម្ងន់៦០គីឡូក្រាម រីឯម្ចាស់មេដាយមាស ឃីម បូរ៉ា ជាប្អូនប្រុស ត្រូវប្រឈមជាមួយជើងខ្លាំងទម្ងន់៦០គីឡូក្រាមរបស់ថៃ ម៉េកណាំ បាងកកអាឡៃយន្ត ដែលគេម្នាក់នេះ ធ្លាប់ឈ្នះ សុខ ធី ចំនួន២លើកមកហើយ។
ចំណែកជើងខ្លាំងជំនាញប្រើកណ្តាប់ដៃ ធន់ រិទ្ធី ត្រូវវ៉ៃអំបោះឆៅ៣ទឹកជាមួយអ្នកប្រយុទ្ធរបស់ចិនឈ្មោះ ឡាន់ ជាឆឺន ក្នុងទម្ងន់៧៣គីឡូក្រាម ហើយ ធន់ វណ្ណា ត្រូវជួបថៃ ផាន់ពេជ្រ.អ.ពិទិក សម្រាប់ការប្រកួត៥ទឹក ក្នុងទម្ងន់៦០គីឡូក្រាម ខណៈ៤គូទៀត ជាការប្រកួតមិត្តភាពក្នុងស្រុក លក្ខណៈអំបោះឆៅ និងពាក់ហ្គង់តូច។
យ៉ាងណាមិញ សម្រាប់ការប្រកួត នៅថ្ងៃទី ២៨ ខែវិច្ឆិកាវិញ ម្ចាស់មេដាយមាសស៊ីហ្គេមថ្មីថ្មោង ឈឿង ល្វៃ ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ជាមួយអ្នកប្រដាល់មកពីតួកគី Unal Burak ខណៈ ចាន់ ប៊ុនហឿន ត្រូវប្រកួតមិត្តភាពជាមួយអ៊ីរ៉ង់ Poya Bayrami ហើយម្ចាស់មេដាយមាស លន បញ្ញា ត្រូវជួបថៃ ហ្វាមឿងម៉ៃ.ស.សាម៉ៃ រីឯ អ៊ូច ធារិទ្ធ, វ៉ាន់ វឿន, ធន់ ផានិត និង សូត្រ សុឃីម ត្រូវដាក់ឱ្យប្រកួតម៉ារ៉ាតុងដណ្តើមពាន អមដោយប្រាក់រង្វាន់១ពាន់ដុល្លារ ក្នុងទម្ងន់៥៧គីឡូក្រាម។
ទាក់ទងទៅនឹងសមាសភាពកីឡាករបរទេសទាំង១០នាក់ ដែលត្រូវបាននាំយកមកប្រកួត នៅក្នុងពិធីបុណ្យអុំទូកនេះ លោក ម៉ុល នី បានបញ្ជាក់ថា៖ «យើងបានសម្រិតសម្រាំងយកសុទ្ធតែកីឡាករបរទេសកម្រិតលំដាប់ៗ មកប្រកួត ដើម្បីឱ្យស័ក្តិសមទៅនឹងកីឡាករកម្រិតA របស់កម្ពុជាយើង អ៊ីចឹងការប្រកួតនេះ វានឹងក្លាយជាទស្សនីយភាពដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រជាមិនខានឡើយ»។
ចំពោះការប្រកួតដណ្តើមខ្សែក្រវាត់វិញ លោក ម៉ុល នី បានសង្កត់ធ្ងន់ថា៖ «ទាំងដៃគូរបស់ ឃីម ឌីម៉ា និង ឈឿង ល្វៃ សុទ្ធតែជាកីឡាករលំដាប់ជើងខ្លាំង ធ្លាប់ឈ្នះបានខ្សែក្រវាត់ហើយពិតណាស់ ពួកគាត់ក៏មានមហិច្ឆតាចង់បានខ្សែក្រវាត់នេះដូចគ្នា អ៊ីចឹងការប្រកួតនេះ នឹងមានភាពតានតឹងខ្លាំង ហើយឱកាសឈ្នះបានខ្សែក្រវាត់ មានដូចគ្នា គឺមិនអាចថា អ្នកណាមានប្រៀបជាងអ្នកណាដាច់នោះទេ»៕