ភ្នំពេញៈ ក្រោយពីប្រដាល់គុនខ្មែរ ទទួលបានជោគជ័យ ចំពោះការដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ យ៉ាងច្រើន ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីខែឧសភា នៅលើទឹកដីខ្លួនឯង ជាប្រវត្តិសាស្ត្រលើកដំបូង ក្នុងចំណោមប្រទេសចូលរួមចំនួន ៦ នោះ កម្ពុជាបានកំពុងតែបន្តបោះជំហានពង្រីកការផ្សព្វផ្សាយ ដើម្បីជំរុញឱ្យប្រភេទកីឡាអត្តសញ្ញាណជាតិ «គុនខ្មែរ» នេះ មានការទទួលស្គាល់ពីចលនាអូឡាំពិកអាស៊ី និងអូឡាំពិកពិភពលោកបន្ថែមទៀត។
សហព័ន្ធគុនខ្មែរអន្តរជាតិ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមានការជួយគាំទ្រពេញទំហឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហៅកាត់ថា NOCC និងក្រសួងអប់រំ យុវជន និងកីឡានោះ បាននិងកំពុងរួមគ្នា រៀបចំនូវផែនការដ៏ជាក់លាក់មួយ ដើម្បីដាក់ប្រភេទកីឡាអត្តសញ្ញាណជាតិ «គុនខ្មែរ» ឱ្យមានការទទួលស្គាល់ពីចលនាអូឡាំពិកអាស៊ី មុននឹងបន្តទៅសម្រេចគោលដៅធំ គឺការដាក់បញ្ចូលគុនខ្មែរ ទៅក្នុងការប្រកួតកីឡាអូឡាំពិកហ្គេមរបស់ពិភពលោក។
ជាមួយផែនការវែងឆ្ងាយ ក្នុងការរុញ «គុនខ្មែរ» ឱ្យទៅដល់ការប្រកួតអូឡាំពិកនេះ កម្ពុជា បានទទួលជោគជ័យរួចហើយ សម្រាប់ការដាក់ប្រភេទកីឡាគុនខ្មែរ ទៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ កាលពីខែឧសភា ក្នុងពេលដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ាននេះ ជាប្រវត្តិសាស្ត្រលើកដំបូង ហើយក៏ជាពេលដែលក្រុមអត្តពលិកគុនខ្មែរ ដណ្តើមបានមេដាយលើសគេ គឺមាស ១៤ ប្រាក់ ៣ និងសំរឹទ្ ធ២ ជូនប្រទេសជាតិ នៅក្នុងចំណោមប្រទេសចូលរួមសរុបចំនួន ៦ ផងដែរ។
បន្ថែមទៅលើភាពជោគជ័យនេះ ការរៀបចំឱ្យមានការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ ២០២៣ (The 4th World Kun Khmer Championship 2023) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ពីថ្ងៃទី ២៦ ដល់ទី ២៨ ខែវិច្ឆិកានេះ បានក្លាយជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់កម្ពុជា ក្នុងការផ្សព្វផ្សាយគុនខ្មែរ ក៏ដូចជាចាប់ផ្តើមអនុវត្តនូវផែនការជាក់លាក់ ដើម្បីបោះជំហានក្នុងការជំរុញឱ្យចលនាអូឡាំពិកអាស៊ី និងអូឡាំពិកពិភពលោក ទទួលស្គាល់គុនខ្មែរ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានថ្លែង ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ២០ ខែវិច្ឆិកាថា កម្ពុជាមានគោលបំណងច្បាស់លាស់ណាស់ ក្នុងការរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី ៤ នេះ គឺធ្វើយ៉ាងណាឱ្យគុនខ្មែរផ្សព្វផ្សាយទៅលើពិភពលោក អំពីបទបញ្ជានៃការប្រកួតមួយ មានលក្ខណៈជាអន្តរជាតិ ដែលគ្រប់ប្រទេសចូលរួមអាចទទួលយកបានទាំងអស់គ្នា ហើយជាជំហានបន្ទាប់ គឺការដាក់គុនខ្មែរ ចូលទៅក្នុងកម្រិតទ្វីប ដើម្បីឱ្យចលនាអូឡាំពិកក្នុងទ្វីបអាស៊ី ទទួលស្គាល់។
លោក ថ្លែងថា៖ «នៅក្នុងតំបន់អាស៊ី យើងបានដាក់ចូលដោយជោគជ័យ និងទទួលស្គាល់ហើយ អ៊ីចឹងប៉ុន្មានឆ្នាំទៅមុខនេះ យើងត្រូវធ្វើយ៉ាងណាឱ្យកម្រិតអាស៊ី ទទួលស្គាល់ ហេតុនេះជាគោលដៅ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ ២០២៩ យើងត្រូវតែដាក់ឱ្យមានគុនខ្មែរ នៅក្នុងនោះ ដើម្បីឱ្យគុនខ្មែររបស់យើង ក្លាយជាកីឡាមួយក្នុងចំណោមចលនាអូឡាំពិកអាស៊ី ហើយទៅអនាគត យើងត្រូវធ្វើការបញ្ចូលគុនខ្មែរ ទៅក្នុងការប្រកួតកម្រិតអូឡាំពិកហ្គេម»។
លោក មៀម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ បានឱ្យដឹងថា ការទទួលបានជោគជ័យយ៉ាងផុលផុស សម្រាប់ការប្រកួតគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ បានធ្វើឱ្យចំនួនប្រទេសជាច្រើនទៀត ចាប់ផ្តើមស្គាល់ «គុនខ្មែរ» កាន់តែច្បាស់ និងបានចូលរួមជាសមាជិករបស់សហព័ន្ធគុនខ្មែរអន្តរជាតិ ដោយចាប់ផ្តើមពី ២៩ ប្រទេស មុនស៊ីហ្គេម ឡើងដល់ជាង ៦០ ប្រទេស នាពេលបច្ចុប្បន្ន។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី ៤ ឆ្នាំ ២០២៣ នៅសៀមរាបនេះ មានប្រទេសចំនួន ១៧ បានចូលរួម ក្នុងនោះមានប្រទេស Mauritius រុស្ស៊ី ឥណ្ឌា កាហ្សាក់ស្ថាន អ៊ីរ៉ង់ ជប៉ុន ហ្វីលីពីន ឥណ្ឌូនេស៊ី កាមារ៉ូន អូស្ត្រាលី ថៃ ម៉ាឡេស៊ី បារាំង អាហ្សង់ទីន វៀតណាម ឡាវ និងម្ចាស់ផ្ទះកម្ពុជា ហើយព្រឹត្តិការណ៍នេះ មានការប្រកួតទាំងពាក់កណ្តាលអាជីព និងអាជីព សរុប ២៤ គូ ក្នុងនោះមានការប្រកួតដណ្តើមខ្សែក្រវាត់ចំនួន ៤ ប្រភេទទម្ងន់ផងដែរ។
លោក មៀម រ៉ា បានបន្ថែមថា៖ «មានប្រទេសច្រើនទៀត បានសុំចូលរួមការប្រកួតនេះដែរ ព្រោះពួកគាត់បានហាត់ត្រៀមតាំងពីដើមឆ្នាំ ដល់ចុងឆ្នាំ ប៉ុន្តែដោយសារយើងមានពេលរៀបចំខ្លី ក្នុងការរៀបចំ ព្រោះជាប់រវល់ការប្រកួតស៊ីហ្គេម ទើបយើងធ្វើត្រឹម ១៧ ប្រទេសសិន ប៉ុន្តែនៅឆ្នាំ ២០២៥ យើងនឹងធ្វើឱ្យបានធំ ដែលអាចមានប្រទេសចូលរួមច្រើនជាងនេះ ២ ទៅ ៣ ដង ព្រោះទិសដៅរបស់យើង គឺឱ្យគុនខ្មែរ ទទួលស្គាល់ពីអូឡាំពិកអាស៊ី ហើយក្តីស្រមៃធំគឺចូលរួមក្នុងការប្រកួតអូឡាំពិកពិភពលោក»។
ទន្ទឹមនឹងនេះ លោក វ៉ាត់ ចំរើន ដែលជាស្ថាបនិក និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិផងនោះ បានបង្ហើបថា បើសិនជាកម្ពុជា ទទួលបានជោគជ័យ សម្រាប់ការរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោកនេះ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ នោះការដាក់ «គុនខ្មែរ» ចូលទៅក្នុងកម្រិតអាស៊ី និងអូឡាំពិកពិភពលោក មិនជាបញ្ហាទេ។
លោកបានបញ្ជាក់ថា៖ «ការធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ បានន័យថា ការធ្វើឱ្យមានការគោរពនូវបទបញ្ជាការប្រកួតរបស់អន្តរជាតិ និងគោរពតាមធម្មនុញ្ញអូឡាំពិក ព្រោះអាហ្នឹងជារឿងសំខាន់ ហើយឥឡូវយើងមានប្រទេសចូលរួមជាសមាជិកជាង ៦០ ហើយ អ៊ីចឹងថ្ងៃក្រោយយើងមានចាប់ពី ៧៥ ប្រទេសឡើង គឺយើងនឹងទទួលបានការគាំទ្រក្នុងការរុញគុនខ្មែរ ចូលទៅក្នុងការប្រកួតអូឡាំពិកហើយ»។
លោកបន្ថែមថា៖ «ជាផែនការយុទ្ធសាស្ត្រវែងឆ្ងាយរបស់យើងទាំងអស់គ្នា គឺរុញគុនខ្មែរ ចូលទៅក្នុងការប្រកួតអូឡាំពិកហ្គេម ឆ្នាំ ២០៣២ នៅប្រទេសអូស្ត្រាលី គឺយើងកំពុងធ្វើការនេះ និងកំពុងពង្រឹងសហព័ន្ធគុនខ្មែរនៅអូស្ត្រាលី ដើម្បីឱ្យសហព័ន្ធគុនខ្មែរនៅអូស្ត្រាលី មានភាពរឹងមាំល្អ ហើយចូលរួមចំណែកជាមួយម្ចាស់ផ្ទះអូស្ត្រាលី ក្នុងការដាក់គុនខ្មែរ ទៅក្នុងការប្រកួតអូឡាំពិកហ្គេមនោះ ដែលនេះជាមហិច្ឆតារបស់យើង និងដើម្បីពង្រីកសក្តានុពលរបស់យើងទៅលើឆាកអន្តរជាតិ»។
ដោយឡែក នៅថ្ងៃទី ២៥ ខែវិច្ឆិកា នៅមុនការប្រកួតគុនខ្មែរជើងឯកពិភពលោកនេះ សហព័ន្ធគុនខ្មែរអន្តរជាតិ នឹងធ្វើមហាសន្និបាតបូកសរុបការងារជាមួយបណ្តាប្រទេសជាសមាជិក ហើយសហព័ន្ធគុនខ្មែរអន្តរជាតិ មានគោលការណ៍ដាក់ចេញឱ្យប្រទេសជាសមាជិក ត្រៀមលទ្ធភាព ដើម្បីធ្វើជាម្ចាស់ផ្ទះ ជាបន្តបន្ទាប់គ្នា ព្រោះការធ្វើបែបនេះ នឹងធ្វើឱ្យ «គុនខ្មែរ» កាន់តែទទួលបានការគាំទ្រខ្លាំង នៅលើឆាកអន្តរជាតិ។
លោក ចំរើន បាននិយាយថា៖ «នៅឆ្នាំ ២០២៥ ជាខួបលើកទី ៥ នៃការប្រកួតគុនខ្មែរពិភពលោក ដែលយើងត្រូវត្រៀមធ្វើឱ្យបានធំ និងមានភាពអធិកអធម ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងល្បីល្បាញ។ បន្ទាប់ពីនោះ យើងចាប់ផ្តើមអំពាវនាវដល់ប្រទេសជាសមាជិក ដែលមានលទ្ធភាព ដើម្បីរៀបចំការប្រកួតនេះបន្ត ព្រោះនេះជាទស្សនវិស័យ និងគោលការណ៍រដ្ឋបាលទំនាក់ទំនងអន្តរជាតិ ដើម្បីពង្រីកសក្តានុពលការរៀបចំព្រឹត្តិការណ៍គុនខ្មែរពិភពលោក ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ និងកាន់តែធំឡើងៗ»។
លោកថ្លែងថា៖ «កិច្ចប្រជុំនេះ នៅក្នុងមហាសន្និបាតនេះ ពិតជាសំខាន់មែនទែន ដោយយើងនឹងសម្រេចគោលដៅសំខាន់របស់គុនខ្មែរអន្តរជាតិ ទៅថ្ងៃអនាគត ហើយយើងនឹងដាក់គោលការណ៍យុទ្ធសាស្ត្ររបស់គុនខ្មែរ ទៅឱ្យប្រទេសផ្សេងៗទៀត យកទៅអនុវត្តជាពិសេសយើងត្រៀមបញ្ចូលប្រទេសមួយចំនួន នៅតាមទ្វីបនីមួយៗ ឱ្យធ្វើជាអនុប្រធាន ដើម្បីឱ្យពួកគាត់ធ្វើការជាមួយយើង នៅតាមតំបន់ និងទ្វីប ព្រោះនេះជាការផ្តល់នូវកិត្តិយសដល់ពួកគាត់ ក្នុងការចូលរួម ដឹកនាំគុនខ្មែរ នៅលើភពផែនដីនេះ»។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានក្រើនរំឭកទៅដល់មន្ត្រីបច្ចេកទេស និងកីឡាករ កីឡាការិនីកម្ពុជា ដែលត្រូវចូលរួមការប្រកួតគុនខ្មែរពិភពលោក នៅខេត្តសៀមរាបនេះ ត្រូវបំពេញតួនាទីឱ្យបានល្អ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ក៏ដូចជាទាក់ទាញអ្នកចូលរួមមកពីគ្រប់បណ្តាប្រទេសឱ្យដក់ចិត្តស្រឡាញ់ និងបន្តជួយគាំទ្រដល់គុនខ្មែរ។
លោកថា៖ «យើងទាំងអស់ ត្រូវយកចិត្តទុកដាក់គោរពវិន័យ និងបទបញ្ជាប្រកួតឱ្យបានខ្ពស់ ព្រោះនេះជាការប្រកួត ដែលផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយគុនខ្មែរ ដូច្នេះយើងត្រូវរក្សានូវសេចក្តីថ្លៃថ្នូរ បង្ហាញពីវិន័យ អត្តចរិត និងក្រមសីលធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ ឱ្យបានល្អត្រចះត្រចង់ទៅកាន់ពិភពលោក ហើយប្រែក្លាយការប្រកួតនេះ ទៅជាចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយបណ្តាប្រទេស ដែលបានចូលរួម ដើម្បីកម្ពុជា ឈានទៅសម្រេចគោលដៅធំ គឺការដាក់គុនខ្មែរ ចូលទៅក្នុងការប្រកួតកីឡាអូឡាំពិកហ្គេម»៕