ភ្នំពេញៈ ការសម្រួចផែនការដាក់ «គុនខ្មែរ» ចូលទៅក្នុងការប្រកួតកីឡាអូឡាំពិកហ្គេមពិភពលោករបស់កម្ពុជា បានទទួលការគាំទ្រកាន់ច្រើនពីបណ្តាប្រទេសជាសមាជិករបស់សហព័ន្ធគុនខ្មែរអន្តរជាតិ (KIF) ដែលបានចូលរួមនៅក្នុងមហាសន្និបាត មុនការប្រកួត World Kun Khmer Championship លើកទី៤ ឆ្នាំ ២០២៣ នៅលើទឹកដីអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី ២៦ ដល់ទី ២៨ ខែវិច្ឆិកា កន្លងមកនេះ។
នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា មុនការប្រកួត World Kun Khmer Championship ឆ្នាំ២០២៣នេះ លោក មៀម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ បានធ្វើការបោះឆ្នោតបញ្ចូលគណៈកម្មាធិការប្រតិបត្តិថ្មីបន្ថែម ដោយមានទាំងកម្ពុជា និងថ្នាក់ដឹកនាំតំណាងឱ្យសហព័ន្ធគុនខ្មែរនៅក្រៅប្រទេស ហើយការបោះឆ្នោតនេះមានការចូលរួមផ្ទាល់ ពីបណ្តាប្រទេសចំនួន១៧ រួមទាំងប្រទេសជាសមាជិកជាង៤០ទៀត ដែលបានចូលរួមតាមរយៈអនឡាញ។
តាមខ្លឹមសាររួម ដែលត្រូវបានអនុម័ត នៅក្នុងមហាសន្និបាតប្រចាំឆ្នាំនោះ គឺអង្គមហាសន្និបាតរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ បានឯកភាពគ្នាដាក់ចេញនូវគោលការណ៍៦ចំណុច ដើម្បីពង្រឹង និងពង្រីកវិសាលភាព «គុនខ្មែរ» នៅលើឆាកអន្តរជាតិ ជាពិសេសការសម្រួចផែនការដាក់អត្តសញ្ញាណក្បាច់គុនដូនតាខ្មែរនេះ ឱ្យមានការទទួលស្គាល់ពីចលនាអូឡាំពិកអាស៊ី និងការឈានទៅសម្រេចគោលដៅធំ គឺការដាក់គុនខ្មែរ ចូលទៅក្នុងការប្រកួតអូឡាំពិកហ្គេមរបស់ពិភពលោក នៅឆ្នាំ២០៣២។
ចំពោះគោលការណ៍ទី១ គឺ KIF បានឯកភាពគ្នារក្សាឱ្យបាននូវនិរន្តរភាពនៃការរៀបចំប្រកួត World Kun Khmer Championship ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។ ទី២ ត្រូវខិតខំប្រឹងប្រែងពង្រឹងយន្តការគ្រប់គ្រង ដឹកនាំសមាជិកទាំង៦០ប្រទេស និងបង្កើនសមាជិកភាពបន្ថែមឱ្យបាន៧៥ប្រទេស នៅក្នុងអាណត្តិ៥ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២៤តទៅ ដើម្បីឈានទៅដាក់ពាក្យស្នើសុំទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
ចំណែកគោលការណ៍ទី៣ គឺ KIF បានអំពាវនាវសុំការឧបត្ថម្ភគាំទ្រឱ្យមាន «ចលនាជាតិអភិវឌ្ឍន៍គុនខ្មែរ» ដើម្បីបញ្ចូលកីឡាគុនខ្មែរអន្តរជាតិទៅក្នុងកីឡាអូឡាំពិកហ្គេម ទី៤ បើកទ្វារចំហជានិច្ច រង់ចាំទទួលសមាជិកភាពគុនខ្មែរពីគ្រប់ប្រទេស នៅលើពិភពលោកបន្ថែមទៀត។ ទី៥ មហាសន្និបាត សម្រេចឱ្យមានការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ នៅកម្ពុជាដដែល មុននឹងបន្តទៅរៀបចំនៅតាមបណ្តាប្រទេសជាសមាជិក ចាប់ពីឆ្នាំ២០២៥តទៅ។
ចំពោះគោលការណ៍ទី៦ គឺសហព័ន្ធគុនខ្មែរអន្តរជាតិ ប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍កីឡាយុត្តិធម៌ (Fair Play) និងគោលការណ៍កីឡាស្អាតស្អំ (Clean Sport) ដោយគោរពបទដ្ឋានគតិយុត្តនៃការប្រឆាំងដាច់ខាត ការប្រើប្រាស់សារធាតុលើកកម្លាំង (Anti-Doping Rule)។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ខួបទី៥ នៃការប្រកួត World Kun Khmer Championship ឆ្នាំ២០២៤ នឹងធ្វើនៅអង្គរ ខេត្តសៀមរាបដដែល ពីថ្ងៃទី៥ ដល់ទី៧ ខែធ្នូ។
លោក ថ្លែងថា៖ «ខួបទី៥ យើងនឹងធ្វើឱ្យមានភាពអធិកអធម និងធំ ហើយយើងនឹងប្រមែប្រមូលសមាជិក មកដល់ទីនេះ (សៀមរាប) ដើម្បីយើងធ្វើកម្មវិធីប្រកួតផង បណ្តុះបណ្តាលផង និងធ្វើសិក្ខាសាលាផង ដើម្បីឱ្យវាស្របគ្នាទៅនឹងយុទ្ធសាស្ត្រក្នុងការបញ្ជ្រាបចំណេះដឹង និងជំនាញគុនខ្មែរ ទៅដល់គ្រប់សមាជិករបស់យើង ឱ្យគាត់ជួយអភិវឌ្ឍគុនខ្មែរនៅលើពិភពលោក ដើម្បីឈានទៅដល់ក្តីស្រមៃរបស់យើង ដោយចង់ដាក់គុនខ្មែរ ចូលទៅក្នុងកម្មវិធីប្រកួតអូឡាំពិកហ្គេម ឆ្នាំ២០៣២ នៅប្រទេសអូស្ត្រាលី»។
ដោយឡែក ចាប់ពីឆ្នាំ២០២៥ទៅ កម្ពុជាបានសុំឱ្យសមាជិកទាំងអស់របស់ KIF ដាក់ ពាក្យដេញថ្លៃប្រជែងគ្នា ដើម្បីបានរៀបចំព្រឹត្តិការណ៍នេះ នៅតាមបណ្តាប្រទេសជាសមាជិកវិញ ហើយចំពោះការជំរុញឱ្យមានការប្រកួត World Kun Khmer Championship នៅក្រៅប្រទេសនេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ឥឡូវនេះប្រទេសធំ ដូចជារុស្ស៊ី ជប៉ុន ជាដើម សុទ្ធតែមានចំណាប់អារម្មណ៍ ចំណែកខាងចិន ថ្វីដ្បិតតែមិនបានចូលរួមការប្រកួតលើកនេះ ប៉ុន្តែគេបានឆ្លើយតបមកថា មានចំណាប់អារម្មណ៍ចង់រៀបចំការប្រកួត World Kun Khmer Championship នេះដែរ»។
សម្រាប់ការប្រកួត World Kun Khmer Championship ឆ្នាំ២០២៣នេះ មានប្រទេសចំនួន១៧ បានចូលរួម ហើយជាលទ្ធផលក្រុមកីឡាគុនខ្មែររបស់ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេ គឺមេដាយមាស១៤ ប្រាក់៨ សំរឹទ្ធ១ និងតាមពីក្រោយដោយក្រុមគុនខ្មែរឥណ្ឌា ដែលបានមាស៣ និងប្រាក់៣ រីឯអ៊ីរ៉ង់ ឈរលេខ៣ ដោយបានមេដាយមាស២ ប្រាក់១ សំរឹទ្ធ១ ខណៈក្រុមគុនខ្មែរហ្វីលីពីន និងរុស្ស៊ី ដណ្ដើមបានមាស១ និងប្រាក់៣ដូចគ្នា ចំណែកអត្តពលិករបស់ប្រទេសមួយចំនួនទៀត ក៏ដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធពីព្រឹត្តិការណ៍នេះដែរ។
តាមរយៈការប្រកួត៣ថ្ងៃ នៅសួនច្បារព្រះអង្គចេកព្រះអង្គចម នៃខេត្តសៀមរាបនេះ មានអ្នកគាំទ្រជាតិ និងអន្ដរជាតិជាង២ម៉ឺននាក់ បានទស្សនាការប្រកួតផ្ទាល់ និងរាប់ម៉ឺននាក់ បានទស្សនាការប្រកួត តាមការផ្សាយផ្ទាល់ ហើយសម្រាប់ដំណើរការប្រកួតវិញ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ការប្រកួតបានប្រព្រឹត្តទៅដោយយុត្តិធម៌ និងគោរពបទបញ្ជាការប្រកួតត្រឹមត្រូវ និងមានបច្ចេកទេសកើនឡើង ដែលយើងសន្មតបានថា ការប្រកួតទទួលជោគជ័យ ទាំងបច្ចេកទេស ការរៀបចំ និងការគាំទ្រ»។
អគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «ចំពោះការគាំទ្រ យើងបានផ្សព្វផ្សាយទៅសមាជិកលើពិភពលោក ៦០ប្រទេស តាមរយៈការផ្សព្វផ្សាយលើហ្វេសប៊ុករបស់ KIF ហើយយើងទទួលបាននូវចម្លើយជាវិជ្ជមានពីសមាជិកទាំងអស់ ដោយពួកគេបានអបអរសាទរ និងប្ដេជ្ញាខិតខំប្រឹងប្រែង ដើម្បីមានឱកាសចូលរួមប្រកួតឱ្យបានច្រើននាឆ្នាំក្រោយ»៕