ភ្នំពេញៈ ក្រុមសិង្ហក្រហម ភ្នំពេញក្រោន នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្វាគមន៍ក្រុមលីគកំពូលរបស់ហ្វីលីពីន DH Cebu FC វិញ ក្នុងការប្រកួតជើងទី១ពានរង្វាន់ AFC Cup នៅយប់ម៉ោង៧ ថ្ងៃទី៣០ ខែវិច្ឆិកានេះ ហើយជំនួបនេះ ភ្នំពេញក្រោន បានដាក់គោលដៅចម្បងត្រូវដណ្តើមឱ្យបាន៣ពិន្ទុបន្ថែមទៀតដើម្បីអាចឈានឡើងទៅប្រកួតនៅវគ្គបន្ត ជាប្រវត្តិសាស្រ្ត។
នៅមុនការជួបគ្នានេះ ភ្នំពេញក្រោន បានយកឈ្នះក្រុម DH Cebu FC ៣-០ ម្តងហើយ សម្រាប់ការប្រកួតបើកឆាកជើងទី១ប្រចាំពូលF កាលពីថ្ងៃទី២១ ខែកញ្ញា ហើយការវិលមកជួបគ្នាលើកនេះ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន ត្រូវការឈ្នះ៣ពិន្ទុម្តងទៀត ដើម្បីបង្កើតភាគរយឱ្យបានកាន់តែខ្ពស់ ក្នុងការទទួលបានកៅអីឡើងទៅវគ្គបន្ត ព្រោះពេលនេះ ភ្នំពេញក្រោន ឈរនៅលេខ២ ដោយមាន៩ ពិន្ទុ ស្មើជាមួយក្រុមលេខ១ Macarthur FC របស់អូស្រ្តាលី ដែលត្រូវជួបក្រុម Shan United របស់មីយ៉ាន់ម៉ា នៅថ្ងៃទី៣០ វិច្ឆិកានេះដែរ។
លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា៖ «AFC Cup តែងតែធ្វើឱ្យយើងមានអារម្មណ៍ពិសេស ហើយយើងពិតជារង់ចាំការប្រកួតនេះ។ យើងធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជាមួយក្រុម DH Cebu FC នៅហ្វីលីពីន ដោយឈ្នះ ៣-០ ហើយអ្វីដែលសំខាន់ សម្រាប់ការប្រកួតលើកនេះ គឺការយកឱ្យបាន៣ពិន្ទុបន្ថែមទៀត»។
គ្រូបង្វឹកជនជាតិអ៊ុយក្រែនរូបនេះ បានបន្ថែមថា៖ «ការរំពឹងទុករបស់យើង ត្រូវយកឈ្នះការប្រកួត គឺយើងត្រូវមានការរំពឹងទុកខ្ពស់។ យើងតែងតែមានអារម្មណ៍ល្អ សម្រាប់ការលេងក្នុងទឹកដី ព្រោះពេលដែលយើងលេងក្រៅទឹកដី យើងមានពេលតិចតួចក្នុងការរៀបចំក្រុម និងរក្សាកាយសម្បទារបស់យើង អ៊ីចឹងយើងនឹងព្យាយាមលេងដោយទំនុកចិត្ត និងលេងបាល់ទាត់ដែលល្អ គឺយើងនឹងព្យាយាមដាក់សម្ពាធពួកគេ ដើម្បីបង្កើតឱកាសឱ្យបានច្រើន»។
យ៉ាងណាក៏ដោយ លោក Oleg Starynskyi បានថ្លែងថា សម្រាប់ការប្រកួតលើកនេះ ក្រុម DH Cebu FC មានពេលវេលាច្រើនក្នុងការត្រៀមខ្លួន ព្រោះពួកគេមិនមានការប្រកួតប្រជែងនៅលីគនោះទេ គឺខុសពីក្រុមភ្នំពេញក្រោន ដែលមានការកាលវិភាគប្រកួតដ៏មមាញឹក ទាំងការប្រកួតប្រជែងនៅលីគកំពូលកម្ពុជា និងការប្រកួតពាន AFC Cup នេះ ហើយវាក៏អាចជាមូលហេតុមួយ ធ្វើឱ្យភ្នំពេញក្រោន រកមិនទាន់ឃើញការឈ្នះសោះ សម្រាប់ការប្រកួត៤លើកចុងក្រោយនេះ។
សម្រាប់ការប្រកួត៤លើកនេះ ក្រុមភ្នំពេញក្រោន ចាញ់ក្រុមបាតតារាង គិរីវង់សុខសែនជ័យ ១-០ ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត កាលពីថ្ងៃទី២៩ ខែតុលា រួចបន្តស្មើ ៥-៥ ជាមួយក្រុមបឹងកេត កាលពីថ្ងៃទី៤ វិច្ឆិកា។ ចំណែកការធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Macarthur FC កាលពីថ្ងៃទី៩ វិច្ឆិកា ដែលពួកគេធ្លាប់ឈ្នះ ៣-០ ក្នុងទឹកដីនោះ គឺភ្នំពេញក្រោន បានចាញ់ ៥-០ វិញ ហើយកាលពីថ្ងៃទី២៥ វិច្ឆិកា ភ្នំពេញក្រោន បានស្មើ ០-០ ជាមួយក្រុមព្រះខ័នរាជស្វាយរៀង។
រំឭកដល់លទ្ធផលនេះ ខ្សែការពារជប៉ុន Takaki Ose របស់ភ្នំពេញក្រោន បាននិយាយថា៖ «ទោះយើងមិនឈ្នះការប្រកួត៤លើកចុងក្រោយ ប៉ុន្តែខ្ញុំមិនបារម្ភច្រើនអំពីរឿងនេះទេ ព្រោះបាល់ទាត់តែងតែមានឡើងមានចុះបែបនេះ។ ការជួបក្រុម Cebu វានឹងក្លាយជាការប្រកួតដែលពិបាក ប៉ុន្តែប្រសិនបើយើងលេងដោយទំនុកចិត្ត និងមានស្មារតីជ័យជម្នះ ជាមួយការលេងរបស់យើង គឺយើងនឹងទទួលបានលទ្ធផលល្អ ដោយខ្ញុំសង្ឃឹមថា យើងនឹងឈ្នះ ហើយអាចឡើងទៅវគ្គបន្ត»។
យ៉ាងណាក៏ដោយ លោក Joshua Schirmer គ្រូបង្វឹកក្រុម DH Cebu FC ក៏បានថ្លែងដោយបង្ហាញក្តីរំពឹងទៅលើកូនក្រុមរបស់លោកថា នឹងអាចធ្វើបានល្អ ដើម្បីកែប្រែការបរាជ័យ ៣-០ ក្រោមដៃក្រុមភ្នំពេញក្រោន សម្រាប់ការប្រកួត នៅលើទឹកដីខ្លួនឯងផងដែរ ខណៈ២ ប្រកួតចុងក្រោយនេះ ពួកគេបានយកឈ្នះក្រុម Shan United ១-០ នៅក្នុងទឹកដី មុនពេលក្រុមទាំង២នេះ បានស្មើគ្នា ១-១ សម្រាប់ការប្រកួតនៅលើទឹកដីមីយ៉ាន់ម៉ា កាលពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងមកនេះ។
លោក Joshua Schirmer បាននិយាយក្នុងសន្និសីទកាសែតថា៖ «ខ្ញុំរីករាយដែលបានមកដល់ទីនេះ ហើយយើងទន្ទឹងរង់ចាំការប្រកួត ដោយសារប្រកួតដំបូងទល់នឹងភ្នំពេញក្រោន យើងមិនទាន់បានធ្វើតាមអ្វីដែលយើងរំពឹងទុកទេ ប៉ុន្តែយើងត្រូវកែប្រែបញ្ហានេះពីប្រកួតមុន ហើយធ្វើឱ្យបានល្អ នៅក្នុងការប្រកួតនេះ»៕