​ក្រុមវ៉ូវីណាម​កម្ពុជា នៅ​តែ​មាន​សមត្ថ​ភាព​ខ្លាំង ក្នុងការ​ប្រជែង​យក​មេដាយជូន​ប្រទេស​ជាតិ បន្ទាប់​ពី​​​​ក្រុមនេះ បាន​ឈ្នះមេដាយមាស​ ប្រាក់​ និងសំរឹទ្ធ​សរុប​ចំនួន ២០ ពី​ការ​ប្រកួត​កីឡាវ៉ូវីណាម​ជើង​​​ឯក​ពិភព​លោកលើក​ទី​៧ ឆ្នាំ​២០២៣ (The 7th WVVF World Vovinam Championships 2023) នៅទី​ក្រុងហូជីមិញ ប្រទេស​វៀតណាម ដែល​ទើប​បានបញ្ចប់ កាល​ពី​​​ល្ងាច​​ថ្ងៃទី​៣០ ខែវិច្ឆិកា។

បើទោះបីជា​ការ​ប្រកួតជើងឯកពិភពលោក​នេះ មាន​អត្តពលិករាប់រយ​នាក់ បានចូលរួម​ប្រកួត តំណាង​ឱ្យ​ប្រទេសចំនួន៣៥ ប៉ុន្តែ​តាម​រយៈ​ការ​ប្រកួតតាំង​​ពីថ្ងៃ​ទី​២៥ ខែវិច្ឆិកា​មក​នោះ ក្រុម​អត្តពលិក​វ៉ូវីណាម​កម្ពុជា ​ទាំង​ ២៧ នាក់ ​បានប្រឹង​ប្រែង​ប្រកួត​យ៉ាងស្វិត​ស្វាញ ហើយដណ្តើម​បានមេដាយជាបន្ត​បន្ទាប់សរុបចំនួន​២០ ក្នុង​នោះ​មាន​​​មេដាយមាស ៦ ប្រាក់ ៥ និង​មេដាយ​សំរឹទ្ធ​ចំនួន ៩។

ជាមួយជោគ​ជ័យ​​នេះលោក អ៊ូ រតនា ប្រធានសហព័ន្ធ​កីឡាវ៉ូវីណាម​កម្ពុជា បាន​​ថ្លែង​ប្រាប់​​ថា៖​ «​ការដណ្តើម​បានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ​​៩​នេះ វា​ជា​លទ្ធផលដ៏​ល្អ​មួយ ដែល​កើត​ចេញ​ពីការ​ខិតខំប្រឹង​​របស់​ក្រុម​​អត្តពលិក​​យើងនិង​គ្រូ​បង្វឹក​របស់​យើង ដោយ​ម្នាក់ៗ បាន​យក​ចិត្ត​ទុកដាក់​ខ្លាំង ទៅ​លើ​​ការពង្រឹង​សមត្ថ​ភាព​​ត្រៀម​​ការ​ប្រកួត​ជើងឯក​ពិភពលោកនេះ»​។

លោក​បានបន្ថែម​ថា៖ «បើទោះបីជា ក្នុងអំឡុងពេលនេះ ​ក្រុម​វ៉ូវីណាម​កម្ពុជា ​​មិន​ស្ថិត​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំជា​ក្រុម​ជម្រើសជាតិដូច​កាល​​ត្រៀម​ខ្លួន​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២៣ ប៉ុន្តែ​ក្រុម​អត្តពលិក​​របស់​​យើង បានខិតខំ​ហ្វឹកហាត់ជាមួយគ្រូ​បង្វឹកដោយ​ខ្លួនឯង ក្រោម​ការ​រៀបចំ​របស់​សហព័ន្ធ និង​ផ្តល់​ទីលាន​ហ្វឹកហាត់​ដោយ​ក្រសួងអប់រំហើយ​ពួកគាត់​អាច​ដណ្តើម​​បាន​​មេដាយ​យ៉ាង​​ច្រើន​​ពី​ការ​​ប្រកួតជើង​ឯក​ពិភព​លោកនេះ ដែល​ធ្វើ​ឱ្យ​កម្ពុជា បាន​ឈរ​នៅក្នុងចំណាត់​ថ្នាក់​លេខ​៣ក្នុងចំណោម​ប្រទេស​ចូល​រួម​ទាំង ​៣៥ ខណៈ​លេខ​១ បាន​ទៅ​ម្ចាស់​ផ្ទះ​វៀតណាម និង​លេខ​២ បាន​ទៅ​ក្រុមអត្តពលិករបស់​ប្រទេសអាល់ហ្សេរី»។

គួររំឭក​ថា សម្រាប់ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​លើ​ទឹក​ដី​កម្ពុជា កាល​ពី​ខែ​ឧសភា កន្លង​មកនេះ ក្រុមជម្រើសជាតិវ៉ូវីណាម​កម្ពុជា ​បាន​ឈ្នះ​មេដាយមាស​ ១០ ប្រាក់​ ៨ និងសំរឹទ្ធ​ ៩ ​ដើម្បី​ឈរ​នៅក្នុងចំណាត់​ថ្នាក់លេខ​១ ក្នុងចំណោម​ប្រទេស​ចូលទាំង ​៧ ខណៈ​វៀតណាម ជា​ម្ចាស់​ក្បាច់​គុន​នេះ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ​២ ដោយ​ឈ្នះ​បាន​មេដាយ​មាស ​៧  ប្រាក់​ ១២ និងសំរឹទ្ធ​១។

យ៉ាង​ណា​មិញ សម្រាប់​ការ​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ ក៏មានប្រភេទកីឡាវ៉ូវីណាម​ផងដែរ ហើយការ​សម្រេច​បញ្ជូលកីឡា​មួយ​​​នេះ ត្រូវបាន​ធ្វើឡើងបន្ទាប់ពី​​កិច្ច​​ប្រជុំ​​របស់​សហព័ន្ធ​កីឡាវ៉ូវីណាម​ពិភព​លោក កាលពីពេល​ថ្មីៗនេះ ដោយ​ក្នុង​នោះ​ប្រធាន​​សហ​ព័ន្ធ​កីឡាវ៉ូវីណាម​អាស៊ីអាគ្នេយ៍ និងជា​ប្រធាន​សហព័ន្ធ​កីឡាវ៉ូវីណាម​ថៃ ជា​អ្នក​ជួយ​សម្រប​សម្រួល​​​​ជាមួយគណៈកម្មាធិការ​រៀបចំការ​ប្រកួតស៊ីហ្គេម​របស់ប្រទេស​ថៃ នៅ​ក្នុងការ​ដាក់​​បញ្ចូល​​ប្រភេទ​កីឡាជាជំហានទី​២ក្រោយ​​ម្ចាស់​ផ្ទះ​ថៃ មិន​ព្រម​ដាក់បញ្ចូល​​កីឡា​វ៉ូវីណាម កាលពី​ជំហានទី​១។

ជាមួយការ​សម្រេច​នេះ ​បាន​ក្លាយជា​ក្តី​សង្ឃឹម​ថ្មី​មួយ​ទៀត សម្រាប់​ក្រុម​វ៉ូវីណាម​កម្ពុជា ក្នុង​​​ការ​​​ឈាន​ទៅដណ្តើម​បានមេដាយមាស​​ជូនកម្ពុជា ជាថ្មី ខណៈ​ការ​ប្រកួត​ World Vovinam Championships 2023 នេះ បាន​ក្លាយជា​ពេល​វេលាដ៏សំខាន់ ដែល​ជួយ​ឱ្យ​ពួកគេ បាន​វាស់ស្ទង់ និង​ពង្រឹង​សមត្ថភាព ​បច្ចេក​ទេស​បន្ថែម ហើយ​បើតាម​លោក អ៊ូ រតនា បាន​ឱ្យ​ដឹង​ថា ខាង​វៀតណាម ក៏នឹង​រៀបចំការ​ប្រកួតកីឡាវ៉ូវីណាម​ជើងឯកអាស៊ី នៅ​ឆ្នាំ​២០២៤​ ដើម្បី​បើក​ឱ្យ​មានការ​ប្រកួត​ប្រជែង​របស់​ក្រុមវ៉ូវីណាម មុនស៊ីហ្គេម នៅ​ប្រទេស​ថៃ​មក​ដល់​ផងដែរ។

ប្រធានសហព័ន្ធ​កីឡាវ៉ូវីណាម​កម្ពុជា​រូប​នេះ បាន​បញ្ជាក់​​ថា៖​ «​ការ​ប្រកួត​ជើងឯកពិភព​លោក​នេះ បាន​ក្លាយជាកញ្ចក់​​ឆ្លុះមួយ សម្រាប់ត្រៀម​ចូល​រួម​ការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​ថៃ ដែល​ពេលនេះ ប្រភេទ​កីឡាវ៉ូវីណាម ត្រូវ​បាន​ម្ចាស់​ផ្ទះ​សម្រេច​ដាក់​បញ្ចូល​ជា​ផ្លូវ​ការ​ហើយ ដោយ​នៅសល់​តែការពិភាក្សា​ទៅលើ​ចំនួន​វិញ្ញាសាប៉ុណ្ណោះ ហើយ​ខ្ញុំ​សង្ឃឹម​ថា ក្រុម​វ៉ូវីណាម​របស់​យើង នឹង​​នៅតែ​មានលទ្ធ​ភាព ក្នុងការ​ប្រជែង​បាន​មេដាយមាស​ជូនប្រទេសជាតិ»៕