លោកស្រី ហ៊ុន ស៊ីណាត អគ្គទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធ មហាសង្ឃរាជគណធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកោតសរសើរទៅដល់គណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡារាំកម្ពុជា ក្រោមការដឹកនាំរបស់លោកស្រី ញ៉ែម មរកត ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានខិតខំរួមគ្នាអភិវឌ្ឍវិស័យកីឡាមួយនេះឱ្យមានការរីកចម្រើន ដោយចាប់ផ្តើមពីបាតដៃទទេមក។
ការលើកឡើងបែបនេះរបស់លោកស្រី ហ៊ុន ស៊ីណាត ត្រូវបានធ្វើឡើង ក្នុងពេលលោកស្រី បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជាលើកដំបូង នៅក្នុងពិធីបើកការប្រកួតកីឡារាំកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៣ នៅសាលដំបូលទូកនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីព្រឹកថ្ងៃទី១១ ខែធ្នូនេះ។
លោកស្រីបានថ្លែងថា៖ «ខ្ញុំសូមសម្តែងការគាំទ្រកោតសរសើរ និងថ្លែងសេចក្ដីអំណរយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា ព្រមទាំងក្រុមការងារប្រតិបត្តិទាំងអស់ដែលបានខិតខំអភិវឌ្ឍវិស័យកីឡារាំអន្តរជាតិនេះពីបាតដៃទទេ ហើយអ្នកដឹកនាំសុទ្ធតែស្ត្រីទៀត ជាពិសេសកន្លងមកសហព័ន្ធកីឡារាំ បានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមទទួលជោគជ័យយ៉ាងខ្លាំង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា»។
សម្រាប់ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៣ នេះ លោកស្រី ហ៊ុន ស៊ីណាត បានសម្តែងការអរគុណដល់ក្រសួងអប់រំ យុវជន និង កីឡា ដែលមានគោលការណ៍ឱ្យសហព័ន្ធកីឡារាំកម្ពុជា រៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ក្នុងគោលបំណងលើកកម្ពស់ សមត្ថភាព បច្ចេកទេសដល់កីឡាករកីឡាការិនីទាំងអស់ ដើម្បីត្រៀមលក្ខណសម្បត្តិ ក៏ដូចជាការប្រមូលធនធានអត្តពលិក ដែលមានសក្តានុពលចូលរួមប្រកួតជើងឯកថ្នាក់ជាតិនេះ និងត្រៀមចូលរួមប្រកួតកីឡារាំអន្តរជាតិនានាខាងមុខ។
លោកស្រីបានបញ្ជាក់ថា៖ «ការប្រកួតកីឡារាំនៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីសមត្ថភាព ចំណេះដឹងបទពិសោធន៍ បច្ចេកទេសថ្មីៗ និងទេពកោសល្យរបស់កីឡាករកីឡាការិនី ដែលបានធ្វើការហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយនាំយកមកប្រកួតប្រជែងនៅក្នុងថ្ងៃនេះ ហើយឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត គណៈកម្មការបច្ចេកទេស គ្រូបង្វឹក ត្រូវឈរលើស្មារតីទទួលខុសត្រូវដាក់ពិន្ទុឈរលើភាពយុត្តិធ៌ម សុក្រឹត មិនលម្អៀងនិងមិនប្រកាន់បក្សពួក»។
«ចំណែកកូនក្មួយ ចៅៗជាកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់គោរពបទបញ្ជាប្រកួតនានាដែលសហព័ន្ធកីឡារាំកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចែងឡើង គឺរក្សាស្មារតីសាមគ្គីភាព គោរពដៃគូរបស់ខ្លួនក្នុងពេលប្រកួត ប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាពដើម្បីឈានទៅដណ្តើមមេដាយសម្រាប់ខ្លួនឯង ពិសេសត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិ និងត្រៀមធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ ២០២៩ ប្រកបដោយជោគជ័យ»។ លោកស្រី ហ៊ុន ស៊ីណាត បានបញ្ជាក់យ៉ាងដូច្នេះ។
បន្ថែមលើនេះ ប្រធានសហព័ន្ធ លោកស្រី ញ៉ែម មរកត បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ដោយបានថ្លែងថា៖ «ក្នុងនាមសហព័ន្ធកីឡារាំកម្ពុជា ខ្ញុំសូមមន្ត្រីថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ លោកគ្រូ អ្នកគ្រូបង្វឹក និងកីឡាករ កីឡាការិនីបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុងសហការគ្នា បង្កើនភាពស្និទ្ធស្នាលស្វាហាប់ ក្នុងការងារជំនាញកីឡារាំឱ្យកាន់តែខ្លាំងក្លា និងឆន្ទៈមោះមុត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតកីឡារាំអន្តរជាតិនានា នៅពេលខាងមុខនេះ»។
តាមរបាយការណ៍របស់អ្នកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិឆ្នាំ ២០២៣ នេះមានការប្រកួតចំនួន ២៣ វិញ្ញាសា រួមមានវិញ្ញាសារាំគូ Latin Dance និង វិញ្ញាសា Standard Dance ដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំនួន ៥០ នាក់ មកពីក្លិបចំនួន ៦ ក្នុងនោះមានក្លិបក្រសួងមហាផ្ទៃ ក្លិបកងទ័ពជើងទឹក ក្លិបខេត្តកណ្ដាល ក្លិបខេត្តកំពង់ចាម ក្លិប Joy School ដែលនឹងប្រព្រឹត្តទៅនៅពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ នៅក្នុងនាពេលនេះ។
ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៣ នេះ ត្រូវបានធ្វើឡើងតែ ១ ថ្ងៃនេះទេ ដោយពិធីបិទការប្រកួត នឹងត្រូវធ្វើឡើង នៅរសៀលថ្ងៃទី១១ ខែធ្នូនេះដដែល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា៕