ភ្នំពេញៈ កីឡាករ អេ អាំម៉ារីនភូថង បានទួញយំបង្ហាញភាពសោកស្តាយ ដែលរូបគេមិនអាចដណ្តើមបានខ្សែក្រវាត់ពី ឡុង សំណាង ប៉ុន្តែ ឃីម បូរ៉ា មិនបានបង្ហាញការតូចចិត្ត និងបាក់ទឹកចិត្ត ចំពោះភាពអយុត្តិធម៌ ជុំវិញការកាត់សេចក្តីបែបលម្អៀងរបស់ចៅក្រមនោះទេ ចំណែកម្ចាស់មេដាយមាសស៊ីហ្គេម រឿង សោភ័ណ្ឌ, ឡៅ ចន្ទ្រា, ឡៅ ចិត្ត្រា និង ម៉ឺន មេឃា សុទ្ធតែបានឈ្នះអ្នកប្រដាល់បរទេស។
សម្រាប់ការប្រកួត ដែលបានធ្វើឡើង នៅលើសង្វៀន PNN កាលពីថ្ងៃទី១០ ខែធ្នូ កន្លងមកនេះ អេ អាំម៉ារីនភូថង ត្រូវបានដាក់ឱ្យប្រកួតដណ្តើមខ្សែក្រវាត់ពី ឡុង សំណាង ដោយអ្នកទាំង២នេះ បានបង្ហាញការតាំងចិត្តរៀងៗខ្លួនថា នឹងប្រឹងប្រែងវ៉ៃឱ្យអស់លទ្ធភាព បើទោះបីជា អាំម៉ារីន បានចាត់ទុក ឡុង សំណាង ជានិមិត្តរូបរបស់ខ្លួនក៏ដោយ។
តាមរយៈការប្រកួតជាក់ស្តែងចំនួន៥ទឹកពេញនោះ ទាំង អាំម៉ារីន និង ឡុង សំណាង មិនប្រើក្បាច់កែង ដែលជាជំនាញពិតរបស់ពួកគេនោះទេ ដោយអ្នកទាំង២នេះបានត្រឹមប្រើស្នៀតទាត់ ម៉ាត់ និងជង្គង់ ដើម្បីវាយសងគ្នា ហើយក្នុងនោះ គេមើលឃើញថា ឡុង សំណាង បានវាយចំគោលដៅច្រើនជាង ទៅលើការប្រើកណ្តាប់ដៃ តែរូបគេ ក៏ចង់ដង្ហក់ខ្យល់ក្រោមជង្គង់របស់ អាំម៉ារីន នៅចុងទឹកទី២ ផងដែរ។
តែទោះបីជាយ៉ាងណា ក្រោយការប្រកួតចំនួន៥ទឹកពេញ ចៅក្រមទាំង៥នាក់ បានសម្រេចសេចក្តីឱ្យអ្នកការពារខ្សែក្រវាត់ ឡុង សំណាង ទទួលបានជ័យជម្នះលើ អេ អាំម៉ារីនភូថង ដោយពិន្ទុជាឯកច្ឆន្ទតែម្តង ដែលការសម្រេចនេះបានធ្វើឱ្យ ឡុង សំណាង នៅតែអាចបន្តក្លាយជាម្ចាស់ខ្សែក្រវាត់។
បន្ទាប់ពីការបរាជ័យ ក្នុងការដណ្តើមខ្សែក្រវាត់ពី ឡុង សំណាង នេះ អេ អាំម៉ារីន បានអង្គុយទួញយំ នៅក្រៅសង្វៀន ដោយសារតែរូបគេមិនអាចដណ្តើមបានខ្សែក្រវាត់ បំពេញបំណងម្តាយរបស់គេបាន ហើយអ្វីដែលគួរឱ្យចម្លែកនោះ អាំម៉ារីន បានបញ្ជាក់ថា រូបគេមិនដឹងខ្លួនឯងប្រកួតបែបណានោះទេ ដែលចំណុចនេះត្រូវបានគេប៉ាន់ស្មានថា អាចមកពី អាំម៉ារីន វង្វេង នៅពេលដែល ឡុង សំណាង ដួលសង្កត់ពីលើ នៅដើមទឹកទី៣។
យ៉ាងណាក៏ដោយអ្នកស្រី សាំង សុម៉ាលី ជាម្តាយបង្កើតរបស់ អេ អាំម៉ារីនភូថង បានចាត់ទុកការបរាជ័យការដណ្តើមខ្សែក្រវាត់នេះ ជាបទពិសោធន៍ជូរចត់មួយចំពោះ អាំម៉ារីន ដែលកើតចេញពីការវ៉ៃមិនអស់ពីសមត្ថភាព ដោយសារមានការយោគយល់ទៅលើ ឡុង សំណាង ជាកីឡាករខ្មែរដូចគ្នា។
អ្នកស្រី បាននិយាយថា៖ «នេះជាមេរៀនរបស់ អាំម៉ារីន ដែលហាម មានចិត្តសន្ដោសនៅលើសង្វៀន។ បើវ៉ៃហើយមានចិត្តសន្ដោស មានចិត្តអាណិត គឺចប់ហើយ ព្រោះខ្ញុំដឹងថា ការប្រកួតនេះ កូនរបស់ខ្ញុំវ៉ៃមិនទាន់អស់ពីសមត្ថភាពទេ។ ខ្ញុំដឹងច្បាស់ចរិតកូនរបស់ខ្ញុំ ហើយខ្ញុំមិនពេញចិត្តគាត់ត្រង់ហ្នឹង និងមានចិត្តខឹងគាត់ទៀត ព្រោះជាធម្មតាកូនរបស់ខ្ញុំ មិនមែនវ៉ៃបែបនេះទេ»។
ប្រពន្ធរបស់លោក អេ ភូថង រូបនេះ បានបន្ថែមថា៖ «ខ្ញុំតែងប្រាប់កូនរបស់ខ្ញុំថា ឡើងវ៉ៃ កុំឱ្យមានភាពស្តាយក្រោយ ហើយពេលនេះ ខ្ញុំជឿថា អាំម៉ារីន ស្តាយក្រោយខ្លាំង ហើយគេពិតជាយំ ព្រោះ អាំម៉ារីន បំពេញបំណងរបស់ខ្ញុំមិនបាន។ កូនខ្ញុំម្នាក់នេះខ្លាចជាងគេ គឺពេលខ្ញុំអន់ចិត្ត ព្រោះ អាំម៉ារីន ស្រឡាញ់ខ្ញុំណាស់»។
យ៉ាងណាក៏ដោយ ជាមួយគ្នានេះ អ្នកស្រី សាំង សុម៉ាលី ក៏កំពុងជួបទុក្ខក្រៀមក្រំ ហើយទួញយំដូច អេ អាំម៉ារីន ផងដែរ។ ទាំងទឹកភ្នែករលីងររលោង សុម៉ាលី បានបញ្ជាក់ថា៖ «ម៉ាក់ខ្ញុំ នៅផ្ទះ កំពុងសង្គ្រោះបន្ទាន់ អស់សង្ឃឹមដូចគ្នា តែខ្ញុំមិនបានប្រាប់កូនខ្ញុំឱ្យដឹងនោះទេ។ ខ្ញុំបានប្រាប់គ្រូពេទ្យថា ធ្វើយ៉ាងម៉េចក៏ដោយ ឱ្យម៉ាក់ខ្ញុំ អាចរស់បាន ១ទៅ២អាទិត្យទៀត ប៉ុន្តែប្រហែលជាមិនអាចនោះទេ»។
ចំណែក ឡុង សំណាង បាននិយាយថា៖ «ខ្ញុំមិនរំពឹងថា នឹងឈ្នះ អេ អាំម៉ារីន នោះទេ ព្រោះខ្ញុំចាញ់ប្រៀបកម្ពស់ ពិបាកចូលប្រើជង្គង់ ប៉ុន្តែអ្វីដែលខ្ញុំសង្ឃឹម គឺការប្រឹងប្រែងប្រកួតរបស់ខ្ញុំ ដោយខ្ញុំខំចូលវ៉ៃដៃ និងទាត់ភាគច្រើន តាមអ្វីដែលអាចធ្វើទៅបាន។ តែទោះបីជាយ៉ាងណា នៅចុងទឹកទី២ បើសិនជានៅសល់នាទីច្រើន ខ្ញុំអាចពិបាកខ្លាំង ព្រោះចូលជង្គង់ពេញៗច្រើន»។
ដោយឡែក សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិវិញ ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ទាំង៤នាក់រួមមាន ឡៅ ចន្ទ្រា, ឡៅ ចិត្ត្រា, រឿង សោភ័ណ្ឌ និង ម៉ឺន មេឃា សុទ្ធតែទទួលបានជ័យជម្នះទៅលើកីឡាករបរទេស ដោយក្នុងនោះ ឡៅ ចន្ទ្រា បានឈ្នះថៃ Denpanumនៅទឹកទី២ រីឯ ឡៅ ចិត្ត្រា បានផ្តួលអ៊ីរ៉ង់ AbbasiSoleimanឱ្យសន្លប់នៅទឹកទី១។
ចំណែកជើងខ្លាំង រឿង សោភ័ណ្ឌ បានឈ្នះកីឡាករម៉ាឡេស៊ី Wiliam Wayne ដោយពិន្ទុជាឯកច្ឆន្ទ ហើយ ម៉ឺន មេឃា បានឈ្នះអ្នកប្រដាល់របស់ម៉ារ៉ុក Omar El Ouersដោយពិន្ទុជាឯកច្ឆន្ទដូចគ្នា ប៉ុន្តែម្ចាស់មេដាយមាស ឃីម បូរ៉ា ត្រូវបានប្រកាសឱ្យចាញ់កីឡាករថៃ Rongsaengtawanដោយពិន្ទុមិនឯកច្ឆន្ទ ៤-១។
តែទោះបីជាយ៉ាងណា ជាមួយការកាត់សេចក្តីនេះ បានធ្វើឱ្យអ្នកគាំទ្រភាគច្រើន ធ្វើការរិះគន់ខ្លាំងទៅលើចៅក្រមទាំង៤នាក់ ដែលសម្រេចឱ្យ ឃីម បូរ៉ា ចាញ់ ព្រោះតាមរយៈការប្រកួតចំនួន៣ទឹកនេះ គេមើលឃើញថា បូរ៉ា ឈ្នះទឹកទី១ និងទី២ ឯកីឡាករថៃ ឈ្នះបានតែទឹកទី៣មួយទេ ហេតុនេះអ្នកឈ្នះគួរណាស់តែ ឃីម បូរ៉ា។
ជាមួយគ្នានេះ ម្ចាស់មេដាយមាស ឃីម ឌីម៉ា ដែលជាបងប្រុសរបស់ ឃីម បូរ៉ា ក៏បានបង្ហោះសាររិះគន់ដល់ចៅក្រម ដែលបានកាត់សេចក្តីឱ្យប្អូនរបស់ខ្លួនចាញ់ផងដែរ។ ឌីម៉ា បានប្រដូចចៅក្រមទាំងនោះថា «ជាមនុស្សមានភ្នែក តែគ្មានខួរ រោមសតែក្បាលខ្មៅ» ហើយជាមួយគ្នានេះ លោក ម៉ា ស៊ីថេត ផលិតករកម្មវិធីប្រដាល់របស់ PNN បានទទួលស្គាល់ថា ឃីម បូរ៉ា ពិតជាវ៉ៃបានល្អ តែបែរជាបានលទ្ធផលបែបនេះ តែ PNN បានស្នើសុំទៅសហព័ន្ធកីឡាគុនខ្មែរ រួចហើយ ដើម្បីធ្វើការពិនិត្យមើលវីដេអូ និងលទ្ធផលនៃការប្រកួតនេះឡើងវិញ។
តែទោះបីជាយ៉ាងណា ចំពោះ ឃីម បូរ៉ា មិនបានបង្ហាញការតូចចិត្តចំពោះអយត្តិធម៌នេះទេ ដោយគេបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ពិបាកយកបន្តិច ព្រោះនៅទឹកទី១ និងទី២ ខ្ញុំមានតែមប្រិ៍ជាងគេ ហើយនៅទឹកទី៣ ខ្ញុំទទួលស្គាល់ថា ខ្ញុំចាញ់គាត់ អ៊ីចឹងខ្ញុំគិតថា ២ទឹកទល់១ទឹក ពិតជាខ្ញុំហើយ ប៉ុន្តែនេះជាការដាក់ពិន្ទុរបស់ចៅក្រម។ តែទោះយ៉ាងណា សម្រាប់ការប្រកួត ដែលមិនអស់ចិត្តបែបនេះ ខ្ញុំជួបច្រើនហើយ អ៊ីចឹងខ្ញុំគិតថា បើវាចប់ហើយ ឱ្យវាចប់ទៅចុះ»៕