កីឡាកររបស់ថៃទាំង ៣ នាក់ ដែលត្រូវបាននាំយកមកប្រកួត ក្នុងកម្មវិធីកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥ សុទ្ធតែត្រូវបានអ្នកប្រដាល់ជាម្ចាស់ផ្ទះរបស់កម្ពុជា វ៉ៃឱ្យសន្លប់ដូចគ្នាចំណែកកីឡាករធ្លាប់សាងភាពល្បីខ្លាំង កាលពីជាង១០ ឆ្នាំមុន សំរិទ្ធ សុភាព ក៏បានចាញ់ក្រោមកណ្តាប់ដៃក្មេងជំនាន់ក្រោយ រិទ្ធី សុវណ្ណឃីម។
សម្រាប់ការបង្ហាញខ្លួនជាលើកដំបូង នៅលើសង្វៀន TV5 កាលពីយប់ថ្ងៃអាទិត្យ កន្លងមកនេះ សំរិទ្ធ សុភាព ដែលទើបបានវិលមកាន់សង្វៀនជាថ្មី ក្រោយបាត់មុខអស់រយៈពេលជាង ១០ ឆ្នាំ នោះនៅតែមានចលនាវាយចេញបានលឿន ជាពិសេសការទាត់ស្តាំ ប៉ុន្តែការធ្លាក់ចុះនូវគុណភាពកម្លាំង វាមិនអាចឱ្យរូបគេ មានបច្ចេកទេសវាយចេញបានល្អដូចកាលពីអតីតកាលនោះឡើយ។
ផ្ទុយពីនេះ រិទ្ធី សុវណ្ណឃីម បើទោះបីជាកីឡាករជំនាន់ក្រោយ កំពុងស្រវារកភាពល្បី ប៉ុន្តែរូបគេ មិនបានបង្ហាញការខ្លាចរអាដល់រៀមច្បង សំរិទ្ធ សុភាព នោះទេ។ សុវណ្ណឃីម បានព្យាយមតាមទាត់ និងម៉ាត់ មិនឈប់ឈរ ទៅលើ សំរិទ្ធ សុភាព ហើយនៅទឹកទី៤ រូបគេ បានវាយចូលផ្ទៃមុខរបស់ សុភាព យ៉ាងច្រើន ធ្វើឱ្យខ្លាចាស់ខ្សោយថាមពលរូបនេះ កាន់តែមានការធ្លាក់កម្លាំង។
ជាមួយស្ថានភាពដ៏អំណោយផលនេះ រិទ្ធី សុវណ្ណឃីម បានបង្កើនការវាយសម្រុកកាន់តែខ្លាំង ក្នុងគោលបំណងចង់ផ្តួលរៀមច្បង សំរិទ្ធ សុភាព ឱ្យសន្លប់ ប៉ុន្តែ សុភាព មិនបានបណ្តោយឱ្យភាពអាម៉ាស់នេះ កើតមានឡើងចំពោះរូបគេនោះទេ ដោយកីឡាករចាស់វស្សារូបនេះ បានព្យាយាមវាយទប់ និងរំដោះខ្លួនរហូតចប់ការប្រកួត៥ទឹកពេញ និងបានចាញ់ រិទ្ធី សុវណ្ណឃីម ដោយពិន្ទុ។
តែទោះបីជាយ៉ាងណា សំរិទ្ធ សុភាព មិនបានបង្ហាញអារម្មណ៍តូចចិត្តចំពោះការបរាជ័យក្រោមដៃក្មេងជំនាន់ក្រោយនោះទេ ព្រោះកីឡាករ ធ្លាប់យកឈ្នះជើងខ្លាំង ឃីម ឌីម៉ា ក្នុងការប្រកួតដណ្តើមពាន នៅសង្វៀនប៉ុស្តិ៍លេខ៣ កាលពីជាង១០ឆ្នាំមុនរូបនេះ បានដឹងច្បាស់រួចទៅហើយថា សមត្ថភាពរបស់គេពេលនេះ មិនអាចប្រកួតប្រជែងដោយពេញកម្លាំង ជាមួយអ្នកប្រដាល់ជំនាន់ក្រោយបាននោះទេ គឺការវិលមកកាន់សង្វៀនជាថ្មីនេះ បានត្រឹមវាយយកតម្លៃខ្លួន សម្រាប់ទ្រទ្រង់ជីវភាពតែប៉ុណ្ណោះ។
ស្រដៀងគ្នានេះ អតីតជើងខ្លាំងរបស់ថៃ Banda Sak ដែលធ្លាប់បង្កើតព្យុះភ្លៀងនៅលើសង្វៀនស្រុកខ្មែរ កាលពី ៤ ឆ្នាំមុននោះ ក៏ត្រូវបានកីឡាករវ័យក្មេងរបស់កម្ពុជា ធន់ អៀនឡេង វ៉ៃឡើងចង់ទក់សាច់ផងដែរ ព្រោះសម្រាប់ការបង្ហាញខ្លួន នៅលើសង្វៀន TV5 កាលពីថ្ងៃអាទិត្យនោះ Banda Sak មិនមានក្បាច់ពិសេសអ្វី ដើម្បីវ៉ៃទប់ទល់ជាមួយ អៀនឡេង ក្រៅតែពីការឈរទប់ ព្រមទាំងការចូលចាប់បុកជង្គង់ រួមជាមួយការទាត់ និងម៉ាត់មួយៗនោះទេ។
ការធ្លាក់ចុះនូវគុណភាព និងសមត្ថភាពប្រកួតនេះ បានជំរុញឱ្យ ធន់ អៀនឡេង បង្កើនការវាយសម្រុកឥតឈប់ឈរ ជាមួយការទាត់ ម៉ាត់ ពិសេសការបុកជង្គង់ និងវាយកែងរបស់គេ ហើយនៅទឹកទី៤ អៀនឡេង បានចូលចាប់បុកជង្គង់ចូលពេញៗ រួចបានទាត់សំដៅកញ្ចឹងកចំនួន៦ជើងជាប់ៗគ្នា បណ្តាលឱ្យ Banda Sak ទន់ជង្គង់ និងត្រូវបានអាជ្ញាកណ្តាលរាប់ ជាលើកទី១។ ក្រោយការរាប់នេះ អៀនឡេង បានទាត់ថែម២ជើងទៀត ហើយដោយឃើញថា Banda Sakអស់លទ្ធភាពតដៃនោះ អាជ្ញាកណ្តាល សម្រេចបញ្ឈប់ការប្រកួតរបស់គេតែម្តង។
បន្ទាប់ពីចាញ់ដោយសន្លប់ ក្រោមស្នាដៃកីឡាករវ័យក្មេងរបស់កម្ពុជា ធន់ អៀនឡេង នេះ អតីតជើងខ្លាំងរបស់ថៃ Banda Sak បាននិយាយថា៖ «វាពិតជារលកក្រោយច្រានរលកមុនមែន!បើទោះបីជា តាក់ទិកនៃការប្រកួត មានភាពប្រហាក់ប្រហែលគ្នាមែន ប៉ុន្តែការថមថយកម្លាំងទៅតាមអាយុ វាជាបញ្ហាសំខាន់ ដែលធ្វើឱ្យខ្ញុំ មានការលំបាក ក្នុងការទប់ទល់ជាមួយ ធន់ អៀនឡេង ដែលនៅក្មេង និងមានកម្លាំងពេញ»។
ចំណែកជើងខ្លាំងវាយមិនដកថយ ប៊ុន សុធា នៅតែមានបច្ចេកទេសប្រើកែងបានល្អ ក្នុងការផ្តួលកីឡាករថៃ PhatPhanthoek ឱ្យសន្លប់ ដោយការប្រកួតនេះ សុធា បានវាយកែងស្តាំចូលមុខពេញ បណ្តាលឱ្យកីឡាករថៃដួលទាំងជំហរ និងត្រូវបានអាជ្ញាកណ្តាលរាប់ចំនួន២លើក នៅក្នុងទឹកទី៣ មុនពេលរាប់ម្តងទៀត នៅដើមទឹកទី៤ និងឈានទៅដល់ការបញ្ឈប់ការប្រកួតតែម្តង ខណៈPhatPhanthoek អស់លទ្ធភាពតបតជាមួយ ប៊ុន សុធា ទៀតនោះ។
ចំពោះកីឡាករកម្ពុជា ខាំ កូនខ្លា វិញ បានតាមទាត់ ម៉ាត់ និងវាយកែងទៅលើអ្នកប្រដាល់ថៃYorthPhat ជាបន្តបន្ទាប់ ខណៈដៃគូម្នាក់នេះ មិនសូវហ៊ានចូលវ៉ៃប្តូរនោះ ហើយនៅពាក់កណ្តាលទឹកទី៣ កណ្តាប់ដៃស្តាំរបស់ កូនខ្លា បានវាយចូលពោះពេញទំហឹង បណ្តាលឱ្យថៃម្នាក់នេះ ដួលដេក មិនអាចក្រោករួចនោះទេ ខណៈនៅមុនដួលនេះ YorthPhatក៏ត្រូវបាន ខាំ កូនខ្លា ទាត់ និងវាយកែងចូលមុខយ៉ាងដំណំផងដែរ៕