អ្នកលេងគុនចម្រុះ ចាន់ រតនា និងម្ចាស់មេដាយប្រាក់ពិភពលោកលើជំនាញ MMA ឡុង ឡា បានបង្ហាញការតាំងចិត្តខ្ពស់ដូចគ្នា ក្នុងការដណ្តើមយកជ័យជម្នះពីកីឡាករមកហ្វីលីពីន និងឥណ្ឌូនេស៊ី សម្រាប់ការប្រកួត «អ្នកលេងគុន» នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃសុក្រនេះ ខណៈព្រឹត្តិការណ៍នេះ មានការប្រកួតសរុបចំនួន ៧ គូ ដោយមានកីឡាករមកពី៥ប្រទេសចូលរួម។
សម្រាប់ការប្រកួតនេះ ចាន់ រតនា ត្រូវដាក់ឱ្យប្រកួតក្នុងកម្រិតគូឯក ជាមួយអ្នកប្រយុទ្ធ មកពីហ្វីលីពីន John Mc Leary Ordino ដែលមានវ័យត្រឹម២០ឆ្នាំទេ ហើយគេម្នាក់នេះ ក៏ជាកីឡាករគុនចម្រុះម្នាក់ផងដែរ ដោយធ្លាប់ប្រកួតបាន៤ដង ឈ្នះ៣ និងចាញ់១។ បន្ថែមលើនេះ John Mc Leary Ordino ក៏ហ្វឹកហាត់គុនល្បុក្កតោ បាន៦ខែផងដែរ មុនពេលចូលរួមក្នុងកម្មវិធីអ្នកលេងគុននេះ។
ជាមួយគ្នានេះ អ្នកលេងគុនចម្រុះទម្ងន់ ៦២ គីឡូក្រាម ដែលមានឈ្មោះបោះសំឡេងខ្លាំងជាងគេនៅកម្ពុជា ចាន់ រតនា បានប្រាប់ឱ្យដឹង បន្ទាប់ពីការថ្លឹងទម្ងន់ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូថា រូបគេបានខកខានប្រកួតគុនល្បុក្កតោ តាំងពីឆ្នាំ២០០៦ មក ហើយចំពោះជំនាញនៃការប្រកួតគុនចម្រុះ MMA ក៏រូបគេ បានខកខានឡើងប្រកួត ក្នុងកម្មវិធីរបស់ ONE Championships ចូល២ឆ្នាំមកហើយដែរ។
តែទោះបីជាយ៉ាងណា ចាន់ រតនា បាននិយាយថា៖« បើទោះបីជាខ្ញុំខានបានឡើងប្រកួត ប៉ុន្តែខ្ញុំបានហ្វឹកហាត់ច្រើន និងមានការប្រកួតសមជាប្រចាំ ហើយលក្ខខណ្ឌ និងបទបញ្ជានៃការប្រកួតអ្នកលេងគុននេះ ក៏មានលក្ខណៈស្រដៀងគ្នាច្រើនទៅនឹង MMA ផងដែរ អ៊ីចឹងខ្ញុំគិតថា វាមិនពិបាកនោះទេ។ ខ្ញុំនឹងមិនឱ្យបងប្អូនខកចិត្ត ចំពោះការទន្ទឹងរង់ចាំការបង្ហាញសមត្ថភាពជាថ្មីរបស់ខ្ញុំនោះទេ ខ្ញុំនឹងប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាព ដណ្តើមយកជ័យជម្នះពីដៃគូឱ្យទាល់តែបាន»។
យ៉ាងណាក៏ដោយ ចាន់ រតនា បានទទួលស្គាល់ថា ដៃគូរបស់គេ John Mc Leary Ordino ជាកីឡាករនៅក្មេង មានកម្លាំងល្អ ហើយដោយសារការប្រកួត «អ្នកលេងគុន» នេះ តម្រូវឱ្យចាប់ក្លេគូប្រកួតត្រឹមរយៈពេល ២០ វិនាទីនោះ អ៊ីចឹងឱកាសក្នុងការប្រើជំនាញក្លេ ដើម្បីផ្តួលកីឡាករហ្វីលីពីនម្នាក់នេះ គឺ ចាន់ រតនា មិនសូវមានការរំពឹងនោះទេ។
ចាន់ រតនា បានបញ្ជាក់ថា៖ «ការក្លេឱ្យដៃគូចុះចាញ់ វាអាចមានការពិបាកបន្តិច ដោយសារត្រឹម ២០ វិនាទី អ៊ីចឹងឱកាសដែលខ្ញុំអាចផ្តួលគូប្រកួតឱ្យសន្លប់ គឺពឹងទៅលើកណ្តាប់ដៃ កែង និងជើងវិញ ហើយបើសិនជាខ្ញុំធ្វើបានល្អ នឹងធ្វើឱ្យព្រឹត្តិការណ៍នេះ កាន់តែមានការលេចធ្លោខ្លាំង ដើម្បីផ្សព្វផ្សាយពីគុនល្បុក្កតោរបស់យើង ឱ្យគេបានស្គាល់កាន់តែទូលំទូលាយ នៅលើឆាកអន្តរជាតិ។ ហេតុនេះខ្ញុំមានការតាំងចិត្តខ្ពស់ និងផ្តល់កម្លាំងចំពោះខ្លួនឯង ១០០ ភាគរយថា ត្រូវ ដណ្តើមយកជ័យជម្នះឱ្យបាន»។
ចំណែកកីឡាកររបស់ហ្វីលីពីន John Mc Leary Ordino ក៏មានការអន្ទះសាខ្លាំង ក្នុងការល្បងវិជ្ជាគុនជាមួយ ចាន់ រតនា ដោយរូបគេបាននិយាយថា៖ «ខ្ញុំតែងតែមើលការប្រកួតរបស់កីឡាករ ចាន់ រតនា ហើយខ្ញុំបានឃើញគ្រប់ចំណុចពីអ្វីដែលគាត់មាន។ ខ្ញុំមើលឃើញការបំផ្លាស់ទីរបស់គាត់គ្រប់ជំហាន ការវ៉ៃចេញ ចូល ការពារ គ្រប់ការប្រកួតផ្លូវការរបស់គាត់។ ខ្ញុំត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ការប្រកួតលើកនេះ ដោយខ្ញុំបានរៀនសូត្រពីកីឡាករ រតនា ជាច្រើន»។
ចំណែកកីឡាករ ឡុង ឡា ដែលទើបបានឈ្នះមេដាយប្រាក់ពីការប្រកួត កីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកពិភពលោក (World MMA Championships 2023) នៅទីក្រុងបាងកក ប្រទេសថៃនោះ ក៏បានតាំងចិត្តខ្ពស់ ក្នុងការដណ្តើមយកជ័យជម្នះពីកីឡាករបរទេស ក្នុងព្រឹត្តិការណ៍ «អ្នកលេងគុន» នេះផងដែរ។
ឡុង ឡា បាននិយាយថា៖ «ការឈ្នះបានមេដាយប្រាក់ កាលពីពេលថ្មីៗនេះ ខ្ញុំពិតជារីករាយខ្លាំង ដែលខ្លួនឯងអាចធ្វើបាន ក្នុងការទទួលបានលេខ២ ចំណែកការប្រកួតអ្នកលេងគុននេះ ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើឱ្យកាន់តែល្អ ដើម្បីយកឈ្នះលើគូប្រកួត»។
កីឡាករកម្ពុជារូបនេះ បានបន្ថែមថា៖ «បើទោះបីជាដៃគូរបស់ខ្ញុំ ពូកែខាងចូលចាប់ តែខ្ញុំនឹងឈរវ៉ៃ ហើយដោយសារខ្ញុំមានជំនាញទាំងការប្រកួត MMA គុនល្បុក្កតោ និងគុនខ្មែរ អ៊ីចឹងវានឹងផ្តល់ផលល្អដល់ខ្ញុំទាំងការវាយលុក និងការពារ។ ខ្ញុំប្តេជ្ញាចិត្តដណ្តើមយកជ័យជម្នះឱ្យបាន ដោយខ្ញុំបានត្រៀមក្បាច់ថ្មីៗ និងពិសេសៗ រួចហើយ ហើយខ្ញុំនឹងបញ្ចេញឱ្យអស់ ព្រោះការដណ្តើមយកជ័យជម្នះ វាពិតជាសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់ និងមុខមាត់គុនល្បុក្កតោរបស់ខ្ញុំ ទៅលើឆាកអន្តរជាតិបន្ថែមទៀត»។
សម្រាប់ការប្រកួត «អ្នកលេងគុន» នេះ ឡុង ឡា នឹងត្រូវប្រកួតក្នុងគូទី៥ ដោយរូបគេត្រូវជួបកីឡាករឥណ្ឌូនេស៊ី Sanjaya Hutagaol ក្នុងទម្ងន់ ៦០ គូឡូក្រាម ចំណែកគូទី១ ជាការប៉ះគ្នារវាងកីឡាករកម្ពុជា ពេជ្រ ពន្លឺ និងអ្នកប្រដាល់ឡាវ Honggvixay Sivilay ក្នុងទម្ងន់ ៥៤ គីឡូក្រាម។
ចំណែកគូទី២ កីឡាករកម្ពុជា ពេជ្រ ខាំតែ ត្រូវប្រកួតជាមួយអ្នកប្រដាល់វៀតណាម Hoang Phuc Thuan ក្នុងទម្ងន់៦៣គីឡូក្រាម រីឯគូទី៣ ស៊ូ កក្កដា ត្រូវប៉ះកីឡាករឥណ្ឌូនេស៊ី Muhammad Yunus Dhae Atu ក្នុងទម្ងន់ ៦៣ គីឡូក្រាម ហើយគូទី៤ កីឡាករ ណាង សុវណ្ណ ប្រកួតទម្ងន់ ៥១ គីឡូក្រាម ជាមួយវៀតណាម Pham Van Giang ខណៈគូទី៦ អ្នកលេងគុនចម្រុះ រិន សារ័ត្ន ត្រូវជួបកីឡាករហ្វីលីពីន Jiar Orlando Casstillo ក្នុងទម្ងន់៦៥គីឡូក្រាម មុនការប្រកួតគូឯករវាង ចាន់ រតនា និង John Mc Leary Ordino ក្នុងទម្ងន់ ៦២ គីឡូក្រាម៕