កីឡាករលំដាប់លេខ១ របស់កម្ពុជាទាំង ៤ នាក់ រួមមាន ផល សោភ័ណ្ឌ, លន បញ្ញា, យ៉េន ឌីណា និង មឿន សុខហ៊ុច សុទ្ធតែបានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការប្រកួតដណ្តើមយកឡានខ្លាញ់គោទី៣ ពីប៊ូសស្ត្រង ដែលនឹងត្រូវធ្វើនៅដីឡូតិ៍ក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំពូល នាយប់ម៉ោង ៧ ថ្ងៃព្រហស្បតិ៍នេះ ចំណែកអ្នកល្បី ធឿន ធារ៉ា, ព្រំ សំណាង និង ពេជ្រ សម្បត្តិ ក៏ត្រូវដាក់ឱ្យប្រកួតអន្តរជាតិ ក្នុងពេលជាមួយគ្នានោះផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មាន នៅក្នុងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បឹងស្នោរ កាលពីថ្ងៃទី១៣ ខែធ្នូ លោក Chris Topher តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង និងតំណាងអ្នករៀបចំការប្រកួតរបស់សង្វៀនបាយ័ន បានហៅការប្រកួតនេះថា ជា «មហាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រគុនខ្មែរប្រកួតដណ្ដើមឡានខ្លាញ់គោទី៣ ពីប៊ូសស្រ្តង» ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យគុនខ្មែរ ទៅកាន់ឆាកអន្តរជាតិ ជាពិសេសលើកស្ទុយជីវភាពរបស់កីឡាករ ដែលធ្វើឱ្យពួកគេ កាន់តែមានកម្លាំងចិត្តខ្លាំង ក្នុងការហ្វឹកហាត់ និងប្រកួត។
តាមការប្រកាស នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធនោះ បានឱ្យដឹងថា ទាំងកីឡាករ ផល សោភ័ណ្ឌ, លន បញ្ញា, យ៉េន ឌីណា និង មឿន សុខហ៊ុច សុទ្ធតែត្រូវបានដាក់ឱ្យប្រកួតជាមួយកីឡាករបរទេស ហើយអ្នកដែលទទួលបានជ័យជម្នះ នឹងក្លាយជាបេក្ខភាព ដែលអាចឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកឡាន ប៉ុន្តែការដណ្តើមយកឡាននេះ ផ្តោតតែកីឡាករខ្មែរទេ។
ចំពោះរូបមន្ត និងលក្ខខណ្ឌនៃការប្រកួតវិញ គឺបើសិនជាកីឡាករកម្ពុជា ឈ្នះកីឡាករបរទេសទាំង៤នាក់ ឬឈ្នះ៣នាក់ នោះគណៈកម្មការ នឹងធ្វើការរាប់នូវចំនួនអ្នកបោះឆ្នោតទៅលើពួកគេ ដែលត្រូវបានធ្វើឡើង តាមរយៈផេចហ្វេសប៊ុក «Boostrong»។ មានន័យថា បើបេក្ខភាព២នាក់ ដែលទទួលបានសំឡេងបោះឆ្នោតច្រើនជាងគេ នឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ។
ប៉ុន្តែបើកីឡាករកម្ពុជា ឈ្នះកីឡាករបរទេសត្រឹម ២ នាក់ គឺអ្នកទាំង ២ នោះ ត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកឡានតែម្តង ដោយមិនចាំបាច់រាប់ការបោះឆ្នោតរបស់អ្នកគាំទ្រទេ ហើយបើសិនជា ក្នុងចំណោមកីឡាករកម្ពុជាទាំង ៤ នាក់នេះ ឈ្នះកីឡាករបរទេសបានតែ១នាក់ គឺម្នាក់នោះ នឹងទទួលបានឡានតែម្តង។
ជាមួយលក្ខខណ្ឌនៃការប្រកួតនេះទាំង ផល សោភ័ណ្ឌ, លន បញ្ញា, យ៉េន ឌីណា និង មឿន សុខហ៊ុច សុទ្ធតែបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួត ជាពិសេសការដណ្តើមឱ្យបានជ័យជម្នះ ក្នុងការប្រកួតជម្រុះជាមួយកីឡាករបរទេស ដោយក្នុងនោះ យ៉េន ឌីណា ត្រូវជួបអ្នកប្រដាល់រស្ស៊ី Kirill Orlov រីឯ មឿន សុខហ៊ុច ត្រូវប៉ះកីឡាកររបស់អ៊ូហ្គាន់ដា Award Kazimba ហើយ ផល សោភ័ណ្ឌ ត្រូវតទល់នឹង Sajjad Zubaidi របស់ប្រទេសអ៊ីរ៉ាក់ ខណៈ លន បញ្ញា ត្រូវប្រឈមនឹងថៃ Sipsongpana Kiatwinai។
សម្រាប់ការប្រកួតនេះ កីឡាករ ផល សោភ័ណ្ឌ បាននិយាយថា៖ «ខ្ញុំនឹងធ្វើឱ្យបងប្អូនឃើញច្បាស់ សម្រាប់ការប្រកួត នៅជុំទី១ តែម្តង គឺអ្វីដែលជាទម្រង់វាយបែបកាចៗ និងវ៉ៃតាមបែប IQ ដែលមិនធ្លាប់ឃើញ គឺបងប្អូន នឹងបានឃើញ នៅក្នុងការប្រកួតដណ្តើមឡាននេះ»។
ចំណែក លន បញ្ញា បាននិយាយថា៖ «ខ្ញុំបានខិតខំហ្វឹកហាត់ ១០០ ភាគរយ សម្រាប់ការប្រកួតដណ្តើមឡាននេះ ហើយខ្ញុំនឹងប្រឹងប្រែងប្រកួតឱ្យបានល្អ ដើម្បីយកជ័យជម្នះលើកីឡាករបរទេស ដើម្បីបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ហើយបើសិនជាខ្ញុំដណ្តើមបានឡាននេះ ខ្ញុំនឹងយកលុយតម្លៃខ្លួនរបស់ខ្ញុំ ទៅទិញហ្គង់ចំនួន ១០០ គូ និងអង្ករ យកទៅចែកជូនដល់បណ្តាក្លិបចំនួន ១០ ដែលកំពុងមានការខ្វះខាត»។
ចំពោះ យ៉េន ឌីណា វិញ បាននិយាយថា៖ «នេះជាលើកទី១ ដែលខ្ញុំមានឱកាសបានប្រកួតដណ្តើមឡាន ហេតុនេះខ្ញុំបានព្យាយាមហ្វឹកហាត់ពេញល្អណាស់ ហើយអ្វីដែលជាការតាំងចិត្តរបស់ខ្ញុំ គឺឡើងទៅ ដឹងតែវ៉ៃហើយ មិនធ្វើឱ្យបងប្អូនអស់សង្ឃឹមនោះទេ»។
ជាមួយគ្នានេះ មឿន សុខហ៊ុច ក៏បានអះអាងថា បានត្រៀមខ្លួនបានល្អ ១០០ ភាគរយ ផងដែរ សម្រាប់ការប្រកួតដណ្តើមឡាន ជាលើកដំបូងនេះ ដោយគេរំពឹងថា នឹងអាចយកឈ្នះលើកីឡាករបរទេសបាន។ សុខហ៊ុច បានបន្ថែមថា៖ «បើខ្ញុំបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដណ្តើមឡាននេះឱ្យបាន»។
ដោយឡែកសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិវិញ ជើងខ្លាំងរបស់កម្ពុជា ពេជ្រ សម្បត្តិ ត្រូវប្រកួតជាមួយកីឡាកររបស់លីបង់ Rahmoun Majd រីឯ ព្រំ សំណាង ត្រូវជួបអ្នកប្រដាល់របស់កាណាដា Jordin Henwood ក្នុងទម្ងន់ ៨០ គីឡូក្រាម ហើយអ្នកលេងពូថៅដៃ ធឿន ធារ៉ា ត្រូវប្រឈមជាមួយកីឡាករសាច់តាន់របស់អ៊ីរ៉ង់ Hassan Vahdani ចំណែកកីឡាករថ្នាល ពេជ្រ សិង្ហៈ និង ប្រាក់ ចិត្ត្រា ក៏ត្រូវដាក់ឱ្យប្រកួតដណ្តើមប្រាក់លាន ក្នុងកម្មវិធី «ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន» នេះដែរ។
ជាមួយគ្នានេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងថា៖«នេះជាព្រឹត្តិការណ៍ដ៏ធំ ហេតុនេះសហព័ន្ធ ប្តេជ្ញាចិត្ត ដោយយកឱ្យអស់ពីកម្លាំងកាយចិត្ត ក្នុងការសហការជាមួយស្ថានីយទូរទស្សន៍បាយ័ន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរៀបចំព្រឹត្តិការណ៍នេះ ឱ្យទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋយើង នៅទូទាំងប្រទេសកម្ពុជា»៕